កិច្ចប្រជុំកំពូលណាតូឆ្នាំនេះ គឺជាជំនួបជាន់ខ្ពស់លើកដំបូងរវាងមេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកសម្ព័ន្ធភាពនេះ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ ជាព្រឹត្តិការណ៍មួយដែលបានគូសសញ្ញាពីការបែកបាក់យ៉ាងធ្ងន់ធ្ងររវាងសហរដ្ឋ អាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗនៅក្នុងណាតូ។

ការបន្ធូរស្រាលជាមួយទីក្រុងវ៉ាស៊ីនតោន

បញ្ហាប្រឈមដំបូងដែលណាតូត្រូវតែដោះស្រាយនៅទីក្រុងអង់ការ៉ាគឺសាមគ្គីភាពផ្ទៃក្នុង។ មុននឹងកិច្ចប្រជុំកំពូលឆ្នាំនេះ មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងពីការរិះគន់ជាបន្តបន្ទាប់តម្រង់ទៅលើណាតូ។ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានហៅណាតូថា ជា "សត្វខ្លាក្រដាស" ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងណាតូថា "គួរឲ្យចម្លែក" ដោយទឡ្ហីករណ៍ថា សហរដ្ឋអាមេរិកបានចំណាយទឹកប្រាក់ច្រើនដើម្បីការពារប្រទេសណាតូដោយមិនបានទទួលមកវិញអត្ថប្រយោជន៍ណាមួយឡើយ។

ដូច្នេះ នៅទីក្រុងអង់ការ៉ា សមាជិកណាតូប្រាកដថា នឹងត្រូវរកវិធីដើម្បីបន្ធូរបន្ថយការមិនពេញចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងផ្តល់ការពន្យល់ដែលអាចទទួលយកបានសម្រាប់អាមេរិក ចំពោះការដែលគ្មានសមាជិកណាម្នាក់របស់ណាតូ ចូលរួមដោយផ្ទាល់នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក (និងអ៊ីស្រាអែល) ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ពីព្រោះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមានម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងពិចារណាឡើងវិញយ៉ាងម៉ត់ចត់ លើអត្តចរិតនៃទំនាក់ទំនងជាមួយណាតូ។ រួមជាមួយនឹងការរិះគន់ រដ្ឋបាលអាមេរិកក៏មានកាយវិកាដាក់សម្ពាធ នៅពេលប្រកាសកាត់បន្ថយវត្តមានកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់ និងរៀបចំកងកម្លាំងឡើងវិញនៅក្នុងប្រទេសមួយចំនួនទៀត ឬកាត់បន្ថយការប្តេជ្ញាចិត្តសន្តិសុខនៅអឺរ៉ុប រហូតដល់គំរាមកំហែងដកខ្លួនចេញពីណាតូទៀតផង។

លោក Charles Kupchan អ្នកស្រាវជ្រាវជាន់ខ្ពស់នៅក្រុមប្រឹក្សាទំនាក់ទំនងការបរទេស (CFR) និងជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Georgetown (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា៖ “ប្រសិនបើលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ វានឹងជាការរញ្ជួយដីខាងភូមិសាស្ត្រនយោបាយ។ សកម្មភាពនេះនឹងបំបែកសម្ព័ន្ធភាពដែលបានដើរតួនាទីជាសសរស្តម្ភនៃពិភពលោកខាងលិចក្នុងទិដ្ឋភាពជាច្រើនចាប់តាំងពីណាតូត្រូវបានបង្កើតឡើងក្នុងដំណាក់កាលបន្ទាប់ពីសង្គ្រាមលោកលើកទី ២។ ដោយសារតែ នេះមិនមែនគ្រាន់តែជាសម្ព័ន្ធភាពយោធានោះទេ។ ក្នុងទិដ្ឋភាពជាច្រើន វាក៏ជាសម្ព័ន្ធភាពនយោបាយ និងជាស្ថាប័នមួយដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍រួម តម្លៃរួម និងការប្តេជ្ញាចិត្តរួមផងដែរ”។

ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន មន្ត្រីណាតូជាច្រើនបានសង្កត់ធ្ងន់ថា សមាជិកនានាកំពុងបង្កើនយ៉ាងខ្លាំងនូវការចំណាយការពារជាតិ និងបង្កើនស្វ័យភាពដើម្បីចែករំលែកបន្ទុកហិរញ្ញវត្ថុជាមួយសហរដ្ឋអាមេរិក។

ការបង្កើតរូបរាងសម្រាប់អង្គការណាតូ ៣.០

ប្រសិនបើជំនះលើការបែកបាក់ទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា ឬការមិនចុះសម្រុងគ្នាលើការចំណាយផ្នែកការពារជាតិ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ជាពិសេសសមាជិកនានានៅអឺរ៉ុប នឹងត្រូវតែដោះស្រាយបញ្ហាប្រឈមដ៏សំខាន់មួយទៀតនោះ គឺការបង្កើតរូបរាងនៃអង្គការណាតូថ្មីសម្រាប់អនាគត ដែលត្រូវបានគេហៅផងដែរថា អង្គការណាតូ 3.0 (បន្ទាប់ពីអង្គការណាតូ ១.០ ក្នុងសម័យសង្គ្រាមត្រជាក់; អង្គការណាតូ 2.0 ពីក្រោយសង្គ្រាមត្រជាក់រហូតដល់ឆ្នាំ ២០២២) ដែលទាក់ទងនឹងទាំងគោលលទ្ធិសង្គ្រាម រចនាសម្ព័ន្ធនៃប្រព័ន្ធ មាត្រដ្ឋានឧបករណ៍ រហូតដល់ស្តង់ដារអាវុធ...

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ក្នុងកម្លាំងរបស់ណាតូ បច្ចុប្បន្ននេះមិនត្រឹមតែត្រូវបានវាស់វែង ដោយចំនួនអាវុធ ឬទាហានប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត ណាតូត្រូវតែស្វែងរកវិធីសាស្ត្រដើម្បីសម្របខ្លួនទៅនឹងទម្រង់សង្គ្រាមថ្មីៗ រួមទាំងការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) និងអាវុធស្វ័យប្រវត្តិ (ដូចជាយន្តហោះគ្មានមនុស្សបើកដែលមានតម្លៃថោក) ទៅក្នុងប្រព័ន្ធប្រយុទ្ធរបស់ខ្លួន ឬឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី (ការវាយប្រហារតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការកសាងភាពធន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រឆាំងនឹងទណ្ឌកម្ម ឬការបិទខ្ទប់សេដ្ឋកិច្ច។ ល។) អគ្គលេខាធិការណាតូ លោក Mark Rutte បានទទួលស្គាល់ថា៖ “លោករដ្ឋមន្ត្រី Hegseth បានបញ្ជាក់យ៉ាងច្បាស់អំពីភាពចាំបាច់នៃអង្គការណាតូកំណែ ៣.០ ក៏ដូចជាការរៀបចំរចនាសម្ព័ន្ធសម្ព័ន្ធភាពឡើងវិញដើម្បីឱ្យសមស្របទៅនឹងយុគសម័យទំនើបផងដែរ។ លើចំណុចនេះ យើងទាំងអស់គ្នាបានយល់ស្រប។ យើងត្រូវតែមើលត្រង់ៗលើការពិតជាមួយគ្នា។ សម្ព័ន្ធភាពនេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ប្រហែលជាការផ្លាស់ប្តូរដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដើម្បីកសាងណាតូកំណែ ៣.០ នេះ”។

បញ្ហាសម្រាប់ណាតូគឺការកំណត់យ៉ាងច្បាស់នូវអាទិភាពនៃគំរូកំណែ ៣.០។ អ្នកជំនាញយោធា-នយោបាយបានចាត់ទុកថា ណាតូ ៣.០ គឺផ្អែកលើសសរស្តម្ភមួយចំនួន ប៉ុន្តែសំខាន់បំផុតគឺការផ្លាស់ប្តូរ កងកម្លាំងជួរមុខ ដែលមានន័យថា អឺរ៉ុបត្រូវតែមានស្វ័យភាព ធ្វើការសម្រេចចិត្តដោយខ្លួនឯង និងដឹកនាំក្នុងបញ្ហាសន្តិសុខរបស់អឺរ៉ុប ខណៈពេលដែលសហរដ្ឋអាមេរិក ផ្តល់ការគាំទ្រពីខាងក្រោយ។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានចែករំលែកទស្សនៈនេះយ៉ាងដូច្នេះថា៖ "ណាតូត្រូវតែបង្កើតសញ្ញាសម្គាល់អឺរ៉ុបយ៉ាងច្បាស់លាស់បន្ថែមទៀត ដើម្បីរក្សាអត្តចរិតឆ្លងមហាសមុទ្រអាត្លង់ទិករបស់ខ្លួន។ ខ្ញុំគិតថា នោះជារបៀបពន្យល់ដ៏ត្រឹមត្រូវ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានធ្វើការងារតិចតួចពេក សម្រាប់សន្តិសុខរបស់ខ្លួន។ ឥឡូវនេះយើងកំពុងខិតខំប្រឹងប្រែងដើម្បីដោះស្រាយរឿងនោះ"។

ទោះជាយ៉ាងណាក៏ដោយ មុនពេលផ្តោតលើណាតូ 3.0 បញ្ហាប្រឈមដ៏ធំសម្រាប់សម្ព័ន្ធភាពនេះ នៅតែជាសាមគ្គីភាពផ្ទៃក្នុង មិនត្រឹមតែនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយសមាជិកនានា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការគាំទ្រប្រទេសអ៊ុយក្រែន ឬការដោះស្រាយទំនាក់ទំនងដ៏ស្មុគស្មាញជាមួយប្រទេសម្ចាស់ផ្ទះទួរគីទៀតផង៕