វេទិកាសេដ្ឋកិច្ចសរទ​រដូវ (AEF) ឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (ថ្ងៃទី ២៦-២៩ ខែតុលា) មិនត្រឹមតែបើកឱកាសសម្រាប់កិច្ច​សន្ទនារវាងរដ្ឋាភិបាល អង្គការអន្តរជាតិ និងសហគមន៍ធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវឱ្យមានការប្រែក្លាយទំនាក់ទំនងទាំងនេះទៅជាគម្រោងវិនិយោគ សមត្ថភាពផលិតកម្ម និងកត្តាជំរុញកំណើនរយៈពេលវែងទៀត​ផង។

ពីគោលដៅវិនិយោគទៅជាលំហតភ្ជាប់ធនធានស​ម្រាប់​កំណើន

វៀតណាមមានឱកាសពង្រីកតួនាទីរបស់ខ្លួន ក្នុងបណ្តាញសេដ្ឋកិច្ចសកល ដោយមានទីតាំងយុទ្ធសាស្ត្រ ធនធានមនុស្សដ៏សម្បូរបែប និងសមត្ថភាពតភ្ជាប់ជាមួយទីផ្សារអន្តរជាតិ។ ក្នុងបរិបទនេះ ការទាក់ទាញ​ការ​វិនិយោគមិនត្រឹមតែផ្តោតលើការពង្រីក​ប្រភពមូលធនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរកការទទួលបច្ចេកវិទ្យា ចំណេះដឹង និងវិធីសាស្ត្រគ្រប់គ្រងទំនើប ដើម្បីលើកកម្ពស់សមត្ថភាពផលិតកម្ម និងតម្លៃបន្ថែមក្នុងស្រុកទៀតផង​។

លោក Peter James Opdahl ប្រធាន Ito Group Holding បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសវៀតណាមជាគោលដៅវិនិយោគកាលពី ១៥ ឆ្នាំមុន ដោយផ្អែកលើកត្តា​ចំនួន​ពីរ គឺទីតាំងភូមិសាស្ត្រ និងធនធានមនុស្ស។ ពាក់ព័ន្ធនឹងធនធានមនុស្សរបស់វៀតណាម លោកបានចែករំលែកថា៖ «ចំណុចមួយដែលខ្ញុំចូលចិត្តបំផុតនៅវៀតណាម គឺខ្ញុំអាចទៅជួបវិស្វករនៅរោងចក្រ ឬបុគ្គលិក ហើយប្រាប់ពួកគេថា៖ “សូមធ្វើកិច្ចការនេះ”។ គ្មាននរណាម្នាក់បដិសេធឡើយ ហើយពួកគេសុទ្ធតែ​ឆ្លើយថា៖ “បាន” ។ រួចខិតខំអស់ពីសមត្ថភាពដើម្បីបំពេញការងារ។ មិនមែនគ្រប់ទីកន្លែងក្នុងពិភពលោកមានមនុស្សបែបនោះទេ ប៉ុន្តែនៅវៀតណាមយើងមាន។»

ប្រសិនបើធនធានមនុស្សជាគុណសម្បត្តិនៅ​ក្នុងផលិតកម្ម នោះបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតកំពុងបើក​ចេញ​បរិយាកាសសហប្រតិបត្តិការថ្មីៗ។ លោក Sang Eng ប្រធាន Work Optional.ai (សិង្ហបុរី) បាន​វាយតម្លៃសក្តានុពលរបស់ វៀតណាម​ដោយផ្អែកលើ​កត្តាដូចខាងក្រោម៖ «ខ្ញុំចាត់ទុកថា វៀតណាមបានអនុវត្តយ៉ាងល្អនូវគោលនយោបាយការទូតដើម​ឫស្សី​។ ខ្ញុំជឿជាក់ថា វៀតណាមក៏កំពុងពង្រីកស្មារតីនេះ ទៅកាន់វិស័យបច្ចេកវិទ្យា AI ដើម​ឫស្សី ដោយតភ្ជាប់ភាគ​ខាងកើត-ខាងលិច។ បើប្រៀបធៀបនឹងប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ វៀតណាមអាចគ្រប់គ្រងអធិបតេយ្យភាពទិន្នន័យ និងធនធានមនុស្ស​ដែលមាន​​​បញ្ញា​ខ្ពស់​។ នេះជាកត្តាទីពីរ។ ហើយ​កត្តាទីបី គឺមូលដ្ឋាននៃការអប់រំ និងស្មារតីចាប់ផ្តើម​អាជីពរបស់ប្រជាជនវៀតណាម​​​។ ខ្ញុំគិតថា កត្តាទាំងនេះបង្កើតលក្ខខណ្ឌអំណោយផលឱ្យវៀតណាម​ទាញ​យកសក្តានុពលនៃសេដ្ឋកិច្ច AI ដែលកំពុងលេចឡើងនៅអាស៊ីបានយ៉ាងពិតប្រាកដ»។​

បើក​​ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពី AEF ២០២៦

វៀតណាមកំពុងចូលដល់យុគសម័យថ្មីនៃការអភិវឌ្ឍ ជាមួយនឹងគោលដៅសំខាន់​ចំនួន​ពីរ៖ កំណើន GDP លើសពី ១០% ជារៀងរាល់ឆ្នាំ និងសេដ្ឋកិច្ចឌីជីថល​រួមចំណែក ៣០% នៃ GDP នៅឆ្នាំ ២០៣០។ ដើម្បីសម្រេចគោលដៅទាំងនេះ តម្រូវឱ្យមានធ​នធាននៅកម្រិតអន្តរជាតិ ចាប់ពីដើមទុន និងបច្ចេកវិទ្យារហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រ។

សម្រាប់ទីក្រុងហូជីមិញ លំហអភិវឌ្ឍន៍ថ្មីនេះជួយសម្រួលដល់ការបង្កើន​ការ​តភ្ជាប់រវាងវិស័យសេដ្ឋកិច្ច ទាក់​ទាញ FDI ភស្តុភារកម្ម និងលំហូរ​ហិរញ្ញវត្ថុដោយផ្អែកលើការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ពង្រីកសមត្ថភាពទទួលបានដើមទុន ចំណេះដឹង និងបណ្តាញ​សហប្រតិបត្តិការអន្តរជាតិ។ ដោយមានតួនាទីជា​មជ្ឈមណ្ឌលសេដ្ឋកិច្ច និងនវានុវត្តន៍ឈានមុខគេនៅទូទាំងប្រទេស ទីក្រុង​ហូជីមិញមានមូលដ្ឋាន​គ្រប់គ្រាន់ដើម្បីក្លាយជាចំណុចប្រសព្វនៃធនធានទាំងនោះ។ នៅទីនេះ AEF ២០២៦ បើកចេញ​ឱកាសសម្រាប់ការសន្ទនា និងការតភ្ជាប់នៅកម្រិតអន្តរជាតិ​។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Cong Vinh បានថ្លែងថា៖ «សម្រាប់ដៃគូអន្តរជាតិ និងសហគមន៍ធុរកិច្ច វិនិយោគិនបរទេស យើងសង្ឃឹមថានឹងទាក់ទាញបាន​មិនត្រឹមតែដើមទុនវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបច្ចេកវិទ្យា ចំណេះដឹង វិធីសាស្រ្តគ្រប់គ្រងទំនើប ការងារដែលមានគុណភាពខ្ពស់ និងសមត្ថភាពផលិតកម្មថ្មីៗ​ផងដែរ។ ទីក្រុងហូជីមិញសូមអញ្ជើញសហគមន៍ធុរកិច្ច និងវិនិយោគិនឱ្យចូលរួមក្នុងការបង្កើត​លំហអភិវឌ្ឍន៍ថ្មីមួយ៖ បៃតងជាង ស្អាតជាង មានបច្ចេកវិទ្យាជឿនលឿនជាង និងមាននិរន្តរភាពជាង។»

នៅក្នុងចក្ខុវិស័យ​នៃការក្លាយជាគោលដៅវិនិយោគដែលគួរឱ្យទុកចិត្ត ទីក្រុងឈានមុខគេ និងលើកកម្ពស់ឋានៈជា​ទីក្រុងសកល តាមរយៈ AEF ២០២៦ ទីក្រុងហូជីមិញ​មានគោលបំណងទាក់ទាញធនធានកំណើនថ្មីៗ បង្កើតលំហអន្តរកម្ម និងបង្កើនការតភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងនវានុវត្តន៍ជុំវិញពិភពលោក។ តាមនោះ ទីក្រុងនឹងសម្រេចបាននូវឋានៈជា «ចំណុចប្រសព្វនៃប៉ូលកំណើនសកលថ្មី» ជាបណ្ដើរៗ៕