នៅឆ្នាំ ២០២៦ សេដ្ឋកិច្ចវៀតណាមនឹងបន្តប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនពីស្ថានភាពអន្តរជាតិ សម្ពាធអតិផរណា ថ្លៃដើមធាតុចូល និងការកំណត់ក្នុងការទទួលបានដើមទុន និងដីធ្លី​របស់សហគ្រាស។ ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍របស់រដ្ឋាភិបាល សេដ្ឋកិច្ចសង្គមនឹងនៅតែសម្រេច​បាន​នូវ​លទ្ធផលសំខាន់ៗជាច្រើន ដោយរំពឹងថានឹងសម្រេចបាន និងលើសពីគោលដៅចំនួន ១៤ ក្នុងចំណោមសូចនាករសំខាន់ៗទាំង ១៥។​

ការផ្លាស់ប្តូរវិធីបង្កើតកំណើន

ដើម្បីរក្សាសន្ទុះរយៈពេលវែងសម្រាប់សេដ្ឋកិច្ច ក្រៅពីការពង្រីកដើមទុនវិនិយោគ ការ​ប្រើប្រាស់ធនធាន និងបង្កើនកម្លាំងពលកម្មយ៉ាងស៊ីជម្រៅ ការប្រើប្រាស់ធនធាននីមួយៗប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពបង្កើតតម្លៃបន្ថែមពីធនធានទាំងនោះគឺមានសារៈសំខាន់ណាស់។ ដោយសង្កត់ធ្ងន់ថា ស្ថាប័នត្រូវតែក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងពិតប្រាកដ លោក ឡា ថាញ់តាន់ សមាជិកសភា​ទីក្រុងហៃផុង បានចាត់ទុកថា៖ «ខឿន​សេដ្ឋកិច្ចមួយអាចមានសក្តានុពល ធនធាន សហគ្រាស និងសេចក្តីប្រាថ្នា​ឈានឡើង។ ប៉ុន្តែ សក្តានុពលទាំងនោះត្រូវបានផ្លាស់ប្តូរទៅជាកំណើនឬអត់ ​និងនធានត្រូវបានដោះសោឬអត់ អាស្រ័យយ៉ាងខ្លាំងទៅលើគុណភាពរបស់ស្ថាប័ន​។ ដូច្នេះ ខ្ញុំចាត់ទុកថា ការអនុវត្តភារកិច្ចកែលម្អស្ថាប័ននៅឆ្នាំ២០២៧ ត្រូវដាក់បញ្ចូលក្នុងផែនការរួមនៃការបំពេញបន្ថែម និងកែលម្អរចនាសម្ព័ន្ធច្បាប់របស់វៀតណាម​។ នេះគឺជាឱកាសដើម្បីបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន អំពីគុណភាពស្ថាប័ន»។​

បណ្តាសមាជិកសភាបានស្នើថា ការដោះស្រាយបញ្ហាជាប់គាំងផ្នែកស្ថាប័ន ត្រូវតែ​វាយតម្លៃតាមរយៈ​សមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង មិនមែនផ្អែកលើចំនួនឯកសារដែលបានចេញផ្សាយនោះទេ។ ទន្ទឹមនឹងនេះ ការធ្វើវិសោធនកម្មត្រូវពិចារណាក្នុងក្របខណ្ឌនៃប្រព័ន្ធច្បាប់ទាំងមូល ដោយជ្រើសរើសវិស័យដែលកំពុងជះឥទ្ធិពលយ់ាង​ខ្លាំងដល់ការកៀងគរធនធាន និងកំណើនសេដ្ឋកិច្ច ដើម្បីផ្តល់អាទិភាពដោះស្រាយ​។ ចំពោះក្រុម​បញ្ហានីមួយៗ ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវបទប្បញ្ញត្តិពាក់ព័ន្ធ ចំណុចខ្វះខាត មូលហេតុ ដំណោះស្រាយ ស្ថាប័នទទួលខុសត្រូវ និងពេលវេលា​បង្ហើយការងារ។

មតិយោបល់ទាំងនេះបាន​បង្ហាញពីតម្រូវការដ៏សំខាន់មួយ គឺការកែទម្រង់ស្ថាប័ន​មិនត្រឹមតែដើម្បីដោះស្រាយការលំបាកនៅចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើតបរិយាកាសផ្លូវច្បាប់ប្រកបដោយ​ស្ថិរភាព តម្លាភាព និងអាចព្យាករណ៍បាន​។ នេះជាលក្ខខណ្ឌ​ចាំបាច់​ដើម្បីឱ្យសហគ្រាសមានទំនុកចិត្តក្នុងការវិនិយោគរយៈពេលវែង នវានុវត្តន៍បច្ចេកវិទ្យា និងពង្រីកផលិតកម្ម។

កំណើនជាក់ស្តែង

ដូច្នេះ គោលដៅកំណើនពីរខ្ទង់នៅឆ្នាំ២០២៧ មិនគ្រាន់តែជាបញ្ហាទាក់ទងនឹងតួលេខ GDP ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតម្រូវការក្នុងការកសាងមូលដ្ឋានផលិតកម្មថ្មី លើកកម្ពស់ផលិតភាពការងារ អភិវឌ្ឍសហគ្រាសដែលមានសមត្ថភាពប្រកួតប្រជែង និងបង្កើនស្វ័យភាពរបស់ខឿន​សេដ្ឋកិច្ច។ បញ្ហានានាដែលត្រូវបានលើកឡើងក្នុងសម័យពិភាក្សានៃរដ្ឋសភា កាលពីរសៀលថ្ងៃទី៣០ ខែតុលា បានបង្ហាញពីភាពចាំបាច់ក្នុងការតភ្ជាប់យ៉ាងជិតស្និទ្ធ រវាងគោលនយោបាយសារពើពន្ធ ការវិនិយោគសាធារណៈ ការកែទម្រង់ស្ថាប័ន និងការផ្លាស់ប្តូរថ្មី​គំរូកំណើន។ លោក ង្វៀន ម៉ាញ់ហ៊ុង សមាជិកសភាទីក្រុងកឹនធើ បានសង្កត់ធ្ងន់ថា៖​ «ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់សម្រាប់​ដំណាក់កាល ២០២៦-២០៣០​ ទាំងមូល នោះ​យើងត្រូវការដើមទុនរយៈពេលមធ្យម និងរយៈពេលវែងបន្ថែមទៀត។ ទីមួយ ត្រូវទាញយកដើមទុនមូលបត្រសាជីវកម្ម ដោយបង្កើតទីផ្សារមូលបត្រ​ដែលមានតម្លាភាព និង​ទាក់ទាញអាជីវកម្មកាន់តែច្រើនឱ្យចូលរួម។ ទីពីរ ធ្វើ​យ៉ាងម៉េចដើម្បី​ប្រែក្លាយប្រាក់សន្សំរបស់ប្រជាជនទៅជាដើមទុនវិនិយោគ។ ហើយទីបី ការយកចិត្តទុកដាក់ចំពោះមូលនិធិវិនិយោគ ជាពិសេសមូលនិធិមូលធន​បណ្តាក់​ទុន ដើម្បីជួយសហគ្រាសទទួលបានដើមទុនសម្រាប់សកម្មភាព​ផលិតកម្ម និង អាជីវកម្ម។​»​

រង្វាស់នៃសេដ្ឋកិច្ចអភិវឌ្ឍន៍​មួយ​មិនត្រឹមតែស្ថិតនៅក្នុងបរិមាណដើមទុនដែលបានកៀងគរ ចំនួនគម្រោងដែលត្រូវ​បានអនុវត្ត ឬទំហំនៃផលិតកម្មដែលបានពង្រីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងសមត្ថភាពប្រែក្លាយធនធានទាំងនោះទៅជាផលិតផល បច្ចេកវិទ្យា តម្លៃបន្ថែម និងការប្រកួតប្រជែងពិតប្រាកដ​ទៀតផង​។ នោះហើយជា​តម្រូវការសម្រាប់ការរៀបចំផែនការ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ចក្នុងដំណាក់កាលខាងមុខ៖ ដោះសោធនធានទាំងអស់ បែងចែកធនធាន​ឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតសន្ទុះថ្មី​សម្រាប់សេដ្ឋកិច្ចវៀតណាម៕​