នៅថ្ងៃទី ១៦ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីបង្កើតយន្តការគ្រប់គ្រង ឬ "របាំងការពារ" សម្រាប់បញ្ញាសិប្បនិម្មិត (AI)។ ការអំពាវនាវនេះ ត្រូវបាននាំចេញត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់អាមេរិកបានព្រមានថា ត្រូវការបន្ថយល្បឿននៃការអភិវឌ្ឍ AI ដោយសារតែបច្ចេកវិទ្យានេះ កំពុងមានហានិភ័យនៃការឃ្លាតចេញពីការគ្រប់គ្រងរបស់មនុស្ស។
ល្បឿននៃការអភិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភ
នៅថ្ងៃទី ១២ ខែកញ្ញា លោក Dario Amodei នាយកប្រតិបត្តិ Anthropic បានព្រមានថា បច្ចុប្បន្ននេះ ល្បឿននៃការអភិវឌ្ឍ AI អាចនាំឱ្យប្រព័ន្ធ AI មានសមត្ថភាពអនុវត្តសកម្មភាពដ៏គ្រោះថ្នាក់នៅលើអ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ ដូច្នេះ ក្រុមហ៊ុនអភិវឌ្ឍន៍ AI ឈានមុខគេត្រូវបន្ថយល្បឿននៃការអភិវឌ្ឍ AI និងពង្រឹងវិធានការធានាសុវត្ថិភាព។ អគ្គនាយក OpenAI លោក Sam Altman និងនាយកប្រតិបត្តិ xAI លោក Elon Musk រួមជាមួយអ្នកជំនាញបច្ចេកវិទ្យាជាច្រើននៅទូទាំងពិភពលោកបានប្រកាសគាំទ្រសំណើនេះ។
ការវិវឌ្ឍទាំងនេះបានបង្ហាញថា ការជជែកវែកញែកជុំវិញសុវត្ថិភាពនិងហានិភ័យរបស់ AI បានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ពីការពិភាក្សាដែលភាគច្រើនផ្តោតលើទ្រឹស្តីនិងលទ្ធភាពដែលអាចកើតមានឡើង ឥឡូវនេះហានិភ័យនៃ AI បានក្លាយជាបញ្ហាភូមិសាស្ត្រនយោបាយដ៏បន្ទាន់មួយ។ លោក Brad Carson អតីតសមាជិកសភាអាមេរិក បច្ចុប្បន្នជាប្រធានអង្គការ ជនជាតិអាមេរិកនវានុវត្តន៍ប្រកបដោយទំនួលខុសត្រូវ (Americans for Responsible Innovation - ARI) បានធ្វើអត្ថាធិប្បាយថា៖ «បច្ចុប្បន្ននេះ អ្វីគ្រប់យ៉ាងកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស សម្បីតែអ្នកស្រាវជ្រាវក៏មានការភ័យខ្លាចចំពោះ AI ដែរ។ នោះហើយ ជាអ្វីដែលយើងបានឃើញក្នុងរយៈពេល ២-៣ សប្តាហ៍កន្លងមក។ អ្នកដែលធ្វើការនៅតាមក្រុមហ៊ុនទាំងនេះ កំពុងចេញមុខព្រមាន។ ការព្រមានបានចេញពីខាងក្នុង ដោយចាត់ទុកថា អ្វីដែលពួកគេកំពុងធ្វើ អាចបង្កឱ្យមានផលវិបាកដ៏ធ្ងន់ធ្ងរ។ ដូច្នេះហើយ ខ្ញុំគិតថា យើងត្រូវពិចារណាយ៉ាងម៉ត់ចត់លើមតិរបស់ពួកគេ។»
ក្រៅពីល្បឿនដ៏មិនគួរឱ្យជឿនៃការអភិវឌ្ឍ AI ទិដ្ឋភាពមួយទៀតដែលជំរុញឱ្យមានការព្រួយបារម្ភអំពីហានិភ័យនៃ AI គឺកង្វះខាតនៃការត្រួតពិនិត្យលើក្រុមហ៊ុនបច្ចេកវិទ្យា ដែលកំពុងប្រណាំងប្រជែងដោយចំណាយប្រាក់រាប់ពាន់លានដុល្លារលើការអភិវឌ្ឍគំរូ AI ឱ្យជឿនលឿនបំផុត។ លោកស្រី Marta Ziosi អនុប្រធានផ្នែកបច្ចេកវិទ្យាថ្មី និងការអនុវត្តឧស្សាហកម្មនៅវិទ្យាស្ថាន Ada Lovelace (ចក្រភពអង់គ្លេស) បានធ្វើអត្ថាធិប្បាយ ថា៖ «បច្ចុប្បន្ននេះ ប្រការដែលធ្វើឱ្យខ្ញុំមានការព្រួយបារម្ភ ហើយក៏ជាអ្វីដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈក្តីបារម្ភអំពីហានិភ័យនៃការផុតពូជរបស់មនុស្សជាតិ គឺបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាកំពុងកាន់កាប់អំណាចច្រើនពេក ប៉ុន្តែមិនមានការត្រួតពិនិត្យ ឬទប់ស្កាត់ជាក់ស្តែងណាមួយចំពោះសកម្មភាពរបស់ពួកគេឡើយ។ ខ្ញុំចាត់ទុកថា ប្រការនេះបានបង្កើត «ព្យុះដ៏ល្អឥតខ្ចោះ» (ការប្រមូលផ្តុំនូវកត្តាគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ) ហើយនេះជាអ្វីដែលគួរឱ្យព្រួយបារម្ភយ៉ាងពិតប្រាកដ។»
ទិដ្ឋភាពភូមិសាស្ត្រនយោបាយ
ហានិភ័យដែលបង្កឡើងដោយ AI តម្រូវឱ្យមានយន្តការគ្រប់គ្រងសកលដែលមានលក្ខណៈចាប់បង្ខំ ត្រូវបានត្រួតពិនិត្យឲ្យបានតឹងរឹង និងឯករាជ្យ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានៃ "ការបន្ថយល្បឿន AI" មិនមែនគ្រាន់តែជាសំណួរផ្នែកបច្ចេកវិទ្យា ឬមនុស្សធម៌នោះទេ ប៉ុន្តែកំពុងមានលក្ខណៈជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយទៀតផង។ នាសប្តាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក រួមទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ បានច្រានចោលការព្រួយបារម្ភអំពីហានិភ័យនៃ AI ហើយបានអះអាងថា អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើនាបច្ចុប្បន្ននេះ គឺរក្សាតួនាទីឈានមុខគេនៅក្នុងបច្ចេកវិទ្យាយុទ្ធសាស្ត្រនេះ។
ចំណែកខាងភាគីចិនវិញ ការអំពាវនាវឱ្យ "បន្ថយល្បឿន AI" ពីសំណាក់ថ្នាក់ដឹកនាំបច្ចេក វិទ្យាអាមេរិកក៏ត្រូវបានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នផងដែរ។ អ្នកជំនាញ និងប្រព័ន្ធផ្សព្វ ផ្សាយចិនបានចោតសួរអំពីហេតុផលនៅពីក្រោយការអំពាវនាវរបស់ Anthropic ដើម្បីបន្ថយល្បឿននៃការអភិវឌ្ឍ AI ដោយចាត់ទុកថា ការដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកបន្ត "បំប៉ោង" សេណារីយ៉ូនៃថ្ងៃវិនាសកម្មដែលបង្កឡើងដោយ AI ទំនងជាយុទ្ធសាស្ត្រផ្លូវចិត្ត ដើម្បីជំរុញបទប្បញ្ញត្តិដែលមានប្រយោជន៍សម្រាប់អ្នកដែលកំពុងនាំមុខគេ និងដាក់សម្ពាធលើគូប្រជែងមកពីប្រទេសដទៃ។
លោក Stuart Russell ប្រធានសមាគមអន្តរជាតិសម្រាប់ AI សុវត្ថិភាព និងសីលធម៌ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅ UC Berkeley (សហរដ្ឋអាមេរិក) ក៏បានចែករំលែកទស្សនៈនេះ ដោយបញ្ជាក់ថា ហានិភ័យ AI គឺគ្មានព្រំដែននោះទេ។
«ពីទស្សនៈអភិបាលកិច្ច ប្រសិនបើយើងមានការព្រួយបារម្ភអំពីហានិភ័យនៃការផុតពូជដែលបង្កឡើងដោយ AI នោះការគំរាមកំហែងអាចមកពីគ្រប់ទីកន្លែងទាំងអស់។ ពិតណាស់ថា AI មិនត្រូវបានកំណត់ដោយព្រំដែនជាតិនោះទេ។ ដូច្នេះ យើងត្រូវការកិច្ចព្រមព្រៀងអន្តរជាតិមួយដើម្បីធានាថា ប្រទេសទាំងអស់សុទ្ធតែបង្កើតយន្តការត្រួតពិនិត្យចាំបាច់ ដើម្បីទប់ស្កាត់សេណារីយ៉ូនោះ មិនឱ្យកើតឡើង។»
សំណួរដែលត្រូវបានលើកឡើងគឺ តើក្របខ័ណ្ឌច្បាប់បែបនេះ ត្រូវបានរៀបចំ ឡើងយ៉ាងដូម្តេច និងដោយស្ថាប័នណា? ពីព្រោះ ព្រឹត្តិការណ៍នៃឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ បានបង្ហាញយ៉ាងច្បាស់ថា សំណួរមិនមែនថា តើ AI នឹងផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកដែរឬទេទៀតហើយ ប៉ុន្តែគឺជា សេណាវីយូនេះនឹងកើតឡើង លឿនប៉ុណ្ណា និងអ្នកណានឹងបង្កើតបទបញ្ញត្តិ។ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឥឡូវនេះ មិនអាចស្ថិតនៅខាងក្រៅនៃផ្ទាំងគំនូរដ៏ធំ គឺការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសកលរវាងមហាអំណាចធំៗបានទេ ដោយសារមហាអំណាចទាំងនេះ សុទ្ធតែចាត់ទុកការកាន់កាប់ឧត្តមភាពក្នុងវិស័យ AI ជាកត្តាគន្លឹះសម្រាប់សន្តិសុខជាតិ និងឧត្តមភាពសេដ្ឋកិច្ចនាពេលអនាគត៕
