សន្និបាតមជ្ឈិមលើកទី ៤ នីតិកាលទី ១៤ (ប្រារព្ធចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦) បានឯកភាព ដាក់ចេញបទប្បញ្ញត្តិលេខ ២២៤ ស្តីពីបក្ខជនចូលរួមក្នុងសកម្មភាពវិនិយោគនិងអាជីវកម្ម ដោយជំនួសបទបញ្ញត្តិលេខ ១៥ ស្តីពីបក្ខជនចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចឯកជន ដោយមានវិសាលភាពធំទូលាយជាង ប្រកាន់ខ្ជាប់យ៉ាងជិតស្និទ្ធនូវសកម្មភាពវិនិយោគ និងអាជីវកម្មលើស្ថានភាពជាក់ស្តែង និងអនុលោមតាមការអនុវត្តអន្តរជាតិ។

ចូលរួមចំណែកជាច្រើនដល់ផលិតកម្មនិងអាជីវកម្ម

រយៈពេល ២០ ឆ្នាំមុននេះ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០៦ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១០ បានចេញបទប្បញ្ញត្តិលេខ ១៥ ស្តីពីបក្ខជនចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចឯកជន។ បទប្បញ្ញត្តិនេះបានសម្គាល់ការផ្លាស់ប្តូរកាត្រិះរិះរបស់បក្ស នោះគឺទទួលស្គាល់ និងការអនុញ្ញាតឱ្យបក្ខជនចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចឯកជន។ តាមពិតទៅ ក្នុងរយៈពេល ២០ ឆ្នាំចាប់តាំងពីការអនុវត្តមក បើយោងតាមបទប្បញ្ញត្តិលេខ ១៥ នេះ ចំនួនបក្ខជនដែលចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចឯកជនបានកើនឡើងជាង ៥ ដង ពោលគឺ ពីជាង ៣៥.០០០ នាក់ក្នុងឆ្នាំ ២០០៦ ឡើងដល់ ១៨៧.០០០ នាក់ក្នុងឆ្នាំ ២០២៦។ ជាពិសេស បក្ខជន និងសហគ្រិនដែលជាបក្ខជនបានរួមចំណែកយ៉ាងសំខាន់ដល់ផលិតកម្ម អាជីវកម្ម បង្កើតការងារ បំពេញកាតព្វកិច្ចចំពោះរដ្ឋ និងការធានាសន្តិសុខសង្គម។

យាងណាមិញ យោងតាមទិន្នន័យ និងការវាយតម្លៃពីគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ជាមួយនឹងចំនួនបក្ខជនជាង ៥,៦ លាននាក់ទូទាំងប្រទេស កម្រិតនៃការចូលរួមរបស់បក្ខជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជននៅតែមិនដូចការរំពឹងទុក។ ក្នុងចំណោមបក្ខជនចំនួន ៥,៦ លាននាក់ទូទាំងប្រទេស មានតែ ៣,៣១% ប៉ុណ្ណោះដែលចូលរួមក្នុងសេដ្ឋកិច្ចឯកជន។

ហេតុផលគឺថា បទប្បញ្ញត្តិលេខ ១៥ ភាគច្រើនបានកំណត់ការចូលរួមរបស់បក្ខជននៅខាងក្រៅវិស័យសាធារណៈនៅក្នុងសេដ្ឋកិច្ចឯកជន។ ហើយការកំណត់បក្ខជននៅក្នុងវិស័យសាធារណៈដែលចូលរួមក្នុងអាជីវកម្មឯកជនមានកម្រិតណាស់ ទោះបីជាវិស័យនេះមានចំនួនបក្ខជនច្រើនជាងគេក៏ដោយ។ ស្ថិតិបង្ហាញថា បក្ខជនដែលជាកម្មាភិបាល និងបុគ្គលិក ស្រូបយកជាង ៩៨% នៃកម្មាភិបាលនិងបគ្គលិកសរុប។

នៅចំពោះមុខតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងយុគសម័យថ្មី បទប្បញ្ញត្តិលេខ ២២៤ ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៦ ស្តីពីបក្ខជនដែលចូលរួមក្នុងសកម្មភាពវិនិយោគ និងអាជីវកម្មត្រូវបានចេញផ្សាយ។ យោងតាមលោក ង្វៀន ថាញ់ ងី ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិមបាន​ឱ្យដឹងថា៖

“បទប្បញ្ញត្តិស្តីពីបក្ខជនចូល​រួមក្នុងសកម្មភាពវិនិយោគ និងអាជីវកម្ម មានវិសាលភាពធំទូលាយជាង ដោយប្រកាន់ខ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងស្ថានភាពជាក់ស្តែង និងអនុលោមតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានោះ ពង្រីកតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងជាគំរូរបស់បក្ខជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ បក្ខជនមិនត្រឹមតែជាអ្នកត្រួសត្រាយផ្លូវក្នុងការអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏មានកាតព្វកិច្ចធ្វើជាអ្នកត្រួសត្រាយផ្លូវ និងជាគំរូក្នុងការអភិវឌ្ឍសមត្ថភាពពលកម្ម ផលិតកម្ម និងអាជីវកម្ម ធ្វើអ្នកមានស្របច្បាប់ មានទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន និងធ្វើការរួមចំណែកវិជ្ជមានដល់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី”។

ការផ្លាស់ប្តូរបង្កប់ដោយចក្ខុវិស័យយុទ្ធសាស្ត្រ

ជាមួយនឹងផ្នត់គំនិតថ្មី ដោយផ្លាស់ប្តូរពី "អនុញ្ញាត" ទៅជាការ "លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល" សម្រាប់បក្ខជនធ្វើមានស្របច្បាប់ និងចូលរួមចំណែកដល់ប្រទេសជាតិ ពង្រីកតួនាទីរបស់បក្ខជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ លោក ម៉ាក់ កួក អាញ (Mạc Quốc Anh) អនុប្រធាន និងជាអគ្គលេខាធិការនៃសមាគមសហគ្រាសធុនតូច និងមធ្យមហាណូយ បានសម្តែងថា៖ “ជាមួយនឹងគោលនយោបាយលើកនេះ ប្រការដែលយើងឆ្ពោះទៅគឺបក្ខជន អាចចូលរួមចំណែកជាក់ស្តែងជាង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ នេះពិតជាគោលនយោបាយដែលត្រូវបានរង់ចាំជាយូរមកហើយ ដែលបង្កើតលក្ខណៈសម្រាប់បក្ខជនក្នុងការច្នៃប្រឌិតការត្រិះរិះ និងមានភាពច្នៃប្រឌិតក្នុងសកម្មភាព។ សំខាន់ជាងនេះទៅទៀត នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច នាំប្រទេសជាតិចូលទៅក្នុងយុគសម័យថ្មីមួយ បក្ខជនម្នាក់ៗ អាចអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងចូលរួមចំណែកតាមរយៈសកម្មភាពជាក់ស្តែង។ នៅពេលដែលមានឱកាសធ្វើអ្វីដែលខ្លួន​ចង់បាន បក្ខជនម្នាក់ៗ នឹងមានការលើកទឹកចិត្តកាន់តែច្រើនក្នុងការចូលរួមចំណែក និងរួមកម្លាំងកាយចិត្តដើម្បីនាំប្រទេសជាតិ អភិវឌ្ឍន៍កាន់តែខ្លាំងក្លាជាង”។

សេចក្តីសម្រេចចិត្តនៅក្នុងសន្និបាតមជ្ឈិមលើកទី ៤ បាន​បង្ហាញពីការរីកធំធាត់ ប្ញទ្ធានុភាពនយោបាយ និងផ្នត់គំនិតទ្រឹស្តី។ នេះមិនគ្រាន់តែជាវិសោធនកម្មឯកសាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ។

ការយល់ដឹងត្រឹមត្រូវអំពីបក្ខជនដែលចូលរួមក្នុងការវិនិយោគ និងអាជីវកម្មបង្កើតការទាក់ទាញយ៉ាងខ្លាំងសម្រាប់ការជ្រើសរើសសហគ្រិន និងអ្នកបញ្ញវន្តដែលមានទេពកោសល្យចូលជាសមាជិកបក្ស។ អ្នកទាំងនេះ មិនត្រឹមតែបង្កើតតម្លៃសម្ភារៈសម្រាប់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយស្មារតីនៃការគោរពច្បាប់ និងវប្បធម៌នៃការអនុវត្តអាជីវកម្មដោយសុច្ឆរិត រួមគ្នានាំប្រទេសជាតិ ឈាន​ចូលយុគសម័យថ្មី៕