សហគ្រាសទាញយកឱកាសយ៉ាងល្អពីកិច្ចព្រមព្រៀង CPTPP

(VOVWORLD) - ក្រោយយៈពេល ៣ ឆ្នាំនៃការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) វៀតណាមបានទាញយកយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគីនេះប្រកបដោយប្រសិទ្ធភាពលើគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ តម្លៃប្រាក់នាំចូល-នាំចេញសម្រេចបាននូវកំណើនគួរឲ្យចាប់អារម្មណ៍ ដោយបន្តបង្កើតកំណត់ត្រាថ្មីៗ។ ប្រការនេះបានបង្ហាញថាសហគ្រាសកំពុងទាញយក ឱកាសយ៉ាងល្អពីកិច្ចព្រមព្រៀង CPTPP។
សហគ្រាសទាញយកឱកាសយ៉ាងល្អពីកិច្ចព្រមព្រៀង CPTPP - ảnh 1(ប្រភព៖ baoquocte.vn)

ចាប់តាំងពីពេលចូលរួម CPTPP មក វៀតណាមបានម្ចាស់ការនិងសកម្មធ្វើការផ្លាស់ប្តូរខិតខំប្រឹងប្រែងលើកកំពស់ទាំងគុណភាពរបៀបរបប និងគុណភាពទំនិញ ដើម្បីឆ្លើយតបស្តង់ដារខ្ពស់នសកិច្ចព្រមព្រៀង។ អាស្រ័យហេតុនេះ ទំនិញរបស់វៀតណាមកាន់តែឆ្លើយតបនឹងស្តង់ដារនៃកិច្ចព្រមព្រៀងនេះយ៉ាងល្អប្រសើរ តាមរយៈតម្លៃប្រាក់នាំចេញកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមតួរលេខស្ថិតិរបស់សម្ព័ន្ធសមាគមកែច្នៃនាំចេញជលផលវៀតណាម (VASEP) បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចជាសមាជិកជាច្រើនក្នុងប្លុក CPTPP កំពុងជាទីផ្សារនាំចេញជលផលដ៏ធំបំផុតរបស់វៀតណាម ដូចជា ជប៉ុន កាណាដា អូស្ត្រាលី និងម៉ិកស៊ិក។ គួរកត់សម្គាល់ថា ការនាំចេញទំនិញនេះទៅកាន់ទីផ្សារមួយចំនួនក្នុង CPTPP ដូចជាប្រទេសកាណាដា អូស្ត្រាលី ឈីលី និងប៉េរូ មានការបោះជំហានយ៉ាងខ្លាំងក្លាក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ។ លោកស្រី Le Hang នាយិការងមជ្ឈមណ្ឌល VASEP.PRO (VASEP) បានវាយតម្លៃថា៖ “វៀតណាមបានជាប់ចំណាត់ថ្នាក់ទី៣ក្នុងចំណោមប្រទេសនាំចេញជលផលជួរមុខនៅលើពិភពលោក។ ប្រការនេះបានសរឲ្យឃើញថា បណ្ដាសហគ្រាសបានទាញយកយ៉ាងល្អនូវពន្ធគយនាំចូល ដើម្បីបង្កើតការងារធ្វើ និងប្រាក់ចំណូលដល់ពលករ និងទាញយកផលិតភាពពីរោងចក្រកែច្នៃ។ យើងខ្ញុំបានព្យាករណ៍ថា ការនាំចេញជលផលនឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ព្រោះថា ផ្នែកឧស្សាហកម្មកែច្នៃជលផលក្នុងប្រទេសកាន់តែអភិវឌ្ឍន៍ជាមួយនឹងបច្ចេកវិជ្ជាកែច្នៃទំនើប និងស៊ីជម្រៅ ជាមួយនឹងជួរពលករជំនាញខ្ពស់ និងជាមួយនឹងគុណសម្បត្តិពន្ធនាំចូលបន្ទាប់ពីមាន EVFTA  CPTPP និងកិច្ចព្រមព្រៀងផ្សេងទៀត”

យោងតាមរបាយការណ៍របស់ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថាក្នុងបរិបទដ៏លំបាក ពីការរាតត្បាតកូវីដ-១៩ នោះ ដើម្បីទទួល បានតម្លៃប្រាក់នាំចូល-នាំចេញនៅឆ្នាំ ២០២១ ក្នុងកម្រិតកំណត់ត្រាជិត ៦៧០ ពាន់លានដុល្លារអាមេរិកនោះ គឺមានការរួមចំណែកដ៏សំខាន់ពីការពង្រីកការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានទាំង FTA ជំនាន់ថ្មី និងស្តង់ដារខ្ពស់ដូចជា CPTPP ជាដើម។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់តាំងពីពេលដែល កិច្ចព្រមព្រៀង CPTTP ចូលជាធរមានមក តម្លៃប្រាក់នាំចេញទៅកាន់ទីផ្សារ CPTPP តែងតែមានការរីកចម្រើនល្អ ដែលបង្ហាញថាសហគ្រាសកំពុងទាញយកាលានុវត្តភាពពីកិច្ចព្រមព្រៀង៖ “សម្រាប់តំបន់ CPTPP យើងខ្ញុំបានឃើញថា តួរលេខកំណើនគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលថ្មីៗនេះ។ ក្រៅពីតំបន់ EU ដែលជាទីផ្សារនាំចេញប្រពៃណីនោះ តំបន់ CPTPP ជាពិសេសគឺបណ្ដាប្រទេសនៅទ្វីបអាមេរិក ដូចជាកាណាដា ម៉ិកស៊ិក និងប៉េរូ គឺជាទីផ្សារថ្មី ហើយការនាំចេញរបស់យើងនាពេលថ្មីៗនេះ មានកម្រិតតិចតួច។ ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀង CPTPP ចូលជាធរមានមក ការនាំចេញរបស់យើងទៅកាន់ទីផ្សារទាំងនេះក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ប្រការនេះបានសរឲ្យឃើញថា សហគ្រាសរបស់យើងបានទាញយក ឱកាសបានយ៉ាងល្អពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ជាពិសេសគឺកិច្ចព្រមព្រៀង CPTPP”។

សហគ្រាសទាញយកឱកាសយ៉ាងល្អពីកិច្ចព្រមព្រៀង CPTPP - ảnh 2លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (រូបថត៖ VNA)

យោងតាមសេដ្ឋកិច្ចវិទូជាច្រើនបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដូចជា EVFTA និង CPTPP នឹងបន្តផ្ដល់ការអនុគ្រោះពន្ធ បង្កើតកម្លាំងចលករទាក់ទាញការវិនិយោគ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ជួយសហគ្រាសនាំចេញកាន់តែមានជំនាញវិជ្ជាជីវៈទាំងក្នុងទីផ្សារអន្តរជាតិ។ អាស្រ័យហេតុនេះ ការនាំចេញបន្តត្រូវបានរំពឹងថានឹងក្លាយទៅជាចំណុចភ្លឺនៃខឿនសេដ្ឋកិច្ច ធានាការងារធ្វើសម្រាប់ពលករ និងជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោក Le Anh Duong ប្រធានគណៈកម្មការសិក្សាស្រាវជ្រាវទូទៅ នៃវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានសង្កត់ធ្ងន់ថា៖ “CPTPP មានភាពល្អប្រសើរជាងកិច្ចព្រមព្រៀងផ្សេងទៀត អំពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាទាំងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក គយ របាំងបច្ចេកទេស។ នៅពេលចូលរួម CPTPP វៀតណាមទទួលបានផលប្រយោជន៍ច្រើនបំផុតពីការធ្វើកំណែទម្រង់របៀបរបប។ ដូច្នេះ គ្មានហេតុផលណាដែលវៀតណាមមិនអនុវត្តន៍កំណែទម្រង់ស្របតាមស្មារតី CPTPP នោះឡើយ។ បញ្ហាប្រឈមសំខាន់ គឺដំណើរការ នៃការធ្វើកំណែទម្រង់នេះមានរយៈពេលយូរអង្វែង ហើយលទ្ធផលប្រហែលជាមិនអាចមើលឃើញភ្លាមៗឡើយ”។

ជឿជាក់ថា ជាមួយនឹងការមើលឃើញដ៏ត្រូវអំពីបញ្ហានោះ ស្ថាប័នគ្រប់គ្រងរដ្ឋ និងសហគមន៍ធុរកិច្ចនឹងមានយុទ្ធសាស្ត្រ និងជំហានដ៏សមស្រប ប្រកបដោយប្រសិទ្ធភាព ដើម្បីបន្តឆក់យកឱកាស និងទាញយកផលប្រយោជន៍ដ៏ធំធេងឱ្យកាន់តែប្រសើរឡើងពី CPTPP ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ