ដំណើរទស្សនកិច្ចនេះបង្ហាញពីទិសដៅគោលនយោបាយការបរទេសដ៏សកម្ម និងវិជ្ជមានរបស់វៀតណាម នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ខណៈពេលដែលក៏បើកឱកាសដើម្បីលើកកម្ពស់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអឺរ៉ុបនាបលក្ខណៈជាក់ស្តែង និងមានប្រសិទ្ធភាពជាង។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសដាណឺម៉ាករបស់អគ្គលេខាបក្សវៀតណាមមួយរូប ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សហភាពអឺរ៉ុប និងបែលហ្ស៊ិករបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម។ មិនត្រឹមតែពង្រឹងទំនុកចិត្តនយោបាយ ដំណើរទស្សនកិច្ចនេះក៏បង្កើតឱកាសសម្រាប់ភាគីទាំងពីរដើម្បីកំណត់អាទិភាពសហប្រតិបត្តិការដែលសមស្របនឹងប្រៀបខ្លាំងរបស់ភាគីនីមួយៗ និងតម្រូវការអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងកំណើនបៃតង។
ទាញយកចំណុចខ្លាំង ពង្រីកសក្តានុពលសហប្រតិបត្តិការ
ជាមួយប្រទេសដាណឺម៉ាក ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចវិលជុំ និងកំណើនបៃតង គឺជាវិស័យសហប្រតិបត្តិការដ៏ពោរពេញដោយសក្កានុពល ដែលសមស្របនឹងការផ្លាស់ប្តូរគំរូកំណើនរបស់វៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៦ បានកើនឡើងជិត ៣៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីសក្កានុពលសហប្រតិបត្តិការ និងផ្តល់មូលដ្ឋានសម្រាប់ភាគីទាំងពីរ បន្តទាញយកអត្ថប្រយោជន៍ពីឱកាសអាជីវកម្ម វិនិយោគ និងតភ្ជាប់សហគ្រាសប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ បែលហ្ស៊ិកមានប្រៀបខ្លាំងក្នុងវិស័យបញ្ញាសិប្បនិម្មិត ផលិតបន្ទះឈីប កំពង់ផែ និងភស្តុភារកម្ម - វិស័យដែលវៀតណាមចាប់អារម្មណ៍ដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យា និងការប្រកួតប្រជែងសេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក និងជាប្រធានគណៈប្រតិភូវៀតណាមអមសហភាពអឺរ៉ុប លោកស្រី ង្វៀន ហឿង ត្រា បានឲ្យដឹងថា៖ “ជាមួយនឹងប្រៀបខ្លាំងក្នុងវិស័យដូចជាការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត និងការផលិតបន្ទះឈីប បែលហ្ស៊ិកអាចគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មទាំងនេះ ដោយជួយវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មសកល។ លើសពីនេះ បែលហ្ស៊ិកមានបទពិសោធន៍ដ៏មានតម្លៃក្នុងការអភិវឌ្ឍកំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងភស្តុភារកម្មបៃតង និងឆ្លាតវៃ”។
ជាពិសេសជាមួយសហភាពអឺរ៉ុប ការលើកកំពស់នូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនៅក្នុងខែមករា ឆ្នាំ២០២៦ បង្កើតមូលដ្ឋានគ្រឹះនយោបាយថ្មីមួយសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បន្តជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់អាជីវកម្ម។ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសវៀតណាម Julien Guerrier បានសង្កត់ធ្ងន់លើតួនាទីនៃពាណិជ្ជកម្ម និងវិនិយោគក្នុងទំនាក់ទំនងទ្វេភាគី៖ “ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួន និងមានស្ថិរភាពក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមក ហើយឥឡូវនេះយើងមានទំនាក់ទំនងទូលំទូលាយ និងស៊ីជម្រៅដែលរួមបញ្ចូលគ្នាលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។ សសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការគឺពាណិជ្ជកម្ម និងការវិនិយោគ។ យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពអឺរ៉ុបនិងវៀតណាម ដែលមានប្រសិទ្ធភាពអស់រយៈពេលប្រាំមួយឆ្នាំ ដែលនាំឱ្យមានការកើនឡើង ៤០% នៃទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ អឺរ៉ុបគឺជាទីផ្សារនាំចេញសំខាន់មួយរបស់វៀតណាម ហើយយើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាពជាដៃគូផ្លាស់ប្តូរថាមពលយុត្តិធម៌របស់ G7 និងអ្នកផ្តល់ជំនួយផ្សេងទៀតជាមួយវៀតណាម”។
ប្រែក្លាយការប្តេជ្ញាចិត្តទៅជាអត្ថប្រយោជន៍ជាក់ស្តែង
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលថ្មីនេះ ការពង្រីកពាណិជ្ជកម្មត្រូវដើរទន្ទឹមគ្នាជាមួយនឹងការកែលម្អគុណភាពនៃកំណើន។ ប្រែក្លាយការប្តេជ្ញាចិត្តនយោបាយទៅជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់គោលដៅអភិវឌ្ឍន៍របស់ភាគីនីមួយៗ ពិតជានឹងក្លាយជាប្រធានបទសំខាន់នៃការពិភាក្សារវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងថ្នាក់ដឹកនាំសហភាពអឺរ៉ុបក្នុងអំឡុងពេលទស្សនកិច្ចនេះ។ ឯកអគ្គរដ្ឋទូត ង្វៀន ហឿង ត្រា បានសង្កត់ធ្ងន់ថា៖ “សសរស្តម្ភនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល នឹងបន្តជាអាទិភាពកំពូលនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុបនាពេលខាងមុខ។ ប្រការនេះនឹងមិនត្រឹមតែស្ថិតត្រង់ការប្តេជ្ញាចិត្តកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែនឹងត្រូវបានប្រែទៅជាគម្រោង និងសកម្មភាពជាក់ស្តែងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច។ លើសពីនេះ យើងជឿជាក់ថា អាទិភាព និងប្រៀបខ្លាំងរបស់សហភាពអឺរ៉ុបក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ការអប់រំ និងបណ្តុះបណ្តាល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ក៏ជាវិស័យដែលភាគីទាំងពីរអាចបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅផងដែរ”។
សម្រាប់វៀតណាម កិច្ចសហប្រតិបត្តិការជាមួយដៃគូអឺរ៉ុបមិនត្រឹមតែជួយធ្វើពិពិធកម្មទីផ្សារ ប្រភពដើមទុន និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើនការពឹងផ្អែកលើខ្លួនឯង និងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ការអភិវឌ្ឍ។ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម កាន់ប្រទេសដាណឺម៉ាក សហភាពអឺរ៉ុប និងបែលហ្ស៊ិក បានបើកឱកាសដើម្បីបង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-អឺរ៉ុប។ ការទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងរបស់ភាគីនីមួយៗ និងការផ្គូផ្គងចក្ខុវិស័យរួមជាមួយនឹងតម្រូវការជាក់ស្តែង នឹងជួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងចីរភាពជាង រួមចំណែកចូលក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕
