ការពិន័យជាកំណត់ត្រាដោយ EC ដាក់លើ Google បន្តចំណាត់ការជាបន្តបន្ទាប់របស់សហភាពអឺរ៉ុបក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ សម្រាប់រឹតបន្តឹងសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្សបរទេស (Big Tech) ជាពិសេសមកពីសហរដ្ឋអាមេរិកនិងចិន ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ និងកម្មសិទ្ធិបច្ចេកវិទ្យា។

ជំរុញការគ្រប់គ្រង

នៅក្នុងការប្រកាសអំពីការផាកពិន័យយ៉ាងធ្ងន់ធ្ងរទៅលើ Google, EC បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកបានរំលោភលើតួនាទីរបស់ខ្លួន ដើម្បីផ្តល់អាទិភាពដល់សេវាកម្មផ្ទាល់ខ្លួន និងរឹតត្បិតការប្រកួតប្រជែង។ នេះគឺជាការផាកពិន័យដ៏ធំបំផុតដែលសហភាពអឺរ៉ុបបានដាក់លើអាជីវកម្មមួយក្រោមក្របខ័ណ្ឌច្បាប់ DMA ចាប់តាំងពីច្បាប់នេះចូលជាធរមាននៅឆ្នាំ ២០២៤ មក។ យោងតាម ​​EC ការពិន័យនេះរួមមានប្រាក់ប្រហែល ៥៣៨លានដុល្លារ ដោយសារតែ Google ផ្តល់អាទិភាពដល់ការបង្ហាញសេវាកម្មផ្ទាល់ខ្លួន ដូចជា Google Flights និង Google Hotels នៅក្នុងលទ្ធផលស្វែងរក ដែលធ្វើឱ្យដៃគូប្រកួតប្រជែងស្ថិតក្នុងស្ថានភាពមិនអំណោយផល។ ការពិន័យដែលនៅសល់ប្រមាណ ៥០៣ លានដុល្លារ ទាក់ទងនឹងការហាមឃាត់របស់ Google ក្នុងការអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីជូនដំណឹងដល់អ្នកប្រើប្រាស់ដោយសេរីអំពីការផ្តល់ជូន ឬវិធីសាស្ត្រទូទាត់នៅខាងក្រៅ Google Play ក្នុងដំណាក់កាលពីខែមីនា ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៥។

អនុប្រធានប្រតិបត្តិ EC ទទួលបន្ទុកការប្រកួតប្រជែងលោកស្រី Teresa Ribera បានថ្លែងថា គោលដៅនៃការសម្រេចចិត្តនេះគឺដើម្បីធានាបាននូវបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ ដែលផលិតផលកាន់តែប្រសើរទទួលបានអត្ថប្រយោជន៍ តាមរយៈគុណភាពជាជាងការត្រួតត្រានៃវេទិកា។ បើយោងតាមលោកស្រី អ្នកប្រើប្រាស់អឺរ៉ុបមានសិទ្ធិទទួលបានជម្រើស និងតម្លៃល្អបំផុត។ EC ក៏បានបដិសេធការរិះគន់របស់ Google អំពីការ "រើសអើង" ដោយបញ្ជាក់ថា មុនពេលដាក់ទណ្ឌកម្ម, EC បានរៀបចំកិច្ចប្រជុំជិត ៩០ ដង ជាមួយ Google ពេញមួយដំណើរការស៊ើបអង្កេត តាមនោះបានប្រមូលភស្តុតាងរឹងមាំ។ អ្នកនាំពាក្យ EC លោក Thomas Regnier បានថ្លែងថា៖

“ទាក់ទងនឹងការប្រកាសរបស់ Google ថា យើងកំពុងធ្វើឱ្យគុណភាពផលិតផលថយចុះ ឬរារាំងក្រុមហ៊ុនអាមេរិកពីការច្នៃប្រឌិត ឬប្រតិបត្តិការនៅក្នុង EU ការពិតគឺផ្ទុយស្រឡះ។ សូមអនុញ្ញាតឱ្យខ្ញុំបញ្ជាក់រឿងនេះ។ ស្ថានភាពបច្ចុប្បន្នគឺថាមាន “អ្នកយាមទ្វារ” ដែលរារាំងដល់ការច្នៃប្រឌិតរបស់អឺរ៉ុប ក៏ដូចជារារាំងក្រុមហ៊ុនអឺរ៉ុបពីការប្រកួតប្រជែង និងការច្នៃប្រឌិតដោយយុត្តិធម៌។ ដូច្នេះ តាមរយៈការសន្និដ្ឋានទាំងនេះ យើងតម្រូវឱ្យ Google អនុវត្តតាមច្បាប់ទីផ្សារឌីជីថល (DMA) និងធានាបាននូវទីលានលេងស្មើភាពគ្នា យ៉ាងហោចណាស់នៅក្នុងសហភាពអឺរ៉ុប”។

យោងតាម ​​EC ក្រុមហ៊ុន Google ត្រូវតែគោរពតាមតម្រូវការទាំងស្រុងក្នុងរយៈពេល ៦០ ថ្ងៃ ឬប្រឈមមុខនឹងការពិន័យបន្ថែមប្រចាំថ្ងៃ។នេះគឺជាការវិវត្តថ្មីបំផុតនៅក្នុងការប្រឈមមុខដាក់គ្នាដែលកំពុងបន្តរវាង EU និងសាជីវកម្មបច្ចេកវិទ្យាធំៗ។

ដែនកំណត់នៃការយោគយល់

ភ្លាមៗបន្ទាប់ពីទណ្ឌកម្មថ្មីរបស់ EC ប្រឆាំងនឹង Google នៅថ្ងៃទី ២៤ ខែកក្កដា លោក Donald Trump បានគំរាមកំហែងថា EU "នឹងបង់ថ្លៃខ្លាំងណាស់" សម្រាប់អ្វីដែលលោកចាត់ទុកថាជាសកម្មភាព "ខុសច្បាប់"។ ប្រធានាធិបតីអាមេរិករូបនេះបានថ្លែងថា លោកនឹងចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ ក្រោមមាត្រា ៣០១ (នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤) ហើយបានគ្រោងនឹងដាក់ "ពន្ធគយសំខាន់" លើសហភាពអឺរ៉ុបឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មិនត្រឹមតែលោក ដូណាល់ ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសំឡេងតឹងរឹងប្រឆាំងនឹងសហភាពអឺរ៉ុបពីមជ្ឈដ្ឋានអ្នកនយោបាយនិងជំនាញការអា​មេរិក។ លោក ប៊ីល រ៉ៃនស៍ (Bill Reinsch) ទីប្រឹក្សាជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានអត្ថាធិប្បាយថា៖

"សូមក្រឡេកមើលអ្វីដែលលោក ត្រាំ បាននិយាយអំពីសហភាពអឺរ៉ុប។ ប្រសិនបើអ្នកលុប​លវោហាសាស្ត្រដូចជា “អយុត្តិធម៌” ឬ 'ពួកគេកំពុងបោកប្រាស់' បញ្ហាជាក់ស្តែងគឺ៖ ពួកគេអនុវត្តពន្ធលើតម្លៃបន្ថែម (VAT) - ដែលលោកចាត់ទុកថា ជាទម្រង់នៃការឧបត្ថម្ភធន។ លើសពីនេះ ពួកគេមានបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្មឌីជីថលដែលលោកចាត់ទុកថា ជាការរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក - ហើយលោកនិយាយត្រូវទាំងស្រុងលើចំណុចនេះ"។

សំណួរគឺថាតើសហភាពអឺរ៉ុបនឹងដកថយចំពោះរាល់ការគំរាមកំហែងតបតវីញដោយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកឬអត់ គឺជាសំណួរមួយ។ យោងតាមអ្នកសង្កេតការណ៍ ពិបាកសម្រាប់សហភាពអឺរ៉ុបក្នុងការសម្របសម្រួលលើបញ្ហាទាក់ទងនឹង DMA និង DSA ព្រោះទាំងនេះត្រូវបានមើលឃើញថា ជាដែនកំណត់ចុងក្រោយដែលនៅសល់ដើម្បីការពារភាពម្ចាស់ការបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប ក្នុងបរិបទដែលមានភាពថយក្រោយខាងបច្ចេកវិទ្យាដ៏សំខាន់របស់ខ្លួនបើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក និងចិន។ លើសពីនេះ មតិសាធារណៈនៅក្នុងប្រទេសអឺរ៉ុបជាច្រើនមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះហានិភ័យនៃ "ការរឹតត្បិតសេរីភាព" ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗបរទេស។ លោកស្រី Ava Lee នាយកប្រតិបត្តិនៃ People vs Big Tech ដែលជាអង្គការសង្គមស៊ីវិលដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងបច្ចេកវិទ្យាធំៗនៅអឺរ៉ុប បានចែករំលែកថា៖

"យើងបានឃើញពីរបៀបដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានរារាំងពលរដ្ឋអឺរ៉ុបពីការចូលប្រើប្រព័ន្ធ AI ដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ពិភពលោក។ ដូច្នេះ ការដែលថ្នាក់ដឹកនាំអឺរ៉ុប ប្រឈមមុខនឹងលោកត្រាំ និងសម្ព័ន្ធមិត្តបច្ចេកវិទ្យាធំៗ (Big Tech) កាន់តែសំខាន់ជាងពេលណាៗទាំងអស់”។

បន្ទាប់ពីការគំរាមកំហែងរបស់លោក Donald Trump មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមយ៉ាងសកម្មជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីបន្ថយភាពតានតឹង ខណៈពេលដែលសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបនឹងបន្តការពារ "ស្វ័យភាព" របស់ខ្លួនក្នុងការអភិវឌ្ឍក្របខ័ណ្ឌបទប្បញ្ញត្តិផ្ទាល់ខ្លួន៕