ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh

(VOVWORLD) - នាថ្ងៃទី ២៥ កញ្ញា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Brasilia ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការសម្រាប់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh។ 
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva (រូបថត៖ VOV)

នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនដំណើរទស្សនកិច្ច និងទំនាក់ទំនងជាន់ខ្ពស់នៅគ្រប់លំដាប់ថ្នាក់នៅគ្រប់បណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និង ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ភាគីទាំងពីរបានឯកភាពបន្តជំរុញការចាប់ផ្តើមការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យប្រេស៊ីលបង្កើតលក្ខខណ្ឌដើម្បីបង្កើនការនាំចូលផលិតផលរបស់វៀតណាម រួមចំណែកធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ; បញ្ចប់យ៉ាងឆាប់ៗនូវដំណើរការដែលប្រេស៊ីលទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ ភាគីទាំងពីរក៏បានឯកភាពជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីជៀសវាងការយកពន្ធទ្វេរដង។

ជាមួយគ្នានេះ វៀតណាមបានអះអាងពីការត្រៀមខ្លួនជាស្រេចជួយប្រេស៊ីលក្នុងដំណើរការសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាជំរុញទំនាក់ទំនងរវាងអាស៊ាន និងតំបន់អាមេរិកខាងត្បូង។

ភាគីទាំងពីរបានឯកភាពថា ការខ្វែងគំនិត និងជម្លោះអន្តរជាតិរវាងភាគីពាក់ព័ន្ធ គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ដោយមិនប្រើកម្លាំង ឬការគម្រាមកំហែងដោយកម្លាំង ព្រមទាំងគោរពច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ ភាគីប្រេស៊ីលគាំទ្រសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាជាមួយប្រធានាធិបតីប្រេស៊ីល Lula da Silva (រូបថត៖ VOV)

នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចពិភាក្សានោះ ប្រធានាធិបតីប្រេស៊ីល Lula da Silva បានសង្កត់ធ្ងន់ថា ប្រេស៊ីលចង់ឱ្យប្រទេសទាំងពីរជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានតុល្យភាពពាណិជ្ជកម្ម។ ក្នុងសុន្ទរកថារបស់ខ្លួន នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖  “យើងយល់ស្របថា ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រេស៊ីលបានអភិវឌ្ឍន៍យ៉ាងវិជ្ជមានក្នុងរយៈពេលថ្មីៗនេះ។ ទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងបក្ស រដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសទាំងពីរកំពុងត្រូវបានរក្សា។ ប្រជាជនវៀតណាម និងប្រជាជនប្រេស៊ីលតែងតែផ្តល់ជូនគ្នាទៅវិញទៅមក នូវមនោសញ្ចេតនាស្មោះត្រង់ ភាពជឿជាក់ សាមគ្គីភាព និងមិត្តភាពល្អប្រសើរ។  ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកំពុងអភិវឌ្ឍយ៉ាងល្អ។ ប្រេស៊ីលនៅតែជាដៃគូលេខ ១ របស់វៀតណាមនៅអាមេរិកឡាទីន ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រេស៊ីលក្នុងអាស៊ាន។ យើងបានយល់ព្រមបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។ លោកប្រធានាធិបតី និងមន្ត្រីនៅក្នុងរដ្ឋាភិបាលប្រេស៊ីលនឹងទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាមក្នុងពេលឆាប់ៗនេះ។ នេះជាការងារសំខាន់ណាស់ រួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ស្របតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ”។

មុននោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីប្រេស៊ីល លោក Lula da Silva បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ក្រសួង និងស្ថាប័ននានានៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ