អាស៊ានបង្កើនការតភ្ជាប់ជាមួយដៃគូ

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ កិច្ចប្រជុំទាំងនេះបានកត់សម្គាល់នូវការបន្តឡើងវិញនៃជំនួបពិភាក្សា កិច្ចសន្ទនាដោយផ្ទាល់រវាងមេដឹកនាំនានា ក្រោយពីត្រូវផ្អាកអស់រយៈពេល ២ ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះមិនត្រឹមតែជាឱកាសសម្រាប់មេដឹកនាំប្រទេសនានាពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងក៏តម្រង់ទិស និងពង្រឹងទំនាក់ទំនងរវាងអាស៊ាននិងដៃគូនានាផងដែរ។

អាស៊ានបង្កើនការតភ្ជាប់ជាមួយដៃគូ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាននៅក្នុងកិច្ចសន្ទនាជាមួយតំណាងមហាសន្និបាតអន្តរសភាអាស៊ាន។ (រូបថត៖ thanhnien.vn)

ជាមួយសកម្មភាពជាង ២០ ក្នុងរយៈពេលមិនដល់ ៤ ថ្ងៃផង មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូចំនួន ១០ នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយលើខ្លឹមសារជាច្រើនទាក់ទងនឹងការកសាងសហគមន៍អាស៊ាន កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូ ចែករំលែកទស្សនៈស្តីពីការតំរង់ទិសដំណោះស្រាយសម្រាប់បញ្ហាតំបន់ និងអន្តរជាតិជាច្រើន។ តាមការគ្រោងទុក ឯកសារប្រហែល ១០០ នឹងត្រូវដាក់ជូនមេដឹកនាំនៃប្រទេសនានាសម្រាប់ទទួលស្គាល់និងអនុម័ត។

បង្កើនការតភ្ជាប់ជាមួយដៃគូ

ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក្នុងឱកាសនេះ ប្រទេសម្ចាស់ផ្ទះកម្ពុជាក៏រៀបចំកិច្ចប្រជុំកំពូលអាស៊ាន+១ កិច្ចប្រជុំកំពូលអាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ចសន្ទនាអាស៊ានជាសកលលើកទី២ (ដោយមានការចូលរួមពី ថ្នាក់ដឹកនាំអាស៊ាន តំណាងអង្គការអន្តរជាតិនានា ដូចជា ធនាគារពិភពលោក អង្គការពាណិជ្ជកម្មពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី។ ល។)

កិច្ចប្រជុំកំពូលពាក់ព័ន្ធលើកនេះ មានអត្ថន័យពិសេស។ ការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅក្នុងស្ថានភាពសេដ្ឋកិច្ចនិងសន្តិសុខក្នុងតំបន់ និងពិភពលោក កំពុងទាមទារឲ្យមេដឹកនាំអាស៊ាន និងដៃគូ ធ្វើការពិភាក្សាគ្នាហើយស្វែងរកដំណោះស្រាយសមហេតុផល។ នេះជាបញ្ហាប្រឈមមួយ ប៉ុន្តែក៏ជាឱកាសសម្រាប់អាស៊ានដើម្បីបន្តបញ្ជាក់ពីមជ្ឈភាព ក៏ដូចជាសមត្ថភាពក្នុងការរួមចំណែកយ៉ាងសំខាន់ទៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហារួម។

បច្ចុប្បន្ននេះ អាស៊ានបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេស និងអង្គការសំខាន់ៗជាច្រើន ក្នុងនោះមានប្រទេសធំៗទាំងអស់។ អាស៊ានបានបង្កើតទំនាក់ទំនងជាមួយដៃគូសន្ទនាពេញលេញចំនួន ១១ រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី នូវែលសេឡង់ រុស្ស៊ី សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស។

វេទិកា/យន្តការដែលផ្តួចផ្តើមនិងដឹកនាំដោយអាស៊ានទាក់ទាញបានការចូលរួមរបស់ដៃគូក្នុងកិច្ចសហប្រតិបត្តិការតំបន់។ ដៃគូនានាជាទូទៅ យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនង និងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអាស៊ានទាំងពហុភាគី និងទ្វេភាគី ដោយជួយឧបត្ថម្ភគាំទ្រអាស៊ានក្នុងការកសាងសហគមន៍ ហើយគាំទ្រមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់បើកចំហ ប្រកបដោយតម្លាភាព បរិយាប័ន្ន ហើយផ្អែកលើច្បាប់។

អាស៊ានបានលើកកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ជាមួយចិន និងអូស្ត្រាលីក្នុងឆ្នាំ ២០២១ ព្រមទាំងបានប្រកាសបង្កើត CSP ជាមួយសហរដ្ឋអាមេរិក និងឥណ្ឌាក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០និងទី ៤១ និងកិច្ចប្រជុំកំពូលជាន់ខ្ពស់ពាក់ព័ន្ធ ក៏ដូចជាពិចារណាលើសំណើរបស់ដៃគូផ្សេងទៀតដូចជា ជប៉ុន កូរ៉េខាងត្បូង... ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា៖

“អាស៊ានបានបង្ហាញពីភាពខ្លាំងក្លានិងភាពរឹងមាំរបស់ខ្លួនក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើននៅក្នុងតំបន់និងពិភពលោក។ យើងបន្តអុជឡើងស្មារតីសាមគ្គីភាពដើម្បីសម្រេចបាននូវគោលដៅនៃការកសាងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០២៥ប្រកបដោយចីរភាំព ពង្រឹងទំនាក់ទំនងជាមួយដៃគូនានា”។

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងអាស៊ាននិងដៃគូនានា

វៀតណាមបានកំណត់ថា កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងប្រទេសនានាជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ហើយជានិច្ចកាលចូលរួមចំណែកយ៉ាងសកម្ម ម្ចាស់ការ ហើយមានការទទួលខុសត្រូវក្នុងបញ្ហានេះ។ យោងតាមឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម លោក Giorgio Aliberti បានឲ្យដឹងថា វៀតណាមដើរតួនាទីស្ថាបនាក្នុងទំនាក់ទំនងរវាងអាស៊ាន និង EU។ ក្នុងដំណើរកន្លងមក វៀតណាមតែងតែរួមដំណើរយ៉ាងសកម្ម ហើយរួមវិភាគទានប្រកបដោយទំនួលខុសត្រូវទៅក្នុងជោគជ័យនិងតួនាទីកាន់តែខ្លាំងឡើងៗរបស់អាស៊ាន។

ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ចាត់ទុកថា វៀតណាមបានលើកកំពស់ឋានៈរបស់អាស៊ានលើឆាកអន្តរជាតិ៖

“វៀតណាមគឺជាសមាជិកដ៏សកម្មរបស់អាស៊ាន ហើយចាប់តាំងពីការចូលជាសមាជិកមក បានរួមចំណែកក្នុងដំណើរការសមាហរណកម្មនៃតំបន់ និងដំណើរការកសាងសហគមន៍ ជាពិសេសនៅពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ានក្នុងឆ្នាំ ១៩៩៨ ឆ្នាំ ២០១០ ក៏ដូចជាឆ្នាំ២០២០ ផងដែរ។ វៀតណាមបានបង្ហាញពីតួនាទីសំខាន់ក្នុងការអនុវត្តទិសដៅអាទិភាពនៃតំបន់ ក្នុងនោះមានកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ វៀតណាមក៏បានរួមចំណែកបង្កើតឡើងឥទ្ធិពលរួមសម្រាប់ដំណើរការសមាហរណកម្មក្នុងតំបន់និយាយរួម។ ក្នុងរយៈពេលជាង ២៧ ឆ្នាំចាប់ពីចូលជាសមាជិកអាស៊ាន វៀតណាមបានលើកកម្ពស់ឋានៈរបស់អាស៊ានលើឆាកអន្តរជាតិ”។

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការក្នុងអាស៊ានក៏ដូចជារវាងអាស៊ានជាមួយដៃគូនានា ហេតុដូច្នេះហើយ វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកទៅក្នុងមាគ៌ាអភិវឌ្ឍន៍រួមរបស់សមាគម ជំរុញការសន្ទនា បង្កើនកិច្ចសហប្រតិបត្តិការ ដោះស្រាយភាពខុសប្លែកគ្នារវាងអាស៊ាន និងដៃគូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ