រយៈពេល ៨១ ឆ្នាំបានកន្លងផុតទៅ ប្រទេសជាតិសព្វថ្ងៃនេះមានឋានៈខុសគ្នាខ្លាំង ប៉ុន្តែមេរៀនដែលនាំទៅដល់ជ័យជម្នះនៃសរទៈរដូវឆ្នាំ ១៩៤៥ នៅតែមានតម្លៃដដែល ដែលជាកម្លាំងចលករសម្រាប់ដំណើរការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

ចាប់យកឱកាស ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងកៀរគរកម្លាំងប្រជាជន

បដិវត្តន៍ខែសីហាគឺជាលទ្ធផលនៃដំណើរការត្រៀមរៀបចំដ៏យូរអង្វែងមួយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលឱកាសកើតឡើង បដិវត្តន៍បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ង្វៀន យីនៀន (Nguyen Dy Nien) បានវិភាគថា៖

“ឱកាសគឺមានសារៈសំខាន់ណាស់។ ដើម្បីសម្រេចបាននូវជ័យជម្នះ និងដណ្ដើមឯករាជ្យនៅក្នុងបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ លោកប្រធាន ហូជីមិញ បានជ្រើសរើសពេលវេលាដែលបារាំងត្រូវជប៉ុនបណ្តេញចេញពីឥណ្ឌូចិន ហើយជប៉ុនចុះចាញ់នឹងក្រុមសម្ព័ន្ធមិត្ត ហើយនៅពេលនោះ ក្រុមសម្ព័ន្ធមិត្តមិនទាន់បានសម្រេចចិត្តថា អ្នកណានឹងគ្រប់គ្រងតំបន់អាណានិគមនៅឡើយទេ។ ឱកាសនោះគឺជាចន្លោះប្រហោងអំណាច។ នៅក្នុងចន្លោះប្រហោងនោះ លោកប្រធានហូជីមិញ បានដឹកនាំប្រជាជនឱ្យដណ្តើមរដ្ឋអំណាច និងបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម”។

មេរៀននោះនៅតែមានភាពពាក់ព័ន្ធជាពិសេសនៅក្នុងបរិបទសព្វថ្ងៃនេះ។ ឱកាសអភិវឌ្ឍន៍កំពុងកើតឡើងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោក វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ មេរៀននៃឆ្នាំ ១៩៤៥ ក្នុងសម័យកាលបច្ចុប្បន្ន គឺការមើលឃើញឱកាស ការត្រៀមរៀបចំសមត្ថភាពគ្រប់គ្រាន់ និងធ្វើសកម្មភាពដោយទាន់ពេលវេលាដើម្បីប្រែក្លាយឱកាសទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។

មេរៀនដ៏ធំធេងមួយទៀតនៃបដិវត្តន៍ខែសីហា គឺការពង្រីកកម្លាំងពលំរបស់ប្រជាជន។ នោះគឺជាបដិវត្តន៍របស់មហាជន ដែលកម្លាំងពលំរបស់មនុស្សរាប់លាននាក់ត្រូវបានប្រមូលផ្តុំទៅជាកម្លាំងពលំរបស់ប្រជាជាតិទាំងមូល។ ៨១ ឆ្នាំក្រោយមក ធនធានសំខាន់បំផុតរបស់ប្រទេសជាតិនៅតែជាប្រជាជនវៀតណាម។ ដូច្នេះ ការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះមិនគ្រាន់តែជាការកៀរគរធនធានបន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺការដោះសោធនធានទាំងនោះ។ នៅពេលដែលប្រជាជនមានឱកាសសម្រាប់អភិវឌ្ឍន៍ អាជីវកម្មមានបរិយាកាសអំណោយផល បញ្ញវន្តមានលំហសម្រាប់ច្នៃប្រឌិត ហើយយុវជនត្រូវបានប្រគល់ឱកាស កម្លាំងរបស់បុគ្គលម្នាក់ៗនឹងរួមបញ្ចូលគ្នាដើម្បីបង្កើតជាកម្លាំងជាតិ។ លោកមេធាវី ដាំង វ៉ាន់កឿង (Dang Van Cuong) មកពីសមាគមមេធាវីហាណូយ បានចាត់ទុកថា៖

“បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការយកការអភិវឌ្ឍរបស់ប្រជាជនធ្វើជារង្វាស់នៃការអភិវឌ្ឍទូទៅ។ យើងកំពុងកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។ តាមនោះ ធានាឲ្យបានល្អបំផុតចំពោះសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ”។

ការដាក់ប្រជាជននៅចំកណ្តាលក៏ជារបៀបដើម្បីបន្តស្មារតីនៃបដិវត្តន៍ខែសីហាផងដែរ៖ កម្លាំងរបស់ប្រទេសជាតិចាប់ផ្តើមពីកម្លាំងរបស់ប្រជាជន; សេចក្តីប្រាថ្នារបស់ប្រទេសជាតិត្រូវបានបង្កើតឡើងពីសេចក្តីប្រាថ្នារបស់ប្រជាជនម្នាក់ៗ។

ខ្លួនទីពឹងខ្លួន ប្រែក្លាយសេចក្តីប្រាថ្នាទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ

បដិវត្តន៍ខែសីហាបានបើកចេញយុគសម័យនៃប្រទេសវៀតណាមឯករាជ្យ។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ ស្មារតីឯករាជ្យនោះ ត្រូវបានទទួលមរតកដោយស្វ័យភាពនិងភាពខ្លួនទីពឹងខ្លួន។

ភាពខ្លួនទីពឹងខ្លួន មិនមានន័យថា ដាក់ខ្លួននៅឯកោនោះទេ។ ផ្ទុយទៅវិញ វៀតណាមម្ចាស់ការធ្វើសមាហរណកម្ម ទាញយកអត្ថប្រយោជន៍ពីដើមទុន បច្ចេកវិទ្យា ចំណេះដឹង និងទីផ្សារអន្តរជាតិ។ វៀតណាមធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ប៉ុន្តែមិនពឹងផ្អែក; បើកទ្វារចំហ ប៉ុន្តែមានសមត្ថភាពធ្វើជាម្ចាស់; សហប្រតិបត្តិការយ៉ាងទូលំទូលាយ ប៉ុន្តែដាក់ផលប្រយោជន៍ជាតិ និងប្រជាជាតិជាចម្បងជានិច្ច។ នោះគឺជាការបន្តស្មារតីឯករាជ្យនៃសរទៈរដូវឆ្នាំ ១៩៤៥ ក្នុងលក្ខខណ្ឌថ្មី។

ដើម្បីប្រែក្លាយសេចក្តីប្រាថ្នាទៅជាការពិត វៀតណាមខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ហ៊ានបំបែកដែនកំណត់ចាស់ៗ លុបបំបាត់ចំណុចកកស្ទះផ្នែកស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ព្រមទាំងទាញយកអត្ថប្រយោជន៍យ៉ាងអតិបរមាពីឱកាសដែលសម័យកាលកំពុងនាំមកជូន។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖

«ត្រូវតែរកឃើញឱកាសឲ្យបានឆាប់ ហើយប្រែក្លាយវាទៅជាលទ្ធផល។ យើងមិនអាចអង្គុយរង់ចាំលក្ខខណ្ឌអំណោយផលកើតឡើងបានទេ ហើយក៏មិនអាចដោះស្រាយតែនៅពេលដែលស្ថានភាពបានកើតឡើងរួចហើយដែរ។ យើងជឿជាក់លើខ្លួនឯង ប៉ុន្តែមិនធ្វេសប្រហែស ក្លាហានប៉ុន្តែមិនផ្សងព្រេង បត់បែនប៉ុន្តែរក្សាគោលការណ៍យ៉ាងរឹងមាំ។ ពង្រីកកិច្ចសហប្រតិបត្តិការ ខណៈពេលដែលពង្រឹងស្វ័យភាពយុទ្ធសាស្ត្រ កម្លាំងផ្ទៃក្នុង និងភាពធន់»។

សរទៈរដូវឆ្នាំ ១៩៤៥ បានបើកយុគសម័យថ្មីមួយសម្រាប់ប្រជាជាតិ។ រដូវស្លឹកឈើជ្រុះថ្ងៃនេះ កំពុងដាក់ចេញតម្រូវការថ្មីមួយ៖ ការប្រែក្លាយសមិទ្ធផលនៃឯករាជ្យភាព ទៅជាធនធានសម្រាប់ការអភិវឌ្ឍ ប្រែក្លាយសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមវិបុលភាព ទៅជាលទ្ធផលជាក់ស្តែងក្នុងជីវភាព។ នេះក៏ជាមធ្យោបាយជាក់ស្តែងបំផុត ដើម្បីធ្វើឲ្យតម្លៃនៃបដិវត្តន៍ខែសីហា ត្រូវបានបញ្ជូនបន្ត ដោយបម្រើជាកម្លាំងចលករដើម្បីនាំវៀតណាមឈានឡើងយ៉ាងខ្លាំងក្លានៅក្នុងយុគសម័យថ្មី៕