តន្ត្រីករ Trong Bang និងសេចក្តីប្រាថ្នាអំពីខឿនតន្ត្រីវៀតណាមដ៏ជឿនលឿន និងពោរពេញទៅដោយអត្តសញ្ញាណជាតិ

(VOVWORLD) - សាស្ត្រាចារ្យ តន្ត្រីករ សិល្បករប្រជាជន Trong Bang អតីតប្រធានសមាគមតន្ត្រីករវៀតណាម អ្នកនិពន្ធនៃបទចម្រៀងបដិវត្តន៍ដ៏ល្បីល្បាញនិងស្នាដៃដោយឧបករណ៍ភ្លេងល្បីល្បាញជាច្រើន ទើបបានទទួលមរណភាពក្នុងអាយុ ៩១ ឆ្នាំ។ មិនត្រឹមតែជាតន្ត្រីករប្រកបដោយទេពកោសល្យប៉ុណ្ណោះទេ លោកក៏ជាគ្រូគំរូម្នាក់ដែលបានបង្ហាត់បង្រៀនសិល្បករជាច្រើនជំនាន់ទៀតផង ដែលរួមចំណែកកសាងនិងអភិវឌ្ឍន៍ខឿនតន្ត្រីវៀតណាមដ៏ជឿនលឿន និងពោរពេញទៅដោយអត្តសញ្ញាណជាតិ។

តន្ត្រីករ Trong Bang និងសេចក្តីប្រាថ្នាអំពីខឿនតន្ត្រីវៀតណាមដ៏ជឿនលឿន និងពោរពេញទៅដោយអត្តសញ្ញាណជាតិ - ảnh 1សាស្ត្រាចារ្យ តន្ត្រីករ សិល្បករប្រជាជន Trong Bang។ (រូបថត៖ Nguyen Dinh Toan)

សាស្ត្រាចារ្យ តន្ត្រីករ សិល្បករប្រជាជន Trong Bang គឺជាអ្នកដឹកនាំភ្លេងដំបូងគេនៃកម្មវិធីប្រគុំតន្ត្រីស៊ីមហ្វូនីដ៏ល្បីល្បាញនៅទីក្រុងហូជីមិញក្រោយពីឆ្នាំ ១៩៧៥ ជាពិសេសកម្មវិធីប្រគុំតន្ត្រីដែលបានប្រារព្ធឡើងនៅរោងល្ខោនទីក្រុង នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៩៧៥ ដើម្បីអបអរសាទរទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ។

តន្ត្រីករ សិល្បៈករឆ្នើម Doan Nguyen បានចែករំលែកថា៖ សិល្បៈករប្រជាជន Trong Bang គឺជាអ្នកដឹកនាំភ្លេងស៊ីមហ្វូនីគួរឲ្យគោរពសរសើរម្នាក់ដែលមានការចងចាំដ៏អស្ចារ្យ។ លោកទន្ទេញចាំបទភ្លេងស៊ីមហ្វូនីប្រមាណ ៦០០ បទលើទូទាំងពិភពលោក។

“សាស្រ្តាចារ្យ តន្ត្រីករ សិល្បករប្រជាជន Trong Bang គឺជាអ្នកដឹកនាំភ្លេងមួយក្នុងចំណោមអ្នកដឹកនាំភ្លេងដ៏តិចតួច ដែលពូកែក្នុងវិស័យជាច្រើន។ លោកមិនត្រឹមតែដឹកនាំស្នាដៃដ៏ល្បីល្បាញជាច្រើននៅលើពិភពលោក និងវង់តន្រ្តីជាច្រើនលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងដឹកនាំដោយផ្ទាល់នូវស្នាដៃដែលនិពន្ធដោយខ្លួនឯងផងដែរ។ ក្នុងតួនាទីជាតន្ត្រីករម្នាក់ លោកមានភាពល្បីល្បាញជាមួយនឹងស្នាដៃឧបករណ៍ភ្លេង និងបទចម្រៀងជាច្រើន...”

សាស្រ្តាចារ្យ តន្ត្រីករ សិល្បករប្រជាជន Trong Bang កើតនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៣១។ លោកធ្លាប់ជានាយកវិទ្យាស្ថានតន្ត្រីហាណូយ (បច្ចុប្បន្នជាវិទ្យាស្ថានតន្ត្រីជាតិវៀតណាម) ជាអគ្គលេខាធិការសមាគមតន្ត្រីករវៀតណមក្នុងអាណត្តិទី ៥ និង ៦ និងជាសមាជិករដ្ឋសភានីតិកាលទី ១០។

លោកចាប់ផ្តើមសកម្មភាពតន្ត្រី ចាប់តាំងពីនៅជាសិស្សថ្នាក់វិទ្យាល័យ។ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគរុកោសល្យអក្សរសាស្ត្រ- នីតិកាលទី១ លោកត្រូវបានបញ្ជូនទៅបំពេញការងារសិល្បៈនៅសមរភូមិភាគកណ្តាលប្រទេសឡាវ បន្ទាប់នោះធ្វើប្រធានក្រុមតន្ត្រីប្រជាជនមជ្ឈិម (បច្ចុប្បន្នជារោងល្ខោន តន្ត្រី-របាំវៀតណាម)។ នៅឆ្នាំ ១៩៦៣ លោកជានិស្សិតវៀតណាមម្នាក់ក្នុងចំណោមនិស្សិតវៀតណាមដំបូងគេ ៣ នាក់ដែលត្រូវបានបញ្ជូនទៅសិក្សាជំនាញដឹកនាំការប្រគុំតន្ត្រីស៊ីមហ្វូនី នៅវិទ្យាស្ថានតន្ត្រីដ៏ល្បីល្បាញនៃសហភាពសូវៀតនៅពេលនោះ។ លោកគឺជាជនវៀតណាមដំបូងគេដែលបានបញ្ចប់ការសិក្សាដោយសញ្ញាប័ត្រឆ្នើមនៅវិទ្យាស្ថានតន្ត្រី Tchaikovsky។

តន្ត្រីករ Trong Bang និងសេចក្តីប្រាថ្នាអំពីខឿនតន្ត្រីវៀតណាមដ៏ជឿនលឿន និងពោរពេញទៅដោយអត្តសញ្ញាណជាតិ - ảnh 2តន្ត្រីករ Trong Bang ដឹកនាំវង់តន្រ្តីនៅឆ្នាំ ២០០៩។ (រូបថត៖ Nguyen Dinh Toan)

ពេលវិលត្រឡប់មកប្រទេសវិញ លោកបានចូលរួមការងារបង្ហាត់បង្រៀននៅសាលាតន្ត្រីវៀតណាម និងជាអ្នកដឹកនាំភ្លេងនៃ រោងល្ខោនស៊ីមហ្វូនី - អូប៉េរ៉ាបាល់ឡេវៀតណាម បន្ទាប់នោះកាន់តំណែងជានាយករងនិងអ្នកដឹកនាំផ្នែកសិល្បៈ។ ថ្វីត្បិតតែទទួលតួនាទីជាអ្នកគ្រប់គ្រងក៏ដោយ ក៏សិល្បករប្រជាជន Trong Bang តែងតែផ្សាភ្ជាប់ជាមួយការងារជាអ្នកដឹកនាំភ្លេងម្នាក់ ដោយចូលរួមក្នុងកម្មវិធីជំនាញទាំងធំទាំងតូច។

សិល្បករប្រជាជន Trong Bang មិនត្រឹមតែមានការរួមចំណែកដ៏ធំធេងចំពោះដូរ្យតន្ត្រីជំនាញរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងបាននិពន្ធស្នាដៃនានាជុំវិញប្រធានបទអំពីការផលិតនិងការប្រយុទ្ធ នៅពេលដែលប្រទេសជាតិស្ថិតក្នុងដំណាក់កាលតស៊ូប្រឆាំងនឹងអាមេរិកទៀតផង។ តារាចម្រៀង សិល្បករឆ្នើម Hoang Tung និងសិល្បករប្រជាជន Quoc Hung ប្រធានដេប៉ាតឺម៉ង់សំឡេង នៃវិទ្យាស្ថានតន្ត្រីជាតិវៀតណាមបានចែករំលែកថា៖

“រាល់ស្នាដៃរបស់លោក យើងខ្ញុំបានស្ដាប់តាំងពីកុមារភាព រួមមានបទចម្រៀង ចង្វាក់ម៉ាស៊ីនខួង។ បទចម្រៀងនេះ ត្រូវបានលោកនិពន្ធដោយស្មារតីរបស់កម្មកររ៉ែម្នាក់ ដែលមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងនៅពេលចូលធ្វើការ។ ក្រោយមក ពេលខ្ញុំទៅរៀននៅវិទ្យាស្ថានតន្ត្រី ខ្ញុំបានស្គាល់ពីបទចម្រៀងផ្សេងៗទៀតរបស់លោក ដូចជាបទ “ព្យុះបក់មកហើយ” ឬ បទ "ចម្រៀងស្នេហ៍លាន់លឺរន្ទឺជានិច្ច"។

“ចង្វាក់ភ្លេង ទំនុកច្រៀងដែលលោកគ្រូនិពន្ធគឺពីរោះណាស់។ ជាពិសេសបទ “ចម្រៀងស្នេហ៍លាន់លឺរន្ទឺជានិច្ច”។ បទចម្រៀងនេះត្រូវបានលោកគ្រូនិពន្ធនៅពេលនឹកដល់ពួកម៉ាកជិតស្និទ្ធរបស់លោកគឺតន្ត្រីករ Hoang Viet”។

ដោយមានការរួមចំណែកដ៏ធំធេងចំពោះដូរ្យន្ត្រីវៀតណាម សិល្បករប្រជាជន Trong Bang ត្រូវបានប្រគល់ជូនគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីបី នៅឆ្នាំ ២០១៣ និងរង្វាន់ហូជីមិញផ្នែកអក្សរសាស្ត្រសិល្បៈឆ្នាំ ២០១៧។ បំណងប្រាថ្នារបស់លោកចំពោះខឿនតន្ត្រីវៀតណាមដ៏ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ បាននិងកំពុងត្រូវបានថែរក្សានិងបន្តពង្រីកដោយកូនសិស្សជំនាន់ក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ