ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសនាថ្ងៃទី ២៣ ខែកក្កដាអំពីការដាក់ពន្ធលើសេដ្ឋកិច្ចចំនួន ៦០ ដើម្បីជំនួសអត្រាពន្ធបណ្តោះអាសន្ន ១០% ដែល លោកប្រធានាធិបតី Donald Trump បានដាក់ពីមុន។ គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា សេដ្ឋកិច្ចទាំង ៦០ នេះ រួមទាំងដៃគូពាណិជ្ជកម្មសំខាន់បំផុតទាំងអស់របស់សហរដ្ឋអាមេរិក នឹងត្រូវទទួលរងអត្រាពន្ធចាប់ពី ១០% ដល់ ១២,៥%។
គោលនយោបាយដោយឯកតោភាគីថ្មី
យោងតាមការពន្យល់របស់ USTR អត្រាពន្ធថ្មី ត្រូវបានអនុវត្តន៍ក្រោមមាត្រា ៣០១នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤។ ក្រោមច្បាប់នេះ អាជ្ញាធរសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានរកឃើញ សេដ្ឋកិច្ចទាំង ៦០ ពោលខាងលើ មិនបាន "ដាក់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការហាមឃាត់ការនាំចូលទំនិញដែលផលិតដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ" នោះទេ។ យោងតាមសេចក្តីប្រកាសរបស់ USTR អត្រាពន្ធ ១០% ត្រូវបានអនុវត្តន៍ចំពោះទំនិញនាំចូលពីប្រទេសដូចជា៖ អាហ្សង់ទីន បង់ក្លាដែស ចក្រភពអង់គ្លេស កម្ពុជា កាណាដា អេក្វាឌ័រ អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ហុងឌូរ៉ាស ឥណ្ឌា ឥណ្ឌូនេស៊ី ហ្ស៊កដានី ម៉ាឡេស៊ី ម៉ិកស៊ិក... សម្រាប់សហភាពអឺរ៉ុប (EU) តៃវ៉ាន់ (ចិន) ជប៉ុន កូរ៉េខាងត្បូង និងស្វីស ពន្ធថ្មី បន្ទាប់ពីបូកជាមួយពន្ធលើប្រទេសដែលទទួលបានការអនុគ្រោះពន្ធបំផុត (MFN) ដែលមានស្រាប់ នឹងមានចំនួនសរុប ១០% ឬ ១២,៥% អាស្រ័យលើសេដ្ឋកិច្ចនីមួយៗ។ ប្រទេសចំនួន ៣៨ ដែលនៅសល់ត្រូវបង់ពន្ធ ១២,៥% រួមទាំងប្រទេសចិន ហ្វីលីពីន និងថៃ ជាដើម។
ការពិតជាក់ស្ដែងបានបង្ហាញឲ្យឃើញថា អត្រាពន្ធថ្មីលើដៃគូពាណិជ្ជកម្មកំពូលទាំង ៦០ របស់សហរដ្ឋអាមេរិក ដែលស្រូបយកចំនួន ៩៩,៤% នៃទំនិញនាំចូលសរុបរបស់ប្រទេសនេះ នៅតែមានហានិភ័យបណ្ដាលឲ្យភាពតានតឹងពាណិជ្ជកម្មកើនឡើង និងថែមទាំងគំរាមកំហែងដល់ការបំផ្លាញកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកសម្រេចបានជាមួយដៃគូរបស់ខ្លួនទៀតផង។ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខ បានប្រកាសថា៖ "យើងសម្រេចបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ហើយយើងបានគោរពតាមការសន្យា របស់យើងដែរ។ ត្រូវតែនិយាយថា ដំណើរការចរចាមិនមែនជារឿងងាយស្រួលនោះទេ។ សម្រាប់សហគ្រាសរបស់យើង ស្ថិរភាព និងភាពអាចទាយទុកជាមុនបាន គឺមានសារៈសំខាន់ណាស់។ ដូច្នេះ សហគ្រាសតែងតែដាស់តឿនឱ្យសម្រេចបានលទ្ធផល និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពីព្រោះការចាប់យកបាននូវសេណារីយ៉ូអនាគត នៅតែប្រសើរជាងស្ថានភាពមិនប្រាកដប្រជា ដោយមិនដឹងថា តើអ្វីនឹងកើតឡើងទេ"។
ប្រការដែលបណ្តាលឱ្យដៃគូភាគច្រើនដែលរងការដាក់ពន្ធថ្មីរបស់សហរដ្ឋអាមេរិកមានអារម្មណ៍មិនពេញចិត្ត ហើយឡើងសំឡេងប្រឆាំងជំទាស់យ៉ាងខ្លាំង នោះគឺការចោទប្រកាន់របស់សហរដ្ឋអាមេរិកអំពី "កម្លាំងពលកម្មដោយបង្ខំ" ដែលត្រូវបានគេចាត់ទុកថា មិនគួរឲ្យបញ្ចុះបញ្ចូលយ៉ាងខ្លាំង។ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell បានថ្លែងថា៖ "ខ្ញុំចង់បង្ហាញពីការខកចិត្តយ៉ាងជ្រាលជ្រៅចំពោះការសម្រេចចិត្តរបស់តំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិកក្នុងការបង្កើនអត្រាពន្ធលើផលិតផលអូស្ត្រាលីមួយចំនួនដែលនាំចេញទៅសហរដ្ឋអាមេរិក។ យើងចាត់ទុកថាការសម្រេចចិត្តនេះ ខ្វះមូលដ្ឋាន ហើយយើងជឿជាក់ថា ក្នុងចំណោមប្រទេសទាំងអស់នៅលើពិភពលោក អូស្ត្រាលីជានិច្ចកាលយកចិត្តទុកដាក់លើបញ្ហាទាសភាពនិងទាសភាពសម័យទំនើប ហើយនឹងបន្តរក្សាការប្តេជ្ញាចិត្តនោះ"។
ដបថ្មី ស្រាចាស់
ដោយវាយតម្លៃចំពោះការដាក់ពន្ធថ្មីរបស់អាជ្ញាធរសហរដ្ឋអាមេរិក មជ្ឈដ្ឋានអ្នកសង្កេតការណ៍អន្តរជាតិបានចាត់ទុកថា ការដាក់ពន្ធថ្មីនេះឆ្លុះបញ្ចាំងពីគោលនយោបាយ "ដបថ្មី ស្រាចាស់" របស់សេតវិមាន ហើយថា មាត្រា ៣០១ កំពុងត្រូវបាន "បំលែងទៅជាអាវុធ"។ វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មសកល (GTRI) ដែលមានទីស្នាក់ការនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា និងវិទ្យាស្ថានគោលនយោបាយជឿនលឿន (PPI) ដែលមានទីស្នាក់ការនៅទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកថា របាយការណ៍របស់ USTR ខ្វះភស្តុតាងជាក់ស្តែងអំពីការរំលោភបំពានទាក់ទងនឹងកម្លាំងពលកម្មដោយបង្ខំនៅក្នុងប្រទេសនីមួយៗ ដែលធ្វើឱ្យកាយវិកានេះ មានលក្ខណៈនយោបាយ និងការពារសេដ្ឋកិច្ចនិយម ជាជាងហេតុផលសិទ្ធិមនុស្សសុទ្ធសាធ។ ការដែលអាជ្ញាធរសហរដ្ឋអាមេរិកធ្វើសកម្មភាព ដោយផ្អែកលើមូលដ្ឋានមិនប្រាកដប្រជាទាំងនេះ និងការផ្លាស់ប្តូរ គោលនយោបាយពាណិជ្ជកម្ម ដោយឯកតោភាគីជាបន្តបន្ទាប់ នឹងធ្វើឲ្យកើនឡើងហានិភ័យដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ព្រមទាំងធ្វើឱ្យសឹករិចរិលទំនុកចិត្តរបស់សេដ្ឋកិច្ចដទៃទៀតលើការប្តេជ្ញាចិត្តផ្នែកពាណិជ្ជកម្មផងដែរ។
បញ្ហាធំមួយទៀតគឺថា ដូចជាការដាក់ពន្ធពីមុនៗដែរ អត្រាពន្ធដែលបានលើកឡើងក្រោមមាត្រាទី ៣០១ មិនផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់អាជីវកម្ម និងអ្នកប្រើប្រាស់អាមេរិកភាគច្រើននោះទេ ទោះបីជាសេតវិមានកំពុងព្យាយាមបង្ហាញរឿងនេះក៏ដោយ។ លោក Glenn Stevens Jr. មកពីសភាពាណិជ្ជកម្មតំបន់ Detroit រដ្ឋ Michigan បានថ្លែងថា៖ "យើងបានផ្លាស់ប្ដូរជាប្រចាំជាមួយថ្នាក់ដឹកនាំសហគ្រាសជាច្រើន ហើយទៅទស្សនារោងចក្រនានានៅទូទាំងរដ្ឋ។ អ្វីដែលពួកគេពិតជាចង់បានគឺភាពប្រាកដប្រជានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាក្នុងផែនការអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនទទួលបានប្រការនោះទេ នៅពេលដែលស្ថានភាពពាណិជ្ជកម្ម និងពន្ធនាំចូលនាំចេញនៅក្នុងប្រទេសជាច្រើន ជាពិសេសជាមួយប្រទេសជិតខាង (កាណាដា) ដែលកំពុងមានភាពមិនប្រាកដប្រជាខ្ពស់ ខណៈពេលដែលស្ថិរភាពនេះគឺជាកត្តាចាំបាច់សម្រាប់អនាគត"។
យោងតាមការប៉ាន់ស្មានពីធនាគារកណ្ដាលអាមេរិក (FED) សាខាទីក្រុងញូវយ៉កនិង PPI បានបង្ហាញថា ជាង ៩០% នៃការចំណាយកើនឡើងពីពន្ធ នឹងធ្លាក់មកលើអ្នកប្រើប្រាស់ និងសហគ្រាសនាំចូលអាមេរិក(ប៉ាន់ស្មានប្រហែល ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ) ពីនោះនឹងបង្កើនសម្ពាធអតិផរណាក្នុងស្រុក។ តាមពិតទៅ សេតវិមានក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេណារីយ៉ូនេះដែរ ដូច្នេះនៅក្នុងពន្ធថ្មី ទំនិញជាច្រើនត្រូវបានលើកលែង រួមទាំងជី និងប្រេងឥន្ធនៈមួយចំនួន ដែលកំពុង កើនឡើងតម្លៃយ៉ាងខ្លាំងដោយសារតែជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ លើសពីនេះ ទំនិញអាហារមួយចំនួន រថយន្ត លោហធាតុ និងឱសថមួយចំនួនក៏ត្រូវបានលើកលែងពន្ធផងដែរ៕
