ទាំងនេះក៏ជាខ្លឹមសាដែលបានលើកឡើងក្នុងអំឡុងពេលពិភាក្សារបស់រដ្ឋសភាវៀតណាម​អំពីគម្រោងច្បាប់ដីធ្លីដែលបានធ្វើវិសោធនកម្មនៅក្នុងសម័យប្រជុំលើកទីពីរនៃរដ្ឋសភានីតិកាលទី១៦។

ការអនុវត្តជាក់ស្តែងនៃច្បាប់ដីធ្លីឆ្នាំ២០២៤ បង្ហាញថា នៅមានបញ្ហាជាច្រើនដែលត្រូវការកែលម្អបន្ថែមទៀត ចាប់ពីយន្តការវាយតម្លៃដីធ្លី ការប្រមូលដីធ្លី សំណង ការគាំទ្រ និងការតាំងទីលំនៅថ្មី រហូតដល់នីតិវិធីសម្រាប់ការអនុវត្តគម្រោងវិនិយោគ។ ដីធ្លីមានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងវិស័យជាច្រើនដូចជា ការធ្វើផែនការ ការវិនិយោគ ការសាងសង់ លំនៅដ្ឋាន និងអាជីវកម្មអចលនទ្រព្យ។ ដូច្នេះ ប្រសិនបើបទប្បញ្ញត្តិច្បាប់ខ្វះភាពស៊ីសង្វាក់គ្នា រាល់ការជំពាក់ជំពិនក្នុងការអនុវត្តនឹងមិនត្រឹមតែប៉ះពាល់ដល់វឌ្ឍនភាពគម្រោង និងថ្លៃដើមអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប៉ះពាល់ដោយផ្ទាល់ដល់សិទ្ធិពលរដ្ឋផងដែរ។

ធ្វើសមកាលកម្ម​គោលនយោបាយនិងធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

នៅក្នុងសម័យប្រជុំនៅថ្ងៃទី ២២ ខែតុលា ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់ មិន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាពផលប្រយោជន៍របស់រដ្ឋ អ្នកប្រើប្រាស់ដីធ្លី អ្នកវិនិយោគ និងដើម្បីកែលម្អយន្តការវាយតម្លៃដីធ្លីឆ្ពោះទៅទិសតម្លាភាព មូលដ្ឋានទិន្នន័យ និងវិធីសាស្រ្តសមស្រប។

“បំពេញបន្ថែមគោលការណ៍នៃការធ្វើឱ្យមានតុល្យភាពផលប្រយោជន៍របស់រដ្ឋ អ្នកប្រើប្រាស់ដីធ្លី និងអ្នកវិនិយោគ។ បង្កើតមេគុណកែតម្រូវច្បាស់លាស់សម្រាប់តម្លៃដីឡូត៍ស្តង់ដារ។ តារាងតម្លៃដីធ្លីគួរតែមានវដ្ត ៥ ឆ្នាំ ឬអាចបត់បែនបាន ជាជាងការប្រកាស់មុនកាលកំណត់នូវយន្តការកែតម្រូវក្នុងអំឡុងពេលដែលមានការប្រែប្រួល។ បញ្ជាក់​អំពី​ការអនុវត្ត​តារាង​តម្លៃ និង​មេគុណ​សម្រាប់​សំណង ថ្លៃ​ប្រើប្រាស់​ដីធ្លី និង​ការជួល​ដីធ្លី ដើម្បី​ជៀសវាង​ការ​ដេញ​តាម​តម្លៃ។ កសាង​មូលដ្ឋាន​ទិន្នន័យ​តម្លៃ​ដីធ្លី​ជាតិ​ដែល​មាន​ទំនាក់ទំនង​គ្នា និង​ធ្វើ​បច្ចុប្បន្នភាព​ក្នុង​ពេលវេលា​ជាក់ស្តែង។ គោលដៅ​រយៈពេល​វែង​គឺ​ដើម្បី​កាត់បន្ថយ​បន្ទុក​លើ​អាជីវកម្ម និង​ប្រជាជន”។

ការធ្វើសមកាលកម្ម​គោលនយោបាយ​មិន​គួរ​ផ្តោត​តែ​លើ​ការ​បង្រួបបង្រួម​បទប្បញ្ញត្តិ​លើ​តម្លៃ​ដីធ្លី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ធានា​ថា​ បទប្បញ្ញត្តិ​ស្តីពី​ការ​ទទួល​បាន​ដីធ្លី សំណង និង​ការ​ជួយតាំង​ទីលំនៅ​ថ្មី​ត្រូវ​បាន​អនុវត្ត​យ៉ាង​ស៊ីសង្វាក់​គ្នា និង​មាន​តម្លាភាព។ ពី​ទស្សនៈ​នៃ​ការអនុវត្ត ការ​ធ្វើ​ឲ្យ​នីតិវិធី​សាមញ្ញ ការ​ធ្វើ​វិមជ្ឈការនិងវិសហមជ្ឈការសមស្រប ​មាន​តម្លាភាពក្នុងដំណើរការគ្រប់គ្រង ក៏​ជា​តម្រូវការ​សំខាន់ៗ​ផងដែរ។ សមាជិកសភា Nguyen Dinh Xuan នៃ​គណៈប្រតិភូ​រដ្ឋសភា​ខេត្ត Tay Ninh បាន​ថ្លែង​ថា៖

“ធ្វើ​ឲ្យសាមញ្ញនីយកម្មនីតិវិធីអំពីដីធ្លី។ ទីពីរ ធ្វើ​វិមជ្ឈការ វិសហមជ្ឈការ។ ទីបី ធានាបាននូវតម្លាភាព ហើយប្រហែលជាយើងគួរតែកាត់បន្ថយការបែងចែកដីធ្លីហួសហេតុទៅជាប្រភេទជាច្រើន ជាពិសេសដីដែលស្ថិតនៅក្នុងក្រុមដូចគ្នា ឧទាហរណ៍ ដីប្រចាំឆ្នាំ ដីដំណាំច្រើនឆ្នាំ និងដីកសិកម្មផ្សេងទៀតដែលមានតម្លៃស្មើរគ្នា ដើម្បីសម្រួលដល់ការគ្រប់គ្រង”។

បង្កើនប្រសិទ្ធភាពនៃការអនុវត្ត និងពង្រឹងទំនុកចិត្ត

សូម្បីតែគោលនយោបាយដែលត្រូវបានរចនាឡើងយ៉ាងល្អក៏ពិបាកអនុវត្តប្រកបដោយប្រសិទ្ធភាពដែរ បើគ្មានការណែនាំជាក់ស្តែង ការសម្របសម្រួលរវាងភ្នាក់ងារ និងការទទួលខុសត្រូវច្បាស់លាស់របស់អាជ្ញាធរគ្រប់កម្រិត។ ដូច្នេះ រួមជាមួយនឹងការធ្វើឲ្យសុក្រិតច្បាប់ ចាំបាច់ត្រូវធានាលក្ខខណ្ឌសម្រាប់ការអនុវត្ត បង្កើនការត្រួតពិនិត្យ និងដោះស្រាយការលំបាកណាមួយដែលកើតឡើងជាបន្ទាន់។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើសុក្រិតសេចក្តីព្រាងច្បាប់ ប្រធានរដ្ឋសភាលោកជិន ថាញ់ មិនបានថ្លែងថា៖ “ច្បាប់ដីធ្លីនេះត្រូវតែធ្វើឡើងយ៉ាងហ្មត់ចត់។ យើងត្រូវតែផ្តល់អាទិភាពដល់ការសុក្រិត ដើម្បីអនុម័តច្បាប់ដីធ្លីនៅក្នុងសម័យប្រជុំនេះ ព្រោះនេះជាភារកិច្ចសំខាន់ ដោយសារ​ច្បាប់ដីធ្លី ទាក់ទងទៅលើខឿនសេដ្ឋកិច្ចទាំងមូល និងជីវភាពរស់នៅរបស់ប្រជាជន”។

ការធ្វើវិសោធនកម្មច្បាប់ដីធ្លីគឺជាតម្រូវការដ៏សំខាន់មួយ ដើម្បីបើកធនធានសម្រាប់ការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យធនធានទាំងនេះក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ គោលនយោបាយត្រូវ អនុវត្តស្របគ្នា មានតម្លាភាព និងយុត្តិធម៌។ ដែលក្នុងនោះ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនត្រូវធានាដោយបទប្បញ្ញត្តិជាក់ស្តែង និងយន្តការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ធ្វើសមកាលកម្មគោលនយោបាយ គឺជាលក្ខខណ្ឌមួយសម្រាប់លុបបំបាត់ឧបសគ្គ ធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងការស្រុះចិត្តគំនិតគ្នា។ ការរួមបញ្ចូលគ្នានូវតម្រូវការទាំងពីរនេះនឹងជួយទាញយកផលប្រយោជន៍ដីធ្លីកាន់តែមានប្រសិទ្ធភាព ដោយធ្វើឱ្យមានសុខដុមរមនាដល់ផលប្រយោជន៍របស់រដ្ឋ ប្រជាជននិងអាជីវកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕