ផ្លូវល្បឿនលឿន Dong Dang - Tra Linh៖ កម្លាំងចលករ​ជំរុញសេដ្ឋកិច្ចច្រកទ្វារព្រំដែនខេត្ត Cao Bang

(VOVWORLD) - នៅថ្ងៃដំបូងនៃឆ្នាំ២០២៤នេះ ផ្លូវល្បឿនលឿន Dong Dang (Lang Son) - Tra Linh (Cao Bang) ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ។ ផ្លូវនេះត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ "ការកក់ស្ទះ" នៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជួយឱ្យសេដ្ឋកិច្ចរបស់ខេត្ត Cao Bang មានរបកគំហើញយ៉ាងខ្លាំង។

ផ្លូវល្បឿនលឿន Đong Đang (Lang Son) - Tra Linh (Cao Bang) ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ គឺជាក្តីរីករាយបំផុតសម្រាប់ប្រជាជននៅទីរួមស្រុក Tra Linh ស្រុក Trung Khanh ខេត្ត Cao Bang ដោយសារប៉ុន្មានថ្ងៃមុននោះ ច្រកព្រំដែន Tra Linh ត្រូវបានដំឡើងឋានៈជាច្រកព្រំដែនអន្តរជាតិ។ រួមជាមួយនឹងផ្លូវល្បឿនលឿននោះ Tra Linh នឹងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃខេត្ត Cao Bang។ ការអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែនក៏ជាឱកាសមួយជួយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនមានឱកាសការងារធ្វើកាន់តែច្រើន និងបង្កើនប្រាក់ចំណូលផងដែរ។ លោក Phan Van Tung អ្នកភូមិ Coc Cang ទីរួមស្រុក Tra Linh ស្រុក Trung Khanh ខេត្ត Cao Bang បានមានប្រសាសន៍ថា៖ “រដ្ឋ បានវិនិយោគលើការកសាងផ្លូវល្បឿនលឿន ហើយនៅពេលដែលវាត្រូវបានសម្ពោធ ប្រជាជនអាចធ្វើដំណើរបានយ៉ាងងាយស្រួល។ ខ្សែផ្លូវឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ Tra Linh នឹងកាត់មុខផ្ទះខ្ញុំ កាត់តាមភូមិ។ ប្រជាជនបានគាំទ្រយ៉ាងខ្លាំងណាស់។ រដ្ឋាភិបាលបានវិនិយោគយ៉ាងច្រើនដើម្បីឲ្យបងប្អូនប្រជាជនមានផ្លូវថ្នល់សម្រាប់ធ្វើដំណើរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន ជាពិសេសការធ្វើពាណិជ្ជកម្មរវាងចិននិងវៀតណាម”។

ផ្លូវល្បឿនលឿន Dong Dang - Tra Linh៖ កម្លាំងចលករ​ជំរុញសេដ្ឋកិច្ចច្រកទ្វារព្រំដែនខេត្ត Cao Bang - ảnh 1ផ្លូវល្បឿនលឿន Dong Dang - Tra Linh ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ រូបថត៖ VOV

លោក Hoang Van Thùy អ្នកស្រុក Trung Khanh ខេត្ត Cao Bang បាននិយាយថា៖ “ផ្លូវល្បឿនលឿនគឺជាបំណងប្រាថ្នារបស់ប្រជាជនខេត្ត Cao Bang ។ យើងនឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុងហាណូយទៅខេត្ត Cao Bang។ ទាក់ទងនឹងការជួញដូរទំនិញនាពេលបច្ចុប្បន្ននេះ ត្រូវចំណាយពេល ៦-៧ ម៉ោង សម្រាប់រថយន្តដឹកទំនិញពីកំពង់ផែ Lạch Huyện ទីក្រុង Hai Phong ទៅកាន់ខេត្ត Cao Bang ។ បើមានផ្លូវល្បឿនលឿនហើយ វានឹងចំណាយពេលត្រឹមតែ ៣-៤ ម៉ោងប៉ុណ្ណោះ ដើម្បីទៅដល់កន្លែង ហើយអាចឆ្លងដែនទៅកាន់ប្រទេសចិន បន្ទាប់មកទៅកាន់អឺរ៉ុប។ ទំនិញបាំចូលនាំចេញរបស់យើង ជាពិសេសកសិផល នឹងឆ្លងដែនលឿនជាងមុន និងធានាបាននូវគុណភាពកាន់តែប្រសើរ។ ប្រជាពលរដ្ឋក៏សង្ឃឹមថា ផ្លូវល្បឿនលឿននេះនឹងត្រូវបានសម្រេចរួចរាល់នាពេលឆាប់ៗ”។

ខេត្ត Cao Bang សង្ឃឹមថា ផ្លូវល្បឿនលឿននេះ នឹងក្លាយជាសរសៃឈាមចរាចរណ៍ ដើម្បីជួយច្រកព្រំដែននានាក្នុងខេត្ត Cao Bang ជាពិសេសច្រកទ្វារព្រំដែន Tra Linh ក្លាយជាចំណុចប្រមូលផ្តុំទំនិញទៅកាន់ប្រទេសចិន ក៏ដូចជាពីប្រទេសចិនមកកាន់វៀតណាម ហើយទៅកាន់បណ្តាប្រទេសអាស៊ីផងដែរ។ គម្រោងនេះនឹងបំពេញតម្រូវការដឹកជញ្ជូន តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយជាមួយបណ្តាខេត្តព្រៃភ្នំនៅភាគឦសាន តំបន់សេដ្ឋកិច្ច តំបន់ទេសចរណ៍ជាតិនិងមណ្ឌលឧស្សាហកម្មនានា បម្រើដល់គោលដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន និងក្នុងតំបន់។ លោក Hoang Xuan Ánh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cao Bang បានឲ្យដឹងថា ៖ “សេដ្ឋកិច្ចច្រកទ្វារព្រំដែនគឺជាសក្តានុពលរបស់ខេត្ត ប៉ុន្តែនាពេលថ្មីៗនេះ ការលើកកម្ពស់សក្តានុពលនេះនៅមានកម្រិត។ ផ្តើមចេញពីតម្រូវការជាក់ស្តែង និងតថភាពនៃដំណាក់កាលនីមួយៗ ពេលខ្លះការជួញដូរតាមច្រកល្ហក់អភិវឌ្ឍន៍យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ គោលនយោបាយរបស់ចិន និងគោលនយោបាយរបស់វៀតណាមនឹងដាក់កំហិត ហើយឆ្ពោះទៅរកការមិននាំចូលនាំចេញតាមច្រកក្រៅផ្លូវការ ប៉ុន្តែប្តូរទៅរកការនាំចូលនាំចេញតាមច្រកផ្លូវការវិញ។ ដូច្នេះការយកចិត្តទុកដាក់វិនិយោគលើច្រកទ្វារព្រំដែនសំខាន់ៗ និងច្រកព្រំដែនទ្វេភាគីមានសារៈសំខាន់ណាស់ ហើយត្រូវតែមានការតភ្ជាប់ទាំងផ្នែកចរាចរណ៍ និងប្រភពទំនិញរវាងវៀតណាម និងចិន”។

ផ្លូវល្បឿនលឿន Dong Dang - Tra Linh៖ កម្លាំងចលករ​ជំរុញសេដ្ឋកិច្ចច្រកទ្វារព្រំដែនខេត្ត Cao Bang - ảnh 2រូបភាពក្រាហ្វិកនៃទីតាំងមួយចំនួននៅលើផ្លូវល្បឿនលឿន Dong Dang - Tra Linh។ រូបថត៖ VOV

អាជីវកម្មដែលកំពុងវិនិយោគនៅខេត្ត Cao Bang ជាពិសេសក្នុងវិស័យភស្តុភារ បានរំពឹងថាផ្លូវល្បឿនលឿននៅពេលដាក់ឱ្យដំណើរការនឹងអាចបំពេញតម្រូវការដឹកជញ្ជូន កាត់បន្ថយពេលវេលា និងការចំណាយ; ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនខេត្ត Cao Bang។ លោក Hoang Trung Du នាយកសហគ្រាសនាំចេញ-នាំចូលមួយនៅ Cao Bang បានឲ្យដឹងថា៖ “ក្រុមហ៊ុនបានរៀបចំជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកំពង់ចំណត  បំពេញតម្រូវការនៃការប្រមូលទំនិញនៅច្រកទ្វារព្រំដែន និងធានាការធ្វើចរាចរណ៍ទំនិញ។ ហើយសង្ឃឹមថា ខេត្តនិងបណ្តាស្ថាប័ន ផ្នែកនានានឹងបន្តបង្កើតគោលនយោបាយទាក់ទាញទំនិញកាន់តែច្រើនមកកាន់ Cao Bang ជួយបង្កើតការងារជូនប្រជាជនក្នុងតំបន់ ក៏ដូចជាអាជីវកម្មអភិវឌ្ឍន៍កាន់តែច្រើន”។

គម្រោងផ្លូវល្បឿនលឿន Dong Dang - Tra Linh ដំណាក់កាលទី ១ មានប្រវែងជាង ៩៣ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីចំណុចប្រសព្វនៃច្រកព្រំដែន Tan Thanh ស្រុក Van Lang ខេត្ត Lang Son និងបញ្ចប់នៅចំណុចប្រសព្វជាមួយផ្លូវជាតិលេខ ៣ ក្នុងឃុំ Chí Thảo ស្រុក Quảng Hòa ខេត្ត Cao Bang ។ នៅក្នុងដំណាក់កាលទី ១ ផ្លូវល្បឿនលឿននេះត្រូវបានរចនាឡើងសម្រាប់ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ