ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៦ ខែដើមឆ្នាំបានកើនឡើង ៨,១៨% ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។ លទ្ធផលនេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃគោលនយោបាយគ្រប់គ្រងដ៏ម៉ឺងម៉ាត់ ការងើបឡើងវិញយ៉ាងខ្លាំងនៃកត្តាជំរុញកំណើន ក៏ដូចជា កំណែទម្រង់ស្ថាប័នកំពុងពង្រីកប្រសិទ្ធភាព។

ស្ថាប័នបើកចំហ រង់ចាំតែការអនុវត្ត

ប្រសិនបើមុននេះ ស្ថាប័នត្រូវបានចាត់ទុកថាជា "ចំណុចកកស្ទះនៃចំណុចកកស្ទះ" គឺឥឡូវនេះ គោលនយោបាយសំខាន់ៗជាច្រើន ស្តីពីការសុក្រិតច្បាប់ វិមជ្ឈការ វិសហមជ្ឈការ ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន វិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលត្រូវបានចេញផ្សាយ។ បញ្ហាចោតឡើងលែងជាកង្វះយន្តការទៀតហើយ ប៉ុន្តែជាប្រសិទ្ធភាពនៃការអនុវត្តទៀតសោត។ ដូចប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានបញ្ជាក់ថា ស្ថាប័នលែងជាចំណុចកកស្ទះទៀតហើយ ប្រការសំខាន់គឺត្រូវអនុវត្តគោលនយោបាយទាំងនេះឲ្យបានឆាប់រហ័ស។

“យើងបានលុបបំបាត់ឧបសគ្គស្ថាប័ន ដោយផ្តោតលើការបែងចែកធនធានហិរញ្ញវត្ថុ ធនធានមនុស្ស ធនធានដីធ្លី...។ បញ្ហាទាំងអស់នេះទើបបានគណៈកម្មាធិការមជ្ឈិមដោះស្រាយរួចជាស្រេច។ ជាមួយគ្នានេះ យើងកំពុងផ្តោតលើការដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ គោលនយោបាយ រួមទាំងគោលនយោបាយបុគ្គលិក។ ប្រសិនបើយើងមិនធ្វើ យើងនឹងបាត់បង់ឱកាស”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម។

សារនោះក៏ជាតម្រូវការសម្រាប់ប្រព័ន្ធអនុវត្តទាំងមូលផងដែរ។ រដ្ឋាភិបាលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការគ្រប់គ្រងផ្អែកលើដំណើរការទៅជាការគ្រប់គ្រងផ្អែកលើលទ្ធផល ដោយភ្ជាប់ការទទួលខុសត្រូវរបស់ប្រធានស្ថាប័នទៅនឹងវឌ្ឍនភាពនៃការអនុវត្ត និងការបើកចំណាយដើមទុន។ យោងតាមលោក ត្រឹន មិញ ភឿង ប្រធាននាយកដ្ឋានផែនការ និង ហិរញ្ញវត្ថុ ក្រសួងសំណង់ ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ ក្រសួង វិស័យ និងមូលដ្ឋានត្រូវតែផ្លាស់ប្តូរផ្នត់គំនិត ពន្លឿនការអនុវត្ត និងទទួលខុសត្រូវចំពោះលទ្ធផល។

“ម្ចាស់វិនិយោគក៏ដូចជាគណៈគ្រប់គ្រងគម្រោង ត្រូវមានការទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខរដ្ឋមន្ត្រី ប្រសិនបើមិនសម្រេចបានគោលដៅបើកចំណាយដើមទុន ឬប្រសិនបើមានការខាតបង់ ឬខ្ជះខ្ជាយ។ ពិនិត្យមើលសមត្ថភាពចំណាយនៃគម្រោងដែលបានកំណត់ពេលសម្រាប់ឆ្នាំ ២០២៦ ដែលកំពុងត្រូវបានអនុវត្ត ដើម្បីធានាបាននូវការចំណាយដើមទុនដែលបានបែងចែក។ ក្នុងករណីដែលគម្រោងមួយយឺតយ៉ាវ ផែនការប្រចាំឆ្នាំនឹងមិនត្រូវបានកែតម្រូវចុះក្រោមទេ។ លទ្ធផលនៃការបើកចំណាយដើមទុននឹងត្រូវបានប្រើដើម្បីវាយតម្លៃការអនុវត្តរបស់សមូហភាព និងបុគ្គលតាមបទប្បញ្ញត្តិ”។ នេះបើយោងតាមលោកង្វៀន ម៉ាញ់គឿង។

សក្តានុពលសម្រាប់កំណើននៅតែធំធេងណាស់

ក្រៅពីគ្រឹះស្ថាប័ន សក្តានុពលកំណើនរបស់វៀតណាមនៅតែធំធេងណាស់។ ការវិនិយោគសាធារណៈនៅតែជាកម្លាំងជំរុញដ៏សំខាន់ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកំពុងឈានចូលដំណាក់កាលបើកចំណាយដើមទុន។ ជាមួយនឹងទំហំទីផ្សារជិត ១១០ លាននាក់ កម្លាំងទិញក្នុងស្រុកនឹងបន្តជា ទីបង្អែក ដ៏សំខាន់នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនៅមានការប្រែប្រួលជាច្រើន។ លោក ត្រឹន​ ហ៊ូវ លីញ ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា ដំណោះស្រាយដើម្បីជំរុញការប្រើប្រាស់កំពុងត្រូវបានអនុវត្តយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែចុងឆ្នាំ។

“យើងផ្តោតលើការឧបត្ថម្ភអាជីវកម្មឱ្យសម្របខ្លួនទៅនឹងនិន្នាការអាជីវកម្មពហុឆានែលដែលមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។ ក្រៅពីវិធីសាស្រ្តណែនាំ និងចែកចាយផលិតផលបែបប្រពៃណី អាជីវកម្មត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់វេទិកាឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក ការលក់ផ្ទាល់ និងបណ្តាញអនឡាញ ដើម្បីទៅដល់អ្នកប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ កម្មវិធីឧបត្ថម្ភផ្តោតលើការប្រឹក្សាយោបល់ និងការកសាងសមត្ថភាពសម្រាប់អាជីវកម្ម ចាប់ពីការរចនាវេចខ្ចប់ និងការកែលម្អផលិតផល រហូតដល់ការកសាងម៉ាកយីហោ ការផ្សព្វផ្សាយ និងការតភ្ជាប់ទីផ្សារ”។

ជាពិសេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល កំពុងក្លាយជាកត្តាជំរុញកំណើនថ្មី ដែលរួមចំណែកដល់ការបង្កើនផលិតភាព កាត់បន្ថយការចំណាយ និងបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច។ នេះក៏ជាតម្រូវការដែលនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានសង្កត់ធ្ងន់ផងដែរ៖ “បង្កើតរបកគំហើញនៅក្នុងកត្តាជំរុញកំណើនថ្មី តាមរយៈការលើកកម្ពស់បន្ថែមទៀតនូវការស្រាវជ្រាវ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ខ្ញុំស្នើឱ្យមានការចេញផ្សាយជាបន្ទាន់នូវក្របខ័ណ្ឌស្ថាបត្យកម្មជាតិ បង្ហើយជាស្រេចការសាងសង់ ការសម្អាត និងការធ្វើឱ្យមានលក្ខណៈស្តង់ដារនៃការតភ្ជាប់រវាងមូលដ្ឋានទិន្នន័យជាតិ ឯកទេស និងមជ្ឈមណ្ឌលទិន្នន័យជាតិ ដើម្បីធានាបាននូវប្រតិបត្តិការរលូននៃនីតិវិធីរដ្ឋបាលតាមរយៈវិបផតថលសេវាសាធារណៈជាតិ ដែលរួមចំណែកដល់ការកាត់បន្ថយការចំណាយលើការអនុលោមតាមហិរញ្ញវត្ថុ និងពេលវេលាសម្រាប់ប្រជាពលរដ្ឋនិងអាជីវកម្ម។ ជាពិសេសនៅឆ្នាំនេះ ត្រូវតែមានលទ្ធផលជាក់ស្តែង និងមានតម្លៃ”។

ដើម្បីសម្រេចបាននូវគោលដៅកំណើនខ្ពស់សម្រាប់ពេញមួយឆ្នាំ កត្តាសម្រេចចិត្តនៅតែជាការដាក់ចេញនូវគោលនយោបាយ និងគោលការណ៍ណែនាំទៅក្នុងការអនុវត្ត ការបើកទូលាយធនធាន និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកត្តាជំរុញកំណើនថ្មីៗ។ ទាំងនេះមិនត្រឹមតែជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅឆ្នាំ ២០២៦ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចបាននូវការអភិវឌ្ឍកាន់តែលឿន ប្រកបដោយចីរភាព និងមានគុណភាពខ្ពស់ជាង នាពេលអនាគត៕