ស្ថានការណ៍នេះមិនត្រឹមតែគំរាមកំហែងរុញច្រានតំបន់ឲ្យធ្លាក់ចូលភាពវឹកវរបន្ថែមទៀតប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់យ៉ាងខ្លាំងដល់ជម្លោះដែលកំពុងជាប់គាំងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាលំហូរពាណិជ្ជកម្មសកលទៀតផង។

នៅថ្ងៃទី ១០ ខែកញ្ញា កងកម្លាំងហ៊ូធីបានដណ្តើមកាន់កាប់ទីក្រុងកំពង់ផែ Mokha នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសយេម៉ែន បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវជាច្រើនថ្ងៃជាមួយកងកម្លាំងដែលគាំទ្ររដ្ឋាភិបាលយេម៉ែន។ ចលនានេះអនុញ្ញាតឱ្យហ៊ូធីពង្រីកការគ្រប់គ្រងតាមបណ្តោយសមុទ្រក្រហម និងខិតជិតច្រកសមុទ្រ Bab al-Mandab បន្ថែមទៀត ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់របស់ពិភពលោក។

ព្រនង់លើអារ៉ាប៊ីសាអូឌីត

សន្ទុះវាយលុកដែលនឹកស្មានមិនដល់របស់ហ៊ូធីនៅក្នុងប្រទេសយេម៉ែន កំពុងបង្កបញ្ហាប្រឈមសន្តិសុខជាច្រើនដល់មជ្ឈិមបូព៌ា ជាចម្បងចំពោះប្រទេសនានាក្នុងតំបន់ ជាពិសេសអារ៉ាប៊ីសាអូឌីត។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អារ៉ាប៊ីសាអូឌីត ជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិនៅក្នុងយេម៉ែន បានធ្វើយុទ្ធនាការយោធាជាច្រើនប្រឆាំងនឹងកម្លាំងហ៊ូធី ដោយទទួលបានជោគជ័យតិចតួច ហើយការវិវត្តថ្មីៗនេះបានបង្ហាញថា បញ្ហាប្រឈមដែលបង្កឡើងដោយកម្លាំងហ៊ូធីចំពោះអារ៉ាប៊ីសាអូឌីត លែងត្រូវបានកំណត់នៅក្នុងព្រំដែនយេម៉ែនទៀតហើយ។ ទន្ទឹមនឹងការវាយប្រហារនៅយេម៉ែន ហ៊ូធីបានបើកការវាយប្រហារជាបន្តបន្ទាប់ចូលជ្រៅទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ដោយតម្រង់លើមូលដ្ឋានយោធា ហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីក្រុងនានានៅភាគខាងត្បូងប្រទេសនេះ។ នៅថ្ងៃទី១១ ខែកញ្ញា អារ៉ាប៊ីសាអូឌីតត្រូវបានបង្ខំឱ្យបិទជាបណ្ដោះអាសន្នបំពង់បង្ហូរប្រេងយុទ្ធសាស្ត្របូព៌ា-ខាងលិច ដែលមានសមត្ថភាពដឹកជញ្ជូនប្រេងប្រហែល ៤-៥ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺជិត ៥% នៃការផ្គត់ផ្គង់ប្រេងសកល។ បំពង់បង្ហូរប្រេងនេះត្រូវបានចាត់ទុកថា ជា “ច្រកចេញ” ស្លាប់រស់សម្រាប់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីច្រកសមុទ្រហ័រមូសត្រូវគេបិទខ្ទប់។ លោកស្រី Samina Sultan អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មអឺរ៉ុបនៅវិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្វើអត្ថាធិប្បាយថា៖

"ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី កំពុងដាក់សម្ពាធបន្ថែមទៀតលើអារ៉ាប៊ីសាអូឌីត។ ពីមុន ប្រទេសនេះអាចជៀសវាងច្រកសមុទ្រហ័រមូស ដែលបច្ចុប្បន្នត្រូវបិទខ្ទប់ដោយអ៊ីរ៉ង់ ដោយប្រើប្រាស់ច្រកសមុទ្រ Bab al-Mandab។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះការវាយប្រហាររបស់ក្រុមហ៊ូធីបានរារាំងផ្លូវនេះ ឬដាក់វាស្ថិតក្នុងស្ថានភាពតានតឹងជាងមុន។ ច្បាស់លាស់ថា នេះគឺជាព្រនង់យ៉ាងធ្ងន់ធ្ងរលើអារ៉ាប៊ីសាអូឌីត"។

ហានិភ័យដល់សរសៃឈាមពាណិជ្ជកម្ម

អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនៅក្នុងការវិវឌ្ឍបច្ចុប្បន្នគឺ ផលប៉ះពាល់នៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់ក្រុមហ៊ូធីដើម្បីគ្រប់គ្រងច្រកសមុទ្រ Bab al-Mandab ដែលជាផ្លូវសមុទ្រដ៏សែនសំខាន់មួយនៅច្រកទ្វារខាងត្បូងនៃសមុទ្រក្រហម។ ក្រុមហ៊ូធីថ្មីៗនេះបានទន្ទ្រានកាន់កាប់កោះយុទ្ធសាស្ត្រនានា រួមទាំងកោះ Perim ប្រជុំកោះ Greater និង Lesser Hanish ដែលអនុញ្ញាតឱ្យពួកគេកាត់ផ្តាច់ច្រកសមុទ្រ និងអាចដាក់ពង្រាយអាវុធដើម្បីគំរាមកំហែងដល់ចរាចរណ៍ផ្លូវសមុទ្រ។ ប្រសិនបើហ៊ូធីកាត់ផ្តាច់ច្រកសមុទ្រ Bab al-Mandab ដោយជោគជ័យ ខណៈពេលដែលអ៊ីរ៉ង់នៅតែរក្សាបិទខ្ទប់លើច្រកសមុទ្រហ័រមូស ទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងមានការគ្រប់គ្រងជាក់ស្តែងលើចំណុចចំនួន ២ ក្នុងចំណោមចំណុចដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតរបស់ពិភពលោក។ សេណារីយ៉ូនេះអាចរារាំងការផ្គត់ផ្គង់ប្រេងសកលប្រហែល ៧% និងពាណិជ្ជកម្មសកល ១២% ជាពិសេសពាណិជ្ជកម្មអឺរ៉ាស៊ី។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ កងកម្លាំងហ៊ូធី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ កំពុងផ្លាស់ប្តូរជាបណ្ដើរៗពី "អថេរ" ទៅជាកត្តាមួយដែលអាចផ្លាស់ប្ដូរហ្គេម។ អ្នកជំនាញខាងវិភាគមជ្ឈិមបូព៌ា លោក Fawaz Gerges អតីតនាយកសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ បានវាយតម្លៃថា ការកាន់កាប់កោះយុទ្ធសាស្ត្រនានានៅសមុទ្រក្រហមគឺជា «របត់មួយដែលផ្លាស់ប្ដូរហ្គេម» ដោយនាំមកជូនហ៊ូធីនូវប្រៀបភូមិសាស្ត្រនយោបាយកាន់តែធំ លើអារ៉ាប៊ីសាអូឌីត តំបន់ឈូងសមុទ្រពែរ្ស សហរដ្ឋអាមេរិក និងពាណិជ្ជកម្មសកល។ លោក Farea Al-Muslimi អ្នកស្រាវជ្រាវនៅកម្មវិធីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃ Chatham House ក៏បានចែករំលែកទស្សនៈនេះដែរ៖

«នៅពេលដែលកម្លាំងហ៊ូធីបានបង្ហាញខ្លួននៅច្រកសមុទ្រ Bab al-Mandab និងតំបន់
សមុទ្រក្រហមក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីឧប្បត្តិហេតុថ្ងៃទី ៧ ខែតុលា (នៅអ៊ីស្រាអែល) ពួកគេពិតជាបានបង្កឡើងការរង្គោះរង្គើរលើប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ទោះបីជាមានការចំណាយទាប និងធនធានតិចតួចក៏ដោយ។ ពួកគេបានបណ្ដាលឲ្យថ្លៃធានារ៉ាប់រងហក់ឡើង។ ពួកគេថែមទាំងបានបណ្ដាលឱ្យសហភាពអឺរ៉ុប (EU) ត្រូវធ្វើសកម្មភាពដោយដាក់ពង្រាយប្រតិបត្តិការ Aspides ដើម្បីការពារនាវាក្នុងប្លុកផងដែរ។ ច្រកសមុទ្រនេះ មានទីតាំងយុទ្ធសាស្ត្រសំខាន់រួចហើយ ប៉ុន្តែឥឡូវនេះកាន់តែមានសារៈសំខាន់ថែមទៀត ជាពិសេសនៅពេលដែលយើងពិចារណាលើការពិតដែលថាច្រកសមុទ្រហ័រមូសក៏កំពុងត្រូវបានអ៊ីរ៉ង់បិទខ្ទប់»។

សំណួរឥឡូវនេះគឺថា តើគម្នាស់យុទ្ធសាស្ត្រពីហ៊ូធី រួមផ្សំជាមួយនឹងជំហរដ៏តឹងរឹងរបស់អ៊ីរ៉ង់ អាចបង្កើតរបត់នៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែរឬទេ? យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងជម្រើសដ៏លំបាក៖ រវាងការជ្រៀតជ្រែក និងការចំណាយធនធាននៅលើសមរភូមិទីពីរ ឬការធ្វើសម្បទានក្នុងកម្រិតជាក់ស្ដែង (ចំពោះអ៊ីរ៉ង់ និងក្រុមហ៊ូធី)។ ជម្រើសនាពេលនេះទំនងជាផ្លូវការទូត។ នៅថ្ងៃទី១៤ ខែកញ្ញា អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានបញ្ជាក់ដោយផ្ទាល់ថា សហរដ្ឋអាមេរិកកំពុងធ្វើការសន្ទនាដោយផ្ទាល់ជាមួយកងកម្លាំងហ៊ូធី ដើម្បីគ្រប់គ្រងស្ថានការណ៍ ព្រមទាំងការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក៏ដូចជារបស់សម្ព័ន្ធមិត្តជិតស្និទ្ធនៅក្នុងតំបន់ រួមទាំងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE)៕