សេចក្តីសម្រេចដ៏សំខាន់ៗក្នុងសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតរណាមនីតិកាលទី១៥

(VOVWORLD) - សម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៥ បានបិទបញ្ចប់នាព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកានៅទីក្រុងហាណូយ ក្រោយរយៈពេលជាង២០ថ្ងៃធ្វើការ។ រាល់លទ្ធផលដែលសម្រេចបានក្នុងសម័យប្រជុំលើវិស័យនីតិប្បញ្ញត្តិ ការឃ្លាំមើល និងសម្រេចចិត្តលើរាល់បញ្ហាដ៏សំខាន់ៗរបស់ប្រទេសជាតិនឹងបង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តម្រង់ទិសដៅសហប្រតិបត្តិការ និងលទ្ធផលសម្រាប់ពាក់កណ្តាលអាណត្តិដែលនៅសេសសល់។
សេចក្តីសម្រេចដ៏សំខាន់ៗក្នុងសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតរណាមនីតិកាលទី១៥ - ảnh 1សម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រោយរយៈពេលជាង២០ថ្ងៃធ្វើការ។ រូបថត៖VOV

សម្រេចរួចរាល់ទំហំការងារនីតិប្បញ្ញត្តិយ៉ាងច្រើន

អំពីការងារនីតិបញ្ញត្តិ ក្នុងសម័យប្រជុំលើកទី៦ រដ្ឋសភាបានអនុម័តលើគម្រោងច្បាប់ចំនួន៧ ក្នុងនោះមាន៖ ច្បាប់ស្តីពីធនធានទឹក (វិសោធនកម្ម); ច្បាប់លំនៅដ្ឋាន (វិសោធនកម្ម); ច្បាប់ស្តីពីអាជីវកម្មអចលនទ្រព្យ (វិសោធនកម្ម); ច្បាប់ទូរគមនាគមន៍ (ធ្វើវិសោធនកម្ម)។ រដ្ឋសភាក៏បានផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ៨ ផ្សេងទៀត។ គម្រោងច្បាប់ចំនួន ២ ដែលគ្រោងនឹងអនុម័តនោះ ប៉ុន្តែក្រោយពេលពិភាក្សា រដ្ឋសភាបានសម្រេចចិត្តបន្តសិក្សា និងពិចារណាអនុម័តនៅសម័យប្រជុំនាពេលថ្មីៗបំផុតគឺច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីអង្គការឥណទាន (វិសោធនកម្ម)។ លោក Nguyen Manh Hung សមាជិកសភាមកបីទីក្រុង Can Tho បានឲ្យដឹងថា៖

“បើប្រៀបធៀបនឹងសម័យប្រជុំមុនៗ រដ្ឋសភាបានផ្ដល់យោបល់ អនុម័តលើគម្រោងច្បាប់ពី ១២ ទៅ ១៤ ប៉ុន្តែលើកនេះ ចំនួនគម្រោងច្បាប់បានកើនដល់ ១៧។ ប្រការនេះបានសរឲ្យឃើញថា ការងារនីតិប្បញ្ញត្តិក្នុងសម័យប្រជុំនេះគឺធំធេងណាស់។ រដ្ឋសភាបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីរៀបចំផែនការឱ្យបានទាន់ពេលវេលា ធ្វើការទាំងថ្ងៃឈប់សម្រាក ដើម្បីតាក់តែងសេចក្ដីព្រៀងច្បាប់ ដែលមានគុណភាពខ្ពស់។ លើសពីនេះ ស្ថាប័ននានារបស់រដ្ឋសភា និងរដ្ឋាភិបាល បានបង្កើតក្រុមបច្ចេកទេស ដើម្បីទទួល និងបំភ្លឺរាល់មតិយោបល់ ជាពិសេសគឺចំពោះច្បាប់ស្មុគ្រស្មាញ ដូចជាច្បាប់ភូមិបាល ដែលមានចំនួនមតិយោបល់យ៉ាងច្រើន រហូតដល់ ១២ លានមតិ។ រដ្ឋសភាបានទទួលយកក្នុងស្មារតីមិនរំលងមតិយោបល់ណាមួយ ហើយស្វែងរកវិធីវិជ្ជមានបំផុតផងដែរ”។

លើកកម្ពស់គុណភាពឃ្លាំមើលកំពូល

ក្នុងសម័យប្រជុំនេះ ជាលើកដំបូងក្នុងអាណត្តិទី១៥ ដែល នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានផ្នែកនានាបានឆ្លើយសំណួរដេញដោលរបស់សមាជិកសភា។ ជាមួយនឹងវិសាលភាពដ៏ធំទូលាយ ទាក់ទងទៅនឹងវិស័យចំនួន ២១ ខុសពីគ្នា សម័យសួរដេញដោលមិនត្រឹមតែបំភ្លឺវឌ្ឍនភាពនៃការអនុវត្តការសន្យា បំភ្លឺការទទួលខុសត្រូវរបស់ប្រមុខស្ថាប័នប៉ុណ្ណោះទេ ថែមទាំងស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាជំពាក់ជំពិនដែលកំពុងកើតមានឡើងទៀតផង។ លោក Nguyen Truong Giang អគ្គលេខាធិការរងរដ្ឋសភា អនុប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភាបានវាយតម្លៃថា៖

“វិស័យសួរដេញដោលទាំង ២១ ដែលត្រូវបានលើកឡើងក្នុងសេចក្ដីសម្រេចចិត្តនានារបស់រដ្ឋសភា ស្ដីពីការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីគ្រប់រូប និងការទទួលខុសត្រូវរបស់ផ្នែកនីមួយៗស្ដីពីពេលវេលា និងដំណោះស្រាយអនុវត្តន៍។ វិស័យទាំង ២១ ធំទូលាយណាស់ ប៉ុន្តែការងារជាក់លាក់ណាស់។ ឈរលើមូលដ្ឋានទាំងនោះ រដ្ឋសភាបានចេញផ្សាយសេចក្ដីសម្រេចចិត្តសួរដេញដោល និងឆ្លើយសំណួរដេញដោល ដែលបានលើកឡើងយ៉ាងច្បាស់លាស់អំពីការងារដែលធ្វើបាន និងមិនទាន់ធ្វើបាន ការទទួលខុសត្រូវ និងដំណោះស្រាយអនុវត្តន៍នារយៈពេលខាងមុខ ឆ្លើយតបនឹងតម្រូវការ បំណងប្រាថ្នារបស់ម្ចាស់ឆ្នោតផងដែរ”។

ទន្ទឹមនឹងនោះ រដ្ឋសភាបានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះកម្មាភិបាលកាន់តំណែងចំនួន ៤៤ នាក់ ដែលត្រូវបានរដ្ឋសភាបោះឆ្នោត ឬផ្ដល់សច្ចាប័ន។ លទ្ធផលនៃការបោះឆ្នោតទំនុកចិត្តត្រូវបានប្រកាសជាសាធារណៈ។ ប្រការនេះបានជួយកម្មាភិបាលដែលត្រូវបានរដ្ឋសភាបោះឆ្នោត ឬផ្ដល់សច្ចាប័នឃើញពីកម្រិតជឿទុកចិត្តរបស់ខ្លួន ដើម្បីបន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារផងដែរ។

សេចក្តីសម្រេចដ៏សំខាន់ៗក្នុងសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតរណាមនីតិកាលទី១៥ - ảnh 2លោក Nguyen Truong Giang អគ្គលេខាធិការរងរដ្ឋសភា អនុប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភា។ រូបថត៖ quochoi.vn

កំណត់គោលដៅកំណើនពី ៦-៦,៥% សម្រាប់ឆ្នាំ ២០២៤

ក្នុងសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៥ សមាជិកសភាបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០២៤។ សេចក្តីសម្រេចចិត្តបានកំណត់គោលដៅ ល្បឿនកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពី ៦% ទៅ ៦,៥% ជាគោលដៅដែលតម្រូវឲ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងប្រជាជន។ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh បានឲ្យដឹងថា៖

“គោលដៅកំណើន GDP ត្រូវបានកសាងលើមូលដ្ឋានវិភាគ និងព្យាករណ៍ស្ថានភាពក្នុងប្រទេស និងអន្តរជាតិដោយគិតគូរពីកត្តាអំណោយផល និងការលំបាកនៃឆ្នាំ ២០២៤ ប្រកាន់ខ្ជាប់ការតម្រង់ទិសដៅ គោលដៅ ភារកិច្ចនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងដំណាក់កាល ៥ ឆ្នាំ ២០២១ - ២០២៥ ការកំណត់គោលដៅខ្ពស់បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ ព្រមទាំងដើម្បីធានាភាពសុខដុមរមនា និងភាពបត់បែនក្នុងការអនុវត្តរាល់គោលដៅផងដែរ”។

សម័យប្រជុំលើកទី៦ ដែលជាសម័យប្រជុំពាក់កណ្ដាលអាណត្តិនៃរដ្ឋសភានីតិកាលទី១៥ សម្រេចបានគោលដៅជាមូលដ្ឋាន។ សេចក្តីសម្រេចចិត្ត ដែលត្រូវបានអនុម័តក្នុងសម័យប្រជុំនេះគឺជាមូលដ្ឋានដើម្បីដោះស្រាយរបាំងរាំងស្ទះ ធានាសុខុមាលភាពសង្គម និងសម្រេចបានគោលដៅអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ