នៅក្នុងបរិបទនៃការផ្លាស់ប្តូរដ៏ស្មុគស្មាញជាបន្តបន្ទាប់នៅក្នុងតំបន់ និងលើ​ពិភពលោក ការពូនជ្រុំចំណង​មិត្តភាព ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការលើកកម្ពស់​មជ្ឈភាពរបស់អាស៊ានកំពុងក្លាយជាតម្រូវការរួមរបស់​បណ្តា​ប្រទេសអាស៊ីអាគ្នេយ៍។

ពីមូលដ្ឋាននៃ​ចំណង​មិត្តភាព ដល់សក្ដានុភាពថ្មីនៃកិច្ចសហប្រតិបត្តិការ

ដំណើរទស្សនកិច្ចទៅវៀតណាមដោយថ្នាក់ដឹកនាំជាន់ខ្ពស់មកពីប្រទេសឡាវ កម្ពុជា ថៃ និងទីម័រខាងកើត សុទ្ធតែមានសារៈសំខាន់រៀងៗខ្លួន ប៉ុន្តែទាំងអស់​នេះត្រូវបានបង្កើតឡើង​ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃចំណង​មិត្តភាព ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងវៀតណាម និងបណ្តា​ប្រទេសក្នុងតំបន់។

សម្រាប់ប្រទេសឡាវ នេះគឺជា​ទំនាក់ទំនង​មិត្តភាពដ៏​មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការ​លើ​គ្រប់​ជ្រុងជ្រោយ ដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំនិងប្រជាជន​ជាច្រើន​ជំនាន់នៃប្រទេសទាំងពីរ។ ក្នុងដំណាក់កាលថ្មី ភាគីទាំងពីរកំពុងខិតខំ​អនុវត្តន៍ខ្លឹមសារនៃ "ការតភ្ជាប់ជាយុទ្ធសាស្ត្រ" នាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍កាន់តែជាក់ស្តែងនិង​ស៊ីជម្រៅថែមទៀត។ ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅឡាវ លោក ង្វៀន មិញ តឹម បានសង្កត់ធ្ងន់ថា៖ «ដំណើរទស្សនកិច្ចនេះ​បន្ត​បញ្ជាក់ពីភាពស៊ីសង្វាក់គ្នារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងការពូនជ្រុំទំនាក់ទំនងវៀតណាម-ឡាវ ឱ្យអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ; ទន្ទឹមនឹងនោះ អនុវត្តន៍ជាក់​ស្តែងនូវ​ខ្លឹមសារនៃ "ការតភ្ជាប់ជាយុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរ។ នៅក្នុងបរិបទនៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងបច្ចេកវិទ្យាយ៉ាងខ្លាំងនៅ​ទូទាំងពិភពលោក និងក្នុងតំបន់ ដំណើរទស្សនកិច្ចនេះ បាន​បញ្ជូនសារយ៉ាងច្បាស់លាស់​ថា វៀតណាម និងឡាវនឹងបន្តរួម​ដំណើរជាមួយគ្នា ចែករំលែកផលប្រយោជន៍ជាយុទ្ធសាស្ត្រ គាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍប្រទេស​ជាតិ និងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយ​បញ្ហាប្រឈមរួមប្រកបដោយប្រសិទ្ធភាព»​។

ទំនាក់ទំនងវៀតណាម-កម្ពុជាក៏កំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី​ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅផងដែរ។ ជំនួបប្រាស្រ័យជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ​នាពេល​កថ្មីៗនេះ បានបន្ត​ពង្រឹង​ទំនុកចិត្តនយោបាយ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាង​ប្រជាជននិងប្រជាជន។ លោក សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖

ឆ្នាំ២០២៦ ក៏ជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងថៃ (១៩៧៦-២០២៦)។ បន្ទាប់ពីការអភិវឌ្ឍកន្លះសតវត្សរ៍ ប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងជាដៃគូសេដ្ឋកិច្ចឈានមុខគេរបស់គ្នាទៅវិញទៅមកនៅក្នុងអាស៊ាន។ ដោយផ្អែកលើផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឆ្នាំ២០២៦-២០៣១ ភាគីទាំងពីរមានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជា៖ ការតភ្ជាប់គមនាគមន៍ ឡូជីស្ទិក ខ្សែសង្វាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍធនធានមនុស្សមានគុណភាពខ្ពស់។

ទន្ទឹមនឹងនោះ ទំនាក់ទំនងវៀតណាម-ទីម័រខាងកើតកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី រួមជាមួយនឹងដំណើរការធ្វើសមាហរណកម្មអាស៊ាន របស់​ប្រទេស​វ័យក្មេងបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមលោក ផាម ប៊ិញ ដាម ភារធារីវៀតណាមប្រចាំទីម័រខាងកើតបាន​ឱ្យ​ដឹងថា បច្ចុប្បន្ននេះ ប្រទេសទាំងពីរ​មានលក្ខខណ្ឌអំណោយផលជាច្រើនដើម្បីប្រែក្លាយ​ទំនុកចិត្តនយោបាយទៅជាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យកសិកម្ម សន្តិសុខស្បៀងអាហារ ពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្តូរឌីជីថល។

រួម​ដំណើរជាមួយគំនិតផ្តួចផ្តើមរបស់វៀតណាម​ដើម្បីអនាគតអាស៊ាន

រួមជាមួយនឹងសកម្មភាពការទូតទ្វេភាគី ក្នុងអំឡុងពេលដំណើរ​ទស្សនកិច្ច​នៅវៀតណាម មេដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសបានចូលរួមក្នុងវេទិកាអនាគតអាស៊ានលើកទីបីនៅទីក្រុងហាណូយ។ ការចូល​រួមរបស់ថ្នាក់ដឹកនាំប្រទេស​ទាំងនេះ បាន​បង្ហាញពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលវៀតណាម​បាន​ស្នើរ​ឡើងក្នុងឆ្នាំ ២០២៣ និងឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងលើតួនាទីតភ្ជាប់ និងការ​ចូលរួមចំណែករបស់​វៀតណាម​ដល់ដំណើរការនានា​ក្នុងតំបន់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក ផាំ វៀតហុង បានចាត់ទុកថា៖ «ការដែលនាយករដ្ឋមន្ត្រីថៃបានចូលរួមដោយផ្ទាល់នៅក្នុងវេទិកាអនាគតអាស៊ានលើក​នេះ បង្ហាញពីការយក​ចិត្ត​ទុក​ដាក់​របស់​ថៃ ចំពោះទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម ក៏ដូចជាគំនិតផ្តួចផ្តើមរបស់ប្រទេសនានា រួមទាំងវៀតណាម ក្នុង​ការជំរុញកិច្ចសន្ទនា និងដំណោះស្រាយរួមសម្រាប់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈម​នាពេល​បច្ចុប្បន្ន និងកសាងសហគមន៍អាស៊ាន​សាមគ្គី​ភាព និងកាន់​តែ​រឹងមាំនាពេលអនាគត»​។

សកម្មភាពការទូតទាំងនេះបង្ហាញពីការទទួលស្គាល់ដោយប្រទេសជិតខាង​ចំពោះការរួមចំណែកជា​វិជ្ជមានកាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងការជំរុញ​កិច្ចសន្ទនា ពង្រឹងសាមគ្គីភាពក្នុងតំបន់ និងរួម​ជាមួយ​ប្រទេសសមាជិក ដើម្បីកសាងអាស៊ានដ៏រឹងមាំ ស្វាហាប់ និងអភិវឌ្ឍប្រកបដោយចីរភាព៕​