កិច្ចព្រមព្រៀងនេះមិនត្រឹមតែប៉ះពាល់យ៉ាងខ្លាំង ដល់ទីផ្សារថាមពលប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេមើលឃើញថា ជាកាយវិកាភូមិសាស្ត្រនយោបាយដ៏សំខាន់មួយនៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតផង។
ព័ត៌មានអំពីកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ៩ ខែតុលា នៅពេលដែលគណៈប្រតិភូអ៊ុយក្រែន និងអឺរ៉ុបកំពុងមានវត្តមាននៅទីក្រុង ម៉ៃអាមី រដ្ឋផ្លរីដា ដើម្បីពិភាក្សាអំពីដំណោះស្រាយចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ការគិតគូរសម្រាប់ការបោះឆ្នោត
កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានកើតឡើងចំពេលដែលតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក កើនឡើងយ៉ាងខ្លាំង ដោយសារតែការប្រែប្រួលនៃទីផ្សារថាមពលអន្តរជាតិ ក្នុងនោះហេតុផលចម្បងមួយគឺកង្វះការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ខណៈដែលរោងចក្រចម្រាញ់ប្រេងជាច្រើននៅរុស្ស៊ី ក្លាយជាគោលដៅនៃការវាយប្រហារដោយកងកម្លាំងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ អ្នកជំនាញសេដ្ឋកិច្ចថាមពល លោក Philip Verleger អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាគ្រូឧទ្ទេសនៅសាលាគ្រប់គ្រងនិងអង្គការនៃសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានឲ្យដឹងថា៖
«រុស្ស៊ីធ្លាប់បាននាំចេញប្រេងម៉ាស៊ូតប្រហែល ១ លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសដូចជាប្រេស៊ីល និងទួរគីបានហាមឃាត់ការនាំចូលប្រេងឥន្ធនៈប្រភេទនេះ។ ជាលទ្ធផល យើងបានបាត់បង់ការផ្គត់ផ្គង់ ១ លានបារ៉ែលក្នុងមួយថ្ងៃនៅលើទីផ្សារដែលមានទំហំសរុបប្រហែល ២៥ លានបារ៉ែលក្នុងមួយថ្ងៃ។»
តម្លៃប្រេងម៉ាស៊ូតខ្ពស់ បានបង្កើនថ្លៃដឹកជញ្ជូន ព្រមទាំងទំនងជាបន្តដាក់សម្ពាធបន្ថែមទៀតលើតម្លៃ និងអតិផរណានៅសហរដ្ឋអាមេរិក។ កត្តាទាំងនេះអាចធ្វើឱ្យគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជួបប្រទះនឹងគុណវិបត្តិនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់នៅថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទាល់បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៊ីគឺរឿងល្អសម្រាប់ប្រជាជនអាមេរិក ហើយស្របនឹងគោលការណ៍ «អាមេរិកមុនគេ» របស់លោក។ ក្នុងពេលជាមួយគ្នានោះ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសថា៖
«ជាដំបូង យើងនឹងអនុវត្តន៍រឿងនេះ ដោយការឆ្លៀតប្រើប្រាស់សមត្ថកិច្ចផ្នែកច្បាប់ទាំងអស់ដែលយើងមាន។ ដូច្នេះ អ្នកណាម្នាក់នៅក្នុងរដ្ឋសភា មិនថាដកស្រង់សេចក្តីព្រាងច្បាប់ចាស់ ឬសេចក្តីព្រាងច្បាប់បច្ចុប្បន្ន (ច្បាប់ Lindsey Graham) ដើម្បីនិយាយថា យើងមិនត្រូវបានអនុញ្ញាតឱ្យធ្វើរឿងនេះ គឺសុទ្ធតែខុស។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឡើងកាន់តំណែងក្នុងបេសកកម្មបម្រើប្រជាជនអាមេរិក ហើយការកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតនេះផ្តល់អត្ថប្រយោជន៍ដល់ពួកគេ»។
កាយវិកាដ៏គួរឱ្យភ្ញាក់ផ្អើល
ពីទស្សនៈរបស់អ៊ុយក្រែន កិច្ចព្រមព្រៀងនេះនាំមកនូវការព្រួយបារម្ភជាច្រើន ពីព្រោះវាជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងជំហររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងមូស្គូ ហើយទំនងជាធ្វើឱ្យបាត់សុពលភាពនូវច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងអ៊ីរ៉ង់ ដាក់ឈ្មោះតាមអតីតព្រឹទ្ធសមាជិកអាមេរិក Lindsey Graham ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១៩ ខែតុលា និងអនុញ្ញាតឱ្យដាក់ពន្ធរហូតដល់ ៥០០% លើទំនិញរបស់រុស្ស៊ី ក៏ដូចជាការអនុវត្តទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសដែលទិញប្រេងឥន្ធនៈពីរុស្ស៊ី។
អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតសម្រាប់ទីក្រុងគៀវ រួមជាមួយនឹងកិច្ចព្រមព្រៀងប្រេងម៉ាស៊ូត ប្រធានាធិបតីអាមេរិក (និងសម្ព័ន្ធមិត្តរបស់លោក គឺមហាសេដ្ឋី Elon Musk) បានបញ្ជាក់ជាសាធារណៈថា អ៊ុយក្រែនត្រូវការមេដឹកនាំថ្មី។ លោក Ian Kelly អ្នកជំនាញស្រាវជ្រាវអន្តរជាតិ និងភាសា អក្សរសាស្ត្រ Slav នៅសាកលវិទ្យាល័យ Northwestern (សហរដ្ឋអាមេរិក) បានចាត់ទុកថា ក្នុងរយៈពេលខ្លី កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីនឹងមិនមានផលប៉ះពាល់គួរឱ្យកត់សម្គាល់លើទំនាក់ទំនងសហរដ្ឋអាមេរិក-អឺរ៉ុបទេ។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាការព្រនង់មួយផ្សេងទៀតទៅលើសាមគ្គីភាពរបស់លោកខាងលិច ខណៈពេលដែលនាំមកនូវកម្លាំងចលករកាន់តែខ្លាំងសម្រាប់រុស្ស៊ី យ៉ាងហោចណាស់ខាងនយោបាយ។
«ខ្ញុំពិតជាមិនគិតថា បរិមាណប្រតិបត្តិការ ដែលយើងកំពុងពិភាក្សាមានទំហំធំល្មម ដើម្បីបំពេញរតនាគាររបស់រុស្ស៊ីដល់កម្រិតដែលពួកគេចង់បាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពីទិដ្ឋភាពនយោបាយ ខ្ញុំគិតថាវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ ហេតុផលគឺថាវាផ្ញើសារថាពួកគេ (ភាគីរុស្ស៊ី) នឹងឈរជើងរឹងមាំ យូរជាងគូប្រជែង»។
សម្រាប់ទីក្រុងមូស្គូ កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយសហរដ្ឋអាមេរិកគឺជាជ័យជម្នះក្នុងទិដ្ឋភាពជាច្រើន។ ខាងសេដ្ឋកិច្ច កិច្ចព្រមព្រៀងនេះបន្ធូរបន្ថយសម្ពាធជាច្រើនលើវិស័យថាមពលរបស់រុស្ស៊ី ដែលកំពុងទទួលរងទណ្ឌកម្មជាច្រើន ហើយនាំមកនូវប្រាក់ចំណូលយ៉ាងច្រើនដល់ថវិកា។ អ្វីដែលសំខាន់ជាងនេះទៅទៀត ខាងនយោបាយ កិច្ចព្រមព្រៀងនេះបង្ហាញថា ទីក្រុងមូស្គូនៅតែមាន «សន្លឹកបៀ» ដ៏មានប្រយោជន៍នៅក្នុងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីជះឥទ្ធិពលដល់គោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងល្បែងភូមិសាស្ត្រនយោបាយដ៏វែងឆ្ងាយ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយចំណុចក្តៅគគុកផ្សេងទៀតនៅជុំវិញពិភពលោក មិនមែនគ្រាន់តែជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននោះទេ៕
