អះអាងបេសកកម្មត្រួសត្រាយផ្លូវរបស់យុវជនក្នុងយុគសម័យថ្មី

(VOVWORLD) - ក្នុងមហាសន្និបាតនិស្សិតវៀតណាមលើកទី ១១ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ធ្នូ ប្រតិភូប្រមាណ ៧០០ នាក់បានបង្ហាញពីឆន្ទៈនិងសេចក្តីប្រាថ្នារបស់យុវវ័យក្នុងការកសាងប្រទេសជាតិក្នុងយុគសម័យថ្មី។ យុវជនទាំងនេះមានបេសកកម្មត្រួសត្រាយផ្លូវ ដើម្បីវៀតណាមទទួលបានជោគជ័យនៅលើមាគ៌ាអភិវឌ្ឍន៍នាពេលខាងមុខ។
អះអាងបេសកកម្មត្រួសត្រាយផ្លូវរបស់យុវជនក្នុងយុគសម័យថ្មី - ảnh 1សម័យប្រជុំដ៏ឧឡារិកនៃមហាសន្និបាតនិស្សិតវៀតណាមលើកទី ១១។ រូបថត៖ VGP

វៀតណាមបច្ចុប្បន្នមាននិស្សិតជាង ១,៧លាននាក់ ដែលជាសមាជិកសមាគមនិស្សិតវៀតណាម។ ពួកគេជាមនុស្សឆ្នើម ដែលតែងតែមានទឹកចិត្តស្វាហាប់ និងពោរពេញទៅដោយកម្លាំងរស់ មានទេពកោសល្យច្នៃប្រឌិត ពោរពេញដោយសេចក្ដីប្រាថ្នា។ ពួកគេក៏ជាបញ្ញវន្តនាពេលអនាគត ហើយជាប្រភពធនធានមនុស្សដ៏សំខាន់ បម្រើដល់ការកសាង និងការពារមាតុភូមិ។

បំណងប្រាថ្នាស្ថាបនាអនាគត

ក្នុងដំណាក់កាលអភិវឌ្ឍន៍នីមួយៗ និស្សិតវៀតណាមគ្រប់ជំនាន់ជានិច្ចកាលមានគោលបំណងធ្វើប្រការដ៏ល្អប្រសើរដល់ប្រទេសជាតិ រួមចំណែកជាមួយប្រទេសជាតិទាំងមូលសម្រេចរួចរាល់បុព្វហេតុកសាង និងការពារមាតុភូមិ។ និស្សិតវៀតណាមបច្ចុប្បន្ននេះបាននិងកំពុងបន្តពង្រីកគុណសម្បត្តិ និងប្រពៃណីដ៏ល្អប្រសើររបស់និស្សិតជំនាន់មុនៗ ប្រឡងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់ដំ សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងម្ចាស់ការប្រើប្រាស់វឌ្ឍនភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្កើតយុវជនសតវត្សរ៍ទី ២១ ដ៏ស្វាហាប់ និងមានបញ្ញា។ និស្សិតតែងតែយកចិត្តទុកដាក់ និងបង្ហាញពីការទទួលខុសត្រូវយ៉ាងជ្រាលជ្រៅចំពោះបញ្ហារបស់មាតុប្រទេស និងអន្តរជាតិ ព្រមទាំងសកម្មចូលរួមសម្មភាពសង្គម ជាពិសេសគឺសកម្មភាពស្ម័គ្រចិត្ត។ និស្សិតភាគច្រើនតែងតែមានក្តីសុបិន មហិច្ឆតា និងឧត្តមគតិ ហើយមានឆន្ទៈខិតខំប្រឹងប្រែងឆ្ពោះទៅរកផ្នត់រស់នៅដ៏ល្អប្រសើរនិងមានប្រយោជន៍។ កញ្ញា Hoang Le Quynh Loan អនុប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យ Hong Duc បានចែករំលែកថា៖ “ចំពោះរូបនាងខ្ញុំផ្ទាល់ នាងខ្ញុំកំពុងឆ្ពោះទៅរូបភាពយុវនារី Gen Z ជាមួយកម្លាំងពលំ ច្នៃប្រឌិត ខិតខំប្រឹងប្រែងសិក្សារៀនសូត្រតែងតែមានមហិច្ឆតា ដើម្បីសម្រេចឲ្យបានក្ដីសុបិន។ គំរូដ៏ល្អរបស់នាងខ្ញុំគឺជានិស្សិតសកលម្នាក់។ ក្រៅពីលក្ខណៈវិនិច្ឆ័យទាំង ៣ អំពីការត្រិះរិះ អាកប្បកិរិយា និងសមត្ថភាពដើម្បីក្លាយទៅជានិស្សិតសកលនោះ នាងខ្ញុំបានដាក់ចេញ លក្ខណៈវិនិច្ឆ័យមួយទៀតគឺរក្សាអត្តសញ្ញាណជាតិ។ ព្រោះថានៅពេលថែរក្សា និងពង្រីកតម្លៃប្រពៃណីដ៏ល្អប្រពៃនឹងជួយយើងចងចាំជានិច្ចថាតើយើងជានរណា យើងនៅកន្លែងណា ហើយយើងមានមោទនភាពជាយុវជនវៀតណាមផងដែរ”។

ចំពោះយុវជន Giap Van Phuong និស្សិតនៃសាកលវិទ្យាល័យបច្ចេកទេសឧស្សាហកម្ម នៃសាកលវិទ្យាល័យ Thai Nguyen បានសម្តែងថា៖ “ជាមួយនឹងបរិយាកាសដ៏ស្វាហាប់របស់និស្សិតនាពេលបច្ចុប្បន្ននេះ ប្អូននឹងខិតខំប្រឹងប្រែងសម្រេចឲ្យបានល្អនូវភារកិច្ចរបស់និស្សិត សិក្សារៀនសូត្រអភិវឌ្ឍន៍ប្រទេសជាតិឡើងកម្ពស់ថ្មីមួយ ហើយប្រកៀកស្មាជាមួយអាស៊ាន និងពិភពលោក ព្រមទាំងជានិច្ចកាលសិក្សារៀនសូត្រ និងជឿជាក់លើឧត្តមគតិរបស់លោកប្រធានហូជីមិញផងដែរ”។

និស្សិតត្រូវតែជាម្ចាស់បញ្ញា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

អះអាងបេសកកម្មត្រួសត្រាយផ្លូវរបស់យុវជនក្នុងយុគសម័យថ្មី - ảnh 2ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong។ រូបថត៖ xaydungchinhsach.chinhphu.vn

អញ្ជើញថ្លែងមតិក្នុងមហាសន្និបាតនិស្សិតវៀតណាមលើកទី ១១ នាថ្ងៃទី ១៩ វិច្ឆិកាប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអះអាងថា បក្ស និងរដ្ឋវៀតណាមបានកំណត់ថា យុវជន និងនិស្សិតគឺជាកម្លាំងសង្គមដ៏ធំធេងដែលជាកត្តាដ៏សំខាន់មួយក្នុងការសម្រេចអនាគត និងជោគវាសនារបស់ប្រទេសជាតិ។  វៀតណាមមានគោលនយោបាយជាច្រើនលើវិស័យអប់រំ និងបណ្តុះបណ្តាល ពង្រីកតួនាទីដ៏ធំធេងរបស់យុវជន និងសិស្ស ឲ្យក្លាយទៅជាកម្លាំងដ៏ស្មោះស្ម័គ្រ បន្ត បុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ យោងតាមលោកប្រធានរដ្ឋបានឲ្យដឹងថា សំពាយសម្រាប់និស្សិតឈានចូលដំណើរការចាប់ផ្ដើមអាជីវកម្មគឺជាចំណេះដឹង និងសេចក្តីថ្លៃថ្នូរ រួមជាមួយនឹងប្រពៃណីប្រវត្តិសាស្ត្រវីរភាពរបស់ប្រទេសជាតិ ហើយជាតម្លៃដ៏ថ្លៃថ្លានៃវប្បធម៌វៀតណាម។ ប្រពៃណី និងមោទនភាពទាំងនោះចាំបាច់ត្រូវរីកសាយភាយនិងជ្រាបចូលយ៉ាងជ្រៅទៅក្នុងសិស្សម្នាក់ៗ ដើម្បីធ្វើឲ្យនិស្សិតម្នាក់ៗមានមោទនភាព និងមានទំនុកចិត្តក្នុងជីវិត និងធ្វើសមាហរណកម្មជាមួយពិភពលោក។

ប្រធានរដ្ឋលោក Vo Van Thuong បានលើកច្បាស់ថា នៅចំពោះបញ្ហាពិភពលោក តំបន់ និងប្រទេសជាតិ និស្សិតចាំបាច់ត្រូវកំណត់ការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រទេសជាតិ និងរួមជាមួយប្រជាជាតិទាំងមូល សម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍប្រទេសជាតិវិបុលភាព និងសុភមង្គល៖ “ត្រូវតែសិក្សារៀនសូត្រឲ្យបានល្អ ទើបក្លាយទៅជាមនុស្សដែលមានទេពកោសល្យប្រកបដោយគុណភាពខ្ពស់របស់ប្រទេសជាតិ និងបង្កើតអាជីពសម្រាប់ខ្លួនឯង។ ការសិក្សារៀនសូត្រត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអនុវត្តក្នុងស្មារតីម្ចាស់ការ  និងការសិក្សាដោយខ្លួនឯងរបស់និស្សិតម្នាក់ៗ ដោយផ្សារភ្ជាប់ជាមួយនឹងការស្រាវជ្រាវ និងប្រើប្រាស់សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងសកម្មក្នុងការអនុវត្ត។ សមាគមនិស្សិតចាំបាច់ត្រូវបង្កើតបរិយាកាសសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រ លើកទឹកចិត្ត និងតម្រង់ទិសដៅសម្រាប់និស្សិតដែលមានការយល់ដឹង និងអាកប្បកិរិយាសិក្សាដ៏ត្រឹមត្រូវ។ ចលនា កម្មវិធី និងសកម្មភាពជួយឧបត្ថម្ភនិស្សិតសិក្សារៀនសូត្រ ច្នៃប្រឌិត ស្រាវជ្រាវវិទ្យាសាស្ត្ររបស់សមាគមត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃការពង្រីកតួនាទីសកម្មរបស់និស្សិតផងដែរ”។

និស្សិតគឺជាកម្លាំងបំពេញបន្ថែមដល់ជួរបញ្ញវន្ត ហើយជាប្រភពធនធានមនុស្សដ៏សំខាន់ក្នុងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ បំណងប្រាថ្នាស្ថាបនាអនាគត រួមជាមួយភាពស្វាហាប់របស់យុវជនគឺជាជាមូលដ្ឋានគ្រឹះសម្រាប់និស្សិតវៀតណាមកសាងប្រទេសជាតិក្នុងបរិបទថ្មី ពិភពលោកថ្មី និងអនាគតថ្មី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ