នៅថ្ងៃទី ១៦ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយទំហំនៃសមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Shield (UFS) រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧-២៧ ខែសីហា។ នៅថ្ងៃទី ១៩ ខែសីហា លោក ដូណាល់ ត្រាំ បានទាក់ទាញការយកចិត្តទុកដាក់បន្ថែមទៀតដោយបញ្ជាក់ថា លោកមានបំណងចង់បន្តការសន្ទនាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពេលឆាប់ៗនេះ។
សម្ព័ន្ធភាពមានការប្រេះឆា
ការសម្រេចចិត្តកាត់បន្ថយទំហំនៃសមយុទ្ធ UFS បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់គ្រប់ភាគីទាំងអស់ ដោយសារតែសេចក្តីប្រកាសនេះ ត្រូវបាននាំចេញមុនពេលប្រព្រឹត្តទៅសមយុទ្ធនេះតែប៉ុណ្ណោះ។ នេះជាលើកទីមួយហើយនៅក្នុងអាណត្តិទីពីរដែលលោកប្រធានាធិបតី ដូណាល ត្រាំ បានស្នើឱ្យកាត់បន្ថយទំហំនៃសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ដោយហេតុផលថា សមយុទ្ធទាំងនេះចំណាយថវិកាច្រើន និងបានផ្ញើ «សញ្ញាអមិត្ត» ទៅកាន់កូរ៉េខាងជើង។ យោងតាមលោក ដូណាល ត្រាំ សហរដ្ឋអាមេរិកកំពុងរ៉ាប់រងភាគច្រើននៃការចំណាយលើការរៀបចំការសមយុទ្ធនេះ ហើយការរក្សាសកម្មភាពហ្វឹកហ្វឺនទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូងគឺមិនសមស្របឡើយ ក្នុងបរិបទដែលលោក «កំពុងមានទំនាក់ទំនងល្អ» ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ក្នុងអំឡុងពេលអាណត្តិដំបូង (២០១៦-២០២០) លោក ដូណាល ត្រាំ ក៏បានរិះគន់ម្តងហើយម្តងទៀតចំពោះសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ជា «ការខ្ជះខ្ជាយលុយ» ដែលធ្វើឱ្យសកម្មភាពបណ្តុះបណ្តាលរួមគ្នាមួយចំនួនត្រូវបានផ្អាក ឬកាត់បន្ថយ។ យ៉ាងណាមិញ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់ថា ការសម្រេចចិត្តនៅនាទីចុងក្រោយរបស់លោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយទំហំនៃ UFS បានបង្ហាញពីសញ្ញាដ៏សំខាន់ជាច្រើន មិនត្រឹមតែសម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បរិយាកាសសន្តិសុខនៅលើឧបទ្វីបកូរ៉េជាពិសេស និងតំបន់អាស៊ីបូព៌ាជាទូទៅផងដែរ។ លោក Cha Du-hyeogn អ្នកវិភាគនៅវិទ្យាស្ថានគោលនយោបាយ Asan (កូរ៉េខាងត្បូង) បានធ្វើអត្ថាធិប្បាយថា៖
«សរុបមក នេះឆ្លុះបញ្ចាំងពីការខកចិត្តនៅពេលដែលកូរ៉េខាងត្បូង ទោះបីជាសម្ព័ន្ធមិត្តក៏ដោយ ក៏មិនបានគាំទ្រអាមេរិកយ៉ាងសកម្មនៅក្នុងជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់នោះឡើយ។ ដូច្នេះ តើចំណុចនេះមានន័យដូចម្តេចសម្រាប់អនាគត? ជាទូទៅ ប្រការនេះបានផ្ញើសារថា ប្រសិនបើកូរ៉េខាងត្បូងមិនចែករំលែកបន្ទុក ហើយមិនចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធសាស្ត្រតំបន់ឬសកលលោករបស់អាមេរិកទេនោះ អាមេរិកអាចកែសម្រួលកម្រិតនៃការប្តេជ្ញាចិត្តផ្នែកសន្តិសុខចំពោះកូរ៉េខាងត្បូងទាំងស្រុង។ ការលើកឡើងអំពីសមយុទ្ធរួមគ្នាអាចត្រូវបានចាត់ទុកជាសញ្ញានៃសារនោះ»។
ក្រៅពីការទាមទារឱ្យកូរ៉េខាងត្បូងចែករំលែកការប្តេជ្ញាចិត្តសន្តិសុខ មជ្ឈដ្ឋានអ្នកវិភាគក៏បានចង្អុលបង្ហាញពីកត្តាសេដ្ឋកិច្ចនៅក្នុងការសម្រេចចិត្តរបស់លោក ដូណាល ត្រាំ ផងដែរ។ នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ លោក ដូណាល ត្រាំ បានប្រកាសថា កូរ៉េខាងត្បូងនឹងផ្តល់ការវិនិយោគ "ភ្លាមមួយរំពិច" ចំនួន ៣៥០ ពាន់លានដុល្លារដល់សហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់បន្ថយពន្ធនាំចូលពី ២៥% មកត្រឹម ១៥%។ ទោះជាយ៉ាងណាក៏ដោយ ជិតមួយឆ្នាំបន្ទាប់ពីសេចក្តីប្រកាសនោះ គ្មានគម្រោងវិនិយោគនិងពាណិជ្ជកម្មណាមួយត្រូវបានអនុវត្តក្រោមកិច្ចព្រមព្រៀងនោះទេ។ ដូច្នេះ ការកាត់បន្ថយសមយុទ្ធ UFS ក៏ត្រូវបានចាត់ទុកជា "គំនាស់" សម្រាប់ទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធកាន់តែខ្លាំងលើទីក្រុងសេអ៊ូល ឱ្យអនុវត្តការប្តេជ្ញាចិត្តវិនិយោគនិងពាណិជ្ជកម្មមុនថ្ងៃផុតកំណត់គឺខែមករា ឆ្នាំ២០២៩ ហើយបង្កើនការចូលរួមចំណែកដល់ការចំណាយលើវិស័យការពារជាតិ និងគាំទ្រគោលនយោបាយការបរទេសកាន់តែទូលំទូលាយរបស់អាមេរិក។
ការបន្តការសន្ទនារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង
រួមជាមួយនឹងភាពប្រេះឆាក្នុងទំនាក់ទំនងជាសម្ព័ន្ធមិត្តជិតស្និទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង «កត្តាកូរ៉េខាងជើង» ក៏ជាចំណុចគួរឱ្យកត់សម្គាល់នៅក្នុងបម្រែបម្រួលនាពេលថ្មីៗនេះផងដែរ។ កាលពីថ្ងៃទី ១៩ ខែសីហា លោក ដូណាល ត្រាំ បានអះអាងជាថ្មីថា នឹងជួបជាមួយលោក Kim Jong-un នៅចុងឆ្នាំនេះ ដើម្បីស្តារឡើងវិញនូវទំនាក់ទំនងដែលលោកត្រាំបានបង្កើតឡើងជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង ក្នុងអាណត្តិទីមួយរបស់លោក។ សេចក្តីប្រកាសទាំងនេះបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង អំពីគោលនយោបាយការបរទេស និងសន្តិសុខជាមួយឧបទ្វីបកូរ៉េ។ លោកស្រី Jenny Town នៃអង្គការប្រឹក្សាយោបល់គោលនយោបាយ Stimson Center (អាមេរិក) បានវាយតម្លៃថា៖
«អាចមើលឃើញថា លោក ដូណាល ត្រាំ មានបំណងចង់ជួបជាមួយលោក Kim Jong-un ចាប់តាំងពីដើមអាណត្តិទីពីរនេះមកម៉្លេះ។ លោកបានស្វែងយល់ម្តងហើយម្តងទៀតអំពីការបន្តការចរចាឡើងវិញ។ របៀបដែលលោកអនុវត្តកាយវិការ នេះបង្ហាញឱ្យឃើញថា លោកកំពុងព្យាយាមបង្កើតឱកាសទូតមួយ ដែលក្នុងនោះការពន្យារពេល ឬការកាត់បន្ថយសមយុទ្ធយោធា ត្រូវបានប្រើប្រាស់ជាសញ្ញាបង្ហាញពីគោលបំណងនេះ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រអនុវត្តបែរជាមានភាពខ្វះខាតប្រព័ន្ធ ដូច្នេះវាពិបាកសម្រេចបាននូវផលប៉ះពាល់ដូចដែលលោកចង់បាន ជាពិសេសគឺនៅពេលខ្វះខាតបរិបទនៃការចរចាជាក់ស្តែងដែលកំពុងប្រព្រឹត្តទៅ»។
សំណួរដែលត្រូវបានដាក់ចេញគឺថា តើសកម្មភាពជាបន្តបន្ទាប់នាពេលថ្មីៗនេះរបស់លោក ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់បរិយាកាសសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងតំបន់អាស៊ីឦសានទាំងមូលយ៉ាងដូចម្តេច។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿថា ការកាត់បន្ថយទំហំនៃសមយុទ្ធ UFS អាចប៉ះពាល់ដោយផ្ទាល់ដល់ការហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធរបស់សម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ប៉ុន្តែក៏អាចជំរុញនូវគោលជំហរ "ឯករាជ្យ" ដែលកំពុងតែកើនឡើងរបស់កូរ៉េខាងត្បូងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះយថាទស្សន៍នៃការចរចារវាងអាមេរិក និងកូរ៉េខាងជើង ស្ថានភាពនឹងកាន់តែស្មុគស្មាញ ដោយតែសារប្រតិកម្មរបស់ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងចំពោះការវិវត្តនាបច្ចុប្បន្ន គឺមិនអាចទាយទុកជាមុនបានឡើយ។ លោកស្រី Jenny Town បានធ្វើអត្ថាធិប្បាយថា៖
«គួរតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាដំបូងគឺរបៀបដែលកូរ៉េខាងជើងឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ ហើយទន្ទឹមនឹងនោះ មើលថាតើកូរ៉េខាងត្បូង – រួមទាំងរដ្ឋាភិបាល និងកងទ័ពប្រទេសនេះ – នឹងឆ្លើយតបយ៉ាងដូចម្ត៉េចចំពោះកាយវិការដ៏គួរឱ្យភ្ញាក់ផ្អើលនោះ»។
ទោះបីជាលោក ដូណាល់ ត្រាំ មិនទាន់បានបញ្ជាក់ពេលវេលា និងទីតាំងនៃជំនួបដែលអាចកើតឡើង ជាមួយលោក គីម ជុងអ៊ុន ក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជឿថា ជំនួបនេះ ទំនងជានឹងធ្វើឡើងនៅពេលដែលលោក ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ទីក្រុង Shenzhen ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុងខែវិច្ឆិកាឆ្នាំនេះ៕
