ការិយាល័យពាណិជ្ជកម្មនៅឯបរទេសពង្រីកតួនាទីជាអ្នកនាំសារផ្នែកសេដ្ឋកិច្ច

(VOVWORLD) - នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មានជំនួបធ្វើការតាមប្រព័ន្ធអនឡាញ ស្តីពីការអភិវឌ្ឍទីផ្សារជាមួយប្រព័ន្ធទីភ្នាក់ងារតំណាងពាណិជ្ជកម្មវៀតណាមនៅបរទេស។ ដោយត្រូវបានចាត់ទុកថាជាអ្នកនាំសារផ្នែកសេដ្ឋកិច្ចរបស់វៀតណាមនៅឯបរទេសក្នុងការធ្វើ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅក្រៅប្រទេសបានពិភាក្សាដោយផ្ទាល់ជាមួយប្រមុខរដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារក្នុងបរិបទពិភពលោកនិងតំបន់កំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញជាច្រើន។

ការិយាល័យពាណិជ្ជកម្មនៅឯបរទេសពង្រីកតួនាទីជាអ្នកនាំសារផ្នែកសេដ្ឋកិច្ច - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មានជំនួបធ្វើការតាមប្រព័ន្ធអនឡាញ ស្តីពីការអភិវឌ្ឍទីផ្សារជាមួយប្រព័ន្ធទីភ្នាក់ងារតំណាងពាណិជ្ជកម្មវៀតណាមនៅបរទេស។
(រូបថត៖ VOV)

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មបរទេសរបស់វៀតណាមសម្រេចបានជាង៦៧០ពាន់លានដុល្លារអាមេរិក ដែលនាំឲ្យវៀតណាមចូលក្នុងបញ្ជីប្រទេសដែលមានទំហំពាណិជ្ជកម្មបរទេសធំជាងគេទាំង២០នៅលើពិភពលោក។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មបរទេសរបស់វៀតណាមសម្រេចបានជាង ៤៣៣ ពាន់លានដុល្លារអាមេរិក។ តាមការព្យាករណ៍ពេញមួយឆ្នាំ ទំហំពាណិជ្ជកម្មបរទេសនឹងកើនដល់ប្រមាណ ៨០០ ពាន់លានដុល្លារអាមេរិក ដែលនាំឲ្យវៀតណាមជាប់ចំណាត់ថ្នាក់ចន្លោះទី១០ដល់ទី១៥ក្នុងបញ្ជីប្រទេសដែលមានទំហំពាណិជ្ជកម្មបរទេសធំជាងគេលើពិភពលោក។

រួមចំណែកដល់ជោគជ័យរួមនោះ គឺមានតួនាទីដ៏សែនសំខាន់នៃផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មក្នុងសកម្មភាពសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសប្រព័ន្ធ ទីភ្នាក់ងារការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំឯបរទេស។

អ្នកនាំសារផ្នែកសេដ្ឋកិច្ចវៀតណាមនៅឯបរទេស

នាបច្ចុប្បន្ន ប្រព័ន្ធការិយាល័យពាណិជ្ជកម្មនៅស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេស រួមមានការិយាល័យពាណិជ្ជកម្មនិងសាខាការិយាល័យចំនួន ៦១ កន្លែង។ ប្រព័ន្ធការិយាល័យពាណិជ្ជកម្មបានធានាការអនុវត្តបានយ៉ាងល្អនូវមុខងារសំខាន់ៗនោះគឺតំណាងនិងការពារផលប្រយោជន៍ជាតិក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម; ពន្លឿនការពង្រីកទីផ្សារបរទេសសម្រាប់ទំនិញនាំចេញរបស់វៀតណាម ជំរុញការវិនិយោគក្នុងវិស័យឧស្សាហកម្មនៅវៀតណាមនិងក្រៅប្រទេស; ផ្តល់ព័ត៌មានជាច្រើនអំពីទីផ្សារ ដល់ក្រសួង ផ្នែក និងសហគ្រាសដើម្បីជួយការស្វែងរកដៃគូ រៀបចំការផ្លាស់ប្ដូរពាណិជ្ជកម្ម ជួយសហគ្រាសខិតមកជិត និងជ្រៀតចូលទីផ្សារបរទេសប្រកបដោយប្រសិទ្ធភាព ជាដើម។ លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ “ប្រព័ន្ធការិយាល័យពាណិជ្ជកម្ម បានចូលរួមចំណែកក្នុងការទាក់ទាញការវិនិយោគ ទាញយកអត្ថប្រយោជន៍ពីការផ្លាស់ប្តូរលំហូរទុនវិនិយោគលើពិភពលោក ហើយម្យ៉ាងវិញទៀតបានជួយគាំទ្រយ៉ាងសកម្មដល់ខេត្តក្រុង សមាគម និងសហគ្រាសក្នុងការធ្វើអាជីវកម្មប្រភពវត្ថុធាតុដើម សម្ភារៈ ដើម្បីធ្វើពិពិធកម្មប្រភពទាំងនេះ; ជៀសវាងការកាត់ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ ឬការអាក់ខានផលិតកម្ម”។

ការិយាល័យពាណិជ្ជកម្មបានរួមចំណែកយ៉ាងសកម្មដល់ការកសាងគោលនយោបាយពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មនិងឧស្សាហកម្មរវាងវៀតណាមនិងប្រទេសសាម៉ី ពង្រីកទីផ្សារបរទេស; ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពចរចា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA) ជាច្រើន។ ការិយាល័យពាណិជ្ជកម្មក៏ម្ចាស់ការរកឃើញហើយជួយលុបចោលរបាំងពាណិជ្ជកម្មដែលប្រទេសនានាអនុវត្តន៍ចំពោះទំនិញវៀតណាម ក៏ដូចជា ដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសយើងនិងបរទេស តាមនោះការពារបានល្អនូវសិទ្ធិនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ ព្រមទាំងជាទីបង្អែកដ៏រឹងមាំសម្រាប់សហគ្រាសនៅឯបរទេសផងដែរ។

ការិយាល័យពាណិជ្ជកម្មនៅឯបរទេសពង្រីកតួនាទីជាអ្នកនាំសារផ្នែកសេដ្ឋកិច្ច - ảnh 2នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងនៅឯសន្និសីទសន្ទនាតាមអនឡាញជាមួយប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមនៅបរទេសនាថ្ងៃទី ១៩ សីហា។ (រូបថត៖ TTXVN)

ពង្រីកថែមទៀតនូវតួនាទីត្រួសត្រាយផ្លូវ

ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទបច្ចុប្បន្ន ពាណិជ្ជកម្មសកល កំពុងប្រឈមមុខនឹងសម្ពាធជាច្រើនដែលនាំឲ្យមានផលវិបាកជាច្រើនចំពោះសកម្មភាពនាំចេញនាំចូល និងកំណើនសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសសេដ្ឋកិច្ចវៀតណាមមានកម្រិតបើកចំហរធំ ដោយសារការចូលរួមយ៉ាងទូលំទូលាយក្នុងការសន្យាពាណិជ្ជកម្មសកល។ នៅឯសន្និសីទសន្ទនាតាមអនឡាញជាមួយប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមនៅបរទេសនាថ្ងៃទី ១៩ សីហា កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់លើការទាមទារឲ្យមានដំណោះស្រាយដើម្បីលើកកំពស់ប្រសិទ្ធភាព នៃការងារការិយាល័យពាណិជ្ជកម្ម អភិវឌ្ឍន៍និងធ្វើពិពិធកម្មទីផ្សារ បំពេញតម្រូវការនិងភារកិច្ចក្នុងស្ថានភាពថ្មី៖

“ការិយាល័យពាណិជ្ជកម្ម និងសាខាការិយាល័យចាំបាច់ត្រូវពង្រីកប្រសិទ្ធភាពក្នុងតួនាទីជាខ្សែជួរមុខ ដោយតាមដានជារៀងរាល់ថ្ងៃនូវការវិវឌ្ឍន៍លើពិភពលោកនិងទីផ្សារប្រទេសសាម៉ី ម្ចាស់ការតាមដាន ចាប់យក វិភាគ វាយតម្លៃពីគោលនយោបាយ ការកែសម្រួលគោលនយោបាយនៃប្រទេសសាម៉ី ពីនោះ
អនុវត្តន៍ ធ្វើសេនាធិការ ហើយស្នើបញ្ហាយុទ្ធសាស្ត្រនិងការឆ្លើយតបគោលនយោបាយដ៏សមស្រប ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសជាតិនិងសហគ្រាសក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ទន្ទឹមនឹងនោះ មានការសិក្សានិងជ្រួតជ្រាបយ៉ាងរឹងមាំនូវប្រព័ន្ធច្បាប់ បទប្បញ្ញត្តិ និងទំនៀមទម្លាប់ពាណិជ្ជកម្មនៃប្រទេសសាម៉ី ដើម្បីជួយគាំទ្រ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសវៀតណាម ជាពិសេសក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតលើករណីស្វ័យការពារពាណិជ្ជកម្ម”។

ឯកសារនៃមហាសន្និបាតបក្សលើកទី១៣ បានកំណត់យ៉ាងច្បាស់ថា៖ពហុភាគីនិងធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ជៀសវាងការពឹងផ្អែកលើទីផ្សារតែមួយ និងដៃគូតែមួយ។ លើកកំពស់ភាពធន់សេដ្ឋកិច្ចចំពោះផលប៉ះពាល់អវិជ្ជមានពីការវិវឌ្ឍន៍ខាងក្រៅ; ម្ចាស់ការសុក្រិតប្រព័ន្ធស្វ័យការពារ ដើម្បីការពារសេដ្ឋកិច្ច សហគ្រាស និងទីផ្សារក្នុងស្រុក ស្របតាមការសន្យាអន្តរជាតិ។ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅឯបរទេសកំពុងបន្តពង្រីកតួនាទី ជាស្ពានសម្រាប់ទំនិញវៀតណាមឈានទៅកាន់ពិភពលោក កសាងនិងពង្រឹងទីផ្សារ នាំមកនូវលទ្ធផលវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចជាតិក្នុងរយៈពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ