ជាមួយនឹងប្រធានបទ "ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងការផ្លាស់ប្តូរ៖ អង្គការសហប្រជាជាតិដែលនាំមកនូវផលប្រយោជន៍ជូនមនុស្សទាំងអស់" សប្តាហ៍ជាន់ខ្ពស់នៃ UNGA-81 ដោយមានការចូលរួមពីប្រមុខរដ្ឋមកពីប្រទេសជាច្រើន បានប្រឈមមុខនឹងភារកិច្ចដ៏ធំធេងក្នុងការបង្ហាញឲ្យឃើញថា ពហុភាគីនិយមនៅតែអាចបង្កើតលទ្ធផលជាក់ស្តែងតាមរយៈការសន្ទនាដែលមានគុណភាព។
ផ្លាស់ប្តូរដើម្បីសង្គ្រោះពហុភាគីនិយម
សន្តិភាព និងសន្តិសុខសកលនៅតែជាប្រធានបទសំខាន់បំផុតនៅ UNGA-81 ខណៈដែលជម្លោះដ៏វែងអន្លាយនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅក្នុងប្រទេសអ៊ុយក្រែន មជ្ឈិមបូព៌ា និងតំបន់ជាច្រើនទៀតលើពិភពលោក។ យោងតាមអ្នកសង្កេតការណ៍ បញ្ហានៅទីនេះ គឺថាកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបាត់បង់ទំនុកចិត្ត ត្រូវបានរារាំងដោយជម្លោះផ្ទៃក្នុងនៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសក្នុងចំណោមសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដែលមានអំណាចវេតូ។ មុនពេល UNGA-81 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងថា៖
«មេដឹកនាំពិភពលោកបានជួបជុំគ្នានៅអង្គការសហប្រជាជាតិក្នុងយុគសម័យមួយដែលមានភាពមិនប្រាកដប្រជាជ្រាលជ្រៅជាច្រើន។ ក្នុងពេលជាមួយគ្នានេះ តុល្យភាពអំណាចកំពុងផ្លាស់ប្តូរ។ ពិភពលោកកំពុងផ្លាស់ប្តូរ ហើយស្ថាប័នរបស់យើងត្រូវតែផ្លាស់ប្តូរដែរ។ ទោះជាយ៉ាងណាក៏ដោយ កំណែទម្រង់រចនាសម្ព័ន្ធមិនដែលមានន័យថា យើងបោះបង់ចោលគោលការណ៍របស់យើងនោះទេ។ ផ្ទុយទៅវិញ ប្រការនោះទាមទារឱ្យយើងត្រូវអនុវត្តន៍គោលការណ៍ទាំងនោះជាមួយនឹងការប្តេជ្ញាចិត្តកាន់តែខ្លាំងជាងមុន»។
ដើម្បីជំរុញពហុភាគីនិយម នៅខាងក្រៅ UNGA-81 កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ពហុភាគីនិយម ច្បាប់អន្តរជាតិ សន្តិភាព និងវិបុលភាព (P4M) ត្រូវបានសហភាពអឺរ៉ុប (EU) កាណាដា និងកេនយ៉ា សហការរៀបចំឡើងនៅថ្ងៃទី ២១ ខែកញ្ញា។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានសង្កត់ធ្ងន់ថា៖
«ដើម្បីឱ្យពហុភាគីនិយម រីកចម្រើនឈានទៅមុខ ត្រូវតែពង្រឹងទាំងការចលនានិងការអនុវត្ត។ ដូច្នេះ ការកែទម្រង់ពហុភាគីនិយមគឺមិនអាចជៀសផុតបាន។ វាដល់ពេលហើយដើម្បីអនុវត្តន៍កិច្ចពិភាក្សាដោយមានការចូលរួមកាន់តែទូលំទូលាយ និងដំណើរការធ្វើការសម្រេចចិត្តកាន់តែមានតម្លាភាពជាងមុន»។
ការគ្រប់គ្រងបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព
ក្រៅពីសន្តិសុខនិងសន្តិភាព ការគ្រប់គ្រងបច្ចេកវិទ្យាសកល (ជាពិសេសបញ្ញាសិប្បនិម្មិត - AI) ការពន្លឿនការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងការរក្សាការសន្យារំសាយអាវុធនុយក្លេអ៊ែរ... គឺជាអាទិភាពបន្ទាប់នៃសប្តាហ៍ជាន់ខ្ពស់ UNGA-81។ UNGA-81 ប្រព្រឹត្តទៅនៅពេលដែលការជជែកវែកញែកអំពីហានិភ័យ AI កំពុងកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការព្រមានពីថ្នាក់ដឹកនាំបច្ចេកវិទ្យាអាមេរិកជាច្រើនអំពីភាពចាំបាច់បន្ថយល្បឿន AI សំដៅជៀសវាងគ្រោះថ្នាក់ដល់មនុស្សជាតិ។
ការព្រមាននេះក៏ស្របនឹងសេចក្តីថ្លែងការណ៍នាពេលកន្លងមក របស់អង្គការសហប្រជាជាតិស្តីពីតម្រូវការក្នុងការកសាងរបាំងការពារផ្នែកច្បាប់និងសីលធម៌ ដើម្បីធានាថា មនុស្សជាតិរក្សាការគ្រប់គ្រងចុងក្រោយលើ AI។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ប្រទេសសមាជិកអង្គការសហប្រជាជាតិ ត្រូវជំនះលើការខ្វែងគំនិតគ្នាជាច្រើន ដែលខ្លាំងបំផុតគឺការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា៖
“នេះជាបញ្ហាសកលមួយ។ បញ្ញាសិប្បនិម្មិត (AI) គ្មានព្រំដែនទេ។ មានប្រទេសដែលមានសមត្ថភាពខ្ពស់ ហើយនៅហ្នឹងប្រទេសទាំងនេះ ហានិភ័យក៏ធំបំផុតដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើផ្នត់គំនិតប្រកួតប្រជែងមានប្រៀប យើងនឹងប្រឈមមុខនឹងហានិភ័យនៃការរត់ប្រណាំងដល់បាត ទាក់ទងនឹងសន្តិសុខ ខណៈដែលភាគីនីមួយៗសុទ្ធតែខិតខំប្រឹងប្រែងវ៉ាដាច់ភាគីម្ខាងទៀត”។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) គឺជាអាទិភាពចម្បងមួយទៀត។ ពិភពលោកនៅសល់តែបួនឆ្នាំទៀតប៉ុណ្ណោះដើម្បីប្រែក្លាយ SDGs ចំនួន ១៧ ទៅជាការពិត តាមរបៀបវារៈឆ្នាំ ២០៣០ ប៉ុន្តែរបាយការណ៍ចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិបង្ហាញថាល្បឿនអនុវត្តន៍ SDGs មួយចំនួន កំពុងថយចុះ។ ដូច្នេះ SDGs ត្រូវវិលត្រឡប់មកទីតាំងនាំមុខគេនៅក្នុងការប្តេជ្ញាចិត្តធ្វើសកម្មភាពរបស់ប្រទេសនានា ជាពិសេសនៅពេលដែលការពិតបានបង្ហាញថា SDGs បានផ្លាស់ប្តូរជីវិតរបស់មនុស្សរាប់ពាន់លាននាក់នៅលើភពផែនដី។ លោក Khalilur Rahman ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា៖
“ក្រោយរយៈពេលជាងមួយទសវត្សរ៍ ចក្ខុវិស័យនោះបាននាំមកនូវវឌ្ឍនភាពជាក់ស្តែងដល់ជីវភាពរបស់មនុស្សនៅជុំវិញពិភពលោក។ មនុស្សជិត ១ ពាន់លាននាក់អាចទទួលបានប្រភពទឹកស្អាតដែលគ្រប់គ្រងដោយសុវត្ថិភាព ហើយ ១,២ ពាន់លាននាក់ អាចទទួលបានសេវាអនាម័យដែលគ្រប់គ្រងដោយសុវត្ថិភាពដែរ។ អគ្គិសនីឥឡូវនេះបានមកដល់ ៩០% នៃចំនួនប្រជាជនពិភពលោក ក្នុងនោះមួយភាគបីត្រូវបានផ្គត់ផ្គង់ដោយប្រភពថាមពលកកើតឡើងវិញ”។
ជាចុងក្រោយ ក្រៅពីបញ្ហាប្រឈមខាងគោលនយោបាយ UNGA 81 ក៏ជាឆាកសម្រាប់ដំណើរការផ្លាស់ប្តូរស្ថាប័នជាប្រវត្តិសាស្ត្រមួយផងដែរ ដោយសារមហាសន្និបាតនឹងពិភាក្សាអំពីកំណែទម្រង់អង្គការសហប្រជាជាតិ ព្រមទាំងចាប់ផ្តើមដំណើរការជ្រើសតាំងអគ្គលេខាធិការបន្ទាប់ ដោយមានកម្លាំងចលករគួរឱ្យកត់សម្គាល់ក្នុងការជ្រើសរើសស្ត្រីម្នាក់ឱ្យកាន់តួនាទីនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់អង្គការ៕
