ភូមិ An Hien ស្រុក Chuong My ជាយទីក្រុងហាណូយ - តំបន់ជនបទ​គួរ​ជាទី​រស់នៅ

(VOVWORLD) - ភូមិ An Hien ឃុំ Hoang Dieu ស្រុក Chuong My គឺជាភូមិតូចមួយ ដែលស្ថិតនៅតាមមាត់ដងទន្លេ Day ដែលមានចម្ងាយប្រមាណ ១៥  គីឡូម៉ែត្រ តាមទិសខាងលិច ពីមជ្ឈមណ្ឌលទីក្រុងហាណូយ។ អ្នកភូមិមិនត្រឹមតែមានចរិយាមាយាទឧស្សាហ៍ព្យាយាម ប៉ុណ្ណោះទេ ថែមទាំងបានរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ហើយរួមគ្នាកសាងភូមិឱ្យក្លាយជាចំណុចភ្លឺ ក្នុងគ្រប់ចលនាសង្គមទៀតផង។
ភូមិ An Hien ស្រុក Chuong My ជាយទីក្រុងហាណូយ - តំបន់ជនបទ​គួរ​ជាទី​រស់នៅ - ảnh 1សាលាភូមិ An Hien (រូបថត៖ Ngoc Anh)

ភូមិ An Hien ត្រូវបានគណៈកម្មាធិការបក្សទីក្រុងហាណូយ លើកសរសើរ និងប្រគល់ជូនប័ណ្ណសរសើរ នៅក្នុងសន្និបាតបូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី ៥ (នីតិកាលទី VIII) ស្តីពី “ការកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ”។ ចលនាប្រជាជនទាំងមូលសាមគ្គីគ្នាកសាងជីវភាពខាងវប្បធម៌ត្រូវបានអ្នកភូមិ An Hien ពង្រីក និងថែរក្សាយ៉ាងរឹងមាំ។ លោក Tran Quang Huy លេខាសាខាបក្ស និងជាប្រធានក្រុមការងាររណសិរ្សភូមិភូមិ An Hien បានឲ្យដឹងថា៖

“An Hien គឺជាភូមិគំរូវប្បធម៌ប្រពៃណី។ ភូមិត្រូវបានគណៈកម្មាធិការប្រជាជនស្រុកទទួលស្គាល់ជាភូមិវប្បធម៌ដើមដំបូងក្នុងស្រុក ហើយតាំងពីពេលនោះមក ភូមិ An Hien ជានិច្ចកាលរក្សាបានកិត្តិនាមនេះ។  ជាពិសេសក្នុងភូមិគ្មានគ្រោះអបាយមុខសង្គមឡើយ។ មនោសញ្ចេតនារបស់អ្នកភូមិតែងតែជាមូលដ្ឋានគ្រឹះ ដើម្បីកសាងវប្បធម៌ភូមិផងដែរ”។

ក្នុងនាមជាភូមិកសិកម្មសុទ្ធសាធ ដោយបានបែងចែកជា ២ ក្រុម ប៉ុន្តែភូមិត្រូវបានរៀបចំផែនការមេតាមបែបវិទ្យាសាស្ត្រ ហើយមានហេដ្ឋារចនាសម្ព័ន្ធធំទូលាយ។ ភូមិមានតំបន់ផលិតកម្មមួយ ដែលស្ថិតនៅឆ្ងាយពីតំបន់អាស័យជន កីឡាដ្ឋាននៅចំកណ្តាលភូមិ ផ្ទះវប្បធម៌ ទីបញ្ចុះសព និងបណ្ណាល័យជាប់ស្តង់ដារជនបទថ្មី។ ផ្លូវ និងច្រកល្ហកក្នុងភូមិត្រូវបានតុបតែងលំអរដោយផ្ដាភ្ញី ហើយបង្គោលភ្លើងសុទ្ធតែបានព្យួរផ្ទាំង pano ដើម្បីផ្សព្វផ្សាយអំពីចំណងសាមគ្គីភាព កសាងជីវភាពខាងវប្បធម៌ និងកសាងជនបទថ្មី។ លោក Tran Quang Dien អ្នកភូមិ An Hien ម្នាក់បាននិយាយថា៖

“អ្នកភូមិបានបរិច្ចាគដីធ្លីដោយស្ម័គ្រចិត្ត ដើម្បីសាងសង់កីឡាដ្ឋាន។ ផ្លូវ និងច្រកល្ហកទាំងអស់ក្នុងភូមិត្រូវបានចាក់បេតុង។ ស្រះ បឹង និងលូបង្ហូទឹកសុទ្ធតែត្រូវបានហ៊ុមព័ទ្ធដោយថ្ម និងដាំដើមឈើបៃតង។ អ្នកភូមិបានបរិច្ចាគថវិការដោយស្ម័គ្រចិត្តទាំងអស់។ អ្នកភូមិមានប្រពៃណីសាមគ្គីភាព ហើយតែងតែជួយយកអាសារគ្នាទៅវិញទៅមក។ ភូមិមានបណ្ឌិតចំនួន ៤ នាក់ ដែលត្រូវបានបណ្តុះបណ្តាលនៅបរទេស។ ទន្ទឹមនេះភូមិមានចំនួនអ្នកជាប់បរិញ្ញាបត្រច្រើនបំផុតក្នុងឃុំ Hoang Dieu។ យើងខ្ញុំមានគោលបំណងចង់ថែរក្សាប្រពៃណីសាមគ្គីភាព ដោយប្រែក្លាយភូមិទៅជាតំបន់ជនបទសុខសាន្តត្រាណ គួរឲ្យចង់រស់នៅផងដែរ”។

ភូមិ An Hien មានជួរកម្មាភិបាលគំរូ ស្វាហាប់ និងសុភាពរាបសារ។ ការងារទាំងអស់ក្នុងភូមិត្រូវអនុវត្តន៍តាមបែបប្រជាធិបតេយ្យគឺលុះត្រាតែអ្នកភូមិយល់ព្រម ១០០% ទើបអនុវត្តន៍ ។ នៅឆ្នាំ ២០២១ សាខាភូមិ An Hien គឺជាសាខាបក្សភូមិមួយក្នុងចំណោមសាខាបក្សភូមិចំនួនពីរនៅឃុំ Hoang Dieu ដែលបានបំពេញភារកិច្ចឆ្នើម។ លោក Nguyen Van Hung មេភូមិ An Hien បានឲ្យដឹងថា៖

“នាបច្ចុប្បន្ននេះ អ្នកភូមិ An Hien មានគោលបំណងចង់កសាងជនបទថ្មីកម្រិតខ្ពស់។ សព្វថ្ងៃនេះ ភូមិ An Hienគ្មានគ្រួសារក្រីក្រទៀតឡើយ ពោលគឺមានគ្រួសារនៅលើបន្ទាត់ក្រីក្រត្រឹម ៤ គ្រួតែប៉ុណ្ណោះ។ នៅឆ្នាំ ២០២២ ភូមិខិតខំប្រឹងប្រែងលុបបំបាត់គ្រួសារនៅលើបន្ទាត់ក្រីក្រ។ អ្នកភូមិមានបំណងប្រាថ្នាទទួលបានប្រាក់ចំណូលជាមធ្យមពី ៥៥ ទៅ ៥៨ លានដុងក្នុងមួយឆ្នាំ ហើយព្យាយាមរកប្រាក់ចំណូលបានជាង ៦០ លានដុងក្នុងមួយឆ្នាំក្នុងមនុស្សម្នាក់។ អនាគតរបស់ភូមិ An Hien គឺភ្លឺស្វាងណាស់”។

មុខមាត់ភូមិ An Hien ស្រុក Chuong My ទីក្រុងហាណូយកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពទាំងខាងសំភារៈ វប្បធម៌ និងស្នារតីរបស់ប្រជាជនត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ អ្នកភូមិបានស្រុះចិត្តគំនិតគ្នាកសាងភូមិជនបទបៃតងស្រស់ស្អាត និងស្រស់បំព្រងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ