ពីទីក្រុងញូវយ៉ក ជាថ្មីម្តងទៀត វៀតណាមកំពុងនាំយកសំឡេងរបស់ខ្លួនទៅកាន់វេទិកាពហុភាគីឈានមុខគេរបស់ពិភពលោក។ នេះគឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការចែករំលែកការធ្វើដំណើរជាង ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (ដូយម៉ើយ) បទពិសោធន៍ក្នុងដំណើរការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ ព្រមទាំងបញ្ជាក់ពីបំណងប្រាថ្នារបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។
កិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកនៅចំពោះមុខការប្រែប្រួលយ៉ាងជ្រាលជ្រៅ។ ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីជាង ១៣០ រូបបានអញ្ជើញចូលរូម ដោយពិភាក្សាអំពីប្រធានបទ "ស្តារទំនុកចិត្ត គ្រប់គ្រងដំណើរការផ្លាស់ប្តូរ អង្គការសហប្រជាជាតិមួយដែលនាំមកនូវលទ្ធផលសម្រាប់អ្នកទាំងអស់គ្នា"។ នេះមិនត្រឹមតែជាកន្លែងដែលប្រទេសនានាបង្ហាញទស្សនៈរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលំហរមួយដើម្បីស្វែងរកសំឡេងរួមលើបញ្ហាដែលកំពុងជះឥទ្ធិពលដល់មនុស្សជាតិទាំងអស់។
វៀតណាមមិនស្ថិតនៅខាងក្រៅចលនារបស់ពិភពលោកទេ
ជម្លោះនិងការបែងចែកភូមិសាស្ត្រនយោបាយ ភាពក្រីក្រ វិសមភាព ការប្រែប្រួលអាកាសធាតុ ធនធានដែលកំពុងថយចុះសម្រាប់ការអភិវឌ្ឍ និងការងារមនុស្សធម៌ រួមជាមួយការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កំពុងដាក់ចេញបញ្ហាប្រឈមជាច្រើន។ ចំណុចរួមក្នុងចំណោមបញ្ហាប្រឈមទាំងនេះ គឺថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាទាំងនោះតែម្នាក់ឯងបានទេ។ ពោលគឺត្រូវទាមទារឱ្យមានការសន្ទនា កិច្ចសហប្រតិបត្តិការ និងដំណោះស្រាយពហុភាគី។
សម្រាប់ប្រទេសវៀតណាម ទាំងនេះក៏ជាបញ្ហាដែលភ្ជាប់ដោយផ្ទាល់ទៅនឹងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ សេដ្ឋកិច្ចមានកម្រិតបើកចំហខ្ពស់ ត្រូវការបរិយាកាសអន្តរជាតិដែលមានសន្តិភាព ស្ថិរភាព និងមានលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការ។ ហើយប្រទេសវៀតណាមដែលកំពុងពន្លឿនការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាខ្ពស់ ត្រូវចូលរួមក្នុងការកសាងគោលការណ៍ និងក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ដែលស្របតាមការផ្លាស់ប្តូរថ្មីៗ នៅក្នុងពិភពលោក។ ដូច្នេះ ការចូលរួមក្នុងកិច្ចពិភាក្សាសកល មិនត្រឹមតែសម្រាប់វៀតណាមនិយាយអំពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់វៀតណាមរួមជាមួយប្រទេសដទៃទៀតស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់អនាគតរបស់ខ្លួន។ ឯកអគ្គរដ្ឋទូតលោក ដូ ហ៊ុង វៀត ប្រធានគណៈប្រតិភូវៀតណាមប្រចាំអង្គការសហប្រជាជាតិ បានចែករំលែកថា៖ “សាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ថ្លែងនៅក្នុងសប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ គឺមានលក្ខណៈទូលំទូលាយប្រកបដោយបរិយាប័ន្ន។ សារនោះផ្តោតលើការពង្រឹងទំនុកចិត្ត រួមដៃធ្វើសកម្មភាពរបស់បណ្តាប្រទេស ដើម្បីឲ្យដំណើរការផ្លាស់ប្តូរថ្មីដែលយើងកំពុងឃើញនៅថ្ងៃនេះ នឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជាតិទាំងអស់ និងប្រជាជនទាំងអស់ ក្នុងការទាញយកអត្ថប្រយោជន៍ និងរីករាយនឹងឱកាសទាំងនោះ ដើម្បីកុំឱ្យប្រជាជាតិណាមួយ ឬបុគ្គលណាម្នាក់ ត្រូវបានទុកចោលនៅខាងក្រោយ និងមិនបានទទួលផ្លែផ្កានៃដំណើរការអភិវឌ្ឍន៍ទាល់តែសោះ”។
សារនោះក៏បង្ហាញពីវិធីសាស្រ្តអភិក្រមកាន់តែច្បាស់លាស់របស់វៀតណាមនោះគឺ៖ ការអភិវឌ្ឍប្រទេសជាតិត្រូវតែភ្ជាប់ទៅនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទទួលខុសត្រូវចំពោះបញ្ហារួម។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ប្រមុខបក្ស និងរដ្ឋវៀតណាមនៅក្នុងសប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ។
“គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋផ្ទាល់ បានផ្ញើសារដ៏ច្បាស់លាស់និងខ្លាំងក្លាអំពីសារៈសំខាន់ដែលវៀតណាមដាក់ជូនអង្គការសហប្រជាជាតិ និងពហុភាគីនិយម នៅពេលដែលកិច្ចសហប្រតិបត្តិការអន្តរជាតិមានភាពចាំបាច់ជាងពេលណាៗទាំងអស់ ដោយបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការគាំទ្រប្រព័ន្ធពហុភាគីដែលស្មើភាព និងយុត្តិធម៌ ដោយមានអង្គការសហប្រជាជាតិដើរតួនាទីមជ្ឈភាព”។
នាំយកសេចក្តីប្រាថ្នារបស់វៀតណាមចូលទៅក្នុងចរន្តរួម
សំឡេងរបស់វៀតណាមនៅក្នុងវេទិកាអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងពីដំណើរអភិវឌ្ឍន៍របស់ប្រទេសជាតិ។ រួមជាមួយនឹងដំណើរការនេះ តួនាទីរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិក៏បានផ្លាស់ប្តូរជាបណ្តើរៗផងដែរ។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានវាយតម្លៃថា៖ “សព្វថ្ងៃនេះ យើងឃើញវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីអ្នកទទួលផលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទៅជាតួនាទីជាអ្នករួមចំណែកយ៉ាងសកម្ម ចំពោះដំណោះស្រាយសកល។ ទំនាក់ទំនងរវាងអង្គការសហប្រជាជាតិនិងវៀតណាម កាន់តែមានលក្ខណៈទ្វេភាគីពោលគឺ៖ អង្គការសហប្រជាជាតិគាំទ្រដល់សេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់វៀតណាម ខណៈដែលវៀតណាមរួមចំណែកបទពិសោធន៍ ភាពជាអ្នកដឹកនាំ និងដំណោះស្រាយរបស់ខ្លួនចំពោះរបៀបវារៈសកលរួម។ នៅពេលដែលវៀតណាមចូលដល់យុគសម័យថ្មីនៃការអភិវឌ្ឍន៍ អង្គការសហប្រជាជាតិសង្ឃឹមថា នឹងកសាងភាពជាដៃគូសក្តិសម; បង្កើតលក្ខខណ្ឌសម្រាប់វៀតណាមដើម្បីចូលរួមចំណែកកាន់តែច្រើនដល់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ”។
ចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី វៀតណាមកំពុងខិតខំសម្រេចបំណងប្រាថ្នារបស់ខ្លួនសម្រាប់ប្រទេសមួយដែលមានការអភិវឌ្ឍ និងវិបុលភាព ជាកន្លែងដែលប្រជាជនមានជីវភាពកាន់តែប្រសើរឡើង។ ក្នុងពេលជាមួយគ្នានេះ វៀតណាមក៏ប្រាថ្នាចង់រស់នៅក្នុងបរិយាកាសអន្តរជាតិដ៏សុខសាន្ត និងស្ថិរភាព ជាកន្លែងដែលច្បាប់អន្តរជាតិត្រូវបានគោរព ហើយបញ្ហាប្រឈមរួមត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡាំ លើកនេះមានសារៈសំខាន់យ៉ាងជ្រាលជ្រៅ។ ពីទីក្រុងញូវយ៉ក វៀតណាមចែករំលែកបទពិសោធន៍ កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន និងក្តីសង្ឃឹមរបស់ខ្លួនសម្រាប់អនាគត ដោយធ្វើការរួមគ្នាជាមួយប្រទេសដទៃទៀត ខណៈដែលបំណងប្រាថ្នារបស់វៀតណាមត្រូវបានដាក់នៅក្នុងបរិបទដ៏ទូលំទូលាយនៃមនុស្សជាតិ៕
