Nguyen Thi Oanh - នារីមាសនៃអត្តពលកម្មវៀតណាម

(VOVWORLD) - កីឡាការិនីអត្តពលកម្ម Nguyen Thi Oanh ធ្លាប់បាននាំមកនូវសិរីរុងរឿងជូនដល់កីឡាវៀតណាមជាច្រើនលើក ក្នុងការប្រកួតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី។ នៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) កីឡាកា រិនី Nguyen Thi Oanh មានកិត្តិយសដោយត្រូវបានគណៈចាត់តាំងបោះឆ្នោតជ្រើសរើសជាកីឡាការិនីមួយក្នុងចំណោមកីឡាករកីឡាការិនីឆ្នើមជាងគេទាំង៤រូបនៅស៊ីហ្គេមលើកទី៣១។

Nguyen Thi Oanh - នារីមាសនៃអត្តពលកម្មវៀតណាម - ảnh 1កីឡាការិនី Nguyen Thi Oanh  - នារីមាសនៃអត្តពលកម្មវៀតណាម។ (រូបថត៖ TTXVN)
កើតនៅឆ្នាំ ១៩៩៥ នៅខេត្ត Bac Giang កាលពីអាយុ ១៥ ឆ្នាំ Nguyen Thi Oanh ត្រូវបានជ្រើសរើសឲ្យចូលរៀននៅសាលាទេពកោសល្យអប់រំកាយនិងកីឡាខេត្ត Bac Giang។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតកម្រិតចលនា Oanh ត្រូវបានជ្រើសរើសឲ្យចូលរួមក្រុមអត្តពលកម្មជម្រើសជាតិវៀតណាម។ នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៣ នៅកីឡាដ្ឋាន Wunna Theikdi ទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា កីឡាការិនី Nguyen Thi Oanh បានគូសសញ្ញានូវវត្តមានរបស់ខ្លួននៅសង្វៀនកីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ជាមួយនឹងមេដាយប្រាក់ក្នុងវិញ្ញាសារត់ ៣០០០ ម៉ែត្រ ឆ្លងកាត់ឧបសគ្គុ។ គេគិតថា វាជាការចាប់ផ្តើមដ៏ងាយស្រួលមួយ ប៉ុន្តែគ្រោះមហន្តរាយបានកើតឡើងនៅចុងឆ្នាំ២០១៤ នៅពេលដែល Oanh ដឹងខ្លួនឯកងមានជំងឺតម្រងនោម ដែលនាំទៅហានិភ័យនៃការបញ្ឈប់អាជីពកីឡា។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកម្លាំងចិត្តដ៏មុតមាំ Nguyen Thi Oanh បានយកឈ្នះលើជំងឺនេះ។
“ឧបសគ្គធំបំផុតដែលខ្ញុំបានជំនះ គឺជម្ងឺតម្រងនោមដែលខ្ញុំបានជួបប្រទះក្នុងឆ្នាំ២០១៤។ នៅពេលនោះ ខ្ញុំត្រូវឈប់ហាត់សម ហើយស្ទើរតែសម្រាកទាំងស្រុង។ នោះជាពេលវេលាដែលខ្ញុំត្រូវលិចលង់ដោយការគិតអវិជ្ជមាន ព្រោះសុខភាពខ្ញុំខ្សោយណាស់។ ខ្ញុំគិតថា ខ្ញុំត្រូវលែងលះជាមួយកីឡាចាប់ពីពេលនោះ តទៅ។ ប៉ុន្តែ បើអ្នកស្រឡាញ់កីឡា ត្រូវតាំងចិត្តដើម្បីបន្ត ភាពជោគជ័យនឹងមករកអ្នក”។
នៅស៊ីហ្គេមលើកទី ២៩ នៅប្រទេសម៉ាឡេស៊ី វិញ្ញាសារប្រៀបខ្លាំងរបស់ Nguyen Thi Oanh មិនស្ថិតក្នុងកម្មវិធីប្រកួតឡើយ ដូច្នេះហើយ គណៈហ្វឹកហាត់បានចុះឈ្មោះ Oanh ឲ្យចូលរួមប្រកួតនៅក្នុងចម្ងាយ ១.៥០០ ម៉ែត្រ និង ៥.០០០ ម៉ែត្រ។ លទ្ធផលគួរពិតជាឲ្យភ្ញាក់ផ្អើល នាងបានឈ្នះមេដាយមាសក្នុងវិញ្ញាសារទាំងពីរនេះ។ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានឆ្នាំ២០១៨ (Asian Games ២០១៨) នៅប្រទេសឥណ្ឌូនេស៊ី Oanh ដណ្ដើមបានមេដាយសំរឹទ្ធក្នុងវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៣០០០ ម៉ែត្រ។ ស្នាដៃ ៩ នាទី និង៤៣ វិនាទី បានជួយឲ្យនាងក្លាយជាកីឡាការិនីវៀត ណាមដំបូងគេដែលបញ្ចប់ការប្រកួតចម្ងាយនេះក្នុងរយៈពេលក្រោម ១០ នាទីនៅសង្វៀន Asian Games ព្រមទាំងបានបំបែកកំណត់ត្រាជាតិដែលមានតាំងពីឆ្នាំ ២០០០ ផងដែរ។ Nguyen Thi Oanh បានសំណេះសំណាលថា៖
“តាំងពីការហាត់សម ខ្ញុំបានចូលចិត្តការរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៣០០០ ម៉ែត្រហើយ។ ទោះជាយ៉ាងណាក៏ដោយ វាក៏មានការលំបាកជាច្រើនផងដែរ ពីព្រោះខ្ញុំត្រូវហាត់សមដោយទម្ងន់ធ្ងន់បើប្រៀបធៀបទៅនឹងការរត់ចម្ងាយឆ្ងាយធម្មតា។ ដើម្បីរត់ឆ្លងកាត់ឧបសគ្គទាំងនោះ ចាំបាច់ត្រូវប្រើកម្លាំងខ្លាំងជាងការរត់ធម្មតា ហើយថែមទាំងត្រូវការកម្លាំងចិត្ត និងឆន្ទៈទៀតផង។ ពេលខ្ញុំជំនះលើឧបសគ្គនោះ ទោះបីជាហត់នឿយ អាចដួលក៏ដោយ ប៉ុន្តែពេលនោះខ្ញុំសប្បាយចិត្តខ្លាំងណាស់”។
Nguyen Thi Oanh - នារីមាសនៃអត្តពលកម្មវៀតណាម - ảnh 2Nguyen Thi Oanh ប្រកួតក្នុងវិញ្ញាសាររត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៣០០០ ម៉ែត្រ។
(រូបថត៖ qdnd.vn)
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដែលធ្វើឡើងនៅប្រទេសវៀតណាម កីឡាការិនី Nguyen Thi Oanh ដណ្តើមបានមេដាយមាសនៅក្នុង វិញ្ញាសាររត់ឆ្លងកាត់ឧបសគ្គទាំងក្នុងចម្ងាយ ១.៥០០ ម៉ែត្រ ៥.០០០ ម៉ែត្រ និង ៣.០០០ ម៉ែត្រ ដោយស្នាដៃ ៩ នាទី ៥២ វិនាទី ព្រមទាំងបានបំបែកកំណត់ត្រាកីឡាស៊ីហ្គេម ដែលនាងបានបង្កើតឡើងដោយខ្លួនឯងកាលពីឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីន ជាមួយនឹងស្នាដៃ ១០នាទី ០វិនាទី។ មនុស្សគ្រប់គ្នាសរសើរ Oanh ព្រោះថា នៅស៊ីហ្គេម ៣០ នាងក៏បានឈ្នះមេដាយមាសក្នុងវិញ្ញាសារទាំង ៣ នេះដែរ។ កីឡាការិនី Nguyen Thi Oanh បានឲ្យដឹងថែមទៀតថា៖
“ក្នុងថ្ងៃប្រកួត ពេលព្រឹកខ្ញុំរត់ចម្ងាយ ៥០០០ ម៉ែត្រ ហើយដល់ពេលរសៀល រត់ចម្ងាយ ៣.០០០ ម៉ែត្រទៀត។ វាពិតជាថ្ងៃដ៏លំបាកសម្រាប់ខ្ញុំផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ ពេលទៅប្រកួត ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ ខ្ញុំបានប្រមូលផ្ដុំកម្លាំងទាំងអស់ដើម្បីឈានដល់ទីបញ្ចប់ ហើយបំបែកកំណត់ត្រាស៊ីហ្គេម។ នៅស៊ីហ្គេម ៣១ ឆ្នាំនេះដែល វៀត ណាមជាម្ចាស់ផ្ទះ ខ្ញុំបានការពារជើងឯកដោយជោគជ័យក្នុងវិញ្ញាសារដែល ខ្លួនធ្លាប់បានចូលរួម។ អាស្រ័យហេតុនេះ បន្តពង្រីកនិងលើកកម្ពស់ស្នាដៃរបស់ខ្លួន”។
នៅអាស៊ីអាគ្នេយ៍ កីឡាការិនី Nguyen Thi Oanh ហាក់ដូចជាគ្មាន គូប្រជែងក្នុងវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គចម្ងាយ ១.៥០០ ម៉ែត្រ ៥.០០០ ម៉ែត្រ និង ៣.០០០ ម៉ែត្រនោះឡើយ។ នាងជាកីឡាការិនីមួយក្នុងចំណោមកីឡាករ កីឡាការិនីអត្តពលកម្មវៀតណាមដ៏ជោគជ័យបំផុតនៅសង្វៀនស៊ីហ្គេម។ Nguyen Thi Oanh ស័ក្តិសមត្រូវបានគេហៅថាជា “នារីមាស” នៃអត្តពលកម្ម វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ