ពិធីបុណ្យសែនខួបស្តេច Hung៖ ទីកន្លែងប្រមូលផ្ដុំនៃតម្លៃវប្បធម៌ជាតិ

(VOVWORLD) - សម្រាប់ប្រជាជនវៀតណាមម្នាក់ៗ ពិធីសែនខួបស្តេច Hung - ពិធីបុណ្យវិហារស្ដេច Hung បានក្លាយទៅជានិមិត្តរូបខាងស្មារតី និងមនសិការប្រភពដើម និងជាទីកន្លែងប្រមូលផ្ដុំនូវអត្តសញ្ញាណ តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជាតិ។ ក្នុងនោះ ការបង្ហាញដ៏ជាក់លាក់បំផុតគឺជំនឿធ្វើសក្ការៈបូជាស្ដេច Hung ជាទំនៀមទម្លាប់វេចនំអន្សម បុកនំ យ៉ៃ (Day) ដែលជាគ្រឿងសក្ការបូជាថ្វាយជូនបុព្វការីជនតាំងពីសម័យស្ដេច Hung បង្កើតប្រទេសជាតិ រហូតដល់ការសំដែងបទចម្រៀង Xoan ដែលជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ។
ពិធីបុណ្យសែនខួបស្តេច Hung៖ ទីកន្លែងប្រមូលផ្ដុំនៃតម្លៃវប្បធម៌ជាតិ - ảnh 1ពិធីដង្ហែថ្វាយគ្រឿងសក្ការៈបូជាក្នុងទិវាសែនខួបស្ដេច Hung។ (រូបភាព៖ VNA)

ទិវាសែនខួបស្តេច Hung (ថ្ងៃទី ១០ ខែទី៣ តាមច័ន្ទគតិ) គឺជាឱកាសដើម្បីឲ្យប្រជាជនវៀតណារំលឹកដល់គុណូបការៈរបស់ស្តេច Hung ទាំង១៨ជំនាន់ ដែលមានគុណូបការៈបង្កើតប្រទេសជាតិ។ ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ត្រូវបានបង្ហាញយ៉ាងច្បាស់ថា ជាលក្ខណៈស្រស់ស្អាតខាងវិញ្ញាណរបស់ប្រជាជនវៀតណាមនៅទាំងក្នុងនិងក្រៅប្រទេស។ ពិធីសែនខួបត្រូវបានធ្វើឡើងនៅតាមខេត្តក្រុងជាច្រើន។ លោក Nguyen Tien Khoi ប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រខេត្ត Phu Tho បានឲ្យដឹងថា៖

“ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ផ្តើមចេញពីការដឹងគុណរបស់ប្រជាជនចំពោះស្ដេច Hung។ ហេតុនេះហើយបានជា ប្រជាជនបានគោរពបូជាស្ដេច Hung ជាយូរណាស់មកហើយ។ តាំងពីពេលនោះមក វិហារសក្ការៈបូជាត្រូវបានកសាងឡើងនៅលើភ្នំ Nghia Linh ឃុំ Hy Cuong ទីក្រុង Viet Tri សម្រាប់កូនចៅគោរពបូជា។ ប្រការនោះបង្ហាញពីគោលការណ៍សីលធម៌ “ផឹកទឹក នឹកដល់ប្រភពដើម” និង “ហូបផ្លែ នឹកដល់អ្នកដាំដើមឈើ”។ នេះគឺជាគោលការណ៍សីលធម៌ដ៏ល្អប្រសើរមួយ ដែលអង្គការយូណេស្កូ បន្ទាប់ពីលើកតម្កើងជំនឿធ្វើសក្ការៈបូជាស្តេច Hung ជាបេតិកភណ្ឌអរូបីតំណាងរបស់មនុស្សជាតិ បានផ្តល់អនុសាសន៍ថា ប្រជាជាតិដទៃទៀត គួរតែធ្វើតាមគំរូរបស់វៀតណាម ដោយចងចាំ គុណូបការៈរបស់ដូនតា ហើយមានមនសិកាគោរពបូជាដូនតាជានិច្ច”។

ក្នុងឱកាសនេះ ជំនឿធ្វើសក្ការៈបូជាស្តេច Hung មិនត្រឹមតែបានអនុវត្តន៍យ៉ាងទូលំទូលាយក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបានរីកសាយភាយក្នុងសហគមន៍ជនវៀតណាមនៅក្រៅប្រទេសទៀតផង ដូចអត្តសញ្ញាណវប្បធម៌ប្រពៃណីមួយដែលត្រូវបានអភិរក្ស ស្នងមរតក និងផ្សព្វផ្សាយអញ្ចឹង។ លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំរបស់រដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា៖

“មានរឿងមួយដែលមិនដែលផ្លាស់ប្តូរនោះទេ នោះគឺជំនឿធ្វើសក្ការៈបូជាស្តេច Hung ជានិច្ចកាលបានដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនវៀតណាមគ្រប់រូប។ ជំនឿនោះជួយបង្កើតកម្លាំងនៃសាមគ្គីភាព កម្លាំងនៃស្មារតីស្នេហាជាតិ មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅក្រៅប្រទេសទៀតផង។ ទិវាសែនខួបស្ដេច Hung សកលគឺជាសក្ខីភាពបែបនេះ។ យើងបានប្រារព្ធទិវាសែនខួបដូនតាជាតិនៅតាមកន្លែងជាច្រើនជុំវិញពិភពលោក ដើម្បីនាំជំនឿ និងស្មារតីរបស់ប្រជាជន
វៀតណាមជុំវិញពិភពលោក វិលត្រឡប់ទៅរកទឹកដីដូនតា ទៅកាន់ពិធីបុណ្យវិហារស្ដេច Hung។ ប្រការនោះបង្កើតឡើងចំណងសាមគ្គីភាព ស្មារតីស្នេហាជាតិ ហើយបង្កើតកម្លាំងពលំវៀតណាមយ៉ាងពិតប្រាកដ”។

ក្រៅពីការបង្ហាញជំនឿធ្វើសក្ការៈបូជា ក្នុងឱកាសទិវាសែនខួបស្ដេច Hung  និងពិធីបុណ្យវិហារស្ដេច Hung ម្ដងៗ តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung តែងតែរៀបចំការប្រឡងវេចនំអន្សម (banh chung) និងបុកនំយ៉ៃ (banh day)។ នេះគឺជានំពីរប្រភេទដែលធ្វើពីអង្ករ និងផលិតផលកសិកម្មនានា ជានិមិត្តរូបនៃមេឃនិងដី។ ស្ដេច Hung បានដាក់ឈ្មោះនំរូបការ៉េដែលតំណាងឲ្យដីហៅថានំអន្សម (banh chung) និងនំរូបរាងមូលតំណាងឱ្យមេឃហៅថានំយ៉ៃ។ តាំងពីពេលនោះមក ប្រជាជាតិវៀតណាមមានទំនៀមទម្លាប់វេចនំ ចម្អិននំអន្សមនិងបុកនំយ៉ៃ ដើម្បីថ្វាយដល់ជីដូនជីតា។ លោកស្រី Pham Thi Hoang Oanh នាយិការងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ខេត្ត Phu Tho មានឲ្យដឹងថា៖

“ការប្រឡងវេចនំ ចម្អិននំអន្សម និងបុកនំ យ៉ៃ ក្នុងឱកាសទិវាសែនខួបស្តេច Hung បង្ហាញពីប្រពៃណី និងគោលករណ៍សីលធម៌ "ផឹកទឹក នឹកដល់ប្រភពដើម" របស់កូនចៅជនជាតិវៀតណាម។ ទន្ទឹមនឹងនោះ នេះក៏ជាសកម្មភាពដែលបង្កើតឡើងវិញនូវសកម្មភាពវប្បធម៌មួយទម្រង់ ដែលមានតាំងពីសម័យស្តេច Hung បង្កើតប្រទេសជាតិផងដែរ។ នំអន្សមរូបការ៉េ និងនំយ៉ៃរូបមូល សម្ដែងនូវបំណងប្រាថ្នារបស់ប្រជាជនវៀតណាមអំពីភាពពេញលេញទាំងស្រុងនិងការរីកចម្រើន”។

ពិធីបុណ្យសែនខួបស្តេច Hung៖ ទីកន្លែងប្រមូលផ្ដុំនៃតម្លៃវប្បធម៌ជាតិ - ảnh 2ការសម្តែងរបស់សិល្បៈករសិល្បៈការិនីច្រៀង Xoan នៅកេរ្តិ៍ដំណែលវប្បធម៌។
(រូបថត៖ baophapluat.vn)

ក្នុងឱកាសពិធីបុណ្យស្ដេច Hung នៅតាមកន្លែងសម្ដែងវប្បធម៌នៃខេត្ត Phu Tho ដូចជា៖ ប្រាសាទ Lai Len សាលាភូមិ Thet សាលាភូមិបុរាណ Hung Lo (ឃុំ Hung Lo) ប្រាសាទ An Thai (ឃុំ Phuong Lau) នៅទីក្រុង Viet Tri តែងតែប្រារព្ធការសម្ដែងសិល្បៈច្រៀង Xoan ដែលជាសិល្បៈសម្ដែងមានអាយុកាល ២០០០ ឆ្នាំ សម្ដែងដោយសិល្បៈករសិល្បៈការិនីនៃភូមិ Xoan បុរាណនានា។ ក្នុងនាមជាបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជន Phu Tho ដែលបង្កប់នូវតម្លៃវប្បធម៌បុរាណជាច្រើនដោយផ្សាភ្ជាប់នឹងជំនឿធ្វើសក្ការៈបូជាស្តេច Hung ការច្រៀង Xoan តាមរឿងនិទានថា ជារបៀបច្រៀងគោរពបូជាព្រះអាទិទេព ដែលមានតាំងពីសម័យស្តេច Hung។

គុណតម្លៃវប្បធម៌ដែលបានបង្ហាញក្នុងឱកាសទិវាសែនខួបស្តេច Hung គឺជាអត្តសញ្ញាណដ៏វិសេសវិសាលរបស់ប្រជាជាតិវៀតណាម។ អត្តសញ្ញាណនោះបានស្ថិតស្ថេរគងវង្សឆ្លងកាត់ជំនាន់ជាច្រើន ហើយរួមចំណែកកំណត់ទីតាំងតម្លៃវប្បធម៌វៀតណាមក្នុងលំហូរវប្បធម៌ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ