អនុសេនីយ៍ឯក ង្វៀន ង៉ុក អាញ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម ត្រូវបានចាត់តាំងកាន់តំណែងជានាយទាហានសេនាធិការភស្តុភារកម្ម នៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅអាប៊ីយ៉ៃ (UNISFA); អនុសេនីយ៍ឯក ង្វៀន វ៉ាន់ ណាម នៃអង្គទ័ពគីមី ត្រូវបានចាត់តាំងកាន់តំណែងជាអ្នកសង្កេតការណ៍យោធានៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនេះ ឧត្តមសេនីយ៍ឯកលោក ភុង ស៊ីតឹន អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុប្រធានគណៈកម្មាធិការដឹកនាំការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៃក្រសួងការពារប្រទេស បានកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលនៃការចូលរួមរបស់កងទ័ពប្រជាជនវៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមក។ លោកក៏បានសម្តែងទំនុកចិត្តផងដែរថា លោកអនុសេនីយ៍ឯក ង្វៀន ង៉ុក អាញ និងលោកអនុសេនីយ៍ឯក ង្វៀន វ៉ាន់ ណាម នឹងបន្តរក្សាប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម និងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀត ណាម ដោយបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ។
សូមគូសបញ្ជាក់ថា លោកអនុសេនីយ៍ឯក ង្វៀន ង៉ុក អាញ និងលោកអនុសេនីយ៍ឯក ង្វៀន វ៉ាន់ ណាម បានបញ្ចប់ការបណ្តុះបណ្តាលមុនពេលដាក់ពង្រាយ និងទទួលបានការបណ្តុះបណ្តាលជំនាញក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទាំងក្នុងស្រុក និងអន្តរជាតិ ដោយបំពេញតាមតម្រូវការសម្រាប់មុខតំណែងដែលគ្រោងនឹងបំពេញ។ លោកអនុសេនីយ៍ឯក ង្វៀន ង៉ុក អាញ់ មានបទពិសោធន៍បម្រើការជានាយទាហានរដ្ឋបាលនៅមន្ទីរពេទ្យកម្រិត ២ លេខ ៤ ក្នុងបេសកកម្ម UNMISS (២០២២- ២០២៣)។ លោកអនុសេនីយ៍ឯក ង្វៀន វ៉ាន់ ណាម បានទទួលការបណ្តុះបណ្តាល និងការអប់រំបន្ថែមតាមរយៈវគ្គសិក្សាជំនាញដែលទាក់ទងដោយផ្ទាល់ទៅនឹងមុខតំណែងជាអ្នកសង្កេតការណ៍យោធា៕
