អស់ជាច្រើនជំនាន់មកហើយ ជនជាតិអេដេតែងតែដឹងគុណការប្រសូត្រនិងចិញ្ចឹមបីបាច់របស់មាតា ដូច្នេះកូនៗ មាននាមត្រកូលរបស់ម្តាយ ហើយស្ត្រីដើរតួនាទីម្ចាស់ការនៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន។ នៅពេលដល់អាយុរៀបការ ក្រុមគ្រួសារកូនក្រមុំនឹងម្ចាស់ការក្នុងពិធីមង្គលការ និងរៀបចំបណ្តាការ តាមតម្រូវការរបស់ក្រុមគ្រួសារកូនកំលោះ ដើម្បីបង្ហាញពីការដឹងគុណចំពោះការចិញ្ចឹមបីបាច់ថែរក្សារបស់អនាគតស្វាមី។ អាស្រ័យលើការព្រមព្រៀង គ្នា កូនក្រមុំនឹងស្នាក់នៅផ្ទះកូនកំលោះ (ទំនៀមទម្លាប់ផ្ញើរកូនក្រមុំ) ដើម្បីសាកល្បងចរិយាសប្បត្តិ ការឧស្សាហ៍ព្យាយាម និងភាពស្មោះត្រង់របស់នាង។
បន្ទាប់ពីរយៈពេលនេះ ប្រសិនបើខាងគ្រួសារកូនកំលោះពេញចិត្ត នឹងដំណើរការក្បួនដង្ហែរកូនកំលោះជាផ្លូវការ។ ផ្ទុយទៅវិញ ប្រសិនបើកូនប្រុសផ្លាស់ប្តូរចិត្ត ក្រុមគ្រួសារកូនកំលោះនឹងអញ្ជើញក្រុមគ្រួសារកូនក្រមុំមកបដិសេធ។ លោក Y Quoc Nie បាននិយាយថា៖ “ពិធីក្បួនដង្ហែរកូនកំលោះនឹងដំណើរការបន្ទាប់ពីពិធីភ្ជាប់ពាក្យ។ ក្រុមគ្រួសារកូនកំលោះមានសិទ្ធិទារបណ្តាការ។ បន្ទាប់ពីស្នាក់នៅផ្ទះកូនកំលោះអស់រយៈពេលបីឆ្នាំ កូនក្រមុំត្រូវតែបានបញ្ចូនទៅគ្រួសាររបស់នាងវិញ។ ថ្លៃបណ្ណាការត្រូវតែប្រគល់ជូនពេញលេញមុនពេលនាងអាចទៅផ្ទះគ្រួសាររបស់នាងបាន”។
នៅថ្ងៃទទួលកូនកំលោះ ក្រុមគ្រួសារកូនកំលោះរៀបចំ ស្រា១ពាង និងជ្រូកមួយក្បាលដើម្បីបញ្ជូនកូនប្រុសរបស់ពួកគេទៅផ្ទះប្រពន្ធ។ នៅខាងកូនក្រមុំវិញ ដើម្បីទទួលកូនកំលោះ ពួកគេត្រូវតែយកអំណោយដែលក្រុមគ្រួសារកូនកំលោះបានស្នើឡើង ក្នុងពិធីមង្គលការ។ បណ្តាការសំខាន់បំផុតគឺខ្សែដៃសំរិទ្ធ ដែលត្រូវបានចាត់ទុកថា ជាការសន្យានៃភាពស្មោះត្រង់របស់កូនកំលោះចំពោះកូនក្រមុំ។ លោក អី ថាំ ក្បួរ (Y Thăm Kbuôr) បានឲ្យដឹងថា៖ “រយៈពេលពីរឆ្នាំ ក្រុមគ្រួសារកូនក្រមុំរៀបចំពិធីដង្ហែរកូនកំលោះ ពោលគឺ ដង្ហែកូនស្រីនិងកូនប្រសាររបស់ពួកគេមកផ្ទះវិញ។ ពេលកូនកំលោះមកដល់ផ្ទះ ក្រុមគ្រួសារទាំងពីរ និងពូទាំងពីរនាក់បានរំលឹកឡើងវិញនូវការសន្យាពីមុននោះ។ ថ្ងៃនេះ សម្រាប់ដង្ហែរកូនកំលោះ តើក្រុមគ្រួសារកូនក្រមុំមានបណ្តាការគ្រប់គ្រាន់ដែរឬនៅ។ ឧទាហរណ៍ ពីមុនមានជ្រូកតែមួយក្បាលប៉ុណ្ណោះដែលត្រូវបានជូនទៅម្តាយ ប៉ុន្តែជ្រូកជូនទៅឪពុកមិនទាន់មានទេ។ ដូច្នេះ ចុះឥឡូវនេះវិញ? តើមានហើយនៅ។ ប្រសិនបើមាន យើងនឹងសម្លាប់ជ្រូកនៅថ្ងៃនោះតែម្តង”។
បន្ទាប់ពីពិធីមង្គលការត្រូវបានបញ្ចប់ សំឡេងគងឃ្មោះត្រូវបានបន្លឺឡើង ហើយកូនក្រមុំនិងកូនកំលោះចែករំលែកស្រាមួយពែង ញាំបាយជាមួយគ្នានិងថ្លើមមួយដុំ ដែលជានិមិត្តរូបនៃការចែករំលែកសេចក្តីរីករាយ និងទុក្ខសោក។ បន្ទាប់មក ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិបានប្រគល់អំណោយអាពាហ៍ពិពាហ៍ដល់កូនក្រមុំ និងកូនកំលោះ។
ពិធីដង្ហែកូនកំលោះតាមទំនៀមទម្លាប់មង្គលការរបស់ជនជាតិអេដេ ត្រូវបានបង្ហាញឡើងវិញនៅសារមន្ទីរ Dak Lak ដោយទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ សិប្បករ Y Djing Adrơng ដែលរស់នៅក្នុងភូមិ Tơng Jú បានឲ្យដឹងថា ការដាក់បញ្ជូលពិធីនេះមកបម្រើភ្ញៀវទេសចរ រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ ផង និងបង្កើតជីវភាពរស់តាមរយៈទេសចរណ៍សហគមន៍ផង។
“ខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមក្នុងការបង្កើតឡើងវិញ នូវពិធីបង្ហែកូនកំលោះ ដោយរំលឹកឡើងវិញនូវប្រពៃណីនិងអត្តសញ្ញាណវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិអេដេ។ ទេសចរណ៍សហគមន៍នៅភូមិ យឹង ទូ គឺជាទិសដៅដ៏ល្អមួយ ដោយបង្កើតការងារសម្រាប់ប្រជាជន ខណៈពេលដែលរក្សាអត្តសញ្ញាណវប្បធម៌របស់ក្រុមជនជាតិ ដូចជាការត្បាញក្រណាត់ចរបាប់ លេងគងឃ្មោះ និងបង្ហាញឡើងវិញនូវពិធីដូចសព្វថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា តម្លៃវប្បធម៌របស់ជនជាតិអេដេនឹងរីកសាយភាយ ដើម្បីឱ្យមនុស្សជាច្រើននៅជុំវិញពិភព លោកបានស្គាល់ដល់ និងថែរក្សាជារៀងរហូត”។
ពរជ័យដល់គូស្វាមីភរិយាថ្មី (H Xíu/VOV-Tây Nguyên)
កម្មវិធីនេះក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរអន្តរជាតិផងដែរ។ សេតេវិន ជាអ្នកទេសចរមកពីប្រទេសស្កុតឡែន បាននិយាយថា៖ “នេះជាលើកដំបូងដែលខ្ញុំបានទស្សនាកម្មវិធីនេះ ហើយខ្ញុំឃើញថា គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំចូលចិត្តតន្ត្រីរបស់ជនជាតិអេដេជាពិសេស។ តាមគំនិតរបស់ខ្ញុំ តម្លៃវប្បធម៌ដូចនេះត្រូវការណែនាំបន្ថែមទៀតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យមនុស្សកាន់តែច្រើនស្គាល់ដល់។ ខ្ញុំពិតជានឹងវិលត្រលប់មកវិញជាពុំខាន”។
ពិធីដង្ហែរកូនកំលោះ មិនត្រឹមតែជាសញ្ញានៃការផ្សាភ្ជាប់រវាងមនុស្សទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណងមិត្តភាពរវាងគ្រួសារទាំងពីរផងដែរ។ នេះគឺជាសម្រស់វប្បធម៌ដ៏ពិសិដ្ឋ ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវទស្សនវិជ្ជានៃភាពស្មោះត្រង់ សេចក្តីស្រឡាញ់ និងអត្តសញ្ញាណប្រពៃណីដ៏យូរលង់របស់ជនជាតិអេដេ៕
