ស្វ័យភាពយុទ្ធសាស្ត្រ និងការបង្កើនសមត្ថភាពធ្វើសកម្មភាពរបស់ប្រទេសជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់វៀតណាមនៅក្នុងយុគសម័យថ្មី។

សេចក្ដីណែនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មិនត្រឹមតែជាទិសដៅអភិវឌ្ឍន៍ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីផ្នត់គំនិតកិច្ចការបរទេសរបស់វៀតណាមទៀតផង។ នោះគឺការពង្រឹងកម្លាំងផ្ទៃក្នុង ដើម្បីម្ចាស់ការធ្វើសមាហរណកម្មនិងលើកកម្ពស់ឋានៈជាតិ។

ស្វ័យភាពយុទ្ធសាស្ត្រចាប់ផ្តើមពីកម្លាំងផ្ទៃក្នុង

ស្វ័យភាពយុទ្ធសាស្ត្រមិនមែនជាការបិទជិតនោះទេ ប៉ុន្តែជាការរក្សាសិទ្ធិស្វ័យសម្រេចចិត្តក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ព្រមទាំងម្ចាស់ការធ្វើអាជីវកម្មនូវធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ជាតិផងដែរ។ ដោយឈរលើទស្សនៈនោះ លោកឯកអគ្គរដ្ឋទូត Nguyen Quang Khai ជាអ្នកជំនាញខាងកិច្ចការបរទេស បានចាត់ទុកថា ចំណុចថ្មីនៅក្នុងសាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងសន្និបាតលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ គឺការផ្លាស់ប្តូរពីផ្នត់គំនិតឆ្លើយតប ទៅជាផ្នត់គំនិតស្ថាបនាសមត្ថភាពជាតិ។ លោកឯកអគ្គរដ្ឋទូត Nguyen Quang Khai បានសម្តែងថា៖

“ខ្ញុំចាត់ទុកថា សាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងសុន្ទរកថាបើកសន្និបាតមជ្ឈិមលើកទី៣ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសវៀតណាមក្នុងយុគសម័យថ្មី។ ពីទស្សនៈកិច្ចការបរទេស ស្វ័យភាពជាយុទ្ធសាស្ត្រ និងការបង្កើនសមត្ថភាពធ្វើសកម្មភាពជាតិ គឺជាការផ្លាស់ប្តូរស្ថានភាពពីអកម្មទៅជាសកម្ម។ ប្រទេសមួយ ត្រឹមតែមានឋានៈរឹងមាំពិតប្រាកដ នៅពេលដែលគេមានទាំងកម្លាំងផ្ទៃក្នុងរឹងមាំ និងសមត្ថភាពប្រែក្លាយឱកាសខាងក្រៅទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ ដូច្នេះ ស្វ័យភាពជាយុទ្ធសាស្ត្រត្រូវបានផ្សាភ្ជាប់ជានិច្ចទៅនឹងសមត្ថភាពធ្វើសកម្មភាពជាតិ ពោលគឺសមត្ថភាពក្នុងការប្រែក្លាយគោលនយោបាយទៅជាលទ្ធផលជាក់ស្តែងតាមរយៈអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចប្រកបដោយភាពធន់ខ្ពស់ និងគោលនយោបាយកិច្ចការបរទេសដ៏សកម្មនិងប្រកបដោយភាពបត់បែន”។

លទ្ធផលដែលសម្រេចបានក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះ បានឆ្លុះបញ្ចាំងមួយផ្នែកអំពីសមត្ថភាពនោះ។ បណ្តាញដៃគូត្រូវបានពង្រីក ការទូតសេដ្ឋកិច្ចនាំមកនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់រយ ដែលភាគច្រើនស្ថិតនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបាន ៨,១៨% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបង្ហាញថា គោលជំហរសំខាន់ៗកំពុងត្រូវបានប្រែក្លាយទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែងជាជំហានៗ។

សំខាន់ជាងនេះទៅទៀត សហគមន៍អន្តរជាតិកាន់តែទទួលស្គាល់ប្រទេសវៀតណាម មិនត្រឹមតែជាសេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រទេសមួយដែលមានសមត្ថភាពអនុវត្តន៍គោលនយោបាយ និងរក្សាស្ថិរភាពរយៈពេលវែងទៀតផង។ ការដែលធនាគារពិភពលោកដាក់បញ្ចូលវៀតណាមទៅក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ គឺជាសក្ខីភាពមួយ។ លោកស្រី Mariam Sherman នាយិកាធនាគារពិភពលោកប្រចាំវៀតណាម បានចាត់ទុកថា

“សញ្ញាសម្គាល់នេះ ជួយពង្រឹងទំនុកចិត្តអន្តរជាតិបន្ថែមទៀតលើយថាទស្សន៍សេដ្ឋកិច្ចរយៈពេលវែងរបស់វៀតណាម ក៏ដូចជាឋានៈរបស់ប្រទេស ក្នុងនាមជាគោលដៅវិនិយោគ។ ប្រទេសវៀតណាមមានធាតុផ្សំចាំបាច់ជាច្រើនរួចទៅហើយ ដូចជា៖ កម្លាំងពលកម្មវ័យក្មេង និងមានទេពកោសល្យ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទីតាំងយុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលតំបន់កំណើនរបស់អាស៊ី ហើយប្រហែលជាសំខាន់បំផុតគឺមហិច្ឆតាដ៏ខ្លាំងក្លា និងការត្រៀមខ្លួនជាស្រេចធ្វើកំណែទម្រង់ និងសម្របខ្លួន។ ជំពូកបន្ទាប់របស់វៀតណាមនឹងត្រូវបានបង្កើតឡើង មិនត្រឹមតែដោយល្បឿនកំណើនប៉ុណ្ណោះទេ ថែមទាំងដោយគុណភាពនៃកំណើននោះទៀតផង”។

ស្វ័យភាពសម្រាប់ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ

សាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នៅក្នុងសន្និបាតមជ្ឈិមលើកទី៣ ក៏បានបញ្ជាក់ពីទស្សនៈដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមថា ប្រទេសមួយដែលមានសមត្ថភាពផ្ទៃក្នុង និងសមត្ថភាពធ្វើសកម្មភាពកាន់តែខ្លាំង គឺប្រទេសនោះមានសមត្ថភាពកាន់តែខ្ពស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយស្មើភាព ប្រសិទ្ធភាព និងចីរភាព។ ទស្សនៈនេះក៏ស្របនឹងផ្នត់គំនិតកិច្ចការបរទេសដែលអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានបញ្ជាក់ម្តងហើយម្តងទៀតពីមុនថា៖

“យើងបានកំណត់ថា សមាហរណកម្មអន្តរជាតិ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ដើម្បីមានសន្តិភាព និងការអភិវឌ្ឍ យើងត្រូវតែបើកចំហចំពោះពិភពខាងក្រៅ។ តាមពិតទៅ សេដ្ឋកិច្ចវៀតណាមមានភាពបើកចំហរខ្ពស់។ ទាក់ទងនឹងសន្តិសុខ វៀតណាមក៏មានការតភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសន្តិសុខក្នុងតំបន់ និងពិភពលោកផងដែរ។ យើងចាត់ទុកថា ត្រូវឲ្យតម្លៃនិងលើកកំពស់សមាហរណកម្មអន្តរជាតិ ដោយសម្លឹងមើលសមាហរណកម្មអន្តរជាតិ មិនត្រឹមតែជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងក៏ជាវិធីសាស្ត្រឈានមុខគេដើម្បីអនុវត្តន៍គោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិទៀតផង”។

ដោយមានមូលដ្ឋានគ្រឹះនៃស្វ័យភាពយុទ្ធសាស្ត្រ និងសមត្ថភាពធ្វើសកម្មភាពកាន់តែរឹងមាំ វៀតណាមកំពុងបញ្ជាក់មិនត្រឹមតែចក្ខុវិស័យអភិវឌ្ឍន៍ត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងសមត្ថភាពប្រែក្លាយចក្ខុវិស័យនោះទៅជាការពិតទៀតផង។ សមត្ថភាពធ្វើសកម្មភាពនេះ នឹងបន្តពូនជ្រុំទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ដោយបង្កើតកម្លាំងចលករសម្រាប់វៀតណាម ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕