កសិផលវៀតណាមឆ្លៀតយកអត្ថប្រយោជន៍ពីទីផ្សារជួញដូរអេឡិចត្រូនិក

(VOVWORLD) - នាពេលថ្មីៗនេះ ការធ្វើដំណើរជួញដូររវាងអ្នកនាំចេញកសិផលវៀតណាម ជាមួយបណ្ដាដៃគូបរទេសជួបប្រទះការលំបាក ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅលើពិភពលោកនោះ ការជួញដូរតាមអនឡាញត្រូវបានចាត់ទុកថាជាដំណោះស្រាយជំនួសវិញ។ ប្រការនេះត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏ល្អប្រសើរ ហើយចាំបាច់ត្រូវបានពង្រីកទូលំទូលាយសម្រាប់ផ្នែកកសិផលវៀតណាម ក្នុងបរិបទនៃជំងឺកូវីដ ១៩ ផងដែរ។
កសិផលវៀតណាមឆ្លៀតយកអត្ថប្រយោជន៍ពីទីផ្សារជួញដូរអេឡិចត្រូនិក - ảnh 1ផ្លែគូលេន Thanh Ha ត្រូវបានបើកលក់តាមរយៈទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Lazada (រូបថតៈ moit.gov.vn)

ចាប់ពីថ្ងៃទី ១៤ ខែឧសភា ផ្លែគូលេន Thanh Ha ត្រូវបានបើកលក់ក្នុង “ស្តុបទំនិញខេត្ត Hai Duong ក្នុងក្របខ័ណ្ឌនៃកម្មវិធីថ្នាក់ជាតិស្តីពីការជំរុញពាណិជ្ជកម្ម” តាមរយៈទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Lazada ដោយមានតម្លៃសមរម្យ ជាមួយគោលការណ៍ជួយសម្រួលការដឹកជញ្ជូនទំនិញគួរឱ្យទាក់ទាញដល់អតិថិជន។ ក្នុងនោះ Lazada គឺជាអង្គភាពដើមដំបូង ដែលបានដាក់បញ្ជូលផ្លែគូលេន Thanh Ha ទៅក្នុងមូលដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក។ លោក Pham Van Giang ប្រធានក្រុមអ្នកដាំដើមគូលេន តាមការស្តង់ដារផលិតកម្មកសិកម្មស្អាតសម្រាប់កសិផល ជលផលនៅវៀតណាម  (VietGap) នៅឃុំ Thanh Son ស្រុក Thanh Ha បានឲ្យដឹងថា៖ “យើងខ្ញុំត្រឹមតែដាក់លក់ផលិតផលណា ដែលយើងខ្ញុំទុកចិត្តបំផុតតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ យើងត្រូវផ្ដោតសំខាន់លើតែមបញ្ជាក់ពីប្រភពដើម និងថ្នាំការពារដំណាំ ទើបទទួលបានប្រសិទ្ធភាពផងដែរ”។ នៅឆ្នាំនេះទិន្នផលផ្លែគូលេនរបស់ខេត្ត Hai Duong គ្រោងនឹងទទួលបាន  ៥៥ ០០០ តោន ក្នុងនោះទិន្នផលផ្លែគូលេនរបស់ស្រុក Thanh Ha ត្រូវបានប៉ាន់ប្រមាណថាទទួលបាន ៤ ម៉ឺនតោន។ ដោយសារស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ  គណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានរៀបចំផែនការលក់ផ្លែគូលេនតាមទីផ្សារជួញដូរអេឡិចត្រូនិកដូចជា Voso.vn, Sendo.vn និង Lazada.vn។  លោក Tran Van Quan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តHai Duong បានឲ្យដឹងថា៖ “ខេត្ត Hai Duong បានចាត់ដំណោះស្រាយប្រមូលលក់សិកផលជាច្រើន ក្នុងនោះ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះ ដំណោះស្រាយប្រមូលលក់កសិផលតាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ នាបច្ចុប្បន្នយើងខ្ញុំកំពុងបន្តសម្របសម្រួលគ្នាដើម្បីជំរុញការប្រមូលលក់ផ្លែគូលេនតាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ”។

កសិផលវៀតណាមឆ្លៀតយកអត្ថប្រយោជន៍ពីទីផ្សារជួញដូរអេឡិចត្រូនិក - ảnh 2ចុចប៊ូតុងដើម្បីចាប់ផ្ដើមលក់ផ្លែគូលេនតាមរយៈទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក

រួមជាមួយ Lazada នោះ Amazon global Selling ដែលជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកសកលដ៏ធំបំផុតលើពិភពលោកក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការនិងរួមដៃគ្នាជួយគាំទ្រសហគ្រាសកសិផលវៀតណាមអភិវឌ្ឍន៍តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន។ ក្នុងនោះ ផ្ដោតសំខាន់លើកម្មវិធី “ យុគសម័យឈានមុខគេ - ទំនិញវៀតណាមឈានទៅមុខ”  សំដៅបង្កើនការជួយឧបត្ថម្ភដល់អ្នកលក់វៀតណាម និងទំនិញវៀតណាម នៅលើដំណើរឆ្ពោះទៅពិភពលោក។ លោកស្រី Lai Viet Anh អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិចនិងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា៖ “ជំងឺរាតត្បាតកូវីដ ១៩ កំពុងបង្កើតឱកាសក៏ដូចជាបញ្ហាប្រឈមជាច្រើនសម្រាប់សហគ្រាសវៀតណាម។ បណ្ដាសហគ្រាសកម្ម និងចែកចាយបាននិងកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រធ្វើអាជីវកម្មអភិវឌ្ឍន៍នៅលើមូលដ្ឋានឌីជីថលមិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេថែមទាំងនៅទូទាំងពិភពលោកទៀតផង។ វៀតណាមកំពុងមានល្បឿនកំណើនពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនខ្ពសបំផុតនៅលើពិភពលោក ពោលគឺ ៣,៧% ។ ដើម្បីជំរុញសកម្មភាពនេះឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត មិនត្រឹមតែត្រូវការគោលការណ៍ និងគោលនយោបាយល្អប៉ុណ្ណោះទេ ថែមទាំងត្រូវការកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាសហគ្រាស និងមូលដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានកិត្យានុភាព ដូចជាAmazon ផងដែរ”។

ក្រៅពីផ្លែគូលេននោះ កសិផលជាច្រើនរបស់វៀតណាមដូចជា អង្ករ តែ កាហ្វេ និងម្រេច ក៏បានដល់ដៃអតិថិជនតាមរយៈ ទីផ្សារជួញដូរអេឡិចត្រូនិចផងដែរ។ លោក Hoang Xuan Truong នាយករងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រព័ន្ធកសិកម្ម នៃវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាមបាន ឲ្យដឹងថា៖ “ទីផ្សារជួញដូរពាណិជ្ជកម្មអេឡិចត្រូនិចកសិផលមានអត្ថន័យយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកសិកម្មប្រទេសជាតិ ជាពិសេសគឺជួយប្រជាកសិករនិងអតិថិជនយល់ដឹងអំពីព័ត៌មានរបស់គ្នាទៅវិញទៅមក។ តាមនោះ អតិថិជនជាច្រើនបានស្គាល់ដល់បណ្ដាផលិផលនៅទីជនបទដែលកំពុងអនុវត្តន៍ ជាពិសេសគឺកម្មវិធីជនបទថ្មី ocop ហើយប្រទេសជាច្រើននៅលើពិភពលោកក៏អាចស្គាល់ដល់ផលិតផលដែលមានសុវត្ថិភាពនៅវៀតណាមដើម្បីស្វែងរកឱកាសធ្វើពាណិជ្ជកម្ម វិនិយោគផងដែរ”។

ជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញជាច្រើនដែលជំរុញឱ្យអតិថិជនផ្លាស់ប្តូរទម្លាប់ទិញទំនិញប្រចាំថ្ងៃ។ ដូច្នេះ ទីផ្សារជួញដូរពាណិជ្ជកម្ម អេឡិចត្រូនិចកសិផលនឹងដើរតួជាអន្តរការី ជួយសម្រួលអ្នកលក់នាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារយ៉ាងឆាប់រហ័ស ជាមួយព័ត៌មានប្រកបដោយតម្លាភាព ហើយជួយសម្រួលដល់អតិថិជនទាក់ទងជាមួយអ្នកផ្គត់ផ្គង់ ក៏ដូចជាផលិតផលស្អាតយ៉ាងឆាប់រហ័ស ជាមួយតម្លៃសមរម្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ