ជាមួយនឹងសេចក្តីសន្និដ្ឋាននេះ វៀតណាមបន្តផ្ញើសារគោលនយោបាយការបរទេសឥតងាក់រ៉េគឺ៖ កិច្ចការពារបរិស្ថានគឺជាការធានាសិទ្ធិរស់រានមានជីវិត សិទ្ធិតទទួលបានសុវត្ថិភាព និងសិទ្ធិអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

យោងតាមអង្គការសហប្រជាជាតិ ការប្រែប្រួលអាកាសធាតុប៉ះពាល់ដោយផ្ទាល់ និងអវិជ្ជមានដល់ការទទួលបានសិទ្ធិមនុស្ស រួមទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិសុខភាព សិទ្ធិទទួលបានអាហារ សិទ្ធិទទួលបានទឹកស្អាត សិទ្ធិទទួលបានលំនៅដ្ឋាន និងសិទ្ធិរស់នៅក្នុងបរិស្ថានស្អាតស្អំ។

បរិស្ថានរស់នៅប្រកបដោយសុវត្ថិភាពគឺជាសិទ្ធិមនុស្សជាមូលដ្ឋាន

អស់រយៈពេលជាយូរមកហើយ កិច្ចការពារបរិស្ថានត្រូវបានមើលឃើញថា ជាការដោះដូរ ឬជាកិច្ចការដែលអមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច។ ថ្វីត្បិតដូច្នេះក៏ដោយ ស្ថានភាពបំពុលខ្យល់ជាក់ស្តែងនៅក្នុងទីក្រុងធំៗ គ្រោះរាំងស្ងួត និងការជ្រាបចូលទឹកប្រៃ នៅតំបន់ដីសណ្តទន្លេគឺវឡុង រហូតដល់ការរអិលបាក់ដីនៅតំបន់ភ្នំភាគខាងជើង បានបង្ហាញថា ការខូចខាតអំពីបរិស្ថាន និងអាកាសធាតុជះផលប៉ះពាល់លឿនបំផុត និងជ្រៅបំផុតទៅលើសុខភាព ជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។

កិច្ចការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុមិនមែនគ្រាន់តែជាការគ្រប់គ្រងបច្ចេកទេស ឬការគ្រប់គ្រងធនធាននោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់បំផុតរបស់បក្ស និងរដ្ឋ ក្នុងកិច្ចការពារសិទ្ធិផ្ទាល់ខ្លួន សេដ្ឋកិច្ច និងសង្គមរបស់ប្រជាពលរដ្ឋគ្រប់រូប។ សេចក្តីសន្និដ្ឋានលេខ ៧៥ របស់មជ្ឈិមបក្ស បានសម្គាល់ចំណុចរបត់មួយក្នុងការត្រិះរិះ ដោយបញ្ជាក់ពីគោលការណ៍ណែនាំ៖ "ដាក់ប្រជាជន និងគុណភាពជីវភាពរស់នៅរបស់ប្រជាជននៅចំកណ្តាលនៃការសម្រេចចិត្តអភិវឌ្ឍន៍ទាំងអស់; យកការធានានូវបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព ស្អាតស្អំ ការពារសុខភាព អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ជាគោលដៅខ្ពស់បំផុត"។ នៅក្នុងសន្និបាតជាតិដើម្បីជ្រួតជ្រាបសេចក្តីសម្រេចនៃមហាសន្និបាតមជ្ឈិមលើកទី ៣ ឧបនាយករដ្ឋមន្ត្រី លោក ផាម យ៉ាទុក បានសង្កត់ធ្ងន់ថា៖ “ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគឺជាកិច្ចការដ៏សំខាន់ជាពិសេស ដែលទាក់ទងដោយផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះគឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រព័ន្ធនយោបាយទាំងមូល របស់អង្គការ អាជីវកម្ម សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប។ ពោលគឺ ដាក់ប្រជាជន និងគុណភាពជីវភាពរស់នៅរបស់ប្រជាជននៅចំកណ្តាលនៃការសម្រេចចិត្តអភិវឌ្ឍន៍ទាំងអស់”

ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីទស្សនៈមួយដែលខិតទៅជិតស្តង់ដារអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស។ នេះអាចត្រូវបានគេមើលឃើញថាជាការបញ្ជាក់ឡើងវិញយ៉ាងរឹងមាំអំពីសិទ្ធិមនុស្សនៅចំពោះមុខបញ្ហាប្រឈមដ៏លំបាកនៃស្ថានភាពជាក់ស្តែង។ ការដែល សេចក្តីសន្និដ្ឋានបានតម្រូវឲ្យបែងចែកយ៉ាងហោចណាស់ ២% នៃថវិកាប្រចាំឆ្នាំសរុបសម្រាប់បរិស្ថាន គ្រប់គ្រងប្រភពបំពុលសំខាន់ៗយ៉ាងម៉ឺងម៉ាត់ និងដោះស្រាយការបំពុលនៅតំបន់ទីក្រុងមិនមែនគ្រាន់តែជាកិច្ចការបច្ចេកទេសនោះទេ ប៉ុន្តែជាសកម្មភាពដើម្បីការពារសិទ្ធិសុខភាពស្របច្បាប់របស់ប្រជាពលរដ្ឋ។

ការការពារជីវភាពរស់នៅ និងការផ្លាស់ប្តូរដោយយុត្តិធម៌

ពីទស្សនៈសិទ្ធិមនុស្ស ការដែលរដ្ឋមានភាពម្ចាស់ការក្នុងកិច្ចការពារក្រុមងាយរងគ្រោះគឺជារង្វាស់នៃយុត្តិធម៌សង្គម។ សេចក្តីសន្និដ្ឋានលេខ ៧៥ បាន គូសបញ្ជាក់យ៉ាងច្បាស់អំពីទិសដៅនៃសកម្មភាពគឺ៖ "ការរៀបចំផែនការឡើងវិញនូវតំបន់លំនៅដ្ឋាន ការផ្លាស់ទីលំនៅប្រជាជនពីតំបន់ដែលមានហានិភ័យខ្ពស់ រួមផ្សំជាមួយនឹងការធានាជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាជន"។ តាមពិតទៅ គ្រួសាររាប់ម៉ឺនគ្រួសារត្រូវបានផ្លាស់ប្តូរទីលំនៅចេញពីតំបន់គ្រោះថ្នាក់ ហើយដីស្រែរាប់រយរាប់ពាន់ហិកតាត្រូវបានប្តូរទៅជាការដាំដុះបង្គា-ស្រូវ ឬកសិកម្មសម្របខ្លួនដើម្បីរក្សាសន្តិសុខស្បៀង។

លើសពីនេះ នៅពេលដែលវៀតណាមប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ Net Zero នៅឆ្នាំ ២០៥០ វៀតណាមត្រូវប្រឈមមុខនឹងបញ្ហាសាកល្បងអំពី "ការផ្លាស់ប្តូរដោយយុត្តិធម៌"។ ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ នឹងផ្លាស់ប្តូររចនាសម្ព័ន្ធការងារ។ ដំណោះស្រាយនៃ "ការអនុវត្តកម្មវិធីបណ្តុះបណ្តាល ផ្លាស់ប្តូរវិជ្ជាជីវៈ និងការជួយឧបត្ថម្ភជីវភាពក្នុងអំឡុងពេលផ្លាស់ប្តូរបៃតង" ដែលបានលើកឡើងក្នុងសេចក្តីសន្និដ្ឋាន គឺជាការប្តេជ្ញាចិត្តក្នុងការធានាថាគ្មានពលករណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយឡើយ។ សិទ្ធិពលកម្មនិងសិទ្ធិជីវភាពរស់នៅរបស់ប្រជាជនត្រូវបានការពារយ៉ាងពេញលេញ សូម្បីតែក្នុងស្ថានភាពសេដ្ឋកិច្ចប្រែប្រួលខ្លាំងក្លាក៏ដោយ។ លោក Dao Xuan Lai អ្នកជំនាញខាងកអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្លាស់ប្តូរថាមពល និងការពារបរិស្ថាន បានវាយតម្លៃថា៖ “វៀតណាមបានប្តេជ្ញាចិត្តដោះស្រាយរាល់បញ្ហាប្រែប្រួលអាកាសធាតុ។ នៅវៀតណាម កិច្ចការពារបរិស្ថានមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនាពេលអនាគត ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ”

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត។ សេចក្តីសន្និដ្ឋានលេខ ៧៥ របស់សន្និបាតមជ្ឈិមលើកទី ៣ នីតិកាលទី ១៤ បានបង្កើតក្របខ័ណ្ឌគោលនយោបាយគ្រប់ជ្រុងជ្រោយ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៣០ និង ២០៤៥។ ដាក់ការធានាសិទ្ធិមនុស្ស ចាប់ពីអាយុជីវិត និងសុខភាពរហូតដល់ជីវភាពរស់នៅ ធ្វើជាបញ្ហាស្នូលនៃសកម្មភាពទាំងអស់

ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ នេះក៏ជារង្វាស់តម្លៃខ្ពស់បំផុតសម្រាប់គំរូអភិវឌ្ឍន៍រហ័ស បៃតង និងប្រកបដោយចីរភាពដែលវៀតណាមកំពុងខិតខំបោះជំហានឆ្ពោះទៅដែរ៕