អឺរ៉ុបជំរុញដំណោះស្រាយដើម្បីឆ្លើយតបនឹងវិបត្តិថាមពល

(VOVWORLD) - សំដៅដាក់កំហិតលើឥទ្ធិពលអាក្រក់ដែលកំពុងកើនឡើងនៃវិបត្តិថាមពលធ្ងន់ធ្ងរដែលកើតចេញពីជម្លោះរុស្ស៊ីនិងអ៊ុយក្រែន បណ្តាប្រទេសនៅអឺរ៉ុបបាននិងកំពុងអនុវត្តវិធានការឆ្លើយតបយ៉ាងខ្លាំងក្លា។ ជាពិសេស កញ្ចប់ថវិកាសង្គ្រោះដ៏ធំដែលមិនធ្លាប់មានពីមុនមក ក្នុងវិស័យថាមពលត្រូវបានដាក់ឱ្យដំណើរការ។ ថ្វីត្បិតដូច្នេះក៏ដោយ ប្រសិទ្ធភាពនៃវិធានការឆ្លើយ តបវិបត្តិទាំងនេះ ត្រូវបានចាត់ទុកថា ត្រូវការឆ្លងកាត់ពេលវេលាធ្វើតេស្តបន្ថែមទៀត។

អឺរ៉ុបជំរុញដំណោះស្រាយដើម្បីឆ្លើយតបនឹងវិបត្តិថាមពល - ảnh 1ម៉ាស៊ីនបូមប្រេងសម្រាប់យានជំនិះនៅស្ថានីយប្រេងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង (រូបថត៖ AFP/TTXVN)

របាយការណ៍របស់ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ជាច្រើនបានបង្ហាញថា តម្លៃថាមពល និងឥន្ធនៈឥឡូវនេះខ្ពស់ជាងច្រើនដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ហើយទំនងជា នឹងបន្តបង្កើតកំណត់ត្រាថ្មី។ ជាឧទាហរណ៍ នៅប្រទេសអាឡឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេនៅក្នុងសហភាពអឺរ៉ុប និងក៏ជាប្រទេសប្រើប្រាស់ថាមពលកំពូលរបស់ទ្វីបនោះ  តម្លៃការសន្យាលក់ដុំអគ្គិសនីសម្រាប់ឆ្នាំ ២០២៣ បាន ឈានដល់កម្រិតខ្ពស់បំផុតគឺ ១.០៥០ អឺរ៉ូ/MWh នៅចុងខែសីហា ពោលគឺខ្ពស់ជាង ១៤ ដង បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ការិយាល័យស្ថិតិសហព័ន្ធ (Destatis) របស់ប្រទេសអាល្លឺម៉ង់បានអះអាងថា ប្រទេសនេះ "កំពុងតស៊ូដើម្បីបញ្ចៀសវិបត្តិថាមពលដែលកំពុងកើនឡើងកាន់តែធ្ងន់ធ្ងរបន្ទាប់ពីប្រទេសរុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិស្ទើរតែទាំងស្រុង”។  ហើយនៅចក្រភពអង់គ្លេស ដែលជាអតីតសមាជិកសហភាពអឺរ៉ុប វិក័យប័ត្រអគ្គិសនីប្រចាំឆ្នាំជាមធ្យមរបស់គ្រួសារក្នុងឆ្នាំ ២០២២ បានកើនឡើង ៥៤% ឡើងកម្រិតជិត ២.០០០ ផោន។

ស្ថានភាពជាក់ស្តែង

ដើម្បីឆ្លើយតបនឹងការខ្វះខាតថាមពលធ្ងន់ធ្ងរ ក្នុងបរិបទនៃរដូវរងារជិតមកដល់ បណ្តាប្រទេសនៅអឺរ៉ុបបាននិងកំពុងអនុវត្តន៍ដំណោះស្រាយជាច្រើន ដែលក្នុងនោះ ដំណោះស្រាយមួយចំនួនត្រូវបានចាត់ទុកថា មិនធ្លាប់មានពីមុនមក។ នៅអាល្លឺម៉ង់  រដ្ឋាភិបាលនៃប្រទេសនេះកាលពីថ្ងៃទី ៤ ខែកញ្ញាបានប្រកាសកញ្ចប់ដំណោះស្រាយទីបី ដែលមានតម្លៃប្រហែល ៦៥ ពាន់លានដុល្លារដើម្បីជួយគ្រួសារនានា ទប់ទល់នឹងការកើនឡើងនៃថ្លៃថាមពលដែលនាំមកនូវចំនួនជំនួយថាមពលសរុបដែលគិតមកដល់ពេលនេះឈានដល់ជិត ៩៥ ពាន់លានដុល្លារ។ វិធានការដែលបានដាក់ចេញ រួមមានការដំឡើងពិដានតម្លៃអគ្គិសនី ការកាត់ពន្ធលើតម្លៃបន្ថែមលើឧស្ម័នធម្មជាតិ ការពន្យារការដំឡើងថ្លៃកាបូនរយៈពេលមួយឆ្នាំ ការបង់ប្រាក់ម្តងដល់អ្នកចូលនិវត្តន៍ និងនិស្សិត រួមទាំងវិធានការតូចៗ មួយចំនួនផ្សេងទៀត។

ក្នុងពេលជាមួយគ្នានោះ នៅចក្រភពអង់គ្លេស រដ្ឋាភិបាលបានសម្រេចចិត្តអនុវត្តន៍កញ្ចប់ជំនួយហិរញ្ញវត្ថុដែលប៉ាន់ស្មានថា ឡើងរហូតដល់ប្រហែល ១៥០ ពាន់លានផោន (ជាង ១៧០ ពាន់លានដុល្លារអាមេរិក) ដើម្បីឧបតម្ភដល់ការចំណាយលើថាមពលសម្រាប់គ្រួសារ និងសហគមន៍សហគ្រាសទូទាំងប្រទេស ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

យោងតាមរបាយការណ៍មួយចំនួន រហូតមកដល់បច្ចុប្បន្ន ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៥ របស់សហភាពអឺរ៉ុប បានប្រកាសកញ្ចប់ជំនួយលើការចំណាយថាមពលសម្រាប់គ្រួសារ និងសហគ្រាស ដែលមានតម្លៃសរុបប្រហែល ២០១ ពាន់លានដុល្លារអាមេរិក។ បូកសរុបទាំងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ចំនួនសរុបនៃការសន្យាឧបត្ថម្ភថាមពល បានកើនឡើងដល់ជាង ៥០០ ពាន់លានអឺរ៉ូ (ស្មើនឹង ៥០០ ពាន់លានដុល្លារអាមេរិក)។

យថាទស្សន៍និងបញ្ហាប្រឈម

យោងតាមការគណនារបស់រដ្ឋាភិបាលនានានិងស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់ជាច្រើន ការអនុវត្តកញ្ចប់ជំនួយថាមពលសម្រាប់ប្រជាជន និងសហគមន៍ធុរកិច្ចក្នុងទ្វីបអឺរ៉ុបគឺចាំបាច់ក្នុងបរិបទនៃតម្លៃថាមពលឡើងខ្ពស់ ហើយការពិតជាក់ស្តែងបានលើសពីលទ្ធភាពទូទាត់របស់គ្រួសារ និងសហគ្រាស។ ការអនុវត្តកញ្ចប់ជំនួយក៏មានឥទ្ធិពលក្នុងការទប់ស្កាត់អតិផរណា ព្រមទាំងរក្សាការគាំទ្រសាធារណៈសម្រាប់ផែនការជំនួយហិរញ្ញវត្ថុចំពោះអ៊ុយក្រែនដែលរដ្ឋាភិបាលនៅអឺរ៉ុបកំពុងបណ្តេញតាម។

អឺរ៉ុបជំរុញដំណោះស្រាយដើម្បីឆ្លើយតបនឹងវិបត្តិថាមពល - ảnh 2បំពង់បង្ហូរឧស្ម័ននៃគម្រោង Nord Stream 2 នៅទីក្រុង Lubmin (ប្រទេសអាល្លឺម៉ង់) (រូបថត៖ AFP/TTXVN)

យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចអឺរ៉ុបជាច្រើនក៏បានផ្តល់អនុសាសន៍ថា ចាំបាច់ត្រូវគណនាដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់ពីការដាក់ឲ្យដំណើរការកញ្ចប់ជំនួយថាមពលខ្នាតធំដូចបច្ចុប្បន្ន។ ទីមួយ ទោះបីជាទំហំកញ្ចប់ជំនួយថាមពលមិនធំដូចកញ្ចប់ជំនួយសម្រាប់ទប់ទល់នឹងការរាតត្បាតកូវីដ ១៩ ដូចកាលពីអតីតកាលក៏ដោយ ក៏កញ្ចប់ទាំងនេះនៅតែមានឥទ្ធិពលក្នុងការបង្កើនទំហំបំណុលសាធារណៈ និងកាត់បន្ថយធនធានលើការវិនិយោគអភិវឌ្ឍន៍។ ជាឧទាហរណ៍ អ្នកសេដ្ឋកិច្ចនៅធនាគារវិនិយោគ UBS ប៉ាន់ប្រមាណតម្លៃសរុបនៃកញ្ចប់ថាមពលរបស់ប្រទេសអាល្លឺម៉ង់ ស្មើនឹងប្រហែល ២,៧% នៃទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំ។ នៅក្នុងប្រទេសអ៊ីតាលី ការចំណាយនៃវិធានការស្រដៀងគ្នានេះត្រូវបានគេប៉ាន់ប្រមាណថា ស្រូវយក ២,៤% នៃទិន្នផលសេដ្ឋកិច្ច និងស្រូបយក ១,២៥% នៃផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសអេស្ប៉ាញ។ ទីពីរ ហើយគួរជាទីព្រួយបារម្ភបំផុតគឺថាការជួយដល់ការចំណាយថាមពលអាចមានឥទ្ធិពលផ្ទុយពីការបង្កើនការប្រើប្រាស់ថាមពលដែលធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរ។ ភស្តុតាងគួរជាទីព្រួយបារម្ភនេះ នៅក្នុងការវិភាគដែលបានចេញផ្សាយនៅថ្ងៃទី ៦ ខែកញ្ញា វិទ្យាស្ថានស្រាវជ្រាវ Bruegel ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) បានបញ្ជាក់ថា ខណៈដែលតម្លៃលក់ដុំនៃថាមពលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះគឺខ្ពស់ជាងប្រហែល ១០ ដង ជាមធ្យម របស់ EU គឺការប្រើប្រាស់ថាមពលក្នុងគ្រួសារត្រូវបានកាត់បន្ថយត្រឹមតែ ៧% ប៉ុណ្ណោះ។

នៅក្នុងបរិបទនោះ មានមតិជាច្រើនបានចាត់ទុកថា អឺរ៉ុបត្រូវធ្វើសកម្មភាពឆ្ពោះទៅរកទិដ្ឋភាពជាក់ស្តែងជាងទៀត អំពីមូលហេតុបណ្តាលឲ្យមានវិបត្តិ ដើម្បីដាក់ចេញវិធានការតបតសមស្រប។ តាមនោះ អឺរ៉ុបនិងសហគមន៍អន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនឱ្យបានឆាប់ៗ ដែលជាមូលហេតុផ្ទាល់បណ្តាលវិបត្តិថាមពលនាពេលបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ