ទេសចរណ៍ទីក្រុងហូជីមិញ ឆ្ពោះទៅរកគោលដៅថ្មី

(VOVWORLD) - ទីក្រុងហូជីមិញបានកំណត់គោលដៅទទួលភ្ញៀវអន្តរជាតិចំនួន ៦ លាននាក់ និងភ្ញៀវក្នុងស្រុកចំនួន ៣៨ លាននាក់នៅឆ្នាំ២០២៤នេះ។ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចអន្តរជាតិត្រូវបានព្យាករណ៍នឹងបន្តជួបការលំបាកក៏ដោយ  ប៉ុន្តែជាមួយនឹងផលិតផលថ្មីៗ ចម្រុះនិងប្រកបដោយគុណភាពខ្ពស់... ទេសចរណ៍របស់ទីក្រុងនៅតែមានទំនុកចិត្តនឹងសម្រេចបាននិងលើសពីគោលដៅក្នុងឆ្នាំនេះ។

កាលពីឆ្នាំ២០២៣ ទោះបីមានការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែធុរកិច្ចទេសចរណ៍នៅទីក្រុងហូជីមិញ នៅតែរក្សាបាននូវកំណើនវិជ្ជមានដោយសម្រេចបានគោលដៅដែលបានដាក់ចេញ។ លោក Tran The Dung អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Vietluxtour បានចែករំលែកថា ទីផ្សារភ្ញៀវអន្តរជាតិរបស់ក្រុមហ៊ុនបានកើនឡើងជាង ៣០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ បន្តសន្ទុះកំណើននេះ Vietluxtour បានកំណត់ទិសដៅកំណើន ២៥ - ៣០% ក្នុងឆ្នាំនេះ ៖ “យើងខ្ញុំរំពឹងថា ឆ្នាំនេះនឹងមានស្ថិរភាពប្រសើរឡើង។ ដើម្បីសម្រេចបាននូវគោលដៅកំណើន យើងគិតថាចាំបាច់ត្រូវមានការវិនិយោគបន្ថែមលើការផ្សព្វផ្សាយ និងលើកកំពស់វិស័យទេសចរណ៍ក្នុងទីក្រុងហូជីមិញនិយាយដោយឡែក និងវៀតណាមនិយាយរួម។ ក្រៅពីនេះ អាជីវកម្មធ្វើដំណើរនិងទេសចរណ៍នីមួយៗក៏ត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញ”។

ទេសចរណ៍ទីក្រុងហូជីមិញ ឆ្ពោះទៅរកគោលដៅថ្មី - ảnh 1បច្ចុប្បន្ន ទីក្រុងហូជីមិញមានផលិតផលទេសចរណ៍ជាង ១៥០ ទាក់ទងនឹងដំណើរកម្សាន្តក្នុងទីក្រុង និងផ្លូវទឹក។ រូបថត៖ VOV

លទ្ធផលធ្វើអាជីវកម្មមានការរីកចម្រើនរបស់របស់ធុរកិច្ច បានរួមចំណែកដល់ការងើបឡើងវិញនៃទេសចរណ៍ទីក្រុងហូជីមិញ នៅពេលដែលទីក្រុងបន្តនាំមុខគេនៅទូទាំងប្រទេសក្នុងកំរិតប្រាក់ចំណូលនិងអត្រាភ្ញៀវទេសចរ។ ទោះបីជាចំនួនភ្ញៀវទេសចរដែលមកទីក្រុងនៅឆ្នាំ២០២៣ ត្រូវបានប៉ាន់ប្រមាណមានត្រឹមតែ ៦០% នៃចំនួនភ្ញៀវទេសចរក្នុងឆ្នាំ ២០១៩ ក៏ដោយ ក៏ប្រាក់ចំណូលពីទេសចរណ៍សរុបមានចំនួនជាង ១៦០ ០០០ ពាន់លានដុង (៦,៦ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ២៤% នៃប្រាក់ចំណូលសរុបពីទេសចរណ៍របស់ប្រទេសទាំងមូល។

បច្ចុប្បន្ននេះ ធនធានទេសចរណ៍របស់ទីក្រុងហូជីមិញមានភាពសម្បូរបែបជាមួយនឹងកត្តាដូចជា៖ ប្រវត្តិសាស្ត្រ វប្បធម៌ ភោជនាហារ បរិស្ថានធម្មជាតិ...; ខណ្ឌ/ស្រុកនីមួយៗមានផលិតផលទេសចរណ៍និងរឿងរាវប្លែកៗរៀងខ្លួន។ លោកស្រី Huynh Phan Phuong Hoang អគ្គនាយករងក្រុមហ៊ុនទេសចរណ៍ Vietravel មានប្រសាសន៍ថា៖ “បន្ទាប់ពីជំងឺកូវីដ-១៩ និន្នាការធ្វើដំណើរតាមក្រុមតូចៗ ជាមួយគ្រួសារ ដោយមិនតាមរយៈក្រុមហ៊ុនទេសចរណ៍ណាមួយកំពុងតែកើនឡើង។ នាពេលខាងមុខ យើងត្រូវផ្តោតលើអតិថិជនក្រុមនេះ ដើម្បីទទួលបានក្រុមភ្ញៀវទេសចរដែលធ្វើដំណើរដោយខ្លួនឯង។ យើងត្រូវផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលឯកទេសទេសចរណ៍ និងការបណ្តុះបណ្តាលភាសាបរទេស។ សព្វថ្ងៃនេះមានភាសាបរទេសដ៏កម្រជាច្រើន ពេលពិតជាខ្លះពិបាកស្វែងរកមគ្គុទ្ទេសក៍និងអ្នកបម្រើ”។

ទេសចរណ៍ទីក្រុងហូជីមិញ ឆ្ពោះទៅរកគោលដៅថ្មី - ảnh 2ទីក្រុងហូជីមិញនឹងផ្តោតលើការធ្វើអាជីវកម្មនិងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន។ រូបថត៖ VOV

តាមទស្សនៈរបស់អ្នកគ្រប់គ្រង លោក Le Truong Hien Hoa អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា ផលិតផលទេសចរណ៍របស់ទីក្រុងដូចជា៖ ទេសចរណ៍ផ្លូវទឹក ទេសចរណ៍ធម្មជាតិ ទេសចរណ៍ជំនឿទេសចរណ៍សុខាភិបាល ទេសចរណ៍វប្បធម៌ ទេសចរណ៍ប្រវត្តិសាស្ត្រ កំពុងតែរីកចម្រើន និងបង្ហាញសញ្ញាវិជ្ជមានអំពីកំណើនទេសចរណ៍នាពេលអនាគត។ ដូច្នេះហើយ ទេសចរណ៍ទីក្រុងហូជីមិញបានកំណត់ថា ភារកិច្ចសំខាន់ក្នុងឆ្នាំនេះគឺបង្កើតថ្មីនិងកែលម្អផលិតផលទេសចរណ៍ទាំងនេះ។ តាមនោះ ទីក្រុងផ្តោតលើការធ្វើអាជីវកម្ម និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ដែលជាប់ទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ទ្រង់ទ្រាយធំដែលត្រូវបានទទួលស្គាល់ដោយអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ឲ្យក្លាយជាព្រឹត្តិការណ៍ដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន។ លោក Le Truong Hien Hoa បានមានប្រសាសន៍ថា៖ “បច្ចុប្បន្ន ក្រៅពីព្រឹត្តិការណ៍ផ្សព្វផ្សាយដែលបានប្រព្រឹត្តិទៅនៅទីក្រុង យើងក៏ផ្តោតលើព្រឹត្តិការណ៍ផ្សព្វផ្សាយនៅក្រៅប្រទេស ដោយបង្កើតទីផ្សារផ្សេងៗគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ក្រៅពីនេះ យើងនឹងអនុម័តលើកម្មវិធីថ្មីដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។ ទាក់ទងនឹងគោលដៅដែលបានកំណត់ យើងមានទំនុកចិត្តថាអាចសម្រេចបានទាំងស្រុង ឬក៏លើសពីគោលដៅ។ ពីព្រោះក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានកំណត់គោលដៅឆ្នាំនេះ ទទួលភ្ញៀវអន្តរជាតិជិតប្រមាណ ២០លាននាក់ ខណៈដែលទីក្រុងហូជីមិញបានដាក់ចេញគោលដៅទទួលភ្ញៀវទេសចរ ៦លាននាក់ ពោលគឺមានកម្រិតទាបបន្តិច”។

ទីក្រុងហូជីមិញទើបតែត្រូវបានលើកតម្កើងជា "គោលដៅទេសចរណ៍អាជីវកម្មឈានមុខគេរបស់អាស៊ី" "គោលដៅនៃពិធីបុណ្យនិងព្រឹត្តិការណ៍ឈានមុខរបស់អាស៊ី" និងស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ១០០ ក្នុងឆ្នាំ ២០២៣។ ឧត្តមភាពនេះ រួមជាមួយនឹងភាពបត់បែន និងការច្នៃប្រឌិតរបស់ទីក្រុង ក្នុងការអនុវត្តដំណោះស្រាយផ្សព្វផ្សាយនានា នឹងជួយផ្នែកទេសចរណ៍របស់ទីក្រុងសម្រេចបាននូវគោលដៅក្នុងឆ្នាំនេះ ហើយទន្ទឹមនឹងនោះក៏បានអះអាងពាណិជ្ជសញ្ញាទេសចរណ៍របស់ទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ