បន្ទាប់ពីសេចក្ដីប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៨ ខែកក្កដាថា "កិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានបញ្ចប់ហើយ" កងទ័ពអាមេរិកបានចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់ ហើយជាការតបតវិញ អ៊ីរ៉ង់ក៏បានវាយប្រហារមូលដ្ឋានសឹកអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែរ្សផងដែរ។
សេណារីយ៉ូដែលពិបាកជៀសផុតណាស់
ការវិវឌ្ឍបច្ចុប្បន្នកំពុងបង្កើតឡើងវិញនូវភាពតានតឹងទាំងអស់នៅកម្រិតខ្ពស់បំផុតក្នុងអំឡុងពេលជម្លោះសរុប រវាងភាគីទាំងពីរ ដោយខ្វះតែការចូលរួមពីអ៊ីស្រាអែលប៉ុណ្ណោះ។ ហេតុផលស្នូល ដូចដែលអ្នកជំនាញភាគច្រើនបានកត់សម្គាល់អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ នៅតែជាការខ្វែងគំនិតគ្នាយ៉ាងធ្ងន់ធ្ងររវាងភាគីទាំងពីរ អំពីរបៀបបកស្រាយអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខានាថ្ងៃទី ១៧ ខែមិថុនា ជាពិសេសមាត្រាមិនច្បាស់លាស់ ទាក់ទងនឹងច្រកសមុទ្រហ័រមូស។ លោក Thomas Juneau អ្នកជំនាញស្រាវជ្រាវនៅកម្មវិធីមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងនៃវិទ្យាស្ថាន Chatham House (ចក្រភពអង់គ្លេស) បានធ្វើអត្ថាធិប្បាយថា៖
«ដំបូងឡើយ អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មានគោលដៅពីរគឺ បញ្ចប់ការប្រយុទ្ធគ្នា និងបើកច្រកសមុទ្រហ័រមូសឡើងវិញ។ លើសពីនេះ ឯកសារនេះបានកំណត់ក្របខ័ណ្ឌទូលំទូលាយ និងមិនច្បាស់លាស់សម្រាប់ការចរចាលើបញ្ហាកាន់តែស្មុគស្មាញជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមគឺ ភាពមិនច្បាស់លាស់នៅក្នុងមាត្រានានានៃអនុស្សរណៈបានធ្វើឱ្យការខ្វែងគំនិតគ្នារវាងភាគីទាំងពីរក្លាយជារឿងដែលជៀសមិនរួច។ ជាក់ស្ដែងគឺ ការជជែកវែកញែកអំពីរបៀបបកស្រាយបទប្បញ្ញត្តិមិនច្បាស់លាស់ទាំងនោះ ក៏ដូចជាការដែល កិច្ចព្រមព្រៀងមួយដែលសំដៅទៅលើការឈប់បាញ់ មិននាំទៅរកការបញ្ចប់អំពើហិង្សាពិតប្រាកដនោះឡើយ។ ប្រការនេះត្រូវបានព្យាករណ៍ទុកជាមុន ហើយនោះគឺជាអ្វីៗដែលយើងបានឃើញចាប់តាំងពីពេលនោះមក»។
ដោយចែករំលែកទស្សនៈនេះ លោក Aaron David Miller សមាជិកជាន់ខ្ពស់នៅ មូលនិធិ Carnegie ដើម្បីសន្តិភាពអន្តរជាតិ និងជាអតីតអ្នកជំនាញខាងវិភាគនិងចរចាអំពីមជ្ឈិមបូព៌ានៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាត់ទុកថា រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានវិនិច្ឆ័យខុសចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការការពារសិទ្ធិគ្រប់គ្រងច្រកសមុទ្រ
ហ័រមូស ដោយសារតែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រកាសជាសាធារណៈម្តងហើយម្តងទៀតថា ចំពោះអ៊ីរ៉ង់ ច្រកសមុទ្រហ័រមូសមានសារៈសំខាន់ជាងអាវុធនុយក្លេអ៊ែរទៀត។ ដូច្នេះ សម្ពាធអតិបរមាពីសហរដ្ឋអាមេរិកទំនងជាមិនអាចផ្លាស់ប្តូររឿងនេះបានទេ សូម្បីតែសហរដ្ឋអាមេរិកចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំក៏ដោយ។ លោក Aaron David Miller បានធ្វើអត្ថាធិប្បាយថា៖
«ខ្ញុំមិនគិតថា រដ្ឋបាលលោក Trump ចង់បានរឿងនោះទេ។ ដូច្នេះ នេះអាចក្លាយជាស្ថានភាពប្រក្រតីថ្មី ទោះបីជាខ្ញុំគិតថា ស្ថានភាពនេះទំនងជាមិនអូសបន្លាយបានយូរអង្វែងក៏ដោយ។ ការបិទខ្ទប់ផ្លូវកងទ័ពជើងទឹក អាចត្រូវបានដាក់ឡើងវិញ ហើយអ៊ីរ៉ង់នឹងចាប់ផ្តើមរងការខូចខាតផ្នែកសេដ្ឋកិច្ច ប៉ុន្តែក៏គួរឱ្យកត់សម្គាល់ផងដែរថា សេដ្ឋកិច្ចប្រេងសកលក៏នឹងរងផលវិបាកដូចគ្នាផងដែរ»។
ការទូតនៅពីក្រោយឆាក
ការកើនឡើងយ៉ាងឆាប់រហ័សនៃជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានធ្វើឱ្យក្តីសង្ឃឹមសម្រាប់ដំណោះស្រាយការទូត ដែលមានភាពផុយស្រួយពីមុនមក រឹតតែស្រអាប់ថែមទៀត។ ការជួបប្រាស្រ័យការទូតថ្មីៗបំផុតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ គឺដោយប្រយោល ដែលធ្វើឡើងនៅទីក្រុងដូហា តាមរយៈការសម្របសម្រួលរបស់កាតា និងប៉ាគីស្ថាន។ យថាទស្សន៍សម្រាប់បន្តការចរចារយៈពេល ៦០ ថ្ងៃនៅប្រទេសស្វីស ដូចដែលបានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ទោះបីជានៅកម្រិតបច្ចេកទេសក៏ដោយ ក៏ត្រូវបានគេចាត់ទុកថា មិនអាចទៅរួចនៅពេលនេះទេ។
ទោះជាយ៉ាងណាក៏ដោយ ផ្លូវការទូតមិនត្រូវបិទទាំងស្រុងនោះទេ។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា «កិច្ចព្រមព្រៀងឈប់បាញ់បានបញ្ចប់ហើយ» មិនចាំបាច់មានន័យថា «អ្វីៗគ្រប់បែបយ៉ាងបានបញ្ចប់ហើយ» នោះទេ ពីព្រោះបន្ទាប់ពីមួយឆ្នាំកន្លះក្នុងអាណត្តិប្រធានាធិបតីទីពីររបស់លោក Trump ពាក្យសម្ដីរបស់ប្រធានាធិបតីអាមេរិករូបនេះ មិនតែងតែឆ្លុះបញ្ចាំងពីចេតនាពិតរបស់លោកនោះទេ។ តាមពិតទៅ ប្រធានាធិបតីអាមេរិក អាចចេញសេចក្ដីថ្លែងការណ៍មួយ ប៉ុន្តែត្រឹមរយៈពេលដ៏ខ្លីបន្ទាប់មក លោកបានធ្វើសកម្មភាពផ្ទុយពីនេះ។ លោក Thomas Juneau អ្នកជំនាញមកពីវិទ្យាស្ថាន Chatham House (ចក្រភពអង់គ្លេស) បានធ្វើអត្ថាធិប្បាយថា៖
«នៅពេលដែលលោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងឈប់បាញ់បានបញ្ចប់ហើយ ផ្នែកមួយនៃអត្ថន័យគឺថា លោកបានបង្ហាញពីភាពសង្ស័យរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងនេះ ដែលខ្ញុំគិតថាមនុស្សភាគច្រើនក៏មានទស្សនៈដូចគ្នាដែរ។ ក្នុងពេលជាមួយគ្នានោះ លោកក៏បានបង្ហាញពីភាពត្រៀមខ្លួនជាស្រេចបន្តការចរចាជាមួយអ៊ីរ៉ង់ ទោះបីជាតាមរយៈបណ្តាញប្រយោលក៏ដោយ។ ដូច្នេះ ប្រសិនបើក្រឡែកមើលបញ្ហានេះលើទិដ្ឋភាពដ៏ទូលំទូលាយជាង យើងអាចឃើញថា ទោះបីជាបទឈប់បាញ់កំពុងស្ថិតក្នុងស្ថានភាពមិនស្ថិតស្ថេរនិងលំបាកខ្លាំងក៏ដោយ ប៉ុន្តែមិនមានន័យថា វាបានបញ្ចប់ទាំងស្រុងនោះទេ»។
ជារួម មជ្ឈដ្ឋានអ្នកវិភាគនៅតែចាត់ទុកថា ដំណោះស្រាយការទូតនៅតែជាផ្លូវចេញតែមួយគត់ដែលមានលក្ខណៈចរីភាព ពីព្រោះភាគីទាំងពីរបានឈានដល់ដែនកំណត់នៃការស៊ូទ្រាំ
ហើយ។
លើសពីនេះ កិច្ចចរចានៅក្រៅឆាកនៅតែបើកចំហ។ ការចូលរួមយ៉ាងសកម្មរបស់ប្រទេសដែលមានតួនាទីនៅក្នុងតំបន់ ដូចជា៖ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) ប៉ាគីស្ថាន សំដៅបន្ធូរបន្ថយភាពតានតឹងនៅច្រកសមុទ្រហ័រមូស គឺជាសម្ពាធអន្តរជាតិដ៏ធំមួយដែលបង្ខំឱ្យសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ត្រូវពិចារណាឡើងវិញ។ ហេតុដូច្នេះ ទោះបីជាលទ្ធភាពសម្រាប់ឈានដល់ដំណោះស្រាយការទូតរយៈពេលខ្លីដ៏ទូលំទូលាយ ទំនងជាមិនអាចទៅរួចទេ ដោយសារតែភាពខុសគ្នាយ៉ាងខ្លាំងនៃគោលជំហរ និងស្ថានភាពប្រយុទ្ធគ្នាកាន់តែកើនឡើង ប៉ុន្តែសម្ពាធសេដ្ឋកិច្ចសកល ហានិភ័យសន្តិសុខថាមពល និងភាពអស់កម្លាំងពីការតបតគ្នាទៅវិញទៅមក អាចបង្ខំឱ្យភាគីទាំងពីរត្រូវទទួលយក "កិច្ចព្រមព្រៀងមួយដើម្បីកាត់បន្ថយហានិភ័យ" ជាបណ្តោះអាសន្ន មុនពេលពិចារណាលើសន្ធិសញ្ញាសន្តិភាពរយៈពេលវែង៕
