ការលើកឡើងនេះបានបង្ហាញពីភាពចាំបាច់នៃការពង្រីកផ្នត់គំនិតកែទម្រង់ទៅកាន់វិស័យដែលមានអត្ថន័យយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងជាជំហានឈានទៅរកកំពស់ថ្មីនៃសមត្ថភាពអភិបាលកិច្ចជាតិផងដែរ។

ស្មារតីរួមនៅក្នុងជំហានផ្លាស់ប្តូរយុទ្ធសាស្ត្រដែលលើកឡើងដោយអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម នៅក្នុងសន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ គឺដើម្បីឆ្ពោះទៅរកគោលដៅរួម នោះគឺការកសាងប្រព័ន្ធអភិបាលកិច្ចជាតិទំនើប មានប្រសិទ្ធភាព និងសម្របខ្លួនកាន់តែប្រសើរឡើងទៅនឹងតម្រូវការអភិវឌ្ឍន៍នៃយុគសម័យថ្មី។

ការសម្លឹងមើលធនធាននានាជាអង្គភាពឯកភាពតែមួយ

នៅក្នុងជំហានផ្លាស់ប្តូរពីអភិបាលកិច្ចដោយបំបែកពីគ្នា ទៅជាអភិបាលកិច្ចដោយឯកភាពលើលំហអភិវឌ្ឍន៍និងធនធានជាតិ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា លំហរដ្ឋបាលមិនអាចដាក់កំណត់លើផ្នត់គំនិតអភិវឌ្ឍន៍បានទេ។ ដីធ្លី សមុទ្រ តំបន់ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងទិន្នន័យត្រូវតែសម្លឹងមើលជាអង្គភាពតែមួយ រៀបចំតាមយុទ្ធសាស្ត្រជាតិ គុណសម្បត្តិតំបន់ និងប្រសិទ្ធភាពរួម។ ជំហានផ្លាស់ប្តូរនេះត្រូវតែបង្កើតលំហអភិវឌ្ឍន៍ថ្មី ដោយនាំយកធនធានទៅកាន់កន្លែងដែលវាត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនាំមកនូវផល​ប្រយោជន៍ដោយសុខដុមរមនា រវាងរដ្ឋ ប្រជាជន និងអាជីវកម្ម ហើយតភ្ជាប់គុណសម្បត្តិនៃមូលដ្ឋានទៅជាកម្លាំងពលំជាតិ។

យោងតាមលោកសាស្ត្រាចារ្យ បណ្ឌិត ង្វៀន ទួនអាញ អគ្គនិពន្ធនាយកនៃទស្សនាវដ្ដីវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិហាណូយ បានឲ្យដឹងថា តម្រូវការក្នុងការបង្កើត «ជំហានផ្លាស់ប្តូរពីអភិបាលកិច្ចដោយបំបែកពីគ្នា ទៅជាអភិបាលកិច្ចដោយឯកភាពលើលំហអភិវឌ្ឍន៍និងធនធានជាតិ» ដូចដែលបានលើកឡើងដោយអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម គឺជាប្រការដែលលោកចាប់អារម្មណ៍បំផុត។

“នេះគឺជាទិសដៅដ៏មានសារសំខាន់យុទ្ធសាស្ត្រ។ ជំហានផ្លាស់ប្តូរនេះតម្រូវឱ្យមានការសម្លឹងមើលធនធាននានានៅក្នុងអង្គភាពឯកភាពតែមួយ ដែលរៀបចំឡើងស្របតាមយុទ្ធសាស្ត្រជាតិ គុណសម្បត្តិតំបន់ និងប្រសិទ្ធភាពអភិវឌ្ឍន៍រួម។ មូលដ្ឋាននីមួយៗនៅតែត្រូវពង្រីកប្រៀបខ្លាំងរបស់ខ្លួន ប៉ុន្តែត្រូវតែដាក់នៅក្នុងទំនាក់ទំនងជាមួយមូលដ្ឋានផ្សេងទៀត និងជាមួយគោលដៅរួមរបស់ប្រទេសជាតិ”។

ជំហានមួយឆ្ពោះទៅរកការលើកកម្ពស់ផ្នត់គំនិតនិងអភិបាលកិច្ចជាតិ

ទាក់ទងនឹងលទ្ធផលនៃការកែទម្រង់រចនាសម្ព័ន្ធក្បាលម៉ាស៊ីន ប្រមុខបក្សនិងរដ្ឋបានបញ្ជាក់ថា ការរៀបចំប្រព័ន្ធនយោបាយឡើងវិញនាពេលកន្លងមក បានបង្កើតរចនាសម្ព័ន្ធដែលមានលក្ខណៈបង្រួមជាងមុន ប៉ុន្តែ «ការបង្រួមគ្រាន់តែជាលក្ខខណ្ឌប៉ុណ្ណោះ»។

ភាពជោគជ័យនៃកំណែទម្រង់មិនមែនត្រូវបានបង្ហាញដោយចំនួនស្ថាប័នដែលបានបញ្ចូលគ្នា ការកាត់បន្ថយចំនួនភ្នាក់ងារ ឬការកាត់បន្ថយបុគ្គលិកនោះទេ ប៉ុន្តែត្រូវតែបញ្ជាក់នៅពេលដែលដំណើរការធ្វើការសម្រេចចិត្តលឿនជាងមុន ការសម្របសម្រួលរវាងស្ថាប័ននានារលូនជាងមុន នីតិវិធីរដ្ឋបាលងាយស្រួលជាងមុន ហើយប្រជាពលរដ្ឋ និងអាជីវកម្មត្រូវបានបម្រើប្រសើរជាងមុន។ នោះក៏ជាមូលហេតុដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា រង្វាស់បូកសរុបរយៈពេលមួយឆ្នាំនៃប្រតិបត្តិការគំរូថ្មី មិនត្រឹមតែជាការកាត់បន្ថយចំនួនភ្នាក់ងារប៉ុណ្ណោះទេ ថែមទាំងត្រូវជាប្រសិទ្ធភាពនៃការដឹកនាំ ប្រសិទ្ធភាពអភិបាលកិច្ច និងគុណភាពនៃការបម្រើប្រជាជនទៀតផង។

ដោយវិភាគសេចក្តីណែនាំនេះឱ្យកាន់តែលម្អិត លោកសាស្ត្រាចារ្យ បណ្ឌិត ង្វៀន ទួនអាញបានចាត់ទុកថា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្រាយបំភ្លឺនូវអត្តចរិតនិងគោលដៅស្នូលនៃការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនឡើងវិញ។ សេចក្តីណែនាំនេះបានបង្ហាញពីជំហានថ្មីមួយក្នុងផ្នត់គំនិតអភិបាលកិច្ច។

“សេចក្តីណែនាំនេះពិតជាបង្ហាញពីការលើកកំពស់ផ្នត់គំនិតនិងសមត្ថភាពអភិបាលកិច្ចជាតិ។ ជាដំបូង នោះគឺការផ្លាស់ប្តូរពីការវាយតម្លៃដោយផ្អែកលើសូចនាករធាតុចូល ដូចជាចំនួនភ្នាក់ងារ អង្គភាព ឬបុគ្គលិកដែលត្រូវបានកាត់បន្ថយ ទៅជាលទ្ធផលនិងការជះឥទ្ធិពលជាក់ស្តែង។ ក្បាលម៉ាស៊ីនមួយដែលត្រូវបានបង្រួម​ ត្រឹមតែមានអត្ថន័យពិតប្រាកដ នៅពេលដែលវាបង្កើនប្រសិទ្ធភាពក្នុងការដឹកនាំ ប្រសិទ្ធភាពអភិបាលកិច្ច និងគុណភាពនៃការបម្រើប្រជាជនប៉ុណ្ណោះ។ ទីពីរ សេចក្តីណែនាំនេះដាក់ប្រជាជននៅទីតាំងកណ្តាល។ គុណភាពប្រតិបត្តិការនៃប្រព័ន្ធនយោបាយមិនត្រឹមតែត្រូវបានវាយតម្លៃពីខាងក្នុងប៉ុណ្ណោះទេ ថែមទាំងត្រូវបានវាយតម្លៃពីបទពិសោធន៍ជាក់ស្ដែងរបស់ប្រជាជនទៀតផង។ លក្ខណៈវិនិច្ឆ័យដូចជាពេលវេលាបំពេញបែបបទ លទ្ធភាពទទួលបានសេវាសាធារណៈ កម្រិតតម្លាភាព ការឆ្លើយតបទៅនឹងការផ្តល់យោបល់ និងការពេញចិត្តរបស់ប្រជាជន ត្រូវក្លាយជារង្វាស់សំខាន់ៗ”។

ម្យ៉ាងវិញទៀត នេះក៏ជាតម្រូវការក្នុងការផ្លាស់ប្តូរពីការគ្រប់គ្រងរដ្ឋបាលទៅជាអភិបាលកិច្ចទំនើបផងដែរ។ អភិបាលកិច្ចជាតិទំនើបទាមទារការសម្របសម្រួលរវាងកម្រិត និងផ្នែកនានា។ ជាពិសេស នៅក្នុងគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត កម្រិតឃុំគឺនៅជិតប្រជាជនបំផុត ហើយដោះស្រាយកិច្ចការភាគច្រើនរបស់ប្រជាជនដោយផ្ទាល់។ ដូច្នេះ កម្រិតឃុំត្រូវតែទទួលបានសមត្ថកិច្ច ធនធាន បុគ្គលិក និងឧបករណ៍គ្រប់គ្រាន់ដើម្បីអនុវត្តន៍ភារកិច្ចរបស់ខ្លួន។

ក្រោយរយៈពេលមួយឆ្នាំអនុវត្តន៍គំរូថ្មី កំណែទម្រង់កំពុងចូលដល់ដំណាក់កាលគន្លឹះ ដោយផ្តោតលើការលើកកំពស់គុណភាពប្រតិបត្តិការ។ ភាពជោគជ័យនៃសមត្ថភាពប្រតិបត្តិការថ្មីគឺជារង្វាស់នៃតម្លៃនៃកំណែទម្រង់ ពីព្រោះនៅទីបំផុត គោលនយោបាយនីមួយៗត្រូវតែបង្កើតសមត្ថភាពអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសជាតិ៕