នាថ្ងៃទី ១០ ខែមិថុនា កងទ័ពអាមេរិកបានបើកការវាយប្រហារលើគោលដៅយោធាអ៊ីរ៉ង់ជាច្រើន ដើម្បីឆ្លើយតប នឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿងនៅច្រកសមុទ្រហ័រមូសកាលពីថ្ងៃមុន។ ដើម្បីសងសឹកវិញ អ៊ីរ៉ង់ក៏បានវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ផងដែរ។

ការរំលោភបំពានជាបន្តបន្ទាប់

នៅក្នុងសេចក្តីប្រកាស ទាក់ទងនឹងការវាយប្រហារនាព្រឹកព្រលឹមថ្ងៃទី ១០ ខែមិថុនា បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងថា នេះគឺជាសកម្មភាពស្វ័យការពារ ប្រឆាំងនឹងអ៊ីរ៉ង់តាមការបញ្ជារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទាក់ទងនឹងការចោទប្រកាន់ពីមុនថា អ៊ីរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធា Apache របស់អាមេរិកនៅច្រកសមុទ្រហ័រមូសកាលពីថ្ងៃទី ៩ ខែមិថុនា ទោះបីជាអ៊ីរ៉ង់បានបដិសេធរឿងនេះក៏ដោយ។ ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (UAV) ដើម្បីវាយប្រហារលើមូលដ្ឋានកងនាវាទី ៥ របស់សហរដ្ឋអាមេរិកនៅបារ៉ែន។

កាយវិកាទាំងនេះរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រាន់តែជាការរំលោភលើបទឈប់បាញ់ថ្មីបំផុតនៅក្នុងឧប្បត្តិហេតុជាបន្តបន្ទាប់ដែលបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរសប្តាហ៍កន្លងមក។ មុននោះ ក្រោយពីជម្លោះជាច្រើនសប្តាហ៍ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់នាថ្ងៃទី ៨ ខែមេសា ហើយបានចូលក្នុងការចរចារយៈពេលវែង ដើម្បីបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ និងដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើការវាយប្រហារតបតគ្នា យ៉ាងហោចណាស់បួនលើក ប៉ុន្តែក្នុងក្នុងករណីនីមួយៗ ភាគីទាំងពីរបានពិពណ៌នាអំពីសកម្មភាពរបស់ខ្លួនថា "មានកម្រិត" និង "មានការកំណត់" ព្រមទាំង សង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបទឈប់បាញ់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍មានការព្រួយបារម្ភថា សកម្មភាព "មានកម្រិត" និង "មានការកំណត់" ទាំងនេះអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងឡើយ។ លោក Yossi Mekelberg សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាទីប្រឹក្សានៅវិទ្យាស្ថាន Chatham House (វិទ្យាស្ថានសិក្សាអន្តរជាតិរាជវង្សអង់គ្លេស) បានពន្យល់ថា៖ "កិច្ចព្រមព្រៀងឈប់បាញ់មិនចាំបាច់មានរយៈពេលយូរនោះទេ។ វាគួរតែជាបណ្តោះអាសន្ន និងគួរតែនាំទៅរកដំណោះស្រាយយូរអង្វែងមួយ។ ពាក្យថាឈប់បាញ់មានន័យថា មូលហេតុដើមនៃជម្លោះមិនត្រូវបានដោះស្រាយទេ។ កិច្ចព្រមព្រៀងឈប់បាញ់ទាំងអស់សុទ្ធតែងាយដួលរលំដែរ ពីព្រោះអ្នកគ្រាន់តែ 'ឈប់បាញ់' ដើម្បីអនុញ្ញាតឱ្យភាគីនានាចរចាលើដំណោះស្រាយយូរអង្វែងជាងប៉ុណ្ណោះ"។

សម្ពាធលើការសម្រេចបានកិច្ចព្រមព្រៀង

ការរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ គឺដើរផ្ទុយទាំងស្រុងទៅនឹងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថា​ កិច្ចព្រមព្រៀងរយៈពេលវែងជាមួយអ៊ីរ៉ង់នឹងត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ ដែលអនុញ្ញាតឱ្យច្រកសមុទ្រហ័រមូសបើកឡើងវិញសម្រាប់ចរាចរណ៍ និងចាប់ផ្តើមដំណើរការចរចានុយក្លេ អ៊ែរថ្មី។ ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ សេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ មិនទាន់ក្លាយទៅជាការពិតនៅឡើយទេ ទោះបីជាជម្លោះមជ្ឈិមបូព៌ាបានកន្លងផុតទៅដំណាក់កាលសំខាន់ ១០០ ថ្ងៃកាលពីថ្ងៃទី ៨ ខែមិថុនាក៏ដោយ។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលដ៏រសើប។ កាសែត New York Times (អាមេរិក) កាលពីដើមសប្តាហ៍នេះ ដោយដកស្រង់ប្រភពជាន់ខ្ពស់ជាច្រើន បានរាយការណ៍ថា កិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ត្រូវបានបង្រួមមកបញ្ហានុយក្លេអ៊ែរសំខាន់ៗតែ ៤ ប៉ុណ្ណោះ រួមមាន៖ ទីក្រុងវ៉ាស៊ីនតោនទាមទារឱ្យអ៊ីរ៉ង់ផ្អាកសកម្មភាពចម្រើនអ៊ុយរ៉ាញ៉ូម យ៉ាងហោចណាស់ ១៥ ឆ្នាំ; សហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) ដើម្បីពង្រាវឃ្លាំងអ៊ុយរ៉ាញ៉ូមដែលបានចម្រើន; រុះរើរោងចក្រនុយក្លេអ៊ែរធំៗ ចំនួនបីនៅ Natanz, Fordo និង Isfahan; អនុញ្ញាតឱ្យធ្វើអធិការកិច្ចអន្តរជាតិនៅគ្រប់ពេលនិងគ្រប់ទីកន្លែង ក្នុងប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ទាល់បានទទួលស្គាល់កាលពីសប្តាហ៍មុនថា ទោះបីជាកិច្ចព្រមព្រៀងមួយ ជិតសម្រេចបានក៏ដោយ ប៉ុន្តែនេះក៏អាចជាកិច្ចខិតខំប្រឹងប្រែងការទូតចុងក្រោយ។ លោក Jared Mondschein នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក បានចាត់ទុកថា ការដែលសភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃទី ៣ ខែមិថុនា បានចេញសេចក្ដីសម្រេចចិត្តស្ដីពីការរឹតត្បិតអំណាចសង្គ្រាមរបស់លោក ដូណាល់ ត្រាំ បានបង្ហាញពីសម្ពាធផ្ទៃក្នុងកាន់តែខ្លាំងឡើងនៅក្នុងសហរដ្ឋអាមេរិក ចំពោះការដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់យ៉ាងឆាប់រហ័ស។

“ខ្ញុំគិតថា នៅទីបំផុត ហាក់ដូចជាមិនមានដំណោះស្រាយច្បាស់លាស់ ងាយស្រួល និងរហ័សចំពោះស្ថានភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នោះទេ។ បញ្ហានេះទំនងជានឹងប៉ះពាល់ដល់រដ្ឋបាលលោក ដូណាល់ ត្រាំ អស់រយៈពេលជាច្រើនខែខាងមុខ ពីព្រោះនៅពេលដែលរដ្ឋបាលលោក ត្រាំ សម្រេចបាន វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ សមាជិកជាច្រើននៃគណបក្សរបស់លោក ត្រាំ ផ្ទាល់ បែរជាប្រឆាំងជំទាស់ ពីព្រោះពួកគេចាត់ទុកថា នេះជាកិច្ចព្រមព្រៀងដូចគ្នាដែលរដ្ឋបាលលោក Obama ធ្លាប់បានចុះហត្ថលេខាជាមួយអ៊ីរ៉ង់”។

នៅខាងអ៊ីរ៉ង់វិញ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានប្រកាសនៅថ្ងៃទី ៩ ខែមិថុនាថា ទីក្រុងតេអេរ៉ង់នៅតែផ្តល់អាទិភាពដល់ដំណោះស្រាយការទូត ប៉ុន្តែបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបង្ហាញពីសមត្ថភាពក្នុងការឆ្លើយតបទៅ នឹងបញ្ហាប្រឈមសន្តិសុខណាមួយ។ អ្នកការទូតអ៊ីរ៉ង់រូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា ច្រកសមុទ្រ ហ័រមូស មិនមែនជាដែនទឹកអន្តរជាតិទាំងស្រុងនោះទេ ប៉ុន្តែជាតំបន់រួមរវាងអ៊ីរ៉ង់និងអូម៉ង់ ហើយបានចាត់ទុកថា វិធីល្អបំផុតដើម្បីកាត់បន្ថយហានិភ័យនៃឧប្បត្តិហេតុគឺ កងកម្លាំងបរទេសត្រូវដកខ្លួនចេញពីតំបន់នោះ៕