ដើម្បីសម្រេចបាននូវចំណុចលេចធ្លោ ចាំបាច់ត្រូវផ្លាស់ប្តូរពីការធ្វើអាជីវកម្មគុណសម្បត្តិទេសភាព ទៅជាគុណសម្បត្តិបទពិសោធន៍ ដោយរួមបញ្ចូលយ៉ាងស៊ីជម្រៅនូវខ្សែសង្វាក់សេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់។

ចាប់ពីបណ្តោយឆ្នេរដ៏វែងអន្លាយ លាតសន្ធឹងនៅភាគកណ្តាលវៀតណាម រហូតដល់ប្រព័ន្ធឈូងសមុទ្រនិងកោះនៅភាគខាងជើងនិងភាគខាងត្បូង សមុទ្របានបង្កើតឡើងលំហទេសចរណ៍ដ៏ធំទូលាយមួយដែលមានលក្ខណៈខុសប្លែកគ្នា។ ពន្លឺព្រះអាទិត្យ ខ្យល់អាកាស ឆ្នេរខ្សាច់ ឈូងសមុទ្រនិងកោះ មិនត្រឹមតែជាធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជា "ដើមទុន" សម្រាប់តំបន់ជាច្រើន បង្កើតជារមណីយដ្ឋាន កន្លែងកម្សាន្ត និងមជ្ឈមណ្ឌលសេវាកម្ម។

សម្រាប់គ្រួសារវៀតណាមជាច្រើន ទេសចរណ៍ឆ្នេរសមុទ្រនៅតែជាជម្រើសដែលធ្លាប់ស្គាល់ដល់​។ ប៉ុន្តែនៅពីក្រោយជម្រើសដែលហាក់ដូចជាធ្លាប់ស្គាល់ដល់នោះ មានការផ្លាស់ប្តូរយ៉ាងច្បាស់នៃតម្រូវការរបស់អ្នកទេសចរពោលគឺ៖ គេមិនត្រឹមតែត្រូវការឆ្នេរដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមានសេវាកម្មល្អ អាហារឆ្ងាញ់ៗ និងបទពិសោធន៍ជាច្រើន សម្រាប់ដំណើរកម្សាន្តរបស់ខ្លួនទៀតផង។ លោក ហោង ថាញ់ទុង អ្នកទេសចរមកពី ហ៊ឹងអៀន បានចែករំលែកថា៖ “រៀងរាល់វិស្សមកាលរដូវក្តៅ ក្រុមគ្រួសារខ្ញុំតែងតែជ្រើសរើសទៅលេងឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រវៀតណាមមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ហើយសេវាកម្មក៏កាន់តែមានភាពចម្រុះដែរ​។ អាហារនៅតាម​ឆ្នេរក៏ស្អាតបាត​និងឆ្ងាញ់ណាស់ផងដែរ”។

ប្រសិនបើកាលពីមុននេះ ទេសចរណ៍ឆ្នេរសមុទ្រ​តែងតែផ្សាភ្ជាប់ជាមួយការហែលទឹកនិងការសម្រាកលំហែកាយ ប៉ុន្តែឥឡូវនេះ តម្រូវការនោះកំពុងបានពង្រីកជាបណ្តើរៗ អ្នកទេសចរចង់បោះជំហានចេញពីរមណីយដ្ឋាន ស្វែងយល់ពីភូមិនេសាទ ឆ្លងបទពិសោធន៍នៃជីវភាពរបស់អ្នកនេសាទ រីករាយទទួលទានអាហារនៅកន្លែងដើម និងសិក្សាអំពីរឿងរ៉ាវវប្បធម៌របស់សហគមន៍ឆ្នេរសមុទ្រ។ តាមរយៈការឆ្លងបទ​ពិសោធន៍ទាំងនេះ បង្កើតឡើងភាពស៊ីជម្រៅសម្រាប់ផលិតផលទេសចរណ៍ ជួយតំបន់ឆ្នេរសមុទ្រនីមួយៗ មានអត្តសញ្ញាណដោយឡែក។ អ្នកស្រី ឡេ ថាញ់ហឿង អ្នកទេសចរម្នាក់មកពីខេត្តនិញប៊ិញ បានសម្តែងមតិថា៖ ខ្ញុំចូលចិត្តគោលដៅទេសចរណ៍ដែលមានទាំងទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបទពិសោធន៍វប្បធម៌របស់តំបន់​ផងដែរ។ ឧទាហរណ៍ យើងបានឆ្លងបទ​ពិសោធន៍វប្បធម៌នៃភូមិនេសាទ និងរីករាយទទួលទានម្ហូបអាហារនៅទីនោះ។ អ្វីគ្រប់យ៉ាងគឺគួរឱ្យចាប់អារម្មណ៍ ខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចត្រលប់មកទីនេះម្តងទៀត”។

ពីតម្រូវការទីផ្សារ យើងអាចមើលឃើញថា "អណ្តូងរ៉ែមាស" ដែលមិនទាន់បានធ្វើអាជីវកម្មនៃទេសចរណ៍ឆ្នេរសមុទ្រគឺស្ថិតនៅក្នុងតម្លៃអរូបីនោះគឺ៖ វប្បធម៌សហគមន៍ បរិស្ថានវិទ្យា និងរឿងរ៉ាវនៅក្នុងមូលដ្ឋាន។ នៅពេលដែលតម្លៃទាំងនេះត្រូវបានធ្វើពាណិជ្ជកម្មដោយជោគជ័យ អាយុកាលនៃដំណើរកម្សាន្តនឹងយូរជាងនេះទៀត​ ការចំណាយជាមធ្យមក្នុងអ្នកទេសចរម្នាក់នឹងកើនឡើង ហើយប្រាក់ចំណូលពីទេសចរណ៍នឹងរីកសាយភាយដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ លោក កៅ ជីយ៉ុង ប្រធានសមាគមទេសចរណ៍ដាណាំង និងជាអនុប្រធានសមាគមទេសចរណ៍វៀតណាម បានបញ្ចេញមតិថា៖ “ទេសចរណ៍ឆ្នេរសមុទ្រ មិនអាចអភិវឌ្ឍន៍ដោយឡែកបានទេ ប៉ុន្តែត្រូវដាក់បញ្ចូលក្នុងយុទ្ធសាស្ត្ររួមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែ និងភស្តុភារកម្ម ត្រូវបានវិនិយោគព្រមៗគ្នា នឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីទាក់ទាញភ្ញៀវទេសចរ ពន្យាពេលស្នាក់នៅរបស់ភ្ញៀវទេសចរ និងបង្កើនតម្លៃសេវាកម្ម។ នេះក៏ជាមូលដ្ឋានសម្រាប់បង្កើតខ្សែសង្វាក់តម្លៃថ្មី រួមចំណែកបន្ថែមទៀតដល់កំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន”។

តាមពិតទៅ តម្លៃរបស់ទេសចរណ៍ឆ្នេរសមុទ្រមិនស្ថិតត្រឹមប្រាក់ចំណូលពីសណ្ឋាគារ ឬរមណីយដ្ឋាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងចំណោមគោលដៅទេសចរណ៍ ឧត្តមភាពអំពីសមុទ្រដ៏ស្រស់ស្អាតនឹងពិបាកក្នុងការបង្កើតលក្ខណៈដោយឡែក ប្រសិនបើផលិតផលនៅតែស្រដៀងគ្នា។ បញ្ហាប្រឈមគឺការផ្លាស់ប្តូរធនធានទៅជាបទពិសោធន៍ពិសេស។ លោកស្រី ង្វៀន ធីសួនឡាន អនុប្រធានសមាគមទេសចរណ៍ខេត្តយ៉ាឡាយ និងជានាយិការក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Golden Life បានឲ្យដឹងថា៖ “និន្នាការបច្ចុប្បន្នគឺការអភិវឌ្ឍផលិតផលដែលភ្ជាប់ទៅនឹងបទពិសោធន៍វប្បធម៌ ជីវភាពសហគមន៍ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ប្រការនេះមិនត្រឹមតែបង្កើតភាពខុសគ្នាសម្រាប់គោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាភ្ញៀវទេសចរឱ្យនៅបានយូរជាងមុនផងដែរ។ ប្រសិនបើត្រូវបានវិនិយោគត្រឹមត្រូវ នេះនឹងក្លាយជាគុណសម្បត្តិប្រកួតប្រជែងដ៏សំខាន់សម្រាប់ទេសចរណ៍ឆ្នេរសមុទ្រវៀតណាមនាពេលខាងមុខ”។

រួមជាមួយនឹងទិដ្ឋភាពពាណិជ្ជកម្ម កត្តា "បៃតង" កំពុងក្លាយជាតម្រងដ៏តឹងរ៉ឹងសម្រាប់ទីផ្សារ។ ការបង្កើនភាពប្រកួតប្រជែងមិនអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថានបានទេ។ លោកស្រី ហោង ហៀន អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុនទេសចរណ៍ Viettravel ហាណូយ បានលើកមតិថា៖ “អ្នកទេសចរសព្វថ្ងៃនេះមិនត្រឹមតែចាប់អារម្មណ៍លើទេសភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងផ្តោតលើគុណភាពបរិស្ថាន និងការឆ្លងបទ​ពិសោធន៍នៅតាមគោលដៅទេសចរណ៍ទៀតផង។ ដូច្នេះ អាជីវកម្មនានាក៏កំពុងផ្លាស់ប្តូរជាបណ្តើរៗ ឆ្ពោះទៅរកទិសដៅបៃតងជាង និងមាននិរន្តរភាពជាង ចាប់ពីការកាត់បន្ថយកាកសំណល់ប្លាស្ទិក រហូតដល់ការកសាងផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន”។

ពីគុណសម្បត្តិត្រូវបានធម្មជាតិប្រទានពរឱ្យ រហូត​ដល់វិស័យសេដ្ឋកិច្ចមានកម្លាំងប្រកួតប្រជែង គឺជាដំណើរដ៏វែងឆ្ងាយមួយដែរ។ ប្រសិនបើយើងអាចបង្កើតផលិតផលប្លែកៗ ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានល្អ កែលម្អគុណភាពសេវាកម្ម និងការពារបរិស្ថាន ពិតណាស់ថា ទេសចរណ៍សមុទ្រវៀតណាម នឹងមិនត្រឹមតែជារឿងរ៉ាវ “មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរ” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់តម្លៃសេដ្ឋកិច្ចសមុទ្រទៀតផង។ ហើយនេះគឺជាឱកាសដ៏ល្អឥតខ្ចោះ សម្រាប់គុណសម្បត្តិធម្មជាតិរបស់វៀតណាម ដែលត្រូវបានផ្លាស់ប្តូរទៅជាកម្លាំងចលករសម្រាប់របកគំហើញ និងតម្លៃអភិវឌ្ឍន៍រយៈពេលវែង៕