ដំណើរទស្សនកិច្ចនេះអះអាងនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឡើងដល់កម្រិតថ្មីមួយនៅក្នុងយុគសម័យថ្មី។
នេះជាលើកដំបូងដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមមួយរូប អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសនូវែលសេឡង់ក្នុងតួនាទីទាំងពីរ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកំពូលវៀតណាមចាប់តាំងពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ផងដែរ។
ទំនាក់ទំនងដែលត្រូវបានពូនជ្រុំប្រកបដោយចីរភាពនិងកាន់តែជាក់ស្ដែង
អស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ វៀតណាមនិងនូវែលសេឡង់បានពូនជ្រុំទំនាក់ទំនងប្រកបដោយចីរភាព ជាក់ស្ដែង និងកាន់តែស៊ីជម្រៅ។ នៅឆ្នាំ២០២៥ ស្របពេលនឹងការរំលឹកខួបលើកទី៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៥-២០២៥) ប្រទេសទាំងពីរបានសម្រេចចិត្តលើកកំពស់ទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបើកលហំកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសនូវែលសេឡង់លើកនេះ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺសំដៅនាំក្របខ័ណ្ឌថ្មីនេះពីការប្តេជ្ញាចិត្តនយោបាយទៅជាលទ្ធផលជាក់ស្តែង។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ លោក ផាន់ មិញយ៉ាង បានអះអាងថា៖
“ការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបានបើកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម-នូវែលសេឡង់។ ចំណុចសំខាន់គឺរបៀបអនុវត្តន៍ខ្លឹមសារនៃក្របខ័ណ្ឌថ្មីនេះ ការប្រែក្លាយការប្តេជ្ញាចិត្តនយោបាយទៅជាសកម្មភាពជាក់ស្តែងយ៉ាងដូចម្ដ៉េច ដើម្បីនាំមកនូវលទ្ធផលនិងអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសនូវែលសេឡង់លើកនេះ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ត្រូវបានគេរំពឹងថា នឹងស្ថាបនាកម្លាំងចលករថ្មីដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់នៅក្នុងយុគសម័យថ្មី ឲ្យសក្តិសមនឹងសក្តានុពលនិងឋានៈរបស់ប្រទេសទាំងពីរ”។
ប្រការដ៏គួរឲ្យកត់សម្គាល់បំផុតនៃដំណើរទស្សនកិច្ចលើកនេះ គឺស្ថិតនៅក្នុងពាក្យថា "ភាពជាក់ស្ដែង"។ ពីព្រោះក្របខ័ណ្ឌសហប្រតិបត្តិការមួយ ត្រឹមតែមានអត្ថន័យពិតប្រាកដ លុះត្រាតែវាត្រូវបានប្រែក្លាយទៅជាគម្រោង កម្មវិធី និងអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន អាជីវកម្ម និងសេដ្ឋកិច្ច។ ប្រទេសនូវែលសេឡង់មានប្រៀបខ្លាំងក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការអប់រំ វិទ្យាសាស្ត្រអនុវត្ត និងការអភិវឌ្ឍបៃតង; ប្រទេសវៀតណាមមានទីផ្សារធំ កម្លាំងពលកម្មវ័យក្មេង សមត្ថភាពផលិតកម្មកាន់តែប្រសើរឡើង និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ភាគីទាំងពីរបានដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។ គុណសម្បត្តិដែលបំពេញបន្ថែមគ្នាទាំងនេះត្រូវបានបញ្ជាក់ដោយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូហ្វឺរ លុចសុន (Christopher Luxon) ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥៖
“វៀតណាមគឺជាតារាដែលកំពុងរះ នៅអាស៊ីអាគ្នេយ៍។ តាមពិតទៅ នេះជាសេដ្ឋកិច្ចដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អស់រយៈពេល ២៥ ឆ្នាំកន្លងមក ហើយនឹងបន្តដូច្នេះក្នុងទសវត្សរ៍ខាងមុខ។ ប្រការនេះធ្វើឱ្យវៀតណាមក្លាយជាឱកាសមួយក្នុងចំណោមឱកាសធំបំផុតសម្រាប់កំណើននាំចេញរបស់នូវែលសេឡង់។ នៅពេលដែលយើងធ្វើពាណិជ្ជកម្មជាមួយប្រទេសដូចជាវៀតណាម យើងមិនត្រឹមតែអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារកាន់តែច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាជននូវែលសេឡង់ទៀតផង”។
តភ្ជាប់មនុស្សនិងចំណេះដឹងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើត្រឹមតែក្រឡេកមើលលើទំនាក់ទំនងវៀតណាម-នូវែលសេឡង់តាមរយៈតួរលេខពាណិជ្ជកម្មគឺមិនគ្រប់គ្រាន់ទេ។ តម្លៃប្រកបដោយចីរភាពមួយដែលប្រទេសទាំងពីរកំពុងពូនជ្រុំ គឺកត្តាមនុស្សនិងចំណេះដឹង។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ការអប់រំបានក្លាយជាស្ពានដ៏សំខាន់មួយរវាងវៀតណាម និងនូវែលសេឡង់។ ចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី នៅពេលដែលវៀតណាមកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងគុណភាពធនធានមនុស្ស ជាកម្លាំងចលករដ៏សំខាន់នៃកំណើននោះ កិច្ចសហប្រតិបត្តិការក្នុងការអប់រំ ការស្រាវជ្រាវ និងការតភ្ជាប់ចំណេះដឹងកាន់តែមានសារៈសំខាន់។ សហគមន៍ជនវៀតណាមនៅនូវែលសេឡង់ មិនត្រឹមតែជាមនុស្សដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅទីនោះប៉ុណ្ណោះទេ ថែមទាំងក៏មានចំណេះដឹង បទពិសោធន៍ បណ្តាញទំនាក់ទំនងអន្តរជាតិ និងការយល់ដឹងអំពីបរិយាកាសអភិវឌ្ឍន៍នៃប្រទេសសាម៉ីទៀតផង។ ប្រសិនបើត្រូវបានតភ្ជាប់និងពង្រីកប្រកបដោយប្រសិទ្ធភាព នេះនឹងក្លាយជាធនធានមួយដែលអាចរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រទេសជាតិ។ លោកស្រីបណ្ឌិត វូ អាញដាវ សហស្ថាបនិកនៃវេទិកាបញ្ញាវន្តវ័យក្មេងវៀតណាម-នូវែលសេឡង់ បានចាត់ទុកថា៖
“ខ្ញុំគិតថា ធនធានដ៏ធំបំផុតរបស់សហគមន៍ជនវៀតណាមនៅបរទេស មិនត្រឹមតែស្ថិតនៅក្នុងសញ្ញាបត្រ ឬស្នាដៃស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងបទពិសោធន៍ជាក់ស្តែង សមត្ថភាពវិជ្ជាជីវៈ នៅក្នុងបណ្តាញអន្តរជាតិ និងសមត្ថភាពតភ្ជាប់ប្រទេសវៀតណាមជាមួយប្រព័ន្ធអេកូឡូស៊ីដ៏រីកចម្រើនទៀតផង។ សហគមន៍ជនវៀតណាមនៅនូវែលសេឡង់អាចរួមចំណែកដោយការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយជំនាន់វ័យក្មេង តភ្ជាប់សាកលវិទ្យាល័យ និងសហគ្រាស ជំរុញគម្រោងស្រាវជ្រាវរួម ចូលរួមក្នុងគម្រោងផ្ទេរបច្ចេកវិទ្យា ហើយនាំយកការអនុវត្តល្អបំផុតពីប្រទេសដទៃទៀតមកវៀតណាម”។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺជាឱកាសមួយដើម្បីបើកជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងនូវែលសេឡង់។ នៅពេលដែលទំនុកចិត្តនយោបាយត្រូវបានប្រែក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ការតភ្ជាប់ថ្ងៃនេះនឹងបង្កើតឱកាស និងលទ្ធផលនាពេលអនាគត៕
