តន្ត្រីករ Do Nhuan - អ្នកត្រួសត្រាយផ្លូវនៃតន្ត្រីបដិវត្តន៍វៀតណាម

(VOVWORLD) - តន្ត្រីករ Do Nhuan (១៩២២ - ១៩៩១) ត្រូវបានគេស្គាល់ដល់ថា ជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុតនៃខឿនតន្ត្រីបដិវត្តន៍វៀតណាម។ ក្នុងរយៈពេលជាង ៥០ ឆ្នាំនៅក្នុងអាជីពច្នៃប្រឌិតសិល្បៈរបស់ខ្លួន លោកបានបន្សល់ទុកមកនូវរតនសម្បត្តិតន្ត្រីដ៏សម្បូរបែប វិសេសវិសាល គួរឲ្យចាប់អារម្មណ៍ចំពោះមហាជន និងមានតម្លៃសិល្បៈខ្ពស់។ លោកក៏ត្រូវបានស្គាល់ដល់ថា ជាអគ្គលេខាធិការដំបូងគេ និងយូរជាងគេ (១៩៥៧-១៩៨៣) នៃសមាគមតន្ត្រីករវៀតណាម ហើយជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥ នាក់ដំបូងដែលទទួលបានពានរង្វាន់ហូជីមិញផ្នែកអក្សរសាស្ត្រសិល្បៈក្នុងឆ្នាំ ១៩៩៦។

តន្ត្រីករ Do Nhuan - អ្នកត្រួសត្រាយផ្លូវនៃតន្ត្រីបដិវត្តន៍វៀតណាម - ảnh 1តន្ត្រីករ Do Nhuan

តន្ត្រីករ Do Nhuan ប្រសូត្រនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩២២ នៅ Cam Binh ខេត្ត Hai Duong។ លោកមានជីវិតដ៏រស់រវើក និងសម្បូរបែប។ ដោយជក់ចិត្តនឹងតន្ត្រីតាំងពីនៅតូច ដូច្នេះលោកបានសិក្សារៀនសូត្រឧបករណ៍ភ្លេងជាតិនិងអឺរ៉ុបដោយខ្លួនឯង។ លោកជាតន្ត្រីករដ៏មានទេពកោសល្យម្នាក់ ហើយក៏ជាសកម្មជនបដិវត្តន៍ដ៏ក្លៀវក្លាក្នុងការតស៊ូទាំងពីរប្រឆាំងបារាំងនិងអាមេរិកផងដែរ។ តថភាពពីជីវភាពប្រចាំថ្ងៃនិងការតស៊ូគឺជាការបំផុសគំនិតគ្មានទីបញ្ចប់ សម្រាប់លោកនិពន្ធ បទចម្រៀងជាមួយនឹងដង្ហើមនៃតន្ត្រីមហាជន ព្រមទាំងត្រូវបានចាត់ទុកថា ជាស្នាដៃដ៏អមតៈនៃតន្ត្រីវៀតណាមដូចជាបទចម្រៀង៖ "រំដោះ Dien Bien" "ស្នេហា Viet Bac"... ឬបទចម្រៀង "យុទ្ធដំណើរចម្ងាយ" ដែលយើងស្ដាប់តទៅនេះ។ តន្ត្រីករ Duc Trinh - ប្រធានសមាគមតន្ត្រីករវៀតណាមបានអះអាងថា៖

“ឆាកជីវិតរបស់តន្ត្រីករ Do Nhuan បានផ្សាភ្ជាប់នឹងការច្នៃប្រឌិតតន្ត្រីករយ៉ាងសម្បូរបែបនិងរស់រវើក ចាប់ពីយុទ្ធជនបដិវត្តន៍ ក្លាយទៅជាតន្ត្រីករបដិវត្តន៍។ លោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលបានចាក់គ្រឹះលើការបង្កើតនិងការអភិវឌ្ឍនៃសមាគមតន្ត្រីករវៀតណាម។ តន្ត្រីករ Do Nhuan គឺជាអ្នកត្រួសត្រាយផ្លូវម្នាក់នៃខឿនតន្ត្រីបដិវត្តន៍វៀតណាម។ នៅក្នុងរតនសម្បត្តិតន្ត្រីរបស់ខ្លួន ក្នុងគ្រប់ប្រភេទ លោកបានបន្សល់ទុកនូវស្នាដៃដ៏លេចធ្លោ បង្កប់ទៅដោយដួងព្រលឹងនៃតន្ត្រីប្រជាប្រិយវៀតណាម”។

ទាក់ទងនឹងការនិពន្ធតន្ត្រី លោក Do Nhuan ជឿជាក់ថា “ការបម្រើប្រជាជាតិគឺជាវិធីដ៏ល្អបំផុតដើម្បីបំពាក់បំប៉ន់ដួងព្រលឹងជាតិ”។ តន្ត្រីករ Do Hong Quan ប្រធានសម្ព័ន្ធសមាគមអក្សរសាស្ត្រសិល្បៈវៀតណាម កូនប្រុសរបស់តន្ត្រីករ Do Nhuan បានឲ្យដឹងថា៖

“មាគ៌ារបស់លោកគឺដើរចេញពីប្រជាជាតិ យកប្រជាជាតិនិងវត្ថុធាតុពីប្រជាជាតិ វប្បធម៌ប្រជាជាតិ ធ្វើជាប្រភពនៃការច្នៃប្រឌិត។ នោះគឺជាកត្តាដែលបានបង្កើតឡើងជោគជ័យនៃស្នាដៃនិងអាជីពជាអ្នកនិពន្ធរបស់តន្ត្រីករ Do Nhuan”។

ក្រៅពីបទចម្រៀងបដិវត្តន៍ លោកក៏ជាអ្នកដែលបានចាក់គ្រឹះសម្រាប់ប្រភេទតន្ត្រីល្ខោនតាមបែបអូប៉េរ៉ាលោកខាងលិច បង្កើតឡើងការបោះជំហានគួរឲ្យកត់សម្គាល់នៃតន្ត្រីវៀតណាមក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ ក្នុងនោះលេចធ្លោគឺឈុតតន្ត្រីល្ខោន “កញ្ញា Sao”។ នេះគឺជាឈុតតន្ត្រីល្ខោនដំបូងនៃតន្ត្រីវៀតណាម ដែលត្រូវបានសម្តែងលើកដំបូងនៅឆ្នាំ ១៩៦៥ និងលើកទី២ នៅឆ្នាំ ១៩៧៦ ជាមួយនឹងប្រធានបទស្ដីពីបដិវត្តន៍រំដោះមនុស្ស។ 

មិនត្រឹមតែលើកកំពស់ឋានៈរបស់តន្ត្រីវៀតណាមតាមរយៈការរួមវិភាគទានរបស់ខ្លួនប៉ុណ្ណោះទេ ក្នុងនាមជាអគ្គលេខាធិការនៃសមាគមតន្ត្រីករវៀតណាម តន្ត្រីករ Do Nhuan ក៏រួមជាមួយសហការីផ្សព្វផ្សាយតន្ត្រីវៀតណាមទៅកាន់ពិភពលោកតាមរយៈដំណើរសម្ដែងនៅតាមប្រទេសជាច្រើននៅអាស៊ី អឺរ៉ុបទៀតផង។ លះបង់ដើម្បីតន្ត្រីអស់មួយជីវិត តន្ត្រីករ Do Nhuan ត្រូវបានអ្នកស្រឡាញ់តន្ត្រីវៀតណាមផ្ដល់កិត្តិនាមជា “តន្ត្រីករប្រជាជន”។ តន្ត្រីករ Duc Trinh ប្រធានសមាគមតន្ត្រីករវៀតណាមបានចាត់ទុកថា៖

“តន្ត្រីរបស់តន្ត្រីករ Do Nhuan គឺសម្បូរបែបណាស់។ ក្រៅពីតន្ត្រីល្ខោនក៏មានបទចម្រៀងដ៏អមតៈដែលអាចត្រូវបានហៅថា វីរចម្រៀង បាន ប៉ុន្តែក៏មានបទចម្រៀងខ្លីនិងស្រទន់ទៀតផង។ អាចឃើញថា តន្ត្រីដែលលោក Do Nhuan និពន្ធកាលពីមុននេះ បើធៀបនឹងសម័យកាលបច្ចុប្បន្ន គឺនៅតែពេញនិយម។ ដូច្នេះហើយ គេអាចគួបផ្សំតន្ត្រីអេឡិចត្រូនិកជាមួយនឹងវង់តន្ត្រីស៊ីមហ្វូនី ដើម្បីសម្តែងស្នាដៃតន្ត្រីករ Do Nhuan”។

 តន្ត្រីរបស់ Do Nhuan សម្បូរទៅដោយអត្តសញ្ញាណជាតិ សម្បូរទៅដោយវត្ថុធាតុ ភាសាសម្ដែងដ៏សាមញ្ញ ពោរពេញទៅដោយមនោសញ្ចេតនា។ នៅឆ្នាំ ១៩៩១ លោកបានទទួលមរណៈភាពក្នុងជន្មាយុ ៦៩ឆ្នាំ។ ទោះបីជាលោកបានលាចាកលោកហើយក៏ដោយ ក៏ស្នាដៃដែលតន្ត្រីករ Do Nhuan បន្សល់ទុកមក តែងតែរំលឹកដល់អ្នកជំនាន់ក្រោយ អំពីតន្ត្រីករម្នាក់ដែលបានចាក់គ្រឹះសម្រាប់តន្ត្រីបដិវត្តន៍វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ