ទោះបីជាមានសេចក្តីថ្លែងការណ៍មួយចំនួនពីមន្ត្រីអាមេរិកអំពីការសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទាក់ទងនឹងច្រកសមុទ្រហ័រមូសក្នុងពេលឆាប់ៗនេះក៏ដោយ ការពិតជាក់ស្ដែងនៃជម្លោះនៅមជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបានបង្ហាញថា សេណារីយ៉ូនៃការជាប់គាំងយូរអង្វែង ទំនងជានឹងកើតឡើង ដែលអូសទាញផលវិបាកផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសម្រាប់តំបន់និងពិភពលោក។

នាថ្ងៃទី ៥ ខែសីហា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានប្រកាសថា "កិច្ចព្រមព្រៀងស្តីពីការបើកច្រកសមុទ្រហ័រមូសឡើងវិញអាចសម្រេចបានក្នុងរយៈពេល ១-២ ថ្ងៃ"។ មុននោះ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានបញ្ជាក់ផងដែរថា ជម្លោះនេះជិតដល់ទីបញ្ចប់ហើយ។ ទោះជាយ៉ាងណាក៏ដោយ ដូចសេចក្តីថ្លែងការណ៍ជាច្រើនរបស់មន្ត្រីអាមេរិកពីមុនដែរ ស្ថានការណ៍ជាប់គាំងនៅតែបន្ត។

សេចក្តីថ្លែងការណ៍ផ្ទុយគ្នា

ប៉ុន្មានថ្ងៃបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់អាមេរិក នាថ្ងៃទី ៨ ខែសីហា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ បានដាក់ចេញលក្ខខណ្ឌជាច្រើនសម្រាប់សហរដ្ឋអាមេរិកដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ ក្នុងនោះទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ចប់សង្គ្រាមទាំងស្រុង ដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ ហើយផ្តល់សំណងដល់ទីក្រុងតេអេរ៉ង់សម្រាប់ការខូចខាត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ លោក Mohammad Bagher Zolghadr បានអះអាងថា ទីក្រុងតេអេរ៉ង់នឹងមិនបើកច្រកសមុទ្រហ័រមូសឡើងវិញទេ រហូតដល់ពេលសហរដ្ឋអាមេរិក «ផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន» សិន។

រួមជាមួយនឹងបញ្ជីលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ អ៊ីរ៉ង់ក៏បានច្រានចោលសេចក្តីថ្លែងការណ៍ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា ភាគីទាំងពីរកំពុង "ចរចាពាក់កណ្តាល"។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រកាសថា៖

"ការចរចាមាននិយមន័យផ្ទាល់ខ្លួន។ មិនថាក្នុងករណីណាក៏ដោយ ការចរចាក៏វិលជុំវិញប្រធានបទជាក់លាក់មួយ ដើម្បីសម្រេចបានលទ្ធផល។ បច្ចុប្បន្ននេះ យើងមិនចរចាជាមួយសហរដ្ឋអាមេរិកទេ។ គ្រាន់តែមានការផ្លាស់ប្តូរសារតាមរយៈអន្តរការីម៉ែន ប៉ុន្តែវាមិនត្រូវបានហៅថាការចរចាបានទេ។ នោះគ្រាន់តែជាការផ្លាស់ប្តូរសារប៉ុណ្ណោះ។ ភាគីអន្តរការីនៅតែកំពុងខិតខំប្រឹងប្រែងបង្កើតមូលដ្ឋានសម្រាប់ការចរចាឡើងវិញ។ តាមទស្សនៈរបស់យើង ដរាបណាអំពើរំលោភបំពានលើអនុស្សរណៈនៃការយោគយល់គ្នា មិនទាន់បញ្ចប់ ហើយសហរដ្ឋអាមេរិកមិនទាន់សងសំណងសម្រាប់អ្វីៗដែលពួកគេបានរំលោភនៅក្នុងអនុស្សរណៈនោះ គឺគ្មានលទ្ធភាពសម្រាប់បន្តការចរចាឡើងវិញទេ"។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ក្រោយពីសេចក្តីប្រកាសបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ និងជំរុញការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅនានារបស់អ៊ីរ៉ង់ ក្នុងរយៈពេលពាក់កណ្តាលខែកក្កដា ប៉ុន្តែមិនអាចបង្ខំឱ្យអ៊ីរ៉ង់ដកថយក្រោយនោះ ការពិតជាក់ស្ដែងនៅលើសមរភូមិបានបង្ខំឱ្យសហរដ្ឋអាមេរិកត្រូវទទួលយកភាពជាប់គាំងបច្ចុប្បន្ន ហើយថែមទាំងកំពុងបាត់បង់ភាពម្ចាស់ការជាបណ្ដើរៗទៅឱ្យអ៊ីរ៉ង់ទៀតផង។ ប្រការនេះ​ត្រូវបានបង្ហាញយ៉ាង​ច្បាស់​បំផុត​នៅ​ពេលដែលអ៊ីរ៉ង់បន្ត​បិទខ្ទប់​ច្រក​សមុទ្រ​ហ័រមូស​ ​រារាំង​នាវាពីការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ជាពិសេស​ កំពុង​សហការ​ជាមួយ​ប្រទេស​អូម៉ង់ ដើម្បី​បង្កើត​យន្តការ​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​ច្រក​សមុទ្រនេះ​ដោយ​គ្មាន​ការ​ចូលរួម​ពី​សហរដ្ឋអាមេរិក។

តើ​ភាព​ជាប់គាំង​នេះនឹងអូសបន្លាយដល់ពេលណា?

ភាព​ជាប់គាំង​បច្ចុប្បន្ន​នេះ ​បាន​ដាក់ចេញ​សំណួរ​ថា តើ​រដ្ឋបាល​អាមេរិក​អាច​រក្សា​យុទ្ធសាស្ត្រ "ដាក់សម្ពាធ​អតិបរមា" ​បាន​យូរ​ប៉ុណ្ណា។ នៅ​ក្នុង​របាយការណ៍​ថ្មីៗ​នេះ មជ្ឈមណ្ឌល​ស្រាវជ្រាវអន្តរជាតិនិងយុទ្ធសាស្ត្រ (CSIS) ដែល​មានទីស្នាក់ការ​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​ចង្អុល​បង្ហាញ​ថា ការដែលសហរដ្ឋអាមេរិក ​គួបផ្សំ​ការ​បិទ​ខ្ទប់ ការដាក់សម្ពាធ​អតិបរមា និង​ការ​វាយប្រហារ​តាម​ជើងអាកាស​ដែលមាន​កំណត់ ខណៈ​ដែលនៅតែ​រក្សា​កាណាល​ចរចា​ដោយ​ប្រយោល (តាមរយៈ​ប្រទេស​អូម៉ង់ និង​ប៉ាគីស្ថាន) តាមពិតគឺជា​ទម្រង់​មួយ​នៃ​ការតថ្លៃតាមរយៈការបង្កើនភាពតានតឹង។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបន្ទាត់​រវាង "ការ​តថ្លៃកំញើញ" និង "ការ​បង្ក​សង្គ្រាម​ទ្រង់ទ្រាយសរុប" គឺ​ស្តើង​ខ្លាំង​ណាស់។

លើស​ពី​នេះ ដើម្បី​រក្សា​យុទ្ធសាស្ត្រ​នេះ សហរដ្ឋអាមេរិក​នឹង​ត្រូវ​ជម្នះលើ​បញ្ហា​ប្រឈម​ជាច្រើន​ទាក់ទង​នឹង​អតុល្យភាព (នៃ​ប្រតិបត្តិការ​យោធា)និង​បញ្ហាប្រសិទ្ធភាព-ការ​ចំណាយ។ របាយការណ៍របស់ CSIS កាលពីថ្ងៃទី ៩ ខែសីហា ដោយដកស្រង់ព័ត៌មានពីឯកសាររបស់មន្ទីរបញ្ចកោណសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ បានឲ្យដឹងថា ជម្លោះជាមួយអ៊ីរ៉ង់កំពុងបណ្តាលឱ្យយោធាអាមេរិកជួបប្រទះនឹងការខ្វះខាតយ៉ាងខ្លាំងនៃមីស៊ីលការពារដែនអាកាស Patriot (បច្ចុប្បន្នសល់តែតិចជាង ១០០០​ គ្រាប់) ឬមីស៊ីល THAAD (តិចជាង ២៥០ គ្រាប់)។ ស្ថានភាពនេះបានបង្ខំឱ្យរដ្ឋបាលសហរដ្ឋអាមេរិក ស្នើសុំថវិកាបន្ថែមរហូតដល់ ៩៥ ពាន់លានដុល្លារដើម្បីបំពេញបន្ថែមគ្រាប់រំសេវ។ អ្វីដែលសំខាន់បំផុតនោះគឺ សម្ពាធយោធាទោះបីជាត្រូវបានអូសបន្លាយក៏ដោយ ក៏មិនអាចធានាការផ្លាស់ប្តូរជំហររបស់ទីក្រុងតេអេរ៉ង់បានដែរ។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance បានទទួលស្គាល់ថា៖

"ពេលខ្លះ វាហាក់ដូចជាយើងកំពុងសម្រេចបានវឌ្ឍនភាព ប៉ុន្តែពេលខ្លះទៀត វាហាក់ដូចជាមិនមែនយ៉ាងដូច្នេះទេ។ ការពិតគឺថា ទីមួយ ប្រជាជនអ៊ីរ៉ង់មានជំហររឹងប៉ឹងខ្លាំង។ ទីពីរ ប្រព័ន្ធរបស់ពួកគេត្រូវបំបែក។ នៅក្នុងប្រព័ន្ធនោះ មានមនុស្សដែលចង់បញ្ចប់ជម្លោះ ប៉ុន្តែក៏មានមនុស្សខ្លះទៀតដែលចង់ឱ្យជម្លោះបន្តផងដែរ។ ភារកិច្ចរបស់យើងគឺឆ្លើយតបនឹងស្ថានភាពនោះដើម្បីសម្រេចបានលទ្ធផលល្អបំផុត។ ខ្ញុំចាត់ទុកថា លទ្ធផលចុងក្រោយនឹងមានភាពស្មុគស្មាញ ហើយត្រូវការពេលវេលាដើម្បីសម្រេចបាន"។

ការវាយតម្លៃរបស់អ្នកជំនាញខ្លះឥឡូវនេះ មានទំនោរទៅរកសេណារីយ៉ូនៃការជាប់គាំងដ៏យូរអង្វែង សូម្បីតែ "ការបង្កកមួយផ្នែក" នៃជម្លោះ ព្រោះទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទំនងជាមិនធ្វើសម្បទានសំខាន់ៗលើបញ្ហាស្នូលទាក់ទងនឹងការគ្រប់គ្រងច្រកសមុទ្រហ័រមូសនោះទេ។ កត្តា “ការបោះឆ្នោតពាក់កណ្តាលអាណត្តិ” នៅសហរដ្ឋអាមេរិកនៅក្នុងខែវិច្ឆិកា ក៏ហាក់ដូចជាលែងជាក្ដីកង្វល់ដ៏ធំបំផុតសម្រាប់ទីក្រុងវ៉ាស៊ីនតោនទៀតដែរ ដោយសារតែលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងសេចក្ដីថ្លែងទៅកាន់អ្នកបោះឆ្នោតអាមេរិកនាពេលថ្មីៗនេះ បានលើកឡើងសេណារីយ៉ូមួយ ដែលសហរដ្ឋអាមេរិកត្រូវទទួលយកតម្លៃប្រេងខ្ពស់ក្នុងរយៈពេលមួយ ទោះបីជាការបន្ទាបតម្លៃប្រេង និងកាត់បន្ថយសម្ពាធលើការចំណាយប្រចាំថ្ងៃសម្រាប់របស់អ្នកបោះឆ្នោតអាមេរិក ធ្លាប់ត្រូវបានចាត់ទុក ជាកត្តាចម្បងមួយដែលសហរដ្ឋអាមេរិកត្រូវតែពិចារណានៅក្នុងជម្លោះ ជាមួយអ៊ីរ៉ង់ក៏ដោយ៕