ដោយប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមអនុវត្តយ៉ាងសកម្មនូវការ​តម្រងទិសគោលនយោបាយការបរទេសនៃ​មហាសន្និបាតលើកទី១៤ របស់បក្ស និងសេចក្តីសម្រេចចិត្ត​លេខ ០៦ របស់ការិយាល័យនយោបាយស្តីពីការអនុវត្ត​ការតម្រងទិស​គោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី១៤ របស់បក្ស ដំណើរទស្សនកិច្ចនេះបាន​ប្រែក្លាយការប្តេជ្ញាចិត្តនយោបាយកម្រិតខ្ពស់ ទៅជាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង យក​កំណែទម្រង់ស្ថាប័ននីតិប្បញ្ញត្តិ និងការតភ្ជាប់ខ្សែសង្វាក់តម្លៃ​ជាកម្លាំង​ចលករស្នូល។

ការទូតសភាជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ

លទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ច​ជា​ផ្លូវការរបស់លោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន បានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ការទូតសភាក្នុងការ​ជំរុញការអនុវ​ត្ត​កិច្ចព្រមព្រៀងកម្រិតខ្ពស់។

នៅកូរ៉េខាងត្បូង ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាទៅកាន់ទីក្រុងសេអ៊ូល បានអនុវត្តន៍ជាក់​ស្តែង​នូវសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ វៀតណាម-កូរ៉េខាងត្បូង; អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ ក៏​ត្រូវបានដាក់ឱ្យអនុវត្តជាក់ស្តែង។ នៅក្នុង​កិច្ច​ពិភាក្សាជាមួយលោកប្រធានរដ្ឋសភា Cho Jeong Sik ជំនួប​សាវនាការជាមួយលោក​នាយករដ្ឋមន្ត្រី Han Seong Sook និងវគ្គធ្វើការជាមួយ​សារជីវកម្មសេដ្ឋកិច្ចឈានមុខគេ (Samsung, LG, Hyosung, Doosan Enerbility, Lotte, Hyundai Motor, Hanwha) ប្រធានរដ្ឋ​សភាវៀតណាម​បា​នផ្ញើសារដ៏រឹងមាំថា៖ វៀតណាមប្តេជ្ញាបង្កើតបរិយាកាស​ផ្លូវ​ច្បាប់​ប្រកប​ដោយតតម្លាភាពនិងស្ថិរភាព ដោយត្រៀមខ្លួនជាស្រេច​សម្រាប់​ស្វាគមន៍លំហូរ​​វិនិយោគ​ដែលមាន​បច្ចេកវិទ្យាខ្ពស់។

នៅប្រទេសម៉ុងហ្គោលី ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា​ក្រោយ​រយៈពេល ២៣ឆ្នាំ មានអត្ថន័យជាប្រវត្តិសាស្ត្រ។ ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងរវាងខុទ្ទកាល័យរដ្ឋសភាទាំងពីរ បានធ្វើស្ថាប័នភាវូបនីយកម្ម​នូវ​ក្របខ័ណ្ឌភាពជាដៃគូ​លើ​គ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២៤។ ជាពិសេស ភាគីទាំងពីរបានយល់ព្រមសហការគ្នាក្នុងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរឌីជីថលក្នុងអភិបាលកិច្ច​សភា ដោយមានគោលបំណង​លើក​កម្ពស់ប្រសិទ្ធភាព និងគុណភាពនៃប្រតិបត្តិការសភា​; គាំទ្រគម្រោងរួមគ្នា ការស្រាវជ្រាវ គំនិតផ្តួចផ្តើមសាកល្បង និងអនុវត្តជាក់ស្តែង ដោយ​ឆ្ពោះទៅរកការ​អភិវឌ្ឍដំណោះស្រាយ​ស​ភាឌីជីថល។

លទ្ធផលនៃដំណើរទស្សនកិច្ចនេះបានបំពេញតាមការរំពឹងទុករបស់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក ង្វៀន មិញវ៉ូ៖

«​ការទូតសភាកម្រិតខ្ពស់មិនត្រឹមតែជាការបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបណ្តាញមួយដើម្បីលើកកម្ពស់ និងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ក្នុងការកសាងច្បាប់ ការកែលម្អស្ថាប័ន និង​អភិបាលកិច្ចជាតិ ហើយក៏ជំរុញការប្តេជ្ញាចិត្តខាងនយោបាយ​ឱ្យ​ក្លាយ​ទៅជាកិច្ចស​ហប្រ​តិ​បត្តិការប្រកបដោយប្រសិទ្ធភាព និងមានអត្ថ​ប្រយោជន៍សម្រាប់ប្រជាជន និងសហគ្រាសផងដែរ។»​

ចូលរួមចំណែកកំណត់ទីតាំងរបស់​សហគ្រាស​វៀតណាម នៅក្នុងគម្រោង សឺមីកុងឌុចទ័រនិងបញ្ញាសិប្បនិម្មិត

ភាពជោគជ័យនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូង និងម៉ុងហ្គោលីរបស់​លោក​ប្រធានរដ្ឋសភា ជិន ថាញ់​មិន ក៏ត្រូវបាន​បង្ហាញ​ពីការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរបស់សហគ្រាសវៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកលផងដែរ។

នៅកូរ៉េខាងត្បូង ប្រមុខរដ្ឋសភាវៀតណាមបានបញ្ជាក់ពីការលើកទឹកចិត្តដល់សាជីវកម្មកូរ៉េឱ្យពង្រីកការវិនិយោគនៅវៀតណាម ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងមជ្ឈមណ្ឌលទិន្នន័យ។ ទន្ទឹមនឹងនោះ រួម​គ្នា​ស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយផ្លាស់ប្តូរពីគំរូ "កូរ៉េខាងត្បូងវិនិយោគ - វៀតណាមផ្គត់ផ្គង់" ទៅជាការស្រាវជ្រាវ ការអភិវឌ្ឍ និងការធ្វើពាណិជ្ជកម្មផលិតផល​រួមគ្នា​។

ជំនួបរវាងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជាមួយ​បណ្តាញនវានុវត្តន៍និងអ្នកជំនាញ​វៀតណាម​នៅទីក្រុងសេអ៊ូល មាន​សារៈសំខាន់ជាយុទ្ធសាស្ត្រយ៉ាងខ្លាំង​។ បណ្តាញនេះ មានបញ្ញវន្តជាង ២.០០០នាក់​មកពី​បណ្តាញមួយ​ដែល​ឧបត្ថម្ភដោយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ត្រូវបានចាត់ទុកជា "ដៃពង្រីក" សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា។ ការប្តេជ្ញាចិត្តរបស់រដ្ឋសភាក្នុងការ​ផ្ទៀង​ស្តាប់ ការអនុម័តលើ​ក្របខ័ណ្ឌសាកល្បង (ប្រអប់ខ្សាច់) និងការទទួលយកហានិភ័យ​វិទ្យាសាស្ត្រដែលមានការ​គ្រប់គ្រង គឺជាគន្លឹះ​ក្នុងកា​រ​លុបបំបាត់ឧបសគ្គ និងប្រែក្លាយ​លទ្ធផលស្រាវជ្រាវនិងអភិវឌ្ឍន៍ទៅជាសមត្ថភាពផលិតកម្មជាក់ស្តែងយ៉ាងឆាប់រហ័ស​។ ដោយវាយតម្លៃពីទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង លោក Lee Hongbae នាយកសាខាវៀតណាមរបស់ក្រុមហ៊ុនច្បាប់ Yulchon បានសម្តែងថា៖

«ការប្តេជ្ញាចិត្តយ៉ាងរឹងមាំ និងស៊ីសង្វាក់គ្នារបស់វៀតណាមចំពោះគោលនយោបាយកំណែទម្រង់និងបើកចំហរ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច គឺជាចំណុចវិជ្ជមាន​ដ៏ធំមួយ។ ការ​តម្រងទិសគោលនយោបាយនេះ បាន​ផ្ញើរសារដ៏​ច្បាស់លាស់ និងវិជ្ជមាន​ទៅកាន់ សហគមន៍វិនិយោគិន​។ ជាពិសេស វៀតណាមកំពុងជំរុញកំណែទម្រង់រដ្ឋបាលជាបន្តបន្ទាប់ និងអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដើម្បីបង្កើតលក្ខខណ្ឌ​អំណោយផលសម្រាប់ការអភិវឌ្ឍ​សហគ្រាស។»

ភាពជោគជ័យនៃដំណើរទស្សនកិច្ចជា​ផ្លូវការរបស់​លោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ទៅកាន់កូរ៉េខាងត្បូង និងម៉ុងហ្គោលី បានបញ្ជាក់ពីវិធីសាស្រ្តការទូតសភា​ប្រកបដោយភាពសកម្ម បត់បែន និង​ស្ថាបនា។ តាមរយៈការ​តភ្ជាប់ស្ថាប័ននីតិបញ្ញត្តិជាមួយនឹងតម្រូវការសហប្រតិបត្តិការជាក់ស្តែង ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបានពង្រឹងទំ​នុកចិត្តនយោបាយយ៉ាងរឹងមាំប៉ុណ្ណោះទេ ថែមទាំងបានបើកចេញ​លំហអភិវឌ្ឍថ្មី ធ្វើ​ឱ្យក្របខ័ណ្ឌភាពជាដៃគូ​កាន់តែស៊ីជម្រៅ និងបម្រើដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕​