នេះក៏ជាសារដ៏សំខាន់នៅក្នុងសន្និសីទការទូតលើកទី ៣៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ជាមួយនឹងការទាមទារឱ្យផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការត្រិះរិះ និងវិធីសាស្រ្តអនុវត្តន៍ ដើម្បីប្រែក្លាយឱកាសអន្តរជាតិទៅជាលទ្ធផលជាក់ស្តែង សម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ។

ពីការឆ្លើយតបទៅជាការស្ថាបនាឱកាសដោយម្ចាស់ការ

ក្រោយរយៈពេល​ ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី វៀតណាមបានបង្កើតបណ្តាញទំនាក់ទំនងជាមួយដៃគូជាង ៤០ នៅកម្រិតជាច្រើន ហើយចូលរួមយ៉ាងទូលំទូលាយនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី និងទទួលបានឋានៈកាន់តែលេចធ្លោនៅក្នុងយន្តការពហុភាគីនានា។

ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃបណ្តាញទំនាក់ទំនងនោះមិនស្ថិតនៅក្នុងចំនួនដៃគូ ឬក្របខ័ណ្ឌសហប្រតិបត្តិការនោះទេ ប៉ុន្តែស្ថិតនៅក្នុងសមត្ថភាព​ប្រែក្លាយទៅជាលំហូរទុនវិនិយោគដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាជឿនលឿន ធនធានមនុស្សដែលមានគុណភាពខ្ពស់ ទីផ្សារថ្មី និងឋានៈខ្ពស់ជាងនៅក្នុងខ្សែសង្វាក់តម្លៃសកល។ ហេតុដូច្នេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានតម្រូវឱ្យមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងនូវការត្រិះរិះអំពីកិច្ចការបរទេស។

“យើងត្រូវតែមើលឃើញពិភពលោកឲ្យបានត្រឹមត្រូវ យល់ពីប្រទេសយើងឲ្យបានច្បាស់លាស់ និងកំណត់ឲ្យបានត្រឹមត្រូវនូវផលប្រយោជន៍និងសមត្ថភាពរបស់យើងផងដែរ។ ត្រូវតែកំណត់ឱកាសតាំងពីដំបូងទី ហើយប្រែក្លាយវាទៅជាលទ្ធផល។ យើងមិនអាចអង្គុយរង់ចាំលក្ខខណ្ឌអំណោយផលកើតឡើងបានទេ ហើយក៏មិនអាចចាត់វិធានការនៅពេលដែលស្ថានភាពបានកើតឡើងរួចទៅហើយដែរ។ ត្រូវពង្រីកកិច្ចសហប្រតិបត្តិការ ពង្រឹងស្វ័យភាពយុទ្ធសាស្ត្រ កម្លាំងផ្ទៃក្នុង និងភាពធន់។ កិច្ចការបរទេសត្រូវដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ៖ មើលឃើញឲ្យបានឆាប់ ធ្វើសេនាធិការឲ្យបានត្រឹមត្រូវ និងធ្វើសកម្មភាពឲ្យបានទាន់ពេលវេលា រួមចំណែកការពារមាតុភូមិតាំងពីដំបូងទី និងពីចម្ងាយ; បើកផ្លូវ តភ្ជាប់ទំនាក់ទំនង និងទាញយកអត្ថប្រយោជន៍ពីធនធានសម្រាប់ការអភិវឌ្ឍ”។

យោងតាមឯកអគ្គរដ្ឋទូត និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ផាម ក្វាងវិញ ប្រទេសវៀតណាមកំពុងមានលក្ខខណ្ឌអំណោយផលជាច្រើន ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវការត្រិះរិះថ្មីនេះ៖

“យើងកំពុងមានឋានៈអំណោយផល ដើម្បីចាប់យកឱកាស និងឆ្លើយតបទៅនឹងបញ្ហាប្រឈម។ យើងមានសេចក្ដីសម្រេចចិត្តបន្តបន្ទាប់ស្ដីពីការអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងចក្ខុវិស័យចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ និង ២០៤៥។ យើងក៏មានទំនាក់ទំនងជាមួយប្រទេសសំខាន់ៗជាច្រើនផងដែរ រួមទាំងដៃគូឈានមុខគេ និងប្រទេសជិតខាងរបស់វៀតណាម។ ក្រោយពីការធ្វើសមាហរណកម្មអន្តរជាតិជាង ៤ ទសវត្សរ៍កន្លងមក ប្រទេសវៀតណាមក៏មានប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍរបស់ខ្លួន។ លើសពីនេះ យើងមានឋានៈនៅពេលចូលរួមកិច្ចព្រមព្រៀងអន្តរជាតិជាច្រើនផងដែរ”។

ទោះជាយ៉ាងណាក៏ដោយ គុណសម្បត្តិទាំងនេះ អាចក្លាយជាកម្លាំងចលករសម្រាប់កំណើន លុះត្រាតែសកម្មភាពកិច្ចការបរទេសនីមួយៗ ត្រូវបានតំរង់ទិសទៅរកការបង្កើតតម្លៃជាក់លាក់សម្រាប់វិស័យនីមួយៗ តំបន់នីមួយៗ និងសហគ្រាសនីមួយៗ។ នោះក៏ជាទិសដៅដែលក្រសួងការបរទេសកំពុងអនុវត្តន៍តាមរយៈការតភ្ជាប់ការវិនិយោគ ការលើកកម្ពស់នវានុវត្តន៍ ការកៀរគរធនធានដែលមានគុណភាពខ្ពស់ និងការចូលរួមក្នុងបណ្តាញសហប្រតិបត្តិការដែលមានតម្លៃបន្ថែមខ្ពស់។ លោក ង្វៀន ដុងជុង អនុប្រធាននាយកដ្ឋានកិច្ចការបរទេសនិងការទូតវប្បធម៌ ក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា៖

“យើងប្រកាន់ខ្ជាប់នូវបាវចនាថា៖ យកលទ្ធផលធ្វើជាស្នូល លទ្ធផលជាក់ស្តែងជារង្វាស់ យកមូលដ្ឋានធ្វើជាមជ្ឈមណ្ឌលសម្រាប់បម្រើ និងនវានុវត្តន៍ជាវិធីសាស្ត្រធ្វើសកម្មភាព។ យើងអនុវត្តន៍សកម្មភាពតភ្ជាប់ ពន្លឿនការវិនិយោគ ដោយផ្តោតសំខាន់លើវិស័យបច្ចេកវិទ្យា ចំណេះដឹង ការកៀរគរដើមទុនដែលមានគុណភាពខ្ពស់ ការកសាងនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលនវានុវត្តន៍ និងចូលរួមក្នុងបណ្តាញសហប្រតិបត្តិការអន្តរជាតិដែលមានតម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើតម្រូវការនៃមូលដ្ឋាននិងប្រៀបខ្លាំងនៃដៃគូនីមួយៗ”។

កិច្ចការបរទេសយកប្រសិទ្ធភាពអភិវឌ្ឍន៍ធ្វើជារង្វាស់

ចំណុចថ្មីនៃការត្រិះរិះកិច្ចការបរទេសបច្ចុប្បន្ន មិនត្រឹមតែស្ថិតនៅក្នុងការពង្រីកទំនាក់ទំនងប៉ុណ្ណោះទេ ថែមទាំងនៅក្នុងការវាយតម្លៃប្រសិទ្ធភាពទៀតផង។ ប្រសិនបើជោគជ័យពីមុនត្រូវបានវាស់វែងជាចម្បងដោយការបង្កើត ឬការដំឡើងកម្រិតក្របខ័ណ្ឌសហប្រតិបត្តិការនោះ ឥឡូវនេះរង្វាស់ត្រូវតែជាលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ស្មារតីនោះត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖

“ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ តែគ្មានការពឹងផ្អែក បើកទ្វារចំហរ តែរក្សាបាននូវស្វ័យភាព ស្រូបយកប្រការដែលល្អបំផុតរបស់ពិភពលោក ដើម្បីធ្វើឲ្យអត្តសញ្ញាណ និងកម្លាំងវៀតណាមកាន់តែសម្បូរថែមទៀត។ ក្របខ័ណ្ឌទំនាក់ទំនងដែលបានបង្កើតឡើង និងដំឡើងកម្រិត ត្រូវតែប្រែក្លាយទៅជាកម្មវិធីសកម្មភាព និងគម្រោងជាមួយនឹងលទ្ធផលដែលអាចវាស់វែងបាន។ នៅក្នុងទំនាក់ទំនងទាំងអស់ ត្រូវឲ្យតម្លៃដល់ការជឿទុកចិត្ត ភាពស្មោះត្រង់ និងផលប្រយោជន៍រយៈពេលវែង; ដោះស្រាយភាពខុសគ្នាឱ្យបានសមហេតុផល កុំទុកឲ្យបញ្ហាតែមួយ ប៉ះពាល់ដល់ទំនាក់ទំនងទាំងមូល។ ប្រសិទ្ធភាពនៃទំនាក់ទំនងមិនស្ថិតនៅក្នុងការជួបប្រាស្រ័យគ្នាញឹកញាប់ ឬឈ្មោះនៃក្របខ័ណ្ឌនោះទេ។ រង្វាស់គឺជាបរិយាកាសសន្តិភាពដែលត្រូវបានពង្រឹង ផលប្រយោជន៍ជាតិដែលត្រូវបានការពារ ទីផ្សារដែលត្រូវបានពង្រីក គម្រោងដែលត្រូវបានបង្កើត បច្ចេកវិទ្យានិងធនធានមនុស្សដែលត្រូវបានកែលម្អ និងអត្ថប្រយោជន៍ដែលប្រជាជនទទួលបាន”។

នៅក្នុងពិភពលោកដែលមានការប្រែប្រួលជាច្រើន ប្រៀបខ្លាំងនឹងមកលើប្រទេស ដែលអាចកំណត់ឱកាសតាំងពីដំបូងទី និងធ្វើសកម្មភាពដោយទាន់ពេលវេលា។ សម្រាប់ប្រទេសវៀតណាម ការផ្លាស់ប្ដូរថ្មីការត្រិះរិះអំពីកិច្ចការបរទេស គឺជាការផ្លាស់ប្តូរវិធីសាស្រ្តកសាងធនធានសម្រាប់ការអភិវឌ្ឍ។ នៅពេលដែលក្របខ័ណ្ឌសហប្រតិបត្តិការនីមួយៗ ត្រូវបានអនុវត្តន៍ជាក់ស្តែងជាមួយនឹងគម្រោង បច្ចេកវិទ្យា លំហូរមូលធន ទីផ្សារ និងអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន កិច្ចការបរទេស នឹងក្លាយជាកម្លាំងត្រួសត្រាយផ្លូវពិតប្រាកដ ដែលរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី៕