ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-អូស្ត្រាលីនៅក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់ទៀត​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតម្លៃយុទ្ធសាស្ត្រនៃទំនាក់ទំនងនេះ ចំពោះផលប្រយោជន៍រយៈពេលវែងរបស់ប្រទេសនីមួយៗ ក៏ដូចជាចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងលើ​ពិភពលោក។

សមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាក់ស្តែង និងមានប្រសិទ្ធភាព

វៀតណាម និងអូស្ត្រាលី បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៣ និង​​បង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងខែមីនា ឆ្នាំ២០២៤។ ក្រោយ​រយៈពេលពីរឆ្នាំអនុវត្តក្របខ័ណ្ឌថ្មី ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ដែលឆ្លុះបញ្ចាំងពីកម្រិតទំនុក​ចិត្ត​​នយោបាយកាន់​តែខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការអនុវត្តការសន្យាកម្រិតខ្ពស់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក ផាម ហ៊ុងតឹម បានវាយតម្លៃថា៖«​ក្រោយ​រយៈពេលជាងពីរឆ្នាំនៃការលើក​កម្ពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការវៀតណាម-អូស្ត្រាលីសម្រេចបានលទ្ធផលលេចធ្លោទាំងផ្នែកទទឹង និងជម្រៅ។ កម្រិតនៃការតភ្ជាប់រវាងប្រទេសទាំងពីរលើសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ខណៈដែលវិស័យសហប្រតិបត្តិការថ្មីៗកំពុងត្រូវបាន​ពង្រីក​ដោយ​ឥតឈប់ឈរ»​។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អូស្ត្រាលីបច្ចុប្បន្ននេះ​គឺជាដៃគូសេដ្ឋកិច្ចឈានមុខគេរបស់វៀតណាម ហើយវៀតណាមកំពុងអះអាងពីតួនាទីជាដៃគូពាណិជ្ជកម្មដ៏ស្វាហាប់របស់អូស្ត្រាលីនៅអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨,១ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អូស្ត្រាលីគឺជាដៃគូ​មួយក្នុងចំណោមដៃគូធំជាងគេទាំង ១០ របស់វៀតណាមក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងជំនួយអភិវឌ្ឍន៍ផ្លូវការ។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កំពុងលេចចេញជាកម្លាំងចលករថ្មីនៃកំណើន​។ ប្រទេសទាំងពីរបានអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើវិស័យដូចជា កសិកម្ម សុខាភិបាល សន្តិសុខ​ជីវសាស្រ្ត ម្ហូបអាហារ បរិស្ថាន មហាសមុទ្រ និងបរិយាកាស។ ជាពិសេស ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលីនៅទីក្រុងហាណូយកាលពីខែមិថុនាកន្លងទៅ ដោយផ្តោតលើ 5G, 6G បញ្ញាសិប្បនិម្មិត និងស៊ីមីកុងដុកទ័រ រួមជាមួយនឹងការអនុវត្តគំនិតផ្តួចផ្តើមសហប្រតិបត្តិការនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអូស្ត្រាលី-វៀតណាមចាប់ពីខែកក្កដាឆ្នាំនេះ បានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីជំរុញគម្រោងស្រាវជ្រាវរួមគ្នា និងបង្កើនការតភ្ជាប់រវាងស្ថាប័ន​ស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគ្រាសនៃប្រទេសទាំងពីរ។

ជំហានដ៏សំខាន់មួយក្នុងការអនុវត្តគោលនយោបាយកិច្ច​ការបរទេសរបស់បក្ស

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក ផាម ហ៊ុងតឹម​ វៀតណាម និងអូស្ត្រាលីបានចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាកាន់​តែច្រើន ហើយមានតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជួយប្រទេសនីមួយៗឆ្លើយតបកាន់តែប្រសើរឡើង ចំពោះការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងបរិយាកាសអន្តរជាតិ។ ដូច្នេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អូស្ត្រាលីរបស់លោក អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងបង្កើតសញ្ញាសម្គាល់ដ៏សំខាន់មួយ ដែលរួមចំណែកដល់ការបង្កើនទំនុកចិត្តនយោបាយ និងធ្វើឱ្យ​ស៊ីជ​ម្រៅថែមទៀត​នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី។

«​ក្នុងនាមជាសកម្មភាពការទូតកម្រិតខ្ពស់បំផុតរបស់បក្ស និងរដ្ឋ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់​ប្រធាន​រដ្ឋវៀតណាមទៅកាន់អូស្ត្រាលី ដំណើរទស្សនកិច្ចនេះមានអត្ថន័យខាងនយោបាយ ការទូត និងជា​និមិត្តរូបយ៉ាងជ្រាលជ្រៅ​។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបើកចេញ​ដំណាក់កាលថ្មីនៃការអភិវឌ្ឍក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីចក្ខុវិស័យជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការកសាងទំនាក់ទំនងវៀតណាម-អូស្ត្រាលី ឱ្យ​ក្លាយ​ទៅជាក្របខ័ណ្ឌនៃ​កិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព​ខ្ពស់ ដោយផ្អែកលើការជឿទុកចិត្ត​ និង​ការគោរព​គ្នាទៅវិញទៅមក និងមាន​ផលប្រយោជន៍រួម​ផងដែរ»​។

ដំណើរទស្សនកិច្ចនេះ ក៏ជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តគោលនយោបាយកិច្ច​ការបរទេសដែ​លត្រូវ​បានអនុម័តនៅក្នុង​មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលរួមចំណែកអនុវត្តន៍ជាក់​ស្តែងនូវគោលការណ៍អភិវឌ្ឍន៍ទំនាក់ទំនងជាមួយ​ដៃគូយុទ្ធសាស្ត្រ ឱ្យ​កាន់​តែស៊ីជម្រៅ ជាក់​ស្តែង មាន​ប្រសិទ្ធភាព និង​និរន្តរភាព។

ដោយចែករំលែកទស្សនៈដុចគ្នា សាស្ត្រាចារ្យ Carl Thayer មកពីសាកលវិទ្យាល័យ New South Wales បានចាត់ទុកថា៖ «​បច្ចុប្បន្ននេះ នៅពេលដែលកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអូស្ត្រាលី និងវៀតណាមដំណាក់កាល ២០២៤-២០២៧ ជិតដល់ទីបញ្ចប់ហើយ ប្រទេសទាំងពីរកំពុងចាប់ផ្តើមរៀបចំផែនការថ្មី​សម្រាប់អនាគត ដោយស្វែងរកវិស័យដែលនាំមកនូវអត្ថប្រយោជន៍ដល់ភាគីទាំងពីរ។ វៀតណាម​អាច​ផ្គត់ផ្គង់បន្ទះឈីបកុំព្យូទ័រ ដែលនឹងមានតម្លៃខ្លាំងណាស់។ វៀតណាមក៏កំពុងអភិវឌ្ឍ​កសិកម្ម​បច្ចេកវិទ្យាខ្ពស់ កំពង់ផែសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធ ហើយគំរូដឹកជញ្ជូនក៏បាន​ផ្លាស់ប្តូរ ដោយមាននាវាកាន់តែច្រើន​អាចចូលចតនៅវៀតណាម។ ហើយ​វៀតណាមក៏នឹងត្រូវការធនធានហិរញ្ញវត្ថុបន្ថែមទៀត។ ទាំងនេះគឺជាវិស័យដែលអូស្ត្រាលី និងនូវែលសេឡង់អាច​ជួយ​ឧបត្ថម្ភវៀតណាម​បាន»​។

ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការជឿទុកចិត្តខាងនយោបាយ ការបំពេញបន្ថែមឱ្យ​គ្នាទៅវិញទៅមក​ផ្នែក​សេដ្ឋកិច្ច និងរួម​គ្នា​ចែរំលែក​ការប្តេជ្ញាចិត្តសហប្រតិបត្តិការ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អូស្ត្រាលីរបស់លោក អគ្គលេខាងបក្ស ប្រធានរដ្ឋវៀតណាម តូ ឡឹម នឹងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អូស្ត្រាលី កាន់តែស៊ីជម្រៅ ជាក់​ស្តែង និងមានប្រសិទ្ធភាព៕​