ទោះជាយ៉ាងណាក៏ដោយ ប្រការនេះក៏ទាមទារឱ្យពិភពលោក ត្រូវកសាងយន្តការគ្រប់គ្រងសកលថ្មីមួយដើម្បីគ្រប់គ្រងការប្រកួតប្រជែងយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនៅក្នុងលំហនេះ។

ដោយប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី ៩ និងទី១០ ខែកញ្ញា ដោយប្រមូលផ្តុំប្រមុខរដ្ឋនិងអង្គការអន្តរជាតិជាច្រើន កិច្ចប្រជុំកំពូលអវកាសអន្តរជាតិ (ISS) គឺជាឱកាសមួយដើម្បីពិភពលោកអាចបង្កើតរូបរាងអនាគត ដោយមានច្បាប់ច្បាស់លាស់ និងយុត្តិធម៌ជាងមុនក្នុងការរុករកនិងធ្វើអាជីវកម្មសក្តានុពលដ៏ធំធេងនៃលំហអវកាស។

ការយល់ឃើញថ្មីអំពីលំហអវកាស

អស់រយៈពេលជិត ៧ ទសវត្សរ៍មកហើយ វត្តមានរបស់មនុស្សជាតិនៅពីលើស្រទាប់លំហអវកាសត្រូវបានបង្កើតឡើងដោយតុល្យភាពដ៏ផុយស្រួយ៖ នេះធ្លាប់ជាលំហដែលបម្រុងទុកសម្រាប់តែការស្រាវជ្រាវវិទ្យាសាស្ត្រកម្រិតរដ្ឋ ដែលសម្របសម្រួលដោយសន្ធិសញ្ញាដោយមានលក្ខណៈឧត្តមគតិខ្ពស់ និងសម្គាល់ដោយការប្រជែងគ្នាខាងមនោគមវិជ្ជា ដែលផ្ទុះឡើងតាមពេលវេលា ជាចម្បងរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត (មុននេះ)។ សព្វថ្ងៃនេះ ស្ថានភាពនោះបានផ្លាស់ប្តូរជាមូលដ្ឋាន។ ជាមួយនឹងការអភិវឌ្ឍទម្លុះទម្លាយនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា លំហអវកាស នាសព្វថ្ងៃនេះបានផ្លាស់ប្តូរការផ្តោតសំខាន់ ពីការរកឃើញវិទ្យាសាស្ត្រនិមិត្តរូបអំពីភព ដែលមានចម្ងាយរាប់ពាន់ឆ្នាំពន្លឺ ទៅជាសកម្មភាពដែលប៉ះពាល់ដោយផ្ទាល់ទៅលើជីវភាពសេដ្ឋកិច្ច-សង្គមរបស់មនុស្សរាប់ពាន់លាននាក់នៅលើភពផែនដី។ សព្វថ្ងៃនេះ គន្លងផែនដីទាប (LEO) បានផ្លាស់ប្តូរទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ និងជាលំហពង្រីកពាណិជ្ជកម្មសកល ដោយមាន “អ្នកលេង” នោះគឺបណ្ដាប្រទេស និងសាជីវកម្មឯកជនដ៏មានឥទ្ធិពលខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះក៏បណ្ដាលឲ្យសហគមន៍អន្តរជាតិ ត្រូវប្រឈមមុខនឹងភាពផ្ទុយគ្នាដ៏ស្មុគស្មាញមួយផងដែរ។ លឿនអភិវឌ្ឍន៍នៃបច្ចេកវិទ្យាកំពុងលើសឆ្ងាយពីការឯកភាពគ្នាជាសកលដែលត្រូវការដើម្បីគ្រប់គ្រងវា។ បញ្ហាប្រឈមដែលបង្កឡើងដោយបណ្តាញផ្កាយរណបនេះ ភាគច្រើនជាទិដ្ឋភាពវិទ្យាសាស្ត្រ។ លោក Olivier Hainaut តារាវិទូនៅ អង្គការស្រាវជ្រាវតារាសាស្ត្រអឺរ៉ុបនៅអឌ្ឍគោលខាងត្បូង (ESO) បានឲ្យដឹងថា៖

"បច្ចុប្បន្ននេះ កំពុងមានគម្រោងដាក់ផ្កាយរណបជិតពីរលានចូលទៅក្នុងគន្លង។ សព្វថ្ងៃនេះមានផ្កាយរណបត្រឹមតែ ១៥ ពាន់ប៉ុណ្ណោះ ដូច្នេះការកើនឡើងពី ១៥ ពាន់ទៅមួយឬពីរលានគឺជាការកើនឡើងដ៏ធំសម្បើម។ ផ្កាយរណបនីមួយៗនេះ នៅពេលឆ្លងកាត់តេឡេស្កុប នឹងបន្សល់ទុកនូវពន្លឺរស្មីមួយ។ ប្រសិនបើវាជាខ្សែមួយ នោះគ្រាន់តែជាការរំខានតិចតួចប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានខ្សែបែបនេះជាច្រើន ខ្សែនីមួយៗនឹងបិទបាំងផ្នែកមួយនៃរូបភាពអវកាសដែលយើងសង្កេតឃើញបាន"។

ការស្វែងរកច្បាប់ល្បែងរួម

នៅឆ្នាំ ១៩៦៧ សន្ធិសញ្ញាលំហអវកាស ត្រូវបានបង្កើតឡើង ដោយដាក់មូលដ្ឋានគ្រឹះផ្នែកច្បាប់ដំបូងសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងចង្កោមផ្កាយរណបដ៏ធំ ឬការធ្វើអាជីវកម្មធនធានក្រៅភពផែនដី។ ទោះជាយ៉ាងណាក៏ដោយ ការពិតសព្វថ្ងៃនេះទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយនៃសន្ធិសញ្ញានេះ ឬសូម្បីតែ ត្រូវបង្កើតសន្ធិសញ្ញាថ្មីមួយ នៅក្នុងបរិបទដែលមហាអំណាច កំពុងបង្កើតប្លុកការទូតប្រកួតប្រជែងគ្នា ជំនួសឱ្យការឆ្ពោះទៅរកសន្ធិសញ្ញារួម។ ជាក់ស្ដែងគឺ កិច្ចព្រមព្រៀង Artemis របស់សហរដ្ឋអាមេរិក និងប្រទេសរាប់សិបផ្សេងទៀតកំពុងមានជម្លោះជាមួយគម្រោងស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ (ILRS) ដឹកនាំដោយប្រទេសចិន និងរុស្ស៊ី។ គំនិតផ្តួចផ្តើមផ្នែកច្បាប់ដូចជាច្បាប់អវកាសរបស់សហភាពអឺរ៉ុប (EU Space Act) ត្រូវបានសាជីវកម្មយក្សនៅខាងក្រៅអឺរ៉ុប ជាពិសេសនៅសហរដ្ឋអាមេរិក ចាត់ទុកជាបន្ទុកការពារនិយម ដែលធ្វើឱ្យសន្ទុះនវានុវត្តន៍កាន់តែយឺតយ៉ាវ។

ទាំងអស់នេះបានបង្កើនការរំពឹងទុកសម្រាប់កិច្ចប្រជុំកំពូលអវកាសអន្តរជាតិ ក្នុងសប្ដាហ៍នេះនៅទីក្រុងប៉ារីស ដែលរបៀបវារៈនៃកិច្ចប្រជុំផ្តោតលើប្រធានបទសំខាន់ៗចំនួនបួន រួមមាន៖ អភិបាលកិច្ចនិងបទប្បញ្ញត្តិស្ដីពីលំហ; និរន្តរភាពក្នុងលំហនិងកាក់សំណល់លំហ; សន្តិសុខ និងសិទ្ធិស្វ័យភាពយុទ្ធសាស្ត្រ។ ជាទីបំផុត លំហគឺជាទ្រព្យសម្បត្តិរួម ដូច្នេះចាំបាច់ត្រូវ ពង្រីកលទ្ធភាពចូលប្រើប្រាស់ទិន្នន័យ (ការសង្កេតលើផែនដី ការឃ្លាំមើលអាកាសធាតុ កសិកម្ម) សម្រាប់ប្រទេសដែលទើបលេចឡើងក្នុងវិស័យអវកាស ជាពិសេសនៅអាហ្វ្រិក និងប្រទេសនានានៅអឌ្ឍគោលខាងត្បូង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានបញ្ជាក់យ៉ាងច្បាស់ថា៖

“វឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់ ក្នុងវិស័យអវកាសមានន័យថា ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅទីនោះសុទ្ធតែមានផលប៉ះពាល់ដល់យើងទាំងអស់គ្នា។ ធនធាននិងបច្ចេកវិទ្យាអវកាសកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការងារកំណត់ទីតាំង ការផ្តល់សេវាកម្មអ៊ីនធឺណិត និងការត្រួតពិនិត្យនិន្នាការនៅលើផែនដី - ចាប់ពីថាមពល អាកាសធាតុ រហូតដល់ជីវៈចម្រុះ និងមុខងារសំខាន់ៗជាច្រើនទៀត។ ជិត ៤០% នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) នៃរបៀបវារៈឆ្នាំ ២០៣០ គឺពឹងផ្អែកលើទិន្នន័យពីអវកាស”។

សម្រាប់សហគមន៍អន្តរជាតិ សំណួរឥឡូវនេះ លែងថា តើអវកាសអាចត្រូវបានធ្វើអាជីវកម្មបានឬអត់ ប៉ុន្តែតើច្បាប់លេងរួមសម្រាប់ការធ្វើអាជីវកម្មនោះនឹងមានយ៉ាងដូចម្ដ៉េច។ ដូច្នេះ ប្រសិនបើសហគមន៍អន្តរជាតិបរាជ័យក្នុងការសម្របសម្រួលរវាងតម្រូវការសន្តិសុខជាតិជាមួយនឹងនិរន្តរភាពបរិស្ថាន លំហដែលពោរពេញទៅដោយសក្ដានុពលសម្រាប់ការតភ្ជាប់ និងជំរុញអរិយធម៌មនុស្សជាតិនោះ អាចនឹងលិចលង់ក្នុងភាពជាប់គាំង ហើយត្រូវបានគ្របស្រមោលដោយជម្លោះភូមិសាស្ត្រនយោបាយវិញ៕