រយៈពេល ២០ ឆ្នាំ ក្រោយថ្ងៃ ១១ កញ្ញា៖ មេរៀនជាច្រើនសម្រាប់ពិភពលោក

(VOVWORLD) - ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១ ជាថ្ងៃគូសគម្រប់ ២០ ឆ្នាំ ចាប់តាំងពីការវាយប្រហារភេរវកម្មគួរឱ្យរន្ធត់នៅចំកណ្តាលសហរដ្ឋអាមេរិក។ អស់ រយៈពេល ២០ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែការឈឺចាប់បណ្តាលពីការបាត់បង់ដោយសារការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ នៅតែដិតជាប់ក្នុងអារម្មណ៍របស់ប្រជាជនអាមេរិកនិងសហគមន៍ពិភពលោក ដោយរំលឹកមនុស្សជាតិគ្រប់រូបអំពីមេរៀនដែលមិនត្រូវបំភ្លេចបានឡើយ។

រយៈពេល ២០ ឆ្នាំ ក្រោយថ្ងៃ ១១ កញ្ញា៖ មេរៀនជាច្រើនសម្រាប់ពិភពលោក - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរពីរគ្រឿងបានបុកអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុងញូវយ៉ក នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១  (រូបថត៖ Getty) 

នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងកក្រើកញាប់ញ័រនៅពេលដែលភេរវករអាល់កៃដាចំនួន ១៩ នាក់ បានទន្ទ្រានកាន់កាប់យន្តហោះដឹកអ្នកដំណើរធុនធំចំនួន ៤ គ្រឿង បន្ទាប់មកពួកគេបានបង្វែរទិស វាយប្រហារគោលដៅជាបន្តបន្ទាប់នៅលើទឹកដីសហរដ្ឋអាមេរិក។

មនុស្សជិត ៣.០០០ នាក់ត្រូវស្លាប់ រួមទាំងពលរដ្ឋនៃប្រទេសចំនួន ៧៨ ទៀត។ មនុស្សជាង ៦.០០០ នាក់បានរងរបួស ហើយការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធយ៉ាងតិចគឺ ១០ ពាន់លានដុល្លារ ពោលគឺ ការខាតបង់សរុបឡើងទៅដល់ ៣ ពាន់ពាន់លានដុល្លារផងដែរ។ ក្រៅពីនោះ សោនាដកម្មថ្ងៃទី ១១ កញ្ញា ២០០១ បានបន្សល់ទុកនូវផលវិបាកសុខភាពរាប់មិនអស់ដែលបណ្តាលឱ្យមានរបួសផ្លូវចិត្តដល់ប្រជាជនអាមេរិក។ ចាប់តាំងពីពេលនោះមក រដ្ឋបាលអាមេរិកបានបំផុសសង្គ្រាមប្រឆាំងភេរវកម្មដែលអូសបន្លាយរយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រ។

សង្គ្រាមគ្មានទីបញ្ចប់

យោងតាមការស្ថិតិ ចាប់តាំងពីឈានចូលទៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មពិភពលោក ចាប់តាំងពីឆ្នាំ ២០០១ មកដល់ពេលនេះ អាមេរិកបានចំណាយប្រាក់ប្រហែល ៦,៤ ពាន់លានដុល្លារ ភាគច្រើនទៅលើអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន អ៊ីរ៉ាក់ ស៊ីរីនិងយេម៉ែន។

សង្រ្គាមដ៏វិនាសហិនហោចក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ បានជួយអាមេរិកនិងសម្ព័ន្ធប្រឆាំងភេរវកម្មសម្រេចបាននូវលទ្ធផលជាក់ស្តែង ដូចជា ការសម្លាប់មេដឹកនាំភេរវករ Osama Bin Laden, រាំងស្កាត់ការវាយប្រហារភេរវកម្មមួយចំនួនធំមិនឱ្យកើតឡើងនៅលើទឹកដីអាមេរិក ធ្វើឱ្យក្រុមភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ចុះខ្សោយ និងបានដោះលែងមនុស្សរាប់សិបលាននាក់ពីការក្តោបក្តាប់របស់សកម្មជនភេរវកររាប់ម៉ឺននាក់។

ជាពិសេសនៅខែតុលាឆ្នាំ ២០១៩ អាមេរិកបានប្រកាសថា ខ្លួនបានសម្លាប់មេដឹកនាំដ៏ល្បីល្បាញរបស់ IS Abu Bakr al-Baghdadi នៅក្នុងការវាយឆ្មក់មួយនៅភាគពាយ័ព្យប្រទេសស៊ីរី ដោយបង្កើតចំណុចរបត់ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។ ការសម្លាប់មេដឹកនាំនៃអាណាចក្រអ៊ីស្លាមនេះ ត្រូវបានចាត់ទុកថាជាជោគជ័យធំបំផុតរបស់សម្ព័ន្ធប្រឆាំងភេរវកម្មដែលដឹកនាំដោយអាមេរិក ចាប់តាំងពីការវាយឆ្មក់សម្លាប់មេដឹកនាំភេរវករ Osama Bin Laden ក្នុងឆ្នាំ ២០១១។

រយៈពេល ២០ ឆ្នាំ ក្រោយថ្ងៃ ១១ កញ្ញា៖ មេរៀនជាច្រើនសម្រាប់ពិភពលោក - ảnh 2ឈ្មោះជនរងគ្រោះនៃការវាយប្រហារភេរវកម្ម ១១កញ្ញា ត្រូវបានចារឹកលើជញ្ជាំងនៃបឹងពីរដែលជាកន្លែងដែលអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមាន (រូបថត៖ USA Today)

ប៉ុន្តែអ្នកជំនាញក៏បានចាត់ទុកផងដែរថា ទោះបីជាសង្គ្រាមប្រឆាំងភេរវកម្មដែលដឹកនាំដោយអាមេរិកទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះក៏ដោយ ប៉ុន្តែតាមពិតអំពើភេរវកម្មមិនទាន់បានបញ្ចប់នៅឡើយ សូម្បីតែមាននិន្នាការវិវឌ្ឍន៍ តាមទិសដៅស្មុគស្មាញជាងនេះទៀតដែរ។ គ្រោះអាសន្នភេរវកម្មនៅតែមានវត្តមាន ពីព្រោះ “ឬសគល់” នៃអំពើភេរវកម្មមិនត្រូវបាន ដកឫសចោលទេ ផ្ទុយទៅវិញ កំពុងមាននិន្នាការរីករាលដាលនិងផ្លាស់ប្តូរតាមទិសដៅស្មុគស្មាញជាង។ ចំនួនប្រទេសដែលរងផលប៉ះពាល់ដោយអំពើហិង្សាជ្រុលនិយមក៏បន្តកើនឡើង។

រហូតមកដល់បច្ចុប្បន្ននេះ នៅអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បានដណ្តើមអំណាចដឹកនាំប្រទេសហើយ។ ថ្វីត្បិតតែ សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានទាំងស្រុងក៏ដោយ ប៉ុន្តែអស្ថេរភាពដែលកំពុងបន្តកើតឡើងនៅទីនេះ នៅតែជាបញ្ហាប្រឈមនៅលើផ្លូវឆ្ពោះទៅរកសន្តិភាពរបស់អាហ្វហ្គានីស្ថាន។ នៅអ៊ីរ៉ាក់វិញ ទោះបីជារដ្ឋាភិបាលអាមេរិកបានប្រកាសបោសសម្អាតក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ក៏ដោយ ប៉ុន្តែលទ្ធភាពមានការស្តារ IS ឡើងវិញនៅតែជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលអ៊ីរ៉ាក់។ ការពិតមួយថា មិនយូរប៉ុន្មាន បន្ទាប់ពីមេដឹកនាំ IS al-Baghdadi ត្រូវស្លាប់នោះ IS បានតែងតាំងភ្លាម លោក Abdullah Qardash ដែលជាមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ IS ទទួលបន្ទុកកិច្ចការអ៊ីស្លាម ជាមេដឹកនាំថ្មីរបស់ខ្លួន។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺថា មនោគមវិជ្ជាជ្រុលនិយមរបស់អង្គការនេះ នៅតែបានផ្សព្វផ្សាយនិងមានឥទ្ធិពលយ៉ាងខ្លាំងទៀតសោត។

មេរៀនដែលត្រូវគិតគូរ

ក្រោយរយៈពេល ២០ ឆ្នាំ ចាប់តាំងពីព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់នៅនៃថ្ងៃទី ១១ កញ្ញា ប្រជាជនអាមេរិកនិងពិភពលោក បានរំលឹកគ្នា អំពីមេរៀនដែលមិនអាចបំភ្លេចបាន។ ការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ បានបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកថា អំពើភេរវកម្មមានវត្តមានដោយគ្មានព្រំដែន។ គ្មានប្រទេសណាមួយអាចត្រូវបានគេចាត់ទុកថាមានភាពស៊ាំនឹងភេរវកម្មទេ ហើយការគ្រប់គ្រងសន្តិសុខតែងតែជាគន្លឹះក្នុងការរាំងស្កាត់អំពើភេរវកម្មទាំងអស់។ ហើយអ្វីដែលសំខាន់បំផុត នោះគឺ អស្ថិរភាពនយោបាយឬជម្លោះនៅតាមប្រទេសនានា គឺជាមូលដ្ឋានបង្កឱ្យមានភេរវកម្ម។

ឆ្លងកាត់រយៈពេល ២០ ឆ្នាំកន្លងមកនេះ សង្រ្គាមនៅអាហ្វហ្គានីស្ថានបានធ្វើឱ្យអាមេរិក ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ហើយទាហានអាមេរិករាប់ពាន់នាក់ត្រូវស្លាប់។ នៅក្នុងសុន្ទរកថាមួយនៅថ្ងៃទី ៣១ ខែសីហា ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសពីការបញ្ចប់ពីការចូលរួមរបស់អាមេរិកក្នុងសង្គ្រាមគ្មានទីបញ្ចប់នេះ។ ការប្រឆាំងភេរវកម្មនៅតែជាគោលដៅសន្តិសុខអន្តរជាតិកំពូលរបស់សហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនលែងផ្តល់អាទិភាពដល់ការប្រើប្រាស់កម្លាំងយោធា ហើយនឹងដោះស្រាយការគំរាមកំហែងភេរវកម្មនៅជុំវិញពិភពលោក តាមរយៈបណ្តាញចារកម្មនិងទំនាក់ទំនងរបស់ខ្លួនដោយមានការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តនិងដៃគូក្នុងតំបន់។ ពីរទសវត្សរកន្លងផុតទៅ បន្ទាប់ពីការវាយប្រហារដ៏រន្ធត់ រហូតមកដល់ពេលនេះ អត្ថន័យនៃការបាត់បង់ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ នៅតែបន្សល់ទុកមេរៀនដ៏មានតម្លៃសម្រាប់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ