យុវជន Son La ស្វែងរកទិសដៅថ្មីសម្រាប់ការចាប់ផ្តើមអាជីវកម្ម

(VOVWORLD) - ស្វែងរកទិសដៅថ្មី ស្វែងរកវិធីធ្វើផ្សេងៗ  ដើម្បីដាស់សក្ដានុពលទេសចរណ៍ វប្បធម៌ ប្រៀបខ្លាំងនៃកសិកម្ម និងព្រៃឈើ...។ នោះគឺជាជម្រើសរបស់យុវជនជាច្រើននៅខេត្តព្រៃភ្នំ Son La ក្នុងដំណើរឆ្ពោះទៅរកសហគ្រិនភាព បង្កើតអាជីពនៅស្រុកកំណើត។

“តំបន់ជនបទក្នុងរឿងនិទាន" នៃភូមិភាគពាយ័ព្យ ឃុំ Ngoc Chien ស្រុក Muong La (Son La) ត្រូវបានស្គាល់ដល់ដោយមានអាកាសធាតុត្រជាក់ស្រួល ទេសភាពបែបមនោរម្យ ទឹកហូរក្តៅធម្មជាតិ រួមទាំងផលិតផលវប្បធម៌ កសិផលដ៏សម្បូរបែប។ ជាមួយនឹងគុណសម្បត្តិទាំងនេះ កាលពី៣ឆ្នាំមុន លោក Luong Van Xien ដែលពេលនោះជាអនុលេខាសម្ព័ន្ធយុវជនឃុំ Ngoc Chien បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មជាមួយគម្រោង “អភិវឌ្ឍន៍ប្រព័ន្ធអេកូទេសចរណ៍ Ngoc Chien ផ្សាភ្ជាប់ជាមួយសុវត្ថិភាពកសិកម្ម”។ លោក Xien និងសមាជិកសម្ព័ន្ធយុវជនក្នុងតំបន់បានរួមកម្លាំងគ្នាបង្កើតសហករណ៍ទេសចរណ៍សហគមន៍ Ngoc Chien។ លោក Luong Van Xien នាយកនៃសហករណ៍ Ngoc Chien បានចែករំលែកថា៖  “ក្នុងដំណើរការអនុវត្តន៍ យើងបានជួបប្រទះការលំបាកជាច្រើន ឧទាហរណ៍៖ ការបញ្ចុះបញ្ចូលសមាជិកឱ្យយកផ្ទះឈើផុតពីដី ដែលខ្លួនធ្លាប់រស់នៅជាច្រើនជំនាន់ធ្វើការជួសជុល ធ្វើជាកន្លែងទទួលភ្ញៀវ ហើយប្រការនេះគឺទាក់ទងនឹងទំនៀមទម្លាប់ប្រពៃណី និងជំនឿ...។ ទីពីរ នៅពេលដែលប្រជាជនប្តូរពីកសិកម្មសុទ្ធសាធ ទៅជាការងារសេវាកម្ម ដោយសារកម្រិតនៃការយល់ដឹង និងការគិតរបស់ប្រជាជននៅមានកម្រិត ដូច្នេះ ពួកគេក៏ជួបប្រទះនឹងការលំបាកជាច្រើនដែរ”។
យុវជន Son La ស្វែងរកទិសដៅថ្មីសម្រាប់ការចាប់ផ្តើមអាជីវកម្ម - ảnh 1លោក Luong Van Xien (អាវខៀវ) - នាយកសហករណ៍ទេសចរណ៍សហគមន៍ Ngoc Chien ផ្សព្វផ្សាយម្ហូបអាហារតាមរយៈកម្មវិធី “តំបន់ជនបទក្នុងរឿងនិទាន" ។ រូបថត៖ VOV

បន្ទាប់ពីរយៈពេល ៣ ឆ្នាំ មក គោលគំនិតនិងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតទាំងនោះបានរួមចំណែកនាំរូបភាពនៃ “តំបន់ជនបទក្នុងរឿងនិទាន" Ngoc Chien កាន់តែខិតទៅជិតភ្ញៀវទេសចរ នៅពេលដែលគ្រួសារណាមួយក៏ត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវនិងភ្ញៀវទេសចរណាមួយក៏អាចធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍បានដែរ។ ចាប់តាំងពីដើមឆ្នាំកន្លងទៅ សហករណ៍ទេសចរណ៍សហគមន៍ Ngoc Chien បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ បង្កើតប្រាក់ចំណូលជិត ១០ ពាន់លានដុង (ជាង ៤០០.០០០ ដុល្លារអាមេរិក) បង្កើតការងារឱ្យពលករក្នុងស្រុកជាង ១០០ នាក់ដែលមានប្រាក់ចំណូលពី ៥ ទៅ ៦ លានដុង (ជិត ២១០-២៥០ ដុល្លារ)/ខែ)។ លោក Lo Van Thoa អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ngoc Chien ស្រុក Muong La ខេត្ត Son La បានឲ្យដឹងថា៖ “គំរូទេសចរណ៍សហគមន៍របស់សហករណ៍បានចូលរួមចំណែកក្នុងការបង្កើតជីវភាព និងការងារសម្រាប់ប្រជាជន។ ក្នុងរយៈពេលកន្លងមក សហករណ៍ធ្វើបានល្អក្នុងការផ្សព្វផ្សាយ និងណែនាំផលិតផលទេសចរណ៍សហគមន៍ ជាពិសេសរួមចំណែកផ្លាស់ប្តូរការគិតរបស់ប្រជាជន Ngoc Chien ក្នុងការអភិវឌ្ឍទេសចរណ៍”។

ចំណែកលោក Dang Ngoc Trung នៅស្រុក Phu Yen (ខេត្ត Son La) ចំណង់ចំណូលចិត្តជាមួយគ្រឿងសង្ហារិមធ្វើពីឈើបានជំរុញឲ្យលោក ចាកចេញពីទីក្រុង ហើយវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីបង្កើតកន្លែងផលិតសិប្បកម្ម និងគ្រឿងសង្ហារឹមធ្វើពីឈើ។ នៅឆ្នាំ ២០១៧ លោក Trung បានចាប់ផ្តើមផលិតចេញនូវផលិតផលសាមញ្ញៗដូចជា ចាន ចង្កឹះ ស្លាបព្រា និងក្តារពីដើមមៀលោកបាន គាត់សម្រេចចិត្តវិនិយោគប្រាក់ចំនួន ៥០០ លានដុង (ប្រហែល ២២.០០០ ដុល្លារ) សម្រាប់ពង្រីករោងចក្រ ទិញគ្រឿងចក្រទំនើបៗ និងវត្ថុធាតុដើមបន្ថែមទៀត ដើម្បីបម្រើតម្រូវការផលិតកម្ម។ លោកក៏បានភ្ជាប់ជាមួយសមាជិក៧នាក់ដោយបង្កើតសហករណ៍ផលិតគ្រឿងសង្ហារិមឈើលក្ខណៈគ្រួសារដែលមានឈ្មោះថា “ON” ដែលលោកជានាយក។ បច្ចុប្បន្ននេះ ក្នុងមួយខែៗ សហករណ៍ផលិតគ្រឿងឈើបានជាង ៥.០០០ មុខ ជាគ្រឿងសម្រាប់រក្សាទុកអាហារ និងឧបករណ៍ចម្អិនអាហារ ដូចជា ចង្កឹះ ក្តារបន្ទះ ថាស ចានឆ្នាំង ពែងផឹក ចានតូច ចានធំ... ពីឈើ។ លោក Trung បាន ចែករំលែកថា៖ ផលិតផលឈើរបស់សហករណ៍មានក្លិនក្រអូប និងមិនប៉ះពាល់ដល់រសជាតិអាហារពេលចម្អិនអាហារ ឬពេលផ្ទុកអាហារ ភេសជ្ជៈ...ឡើយ។ ដូច្នេះហើយវាទទួលបានការពេញនិយមពីទីផ្សារប្រើប្រាស់”។

“មុខរបរនេះពិតជាថ្មីនៅក្នុងតំបន់ ហើយកម្មករមិនមានជំនាញក្នុងការងារនោះទេ។ បន្ទាប់ពីរយៈពេលបានខិតខំប្រឹងប្រែង និងទទួលបានការគាំទ្រពីភ្នាក់ងារឯកទេស អង្គភាពមានដំណើរការស្តង់ដារដើម្បីបង្កើតផលិតផលល្អ ចាប់ពីដំណាក់កាលដំបូងរហូតដល់ការបង្កើតផលិតផលទៅកាន់ទីផ្សារ។ កន្លែងលក់ផលិតផលរបស់កម្មវិធី ឃុំមួយផលិតផលមួយ   (OCOP) និងផ្សារទំនើបបានទាក់ទងជាមួយអង្គភាពដើម្បីធ្វើការកម្ម៉ង់។ នោះក៏ជាសញ្ញាល្អសម្រាប់អង្គភាពនៅពេលចូលរួមក្នុង OCOP គុណភាពផលិតផលមានភាពប្រសើរឡើង និងផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សាផ្សេងៗ”។

យុវជន Son La ស្វែងរកទិសដៅថ្មីសម្រាប់ការចាប់ផ្តើមអាជីវកម្ម - ảnh 2ចំណង់ចំណូលចិត្តជាមួយគ្រឿងសង្ហារិមធ្វើពីឈើ ជំរុញឱ្យលោក Dang Ngoc Trung ចាកចេញពីទីក្រុង ហើយត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីចាប់ផ្តើមអាជីវកម្ម។ រូបថត៖ VOV

រួមដំណើរជាមួយចលនាសហគ្រិនភាពយុវជន នៅចុងឆ្នាំ២០២២ គណៈកម្មាធិការប្រជាជនខេត្ត Son La បានអនុវត្ត “ផែនការជំរុញការចាប់ផ្តើមអាជីវកម្ម ភាពជាសហគ្រិន និងទាក់ទាញការវិនិយោគនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ” រួមជាមួយនឹងសកម្មភាពជាច្រើនដើម្បីគាំទ្រការចាប់ផ្តើមសហគ្រិនភាព។ លោក Nguyen Duy Hoang អនុប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត Son La បានឲ្យដឹងថា៖ “ដើម្បីគាំទ្រដល់សហគមន៍ចាប់ផ្តើមអាជីវកម្មក្នុងខេត្ត ជាពិសេសការបំផុសគំនិត និងគាំទ្រការផ្តួចផ្តើមគំនិតឱ្យក្លាយជាការពិត ខេត្ត Son La បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការគាំទ្រប្រភពទុន ដោយខេត្តបានចេញសេចក្តីសម្រេចចិត្តលេខ ១៤៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត កំណត់កម្រិតចំណាយដល់ការគាំទ្រប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើម អាជីវកម្មនិងនវានុវត្តន៍”។

ភាពច្នៃប្រឌិត ភាពស្វាហាប់របស់យុវជន និងដៃគូក្នុងតំបន់បានបង្កើតនូវគំរូចាប់ផ្តើមអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន មិនត្រឹមតែបង្កើតជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់ជនជាតិភាគតិចឱ្យរួចផុតពីភាពក្រីក្រ ហើយរួមគ្នាកសាងជនបទដែលគួរជាទីរស់នៅ នៅលើតំបន់ព្រៃភ្នំ Son La៕

ប្រតិកម្មទៅវិញ

ផ្សេងៗ