លោក Steve Witkoff បេសកជនពិសេសសហរដ្ឋអាមេរិក ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយនៅឯសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ (រូបថត៖ REUTERS/Evelyn Hockstein)

នៅថ្ងៃទី ២៦ ខែមីនា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បានបញ្ជាក់ជាផ្លូវការថា សហរដ្ឋអាមេរិកបានផ្ញើផែនការ ១៥ ចំណុចទៅកាន់អ៊ីរ៉ង់ តាមរយៈប្រទេសប៉ាគីស្ថាន។ នេះគឺជាសញ្ញាច្បាស់លាស់បំផុតនៃសេណារីយ៉ូដែលបញ្ឈប់ជម្លោះនៅមជ្ឈិមបូព៌ា តាមរយៈមធ្យោបាយការទូត។

កាយវិការដំបូង

ផែនការ ១៥ ចំណុចរបស់រដ្ឋបាលអាមេរិក ត្រូវបានលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចអស់រយៈពេលជាច្រើនថ្ងៃ មុនពេលត្រូវបានបញ្ជាក់ជាផ្លូវការដោយបេសកជនពិសេស លោក Steve Witkoff នៅថ្ងៃទី ២៦ ខែមីនា។ ទោះបីជាព័ត៌មានលម្អិតនៃផែនការនេះ មិនទាន់ត្រូវបានប្រកាសក៏ដោយ ព័ត៌មានដំបូងបានឲ្យដឹងថា សហរដ្ឋអាមេរិកមានបំណងចង់សម្រេចបានបទឈប់បាញ់រយៈពេល ៣០ថ្ងៃ។ អ៊ីរ៉ង់ត្រូវការរុះរើរោងចក្រនុយក្លេអ៊ែររបស់ខ្លួននៅ Natanz, Isfahan និង Fordow ហើយសន្យាមិនអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ ទីក្រុងវ៉ាស៊ីនតោនក៏បានទាមទារឱ្យទីក្រុងតេអេរ៉ង់ប្រគល់សារធាតុ អ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ ទៅឱ្យទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) ហើយយល់ព្រមអនុញ្ញាតឱ្យ IAEA ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរដែលនៅសេសសល់ និងមិនចម្រាញ់អ៊ុយរ៉ាញ៉ូមបន្ថែមទៀត។

សំណើរមួយទៀតពីសហរដ្ឋអាមេរិកគឺថា អ៊ីរ៉ង់កំណត់ចម្ងាយបាញ់ផ្លោង និងបរិមាណមីស៊ីលរបស់ខ្លួន ហើយសំខាន់បំផុត គឺបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ។ ជាថ្នូរមកវិញ ទណ្ឌកម្មទាំងអស់ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នឹងត្រូវបានលុបចោល ហើយយន្តការរបស់អង្គការសហប្រជាជាតិដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មឡើងវិញយ៉ាងឆាប់រហ័ស (snapback) ក៏ត្រូវបានលុបចោលដែរ។ សហរដ្ឋអាមេរិកបានសន្យាថា នឹងឧបត្ថម្ភផលិតអគ្គិសនីនៅរោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិល Bushehr របស់អ៊ីរ៉ង់ផងដែរ។ បេសកជនពិសេសសហរដ្ឋអាមេរិក លោក Steve Witkoff បានថ្លែងថា៖ "យើងនឹងរង់ចាំមើលថា តើអ្វីទាំងអស់នឹងវិវឌ្ឍន៍យ៉ាងម៉េច តើយើងអាចបញ្ចុះបញ្ចូលភាគីអ៊ីរ៉ង់ឱ្យយល់ថា នេះគឺជាចំណុចរបត់មួយ ហើយពួកគេគ្មានជម្រើសផ្សេងទៀតដែលល្អជាងនេះ ទៀតបានទេ។ យើងទទួលបានសញ្ញាយ៉ាងច្បាស់ថា នេះគឺជាលទ្ធភាពមួយ (ដើម្បីបញ្ចប់ជម្លោះ) ហើយប្រសិនបើកិច្ចព្រមព្រៀងត្រូវបានសម្រេច វាជារឿងដ៏អស្ចារ្យសម្រាប់អ៊ីរ៉ង់ សម្រាប់តំបន់ និងសម្រាប់ពិភពលោកទាំងមូល»។

តំបន់លំនៅដ្ឋានមួយត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ រូបថត៖ Majid Asgaripour/WANA តាមរយៈ REUTERS

សំណួរដ៏ធំនៅពេលនេះ គឺការឆ្លើយតបរបស់អ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់នៅថ្ងៃទី ២៦ ខែមីនាបានរាយការណ៍ថា ទីក្រុងតេអេរ៉ង់បានផ្ញើការឆ្លើយតបជាផ្លូវការចំពោះផែនការ ១៥ ចំណុច ដែលបានស្នើឡើងដោយសហរដ្ឋអាមេរិក។ នៅក្នុងការឆ្លើយតប អ៊ីរ៉ង់បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ឈប់សកម្មភាពយោធាប្រឆាំងនឹងប្រទេសនេះ និងបង្កើតលក្ខខណ្ឌដើម្បីទប់ស្កាត់ជម្លោះមិនឱ្យកើតឡើងម្តងទៀត។ លើសពីនេះ អ៊ីរ៉ង់ក៏បានទាមទារសំណងសម្រាប់ការខូចខាត ការធានាលើការសន្យាសងសំណង និងការបញ្ឈប់ជម្លោះនៅសមរភូមិទាំងអស់ ពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ មុននោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Aragchi បានប្រកាសថា៖ “ពួកគេ (ភាគីអាមេរិក) បានដាក់ចេញនូវគំនិតមួយចំនួន។ នៅកន្លែងខ្លះ មានការលើកឡើងអំពីផែនការ ១៥ ចំណុច ប៉ុន្តែទាំងនេះត្រូវបានបង្ហាញជាសំណើផ្សេងៗគ្នា។ ទាំងអស់នេះ ត្រូវបានដាក់ជូនថ្នាក់ដឹកនាំប្រទេស ហើយយើងនឹងបង្ហាញគោលជំហររបស់ខ្លួនប្រសិនបើចាំបាច់។ បច្ចុប្បន្ននេះ គោលនយោបាយរបស់យើងគឺបន្តការតស៊ូនិងការពារប្រទេសជាតិ ហើយបច្ចុប្បន្ននេះ យើងមិនមានបំណងចង់ធ្វើការចរចាទេ ហើយក៏មិនមានការចរចាណាមួយកំពុងដំណើរការដែរ”។

ហានិភ័យនៃភាពតានតឹងកើនឡើងនៅតែខ្ពស់

ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែមីនា ក្នុងការពន្យារពេល «ឱសានវាទ» (ស្តីពីការវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនដកការហ៊ុំពទ្ធ័ច្រកសមុទ្រ ហ័រមូស) រយៈពេល ១០ ថ្ងៃទៀត រហូតដល់ថ្ងៃទី ៥ ខែមេសា បានជួយឲ្យភាគីពាក់ព័ន្ធមានពេលវេលាបន្ថែមទៀតដើម្បីពិចារណាលើជម្រើសការទូត។ ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Daniel Levy អតីតអ្នកចរចានៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល រាល់កិច្ចខិតខំប្រឹងប្រែងក្នុងការសន្ទនាដោយផ្ទាល់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវគិតគូរពីកត្តាសំខាន់មួយគឺ ទស្សនៈរបស់អ៊ីស្រាអែល។ តាមលោក ប្រសិនបើទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឃើញថា ការចំណាយសម្រាប់ជម្លោះកំពុងលើសពីសមត្ថភាពទ្រាំទ្ររបស់ខ្លួន ពួកគេអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស។

ឧទ្ធម្ភាគចក្រនៅលើនាវាផ្ទុកយន្តហោះអាមេរិក ចូលរួមក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ រូបថត៖ REUTERS

ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃភាពតានតឹងផ្នែកយោធាកើនឡើងនៅតែខ្ពស់។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងការទូត សហរដ្ឋអាមេរិកក៏កំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់។ នៅថ្ងៃទី ២៥ ខែមីនា សេតវិមានបានព្រមានថា នឹងចាត់វិធានការកាន់តែខ្លាំងឡើងប្រសិនបើអ៊ីរ៉ង់មិនទទួលយកការបរាជ័យផ្នែកយោធា។ កត្តាទាំងនេះអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតតាំងពីដំណាក់កាលដំបូង។ សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិភូមិសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Cologne (អាល្លឺម៉ង់) លោក Klemens Fischer បានព្រមានថា៖ “ពួកគេ (សហរដ្ឋអាមេរិក និងអ៊ីស្រាអែល) បានគណនាខុសអំពីប្រតិកម្មរបស់អ៊ីរ៉ង់។ ពីព្រោះ អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃនេះ អស់ រយៈពេលជាង ៤០ ឆ្នាំមកហើយ។ ពិតណាស់ថា ពួកគេអាចយកឈ្នះក្នុងជម្លោះផ្នែកយោធា ប៉ុន្តែការចំណាយកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនត្រឹមតែទាក់ទងនឹងអាយុជីវិតមនុស្ស និងថវិកាប៉ុណ្ណោះទេ ប៉ុន្តែការចំណាយខាងនយោបាយក៏ខ្ពស់ដែរ”។

នៅខាងអ៊ីរ៉ង់ មន្ត្រីជាន់ខ្ពស់នៅតែមានការប្រុងប្រយ័ត្នចំពោះការវិវឌ្ឍនាពេលថ្មីៗនេះ។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានព្រមាននៅថ្ងៃទី ២៦ ខែមីនា អំពីហានិភ័យនៃការឈ្លានពានលើកោះមួយរបស់ប្រទេសនេះ ដោយមានការឧបត្ថម្ភពីប្រទេសមួយនៅក្នុងតំបន់ ដែលមិនបញ្ចេញឈ្មោះ។ នៅលើបណ្តាញសង្គម X លោក Ghalibaf បានឲ្យដឹងថា កងទ័ពអ៊ីរ៉ង់កំពុងតាមដានការវិវឌ្ឍទាំងអស់ ហើយបានបញ្ជាក់ថា ប្រសិនបើមានការវាយប្រហារណាមួយប្រឆាំងនឹងអ៊ីរ៉ង់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់របស់ប្រទេសនោះនៅក្នុងតំបន់ នឹងក្លាយជាគោលដៅនៃការតបតវិញ៕