ដោះស្រាយបញ្ហាសាកល្បងនៃបញ្ហាចំនួនប្រជាជនពិភពលោកនាបច្ចុប្បន្ន

(VOVWORLD) - ទិវាប្រជាជនពិភពលោក (ថ្ងៃទី១១ ខែកក្កដា) ឆ្នាំនេះ ប្រទេសជាច្រើនកំពុងខិតខំប្រឹងប្រែងស្វែងរកវិធីសម្របខ្លួនទៅនឹងនិន្នាការប្រជាសាស្រ្ត ដើម្បីដោះស្រាយបញ្ហាសាកល្បង ក៏ដូចជាក្ដាប់ឱកាសពីបញ្ហាប្រជាជន សំដៅបង្កើតកម្លាំងចលករដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទាក់ទងនឹងបញ្ហានេះ អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញសមភាពយេនឌ័រ ដើម្បីសម្រេចឲ្យបាន ក្តីសុបិនអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់មនុស្សចំនួន ៨ ពាន់លាននាក់ ដែលកំពុងរស់នៅក្នុងភពផែនដី។

ស្ថានភាពជាក់ស្ដែងនៃចំនួនប្រជាជនពិភពលោក

ខណៈពេលដែលចំនួនប្រជាជនពិភពលោកកំពុងស្ថិតនៅសន្ទុះកំណើន ប្រទេសអាស៊ី និងអឺរ៉ុបជាច្រើនឈឺក្បាលស្វែងរកវិធីកែលម្អស្ថានភាពកំណើតទាប បណ្ដាលឲ្យចំនួនប្រជាជនធ្លាក់ចុះ។ នៅជប៉ុន អត្រាកុមារបានធ្លាក់ចុះក្នុងឆ្នាំទី ៤២ ជាប់ៗគ្នា ចុះមកកម្រិតទាបបំផុត។ គិតត្រឹមថ្ងៃទី ១ មេសា ឆ្នាំ ២០២៣ កុមារដែលមានអាយុពី ១៤ ឆ្នាំចុះគឺមានចំនួន ១៤,៣៥ លាននាក់ ថយចុះប្រហែល ៣០ ម៉ឺននាក់ បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ តាមការព្យាករណ៍ ដល់ឆ្នាំ ២០៧០ ប្រជាជនជប៉ុនមានចំនួនត្រឹមតែ ៨៧ លាននាក់ប៉ុណ្ណោះ ពោលគឺថយចុះ ៣០% បើធៀបនឹងឆ្នាំ ២០២០។ នៅអឺរ៉ុប អ៊ីតាលីក៏មានក្ដីព្រួយបារម្ភដូចគ្នាអំពីស្ថានភាពចំនួនប្រជាជនវ័យចំណាស់ និងអត្រាកំណើតថយចុះ ដូចទៅនឹងប្រទេសអឺរ៉ុបមួយចំនួន។ អត្រាកំណើតរបស់អ៊ីតាលីក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២២ បានថយចុះ ៣% បើធៀបនឹងអត្រាទារកចំនួន ៤០ ម៉ឺននាក់នារយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្នុងពេលនោះ ប្រទេសមួយចំនួនទៀតមានកំណើនយ៉ាងខ្លាំងក្លាអំពីចំនួនប្រជាជន។ នាពាក់កណ្តាលខែមេសាឆ្នាំនេះ ឥណ្ឌាបានវ៉ាដាច់ ចិនជាផ្លូវការដើម្បីក្លាយទៅជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ អេហ្ស៊ីបក៏កំពុងប្រឈមនឹងគ្រោះអាសន្នកំណើនប្រជាជនយ៉ាងឆាប់រហ័ស។ ប្រមុខក្រុមប្រឹក្សាជាតិចំនួនប្រជាជនអេហ្សីប លោកTarek Tawfik បានសង្កត់ធ្ងន់ថា ប្រជាជនរបស់ប្រទេសអាហ្រ្វិកខាងជើងនេះគ្រោងនឹងមានចំនួនប្រមាណ ១៤២លានទៅ ១៥៧ លាននាក់ នាឆ្នាំ ២០៥០។

ឱកាសដើរទន្ទឹមនឹងបញ្ហាសាកល្បង

អត្រាកំណើតអំពីទំហំប្រជាជនត្រូវបានចាត់ទុកជា "អត្ថប្រយោជន៍ប្រជាសាស្រ្ត" ជាមួយនឹងឱកាសសម្រាប់កំណើនសេដ្ឋកិច្ច។ ធនធានពលករសម្បូរបែបគឺជាមូលដ្ឋាន និងជាអត្ថប្រយោជន៍ដើម្បីជំរុញសេដ្ឋកិច្ច សង្គម។កំណើនចំនួនប្រជាជនក៏ជាភស្តុតាងយ៉ាងច្បាស់លាស់អំពីសមិទ្ធិផលនានាអំពីការថែទាំសុខាភិបាល អាហារូបត្ថម្ភ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងឱកាសប្រជាសាស្រ្តក៏មានបញ្ហាសាកល្បងជាច្រើនផងដែរ។ ចំនួនប្រជាជនកើនឡើងនឹងបង្កសម្ពាធដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សុខុមាលភាពសង្គមដូចជាសុខាភិបាល អប់រំ ការងារធ្វើ ក៏ដូចជាដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ ផ្ទុយទៅវិញអ្នកជំនាញជាច្រើនបានព្រមានអំពីគ្រោះអាសន្ននៃល្បឿនចំនួនប្រជាជនវ័យចំណាស់ចំពោះខឿនសេដ្ឋកិច្ច ព្រមទាំងចាត់ទុកថា ការយល់ដឹងរបស់ប្រជាជនអំពីផលវិបាកនៃអត្រាកំណើតទាបគឺមិនទាន់ពេញលេញឡើយ។ យោងតាមអ្នកជំនាញបានឲ្យដឹងថា៖អត្រាកំណើតមិនទទួលបានការចាប់អារម្មណ៍របស់សេដ្ឋកិច្ចវិទូតាមរយៈទិន្នន័យអំពីGDP ឬ អតិផរណា ប៉ុន្តែនេះគឺជាកត្តាដែលជះឥទ្ធិពលយ៉ាងសំខាន់ដល់ខឿនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម។

ដើម្បីដោះស្រាយស្ថានការនេះ រដ្ឋាភិបាលនានាបានដាក់ចេញគំនិតផ្ដួចផ្ដើម និងវិធានការមួយចំនួន។ ប្រទេសដែលមានអត្រាកំណើតថយចុះបានដាក់ចេញផែនការជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់គូស្វាមីភរិយាប្រសុត្របុត្រ ដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ។ ប៉ុន្តែ នៅតែមានឧបសគ្គជាច្រើនចំពោះកិច្ចខិតខំប្រឹងប្រែងលើកទឹកចិត្តបង្កើតកូន ពីក្ដីព្រួយបារម្ភអំពីបរិស្ថាន និន្នាការពន្យារកំណើតរបស់ស្ត្រី រហូតដល់បញ្ហាហិរញ្ញវត្ថុ។

ជំរុញសមភាពយេនឌ័រ ដើម្បីដោះស្រាយបញ្ហាសាកល្បងនៃបញ្ហាចំនួនប្រជាជន

យោងតាមមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) បានឲ្យដឹងថា នាបច្ចុប្បន្នស្ត្រី និងកុមារីបានស្រូបយក ៤៩,៧% នៃចំនួនប្រជាជនពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ បំណងប្រាថ្នារបស់ពួកគេអំពីជីវភាពរស់នៅ គ្រួសារ និងការងារធ្វើនៅតែត្រូវបានរំលងក្នុងបញ្ហាប្រជាសាស្រ្ត។ ប្រការនេះបាន និងកំពុងបង្កើតពិភពលោកមួយដែលកំពុងរំលង និងដាក់កំហិតសក្តានុពលរបស់បុគ្គលគ្រប់រូបនៅលើភពផែនដី នាំឱ្យមនុស្សជាតិទាំងអស់ (មិនត្រឹមតែស្ត្រី និងកុមារី) មិនទទួលបានអនាគតប្រកបដោយវិបុលភាព សន្តិភាព និងចីរភាពឡើយ។ ដូច្នេះហើយ របាយការណ៍ស្ថានការចំនួនប្រជាជនឆ្នាំ ២០២៣ របស់ UNFPA បានផ្តល់អនុសាសន៍ថា ចូរផ្ដល់ដល់ស្រ្តី និងកុមារីនូវសិទ្ធិម្ចាស់ការអំពីជីរភាពរស់នៅ និងរូបរាងកាយរបស់ពួកគេ ហើយពួកគេនឹងគ្រួសារនឹងទទួលបានជោគជ័យ ហើយរួមជាមួយយើងដោះស្រាយរាល់ការផ្លាស់ប្ដូរ និងបញ្ហាសាកល្បងប្រជាសាស្ត្រនាពេលអនាគត។ UNFPA ក៏បានជ្រើសរើសប្រធានបទសម្រាប់ទិវាប្រជាជនពិភពលោកឆ្នាំ ២០២៣ គឺ" ពង្រីកកម្លាំងពលំនៃសមភាពយេនឌ័រ៖ លើកកម្ពស់សម្លេងរបស់ស្ត្រី និងកុមារី ដើម្បីបញ្ចេញសក្តានុពលគ្មានដែនកំណត់នៃពិភពលោករបស់យើង" សំដៅជំរុញសមភាពយេនឌ័រក្នុងបញ្ហាចំនួនប្រជាជន។

ចំនួនប្រជាជន និងការអភិវឌ្ឍសង្គមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ការកសាងផែនការ និងការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដើម្បីបង្កើតសង្គម ដែលធន់នឹងការផ្លាស់ប្តូរប្រជាសាស្រ្ត គឺជាភារកិច្ចដ៏សំខាន់ៗរបស់ប្រទេសនីមួយៗ សំដៅឆ្ពោះទៅគោលដៅខ្ពស់បំផុតគឺនាំមកនូវគុណភាពនៃជីវភាពរស់នៅដ៏ល្អប្រសើរដល់មនុស្សគ្រប់រូប។ ទន្ទឹមនឹងនោះ មនុស្សតែងតែជាកត្តាសម្រេចក្នុងគ្រប់ព្រឹត្តិការណ៍។ ដូច្នេះហើយ ប្រសិនបើពិភពលោករួមដៃគ្នាជំរុញសមភាពយេនឌ័រ និងផ្តល់សិទ្ធិដល់ស្ត្រី និងកុមារីឲ្យបានច្រើនថែមទៀត នឹងជួយពង្រីកសក្កានុពល និងកម្លាំងពលំរបស់មនុស្សចំនួន ៨ ពាន់លាននានាក់ ជំនួសឱ្យពាក់កណ្តាលក្នុងចំណោមមនុស្សទាំងនោះ ដើម្បីសម្រេចឲ្យបានរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយ៉ាងឆាប់រហ័ស និងនាំពិភពលោកអភិវឌ្ឍន៍កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ